អាជ្ញាធរ​ខេត្តសៀមរាប​​សម្រេច​ដាក់​ភូមិ​ចំនួន​២​ក្នុង​ស្រុក​ជីក្រែង​ជា​តំបន់​ក្រហម

កូវីដ-១៩ព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា | ១៩ កញ្ញា ២០២១ |ម៉ោង ១៨:៥៥
VOD

រដ្ឋបាលខេត្តសៀមរាប បិទខ្ទប់ការចេញចូលជាបណ្ដោះអាសន្ននៅទីតាំងផ្សារកន្រ្តក ភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

រដ្ឋបាលខេត្តសៀមរាប បិទខ្ទប់ការចេញចូលជាបណ្ដោះអាសន្ននៅទីតាំងផ្សារកន្រ្តក ភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)


អភិបាលខេត្តសៀមរាប លោក ទៀ សីហា តាមរយៈសេចក្តីសម្រេចរបស់ខ្លួន បាន​ដាក់​ភូមិចំនួន២ក្នុងឃុំជីក្រែង ស្រុកជីក្រែង ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ខណៈ​ជំងឺផ្លូវដង្ហើមនេះឆ្លងកាន់តែខ្លាំងក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្តនេះ។

​សេចក្ដីសម្រេចដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ អភិបាលខេត្តសៀមរាបលោក ទៀ សីហា បានសម្រេចដាក់ភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ជាតំបន់ក្រហម ដែល​ជាតំបន់មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាបណ្តោះអាសន្នរយៈពេល១សប្ដាហ៍។ ការសម្រេចនេះ នឹងអនុវត្ត គិតចាប់ពីម៉ោង១រសៀលថ្ងៃទី១៣ខែកញ្ញានេះ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា។

សេចក្តីសម្រេចបញ្ជាក់ថា គោលបំណងនៃការបិទខ្ទប់ដាក់ជាតំបន់ក្រហមនេះ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ដដែលត្រូវបិទខ្ទប់ និងទប់ស្កាត់​ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

ប្រភពដដែលឱ្យដឹងថា អំឡុងពេលអនុវត្តសេចក្តីសម្រេច វិធានការមួយចំនួននឹងត្រូវបានហាមឃាត់ដូចជាហាម​ពលរដ្ឋមិនឱ្យចេញពីលំនៅឋានឬ ទីសំណាក់បច្ចុប្បន្ន ដោយរួមទាំងមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅក្រៅលំនៅឋានឬ ទីសំណាក់របស់ខ្លួនឡើយ។

សេចក្តីសម្រេចបញ្ជាក់ថា៖ «ក្នុងករណីការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយរួមទាំងវិធានការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។ ប៉ុន្តែការធ្វើដំណើរចេញក្រៅលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្ន ឬ ការធ្វើដំណើរចេញចូលតំបន់ក្រហម អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់»។

ក្រៅពីភូមិសាស្រ្ដស្រុកជីក្រែងនេះ កាលពីថ្ងៃទី១៧ កញ្ញា អាជ្ញាធរខេត្តសៀមរាប ក៏បានដាក់សង្កាត់មួយផ្នែកធំក្នុងក្រុងសៀមរាបជាតំបន់ក្រហមផងដែរ។ បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១០     ៤ ០៩៤នាក់ ក្នុងនោះ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន ៩៧ ២២៧នាក់ និងអ្នកស្លាប់សរុប ២ ១០៩នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៧ ៨១៧នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment