លោក​ ហ៊ុន សែន​ ស្នើ​ឱ្យ​តុលាការ​​បញ្ឈប់​ដីកា​ចាប់​ខ្លួន​​លោក​បណ្ឌិត​ សេង សារី

នយោបាយព័ត៌មានជាតិសេរីភាពបញ្ចេញមតិ
លោក ញឹម សុខន |២០ កញ្ញា ២០២១ |ម៉ោង ១០:១៩
VOD

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់​តុលាការ​ពិចារណា​​ទម្លាក់ចោលការចោទប្រកាន់​ទៅលើអ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ដោយថា ការ​អត្ថាធិប្បាយ​បែប​​វិភាគ​របស់​បណ្ឌិត​រូបនេះជាការវិភាគ​បែបសេណារីយ៉ូ មិនមែនគាំទ្រគំនិត​បង្កើតរដ្ឋាភិបាល​បង្រួប​​បង្រួម​ជាតិដែលផ្តួចផ្តើមដោយអតីតមេដឹកនាំបក្សប្រឆាំងនោះទេ។

ក្នុង ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ-១៩ដល់​កុមារ នាថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ​២០២១​ លោក ហ៊ុន សែន បានថ្លែងថា តុលាការបានចេញដីកា​រួច​ហើយ ដើម្បីតាមចាប់ខ្លួនបណ្ឌិតមួយរូបដែលនិយាយ​​​គោល​ការណ៍​៦ចំណុច ​គាំទ្រ​អតីត​បក្សប្រឆាំងនៅក្រៅប្រទេស ពីលទ្ធភាពបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ​យកតាមលំនាំប្រទេសភូមា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។

លោកនាយករដ្ឋមន្ត្រីថ្លែង​ថា៖«ខ្ញុំបានជាបង្ហើប​ទៅ​ហើយ អាហ្នឹងមានដីកា​ចាប់ខ្លួន មើលយកវាមកសួរមើល៍! អា៦ចំណុចជាលក្ខខណ្ឌសម្រាប់​បង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស ហ្អែងលើកទឹកចិត្ត​បង្កើត? ហ្អែងបង្កើត ហ្អែងគុក! មិនមែនត្រឹមតែគុកទេ ដែលហៅថាចលនាឧទ្ទាម គេបាញ់ផង! គេឃើញ គេបាញ់! មិនមែនជាសិទ្ធិបញ្ចេញមតិទេ សូមបញ្ជាក់ឱ្យហើយអារឿងក្រប​ខណ្ឌនយោបាយផ្សេង អាចលនាប្រដាប់អាវុធផ្សឹង ព្រោះគេធ្វើតាមបែបភូមា»។

តែយ៉ាងណា ៣ថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី២០ ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះសារនៅលើហ្វេសប៊ុក​ របស់លោកថា ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូ​វការសម្ភាសន៍របស់លោកបណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២១ លោកកត់សម្គាល់ថា ការបកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគ​អំពីសេណារីយ៉ូ ៦​ចំណុច កាលពីថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ ថា «ជាការវិភាគបែបសេណេរីយ៉ូ» ហើយ​ការបកស្រាយនេះ​មានលក្ខណៈ​សមហេតុផល និង​អាចទទួល​យក​បាន។

ករណីនេះ លោកបានគូសបញ្ជាក់ថា៖ «ក្នុងនាមប្រមុខនៃរាជរដ្ឋា​ភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវ​ឱ្យ​​​ស្ថាប័នតុលាការពិនិត្យពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី»។

បន្ថែមពីនេះ លោកក៏បាន​លើកទឹកចិត្តឱ្យលោក​ សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវដល់ ​ភរិយា កូន និងឪពុកម្តាយរបស់លោក​បណ្ឌិត សេង សារី កុំឱ្យ​មានការព្រួយបារម្ភពីរឿងនេះផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក​ ហ៊ុន សែន​ ស្នើ​ឱ្យ​តុលាការ​​បញ្ឈប់​ដីកា​ចាប់​ខ្លួន​​លោក​បណ្ឌិត​ សេង សារី"

  1. ពុទ្ធោ! ពុទ្ធោ! says:

    សំណាងហើយលោក សេង សារី មិនបាននៅក្នុងស្រុកបើគាត់នៅក្នុងស្រុកវិញម្លេះក្រុមងងិតរបស់ អា ម៉ាណែត បាញ់សម្លាប់បាត់ទៅហើយ នេះហើយមេដឹកនាំអវិជ្ជាប្រើតែអារម្មណ៍រវើរវាយច្រងេងច្រងាងគួរអោយស្អប់ខ្ពើមមិនសមជាអ្នកដឹកនាំទេ។

  2. Anonymous says:

    how can you trust that evil man . we knew this man used to lei so many time

Leave a Reply

Submit Comment