ដោយ ម៉ៅ សុធានី
2021-09-19
RFA
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងកម្មករកាត់ដេរនៅកម្ពុជា។ រូប៖ RFA
មេដឹកនាំសហជីពមានហេតុផលមួយទៀតដែលបង្ហាញថា និយោជកមានលទ្ធភាពដំឡើងប្រាក់ខែគោលឱ្យកម្មករឆ្នាំ២០២២ ដែលស្របទៅនឹងរបាយការណ៍ស្រាវជ្រាវរបស់សហជីព។ ពួកគេលើកឡើង តាមការអះអាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថាប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) មិនសំខាន់សម្រាប់កម្ពុជាតទៅទៀតទេ ព្រោះរោងចក្រ សហគ្រាស និងវិស័យកាត់ដេរដំណើរធម្មតាដោយអ្នកបញ្ជាទិញនិងនាំចេញកើនឡើង។
មន្រ្តីសហជីពថាកត្តាសេដ្ឋកិច្ចនិងសង្គម និងការអះអាងប្រមុខរដ្ឋាភិបាលបង្ហាញថា នយោជកពិតជាមានលទ្ធភាពដំឡើងប្រាក់ឈ្នួលបានជាង២២ដុល្លារអាមេរិកដល់កម្មករវិស័យវាយនភណ្ឌ និងផលិតស្បែកជើងឆ្នាំបន្ទាប់ដោយមិនប៉ះពាល់និយោជកឡើយ ដោយយោងតាមបញ្ហាជាក់ស្តែងនិងហេតុផលត្រឹមត្រូវ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ការចរចាប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០២២ សហជីពផ្អែកលើបញ្ហាអតិផរណាលើទីផ្សារកើនឡើង ២,៨% តម្រូវការរស់នៅរបស់កម្មករចំណាយកើនឡើង ៤% និងផលិតភាពកើនឡើង ជាពិសេសរដ្ឋាភិបាលលុបចោលថ្ងៃឈប់សម្រាកថែមទៀតដែលធ្វើឱ្យបាត់បង់កម្មករផលប្រយោជន៍។ លោកបន្តថា ភាគីនិយោជកលើកហេតុផលវិបត្តិជំងឺកូវីដ-១៩ ផលប៉ះពាល់ដល់ទីផ្សារមុខរបរនិងអាជីវកម្មដោយមិនដំឡើងប្រាក់ឈ្នួលដល់កម្មករ ហើយលើសពីនេះបែរជាស្នើបន្ថយប្រាក់ខែគោលរបស់កម្មកររហូតដល់ទៅជាង ៨ ដុល្លារទៅវិញ។ ប៉ុន្តែហេតុផលទាំងនោះផ្ទុយទៅនឹងការដែលនិយោជកខ្លួនឯងលើកឡើងអំពីការខ្វះខាតកម្លាំងពលកម្ម ស្របពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏អះអាងចំណុចវិជ្ជមាននៃដំណើរការវិស័យនេះផងដែរ៖ «ភាគច្រើនអ្នកនយោបាយក្នុងអំឡុងពេលបោះឆ្នោត គឺតែងតែផ្តល់ច្រើនជាងមុនដែលទាញអារម្មណ៍កម្មករ ឆ្នាំនេះជាយុទ្ធសាស្រ្តរបស់យើងចរចាសុទ្ធដោយមិនបានមិនមានឥទ្ធិពលអ្វីទេ ហើយកម្មករក៏មិនមានលទ្ធភាពក្នុងការតវ៉ាជាសាធារណៈអីដែរ ចឹងយើងត្រូវប្រើវិធីគ្រប់យ៉ាងដើម្បីធ្វើការចរចាបានប្រយោជន៍ដល់កម្មករ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅថ្ងៃទី១៧ ខែកញ្ញាថា រដ្ឋភិបាលរបស់លោកមិនខ្វល់ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុបឡើយ ហើយលោកអះអាងថា រោងចក្រ សហគ្រាសនៅកម្ពុជាបើកដំណើរធម្មតា ជាពិសេសការបញ្ជាទិញនិងនាំចេញកើនឡើងដោយរោងចក្រផលិតមិនទាន់ផង៖ «រោង៤ដែលធ្លាប់តែដេរម៉ាស់ឥឡូវបង្វិលទៅដេរខោអាវសម្រាប់ការនាំចេញពីព្រោះបញ្ជាទិញយ៉ាងច្រើន រឿងអ៊ីប៊ីអេ ឬមិនអ៊ីប៊ីអេអត់សំខាន់ទេសម្រាប់កម្ពុជាទេ កម្ពុជានាំចេញឥឡូវរោងចក្រវាមិនត្រឹមតែបិទរោងចក្រតែរោងចក្របើកថ្មីវាច្រើនទៅទៀត»។
ពាក់ព័ន្ធនឹងរឿងនេះដែរ សម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ការអះអាងរបស់លោក ហ៊ុន សែន ស្របទៅនឹងរបាយការណ៍ក្រុមសហជីព គឺជាសញ្ញាល្អមួយសម្រាប់ការជជែកប្រាក់ឈ្នួលគោលខាងមុននេះ។ អ្នកស្រីយល់ថា ប្រសិនបើរដ្ឋាភិបាលរក្សាប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនឹងធ្វើឱ្យស្ថានភាពវិស័យកាត់ដេរដំណើរល្អប្រសើរបន្ថែមទៀត៖ «ការពិតបើគាត់យល់ថា មិនចំណេញទៅលើវិស័យហ្នឹងទេ គាត់គួរបង្ហាញនូវរបាយការណ៍ជាក់លាក់ថា ឥឡូវរោងចក្ររបស់គាត់ឬស្ថានភាពនៅក្នុងវិស័យហ្នឹងមានការខាតយ៉ាងមិច ក្នុងនាមនិយោជកគាត់ខាតបង់ឆ្នាំនេះប៉ុន្មានចឹងមកកាន់សហជីពមកពីព្រោះសហជីពក៏ចង់ដឹងអំពីបញ្ហាហ្នឹងដែរ យើងចរចាប្រាក់ឈ្នួលចង់ឱ្យវិស័យនេះមាននិរន្តរភាពយើងចង់ឱ្យកម្មករមានប្រាក់ឈ្នួលដែលអាចរស់បានហើយយើងក៏មិនចង់ឃើញវិស័យហ្នឹងស្លាប់ដែរ »។
ក្រុមសហជីពនៅតែរក្សាគោលជំហរសុំដំឡើង ២២,២ ដុល្លារអាមេរិក ឬស្មើ ប្រាក់ឈ្នួលគោលរបស់កម្មករនិយោជាង ២១៤ដុល្លារ (២១៤,២) ក្នុងមួយខែដែលធ្វើឡើងត្រឹមត្រូវតាមស្ថានភាពសេដ្ឋកិច្ចនិងសង្គមដោយមិនប៉ះពាល់ដល់និយោជកឡើយ។ ទោះជាយ៉ាងណាភាគីទាំងអស់គ្រោងជួបប្រជុំគ្នាដើម្បីការចរចាប្រាក់ឈ្នួលគោលសម្រាប់កម្មករនៅឆ្នាំ២០២២ ម្តងទៀត នៅថ្ងៃទី២១ ខែកញ្ញាខាងមុខ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ដើម្បីបញ្ជាក់ជុំវិញការអះអាងរបស់លោកនាយករដ្ឋមន្រ្តីបានទេ នៅថ្ងៃទី១៨ ខែកញ្ញា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែកអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក ខេន លូ ប្រាប់ថាលោកកំពុងនៅក្រៅប្រទេស។
ប៉ុន្តែលោក ខេន លូ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ការចំណាយរបស់ភាគីនិយោជកកើនឡើងស្របពេលដែលចំណូលថយចុះ ហើយលោកបានអះអាងថា ការនាំចេញរបស់រោងចក្រកាត់ដេរនៅកម្ពុជាបានធ្លាក់ចុះជាង ០,៥% បើធៀបនឹង៦ខែដូចគ្នាឆ្នាំ២០២០។
ទោះជាយ៉ាងណា របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានបង្ហាញតួលេខទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២១ ដោយការនាំចេញផលិតផលកាត់ដេរមានចំនួនជាង ៤ពាន់៧រយលានដុល្លារអាមេរិក (៤,៧២១.៤) គឺកើនឡើងជាង៤០លានដុល្លារអាមេរិក (៤០.២) ស្មើជិត១ភាគរយ (០.៩%)ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញលោកស្រី ដោក សារ៉ាន់ ប្រាប់ថា ស្ថានភាពបច្ចុប្បន្នកម្មករកំពុងជួបបញ្ហាជីវភាព និងបំណុលធានាគារ ខណៈប្រាក់ខែគោលពួកគាត់តិចតួច ថៅកែកេងប្រវ័ញ្ចអត្ថប្រយោជន៍ការងារ និងទំនេញលើទីផ្សេងឡើងថ្លែងទ្វេដងជាដើម។ លោកស្រីគាំទ្រការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីកុំឱ្យភាគីថៅកែនិងក្រសួងការងារលើកហេតុផលគេចវេះមិនដំឡើងប្រាក់ខែគោលដល់កម្មករ។ លោកស្រីសង្ឃឹមថា ការចរចាប្រាក់ឈ្នួលខាងមុននេះភាគីពាក់ព័ន្ធនឹងសម្របសម្រួលឱ្យកម្មករទទួលបានប្រាក់ខែគោលខ្ពស់៖ «បើថៅកែឆ្លើយថាសេដ្ឋកិច្ចអត់ដើរក៏ខ្ញុំអត់ជឿដែរ ពីព្រោះនាយករដ្ឋមន្រ្តីប្រកាសថា សេដ្ឋកិច្ចដើរហើយ សេដ្ឋកិច្ចដើរត្រូវតែដំឡើងឱ្យកម្មករ កម្មករអំឡុងពេលពីរឆ្នាំនេះកម្មករជាក់ស្តែងគាត់លក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចង់លក់ដីលក់ផ្ទះតែលក់មិនចេញខ្ញុំផ្ទាល់ខ្ញុំលក់ម៉ូតូខ្លួនឯងអស់មួយហើយហ្នឹងដើម្បីបង់ធនាគារ ចាយវាយក្នុងគ្រួសារប្រចាំថ្ងៃខែឱ្យកូនហូប»។
កាលពីឆ្នាំ២០២១ កន្លងទៅរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងពី ១៩០ដុល្លារ ទៅ ១៩២ដុល្លារក្នុងមួយខែ។ បើគិតរួមទាំងអត្ថប្រយោជន៍ផ្សេងៗដែលមានស្រាប់ ជាមធ្យមកម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ចំណូលយ៉ាងតិចពី ២៥០ដុល្លារដល់ ៣០០ដុល្លារក្នុងមួយខែ។ ការស្រាវជ្រាវរបស់សហជីពរកឃើញថា ក្នុងសមាជិកគ្រួសារដែលមានគ្នា ៥នាក់ គឺមានសមាជិកតែ ២នាក់ប៉ុណ្ណោះ ដែលរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។ រីឯប្រាក់ចំណូលទៀតសោត ក៏មានចំនួនតិចតួច មិនអាចទ្រទ្រង់ក្នុងជីវភាពរស់នៅឲ្យបានសមរម្យនោះទេ ដោយសារពួកគេត្រូវការចាយវាយប្រចាំថ្ងៃ សងប្រាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុ និងចំណាយលើការឈឺថ្កាត់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
HUN SEN leadership want more money to cover bankruptcy that was the reason