សាច់​ញាតិ​ជន​ជាប់​ឃុំ ​ខកចិត្ត​នឹង​តុលាការ​លើកពេល​ប្រកាស​សាលក្រម​សំណុំរឿង​កូន​ប្រុស​មន្ត្រី​បក្ស​ប្រឆាំង​​យុវជន កាក់ សុវណ្ណច្ឆ័យ​

ដោយ ជាតិ ចំណាន
2021-10-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់​ញាតិ​ជន​ជាប់​ឃុំ ​ខកចិត្ត​នឹង​តុលាការ​លើកពេល​ប្រកាស​សាលក្រម​សំណុំរឿង​កូន​ប្រុស​មន្ត្រី​បក្ស​ប្រឆាំង​​យុវជន កាក់ សុវណ្ណច្ឆ័យ​

លោក​យាយ​របស់ កាក់ សុវណ្ណច្ឆ័យ ដេក​នៅ​​នឹង​​កន្ទេល​រង់ចាំ​តុលាការ​ដោះលែង​ចៅ​របស់​គាត់​ត្រលប់​មក​វិញ កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ ប៉ុន្តែតុលាការ​បាន​ពន្យារ​ពេល​ប្រកាសសាលក្រម។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


សាច់​ញាតិ​ជន​ជាប់ឃុំ ​ខកចិត្ត​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​កូនប្រុស​របស់​មន្ត្រីបក្ស​ប្រឆាំង​ គឺ​យុវជន​ កាក់ សុវណ្ណច្ឆ័យ ទៅពេល​ក្រោយ​ដោយ​គ្មាន​ពេល​កំណត់។ សាច់ញាតិ និង​សង្គមស៊ីវិល​យល់​ថា ការពន្យារ​ពេល​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ សេរីភាព សុខភាព និង​​បញ្ញាស្មារតី​របស់​អនីតិជន​កំពុង​ជាប់​ឃុំ។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ មិនបាន​ប្រកាស​សាលក្រម​សំណុំរឿង​បទជេរ​ប្រមាថ​របស់​យុវជន​កាក់ សុវណ្ណច្ឆ័យ នៅថ្ងៃទី១៣ ខែតុលា​ ដូចការ​គ្រោង​ទុក​នោះទេ ដោយ​សំអាង​មូលហេតុ​ថា ចៅក្រម​ជាប់​រវល់​ប្រជុំ។

ម្ដាយ​របស់​យុវជន កាក់ សុវណ្ណច្ឆ័យ គឺលោកស្រី ព្រុំ ចាន់ថា មិនពេញ​ចិត្ត​នឹង​ការ​ពន្យារ​ពេល​នេះទេ​ ព្រោះជា​ការ​ធ្វើឱ្យ​បាត់បង់​ផល​ប្រយោជន៍​អ្នក​ជាប់​ឃុំ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេរីភាព​ធ្ងន់ធ្ងរ​របស់​កូន​ប្រុស។ លោកស្រី​ព្រួយ​បារម្ភ​ថា ការ​បន្ត​ឃុំខ្លួន​កូន​ប្រុស​នេះ នឹង​បណ្ដាល​ឲ្យស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ស្របពេល​ដែល​យុវជន​​រូបនេះ​​កំពុង​ជួប​បញ្ហា​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​ស្រាប់​នៅ​ក្នុង​ពន្ធនាគារ៖ «ដែល​ខ្ញុំទៅ​មើល ស្ថាន​ភាព​គាត់​យ៉ាប់យ៉ឺន​ខ្លាំង​មែន​ទែន រមាស់​ពេញ​ខ្លួន។ និយាយ​ទៅ​បើ​ក្មេង​ចេះខ្មាស​ គាត់​មិនមែន​ស្រាត​ឲ្យយើង​មើល​នៅ​កណ្ដាល​ហ្វូង​អ៊ីចឹង​ទេ។ ចា! ស្រាត​ឲ្យយើង​មើល​តែ​ហ្មង។ និយាយ​អត់​ទៅ​មុខ ទៅ​ក្រោយ។ គាត់​សួរ​ខ្ញុំ​ថា ខ្ញុំបាន​ចេញ​ឬ​អត់​ម៉ាក់​ ខ្ញុំចង់​ចេញ​ទៅ​នៅ​ជា​មួយ​ម៉ាក់​យាយ។ ម៉ែខ្ញុំចាំតែ​ដង្ហើម​មើល​ចៅ​ចុង​ក្រោយ​ទេ»។

ការលើក​ឡើង​នេះ ក្រោយពេល​មេធាវី​កាន់​ក្ដីឲ្យ​យុវជន​ កាក់ សុវណ្ណច្ឆ័យ គឺលោក សំ សុគង់ បាន​បញ្ជាក់​ទៅ​លោកស្រី ព្រុំ ចាន់ថា ថា​តុលាការ​ពិតជា​លើក​ពេល​មែន ដោយ​មូលហេតុជាប់​រវល់​ប្រជុំ។ វិទ្យុអាស៊ី​សេរី​មិន​អាច​សុំការ​បញ្ជាក់​បន្ថែម​ពី​លោកមេធាវី សំ សុគង់ និង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ បានទេ​នៅថ្ងៃទី១៣ តុលា។ ទោះយ៉ាងណា​លោក​មេធាវី សំ សុគង់ ធ្លាប់​ប្រាប់​ថា ការ​ពន្យារ​ពេល​នីតិវិធី​ណា​មួយ​សុទ្ធតែ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កូន​ក្ដីកំពុង​ជាប់​ឃុំ ព្រោះ​ពួកគេ​កំពុង​រង់ចាំការ​ដោះលែង។

នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រុក​ចូល​ចាប់​យុវជនកាក់ សុវណ្ណច្ឆ័យ ទាំងយប់​ កាលពី​ខែមិថុនា ដោយ​ចោទ​ថាបាន​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ តាម​រយៈបណ្ដាញ​សង្គម​តេឡេក្រាម​(Telegram)។ កាល​ពី​ខែសីហា សាលាដំបូង​រាជធានី​ភ្នំពេញ​ ធ្លាប់​បដិសេធ​បណ្ដឹង​សុំនៅ​ក្រៅ​ឃុំម្ដង​ហើយ ហើយ​បាន​បើក​សវនាការ​យុវជន​កាក់ សុវណ្ណច្ឆ័យ កាលពី​ថ្ងៃទី២៩ ខែកញ្ញា ដោយចោទ​ពីបទញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋជា​អាទិ៍ និង​ប្រមាថ​មន្ត្រី​សាធារណៈ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម​(Telegram)។

យុវជនរូបនេះ មានជំងឺ​ខ្សោយ​បញ្ញាស្មារតី ឬអូទីហ្សឹម​(Autism)​ពី​កំណើត។ គិតត្រឹម​ថ្ងៃទី១៣ ខែតុលា យុវជន​រូបនេះ​ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជាង​មួយ​រយ (១០០)ថ្ងៃ​ហើយ ខណៈយុវជន​រូប​នេះ ធ្លាប់​ត្រូវ​នគរបាល​ប៉ុស្តិ៍ចាក់​អង្រែលើ ចាប់​ឃុំ​បណ្ដោះអាសន្ន និង​ត្រូវ​ជន​មិន​ស្គាល់​មុខ​លបគប់​ក្បាល​បណ្ដាល​ឲ្យរងរបួស​ម្ដង​ហើយ។ ប៉ុន្តែច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ មាត្រា​២១៤ បានចែង​ថា​ការ​ចាប់ខ្លួន​កុមារ ឬអនីតិជន​គួរតែជា​ជម្រើស​ចុងក្រោយ​ ហើយ​រយៈពេល​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លើ​កុមារ​អាយុ​ពី​១៦ ទៅ​ក្រោម​១៨​ឆ្នាំ អាច​ធ្វើបាន​ត្រឹម​៤​ខែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​ការ​ពន្យារ​ពេល​ប្រកាស​សាល​ក្រម​នេះ ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូមតិ​ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង សង្កេត​ឃើញ​ថា ការលើក​ពេល​ប្រកាស​សាលក្រម​តែងតែ​កើត​ឡើង​ជា​រឿយៗ​ ជាហេតុ​បណ្ដាល​ឲ្យប៉ះពាល់​ដល់​គោលការណ៍​យុត្តិធម៌​ឆាប់​រហ័ស។ លោកជំ​រុញ​ឲ្យ​តុលាការ​អនុវត្តនីតិវិធី​កុំឲ្យ​មាន​ភាព​ខ្វះចន្លោះ​ ព្រោះ​ការពន្យារ​ពេល​ដំណើរការ​នីតិវិធី​ណា​មួយ សុទ្ធតែប៉ះពាល់​ដល់​សិទ្ធិរបស់​អ្នក​ជាប់​ឃុំ៖ «ព្រួយ​បារម្ភ​ណាស់ ​ប្រសិន​បើ​ការ​ប្រកាស​សាលក្រម​ថា កុមាររូបនេះ​មាន​ទោស ​ឧទាហរណ៍ថា​បែបនេះ​ ធ្វើឲ្យគាត់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែលមាន​បទពិសោធន៍​ក្នុង​ពន្ធនាគារ​ក្នុង​រយៈពេល​យូរ​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍ ខណៈគាត់​ហ្នឹង​ក៏មាន​បញ្ហា​សតិស្មារតី​ផង ដែល​អាច​ធ្វើឲ្យ​គាត់​មាន​ការ​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ»។

ជាមួយ​គ្នានេះដែរ នៅថ្ងៃទី១៣ ខែតុលា សាច់ញាតិ​របស់​មន្ត្រីបក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំម្នាក់​ទៀត​ ដែល​បាន​ទៅ​សួរសុខទុក្ខប្ដីនៅ​ក្នុង​ពន្ធនាគារព្រៃស ឬម១ ឲ្យដឹងថា សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ​លោក គង់ សំអាន ទ្រុឌទ្រោម​សុខភាព​ខ្លាំង​ ក្រោយ​ពេល​ជាប់​ឃុំ​ជាង​មួយ​ឆ្នាំ​មក​នេះ។ ប្រពន្ធរបស់​លោក គង់ សំអាន គឺ​លោកស្រី អៀប សួគ៌ ឲ្យដឹងថា​ លោក គង់ សំអាន កើត​កមរមាស់​ពេញ​ខ្លួន ដូច​យុវជន​កាក់ សុវណ្ណច្ឆ័យ និង​អ្នកជាប់ឃុំ​នយោបាយ​ផ្សេង​ទៀត​ដែរ​ ដោយ​សារ​ការ​រស់​នៅ​ក្នុង​បន្ទប់ឃុំឃាំង​ចង្អៀត​ណែន និង​ខ្វះទឹក​ស្អាត​ប្រើប្រាស់។ លោកស្រី ស្នើសុំ​ឲ្យ​ខាង​ពន្ធនាគារ​រៀបចំ​ទីតាំង​ឲ្យ​អ្នកជាប់ឃុំ​រស់​នៅ​សមរម្យ និង​ត្រូវ​ផ្គត់ផ្គង់​ទឹកស្អាត​ឲ្យ​អ្នក​ជាប់​ឃុំ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​ផង៖ «តុលាការជួយ​ដោះគាត់​ចេញ​ទៅ ទាំង​អស់​គ្នា។ គាត់​គ្មាន​ធ្វើ​បាប​អ្វី និយាយ​អ្វី ឬ​ញុះញង់​អ្វី គ្មាន​ទេ កុំជឿពាក្យ​គេ​ សុទ្ធតែ​កូន​ចៅយើង​ខ្មែរ​ដូចគ្នា។ សូមជួយ​ដោះលែង​គាត់​ទៅ​ តុលាការ»។

ចាប់តាំង​ពី​ឆ្នាំ២០២០​មក របបក្រុងភ្នំពេញ​បង្កើន​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម សកម្មជន​បរិស្ថាន ជិត​កៅសិប​(៩០)​នាក់​ហើយ ដាក់​ពន្ធនាគារ​ដោយសារ​តែការ​ប្រើប្រាស់​សិទ្ធិជា​មូល​ដ្ឋាន។ សង្គមស៊ីវិល​ជាតិ អន្តរជាតិ និងក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ បាន​ស្នើ​យ៉ាង​ទទូចឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់​ និង​ដោះលែង​អ្នកជាប់​ឃុំ​នយោបាយ សកម្មជន​សិទ្ធិមនុស្ស​ទាំងអស់​ឲ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles