សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ភ្នំពេញ​គ្មាន​ជម្រក​ក្រោយ​ពេល​អាជ្ញាធរ​ឃុបឃិត​ជា​មួយ​អ្នក​មាន​លុយ​រុះ​ផ្ទះ​គាត់​ចោល

2021-10-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ភ្នំពេញ​គ្មាន​ជម្រក​ក្រោយ​ពេល​អាជ្ញាធរ​ឃុបឃិត​ជា​មួយ​អ្នក​មាន​លុយ​រុះ​ផ្ទះ​គាត់​ចោល

លោក យ៉ុង ត្រា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្រុង​ភ្នំពេញ​ ពេល​ចុះ​ឃោសនា​រក​សំឡេង​ពី​ប្រជាពលរដ្ឋ​នៅសង្កាត់ឫស្សីកែវ នៅ​ឆ្នាំ២០១៧។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​ គ្មាន​ទី​ជម្រក​ស្នាក់​អាស្រ័យ​ ក្រោយ​ពេល​បុគ្គល​ម្នាក់​ដែល​គាត់​សង្ស័យ​ថា​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ​បាន​នាំ​មនុស្ស​ជា​ច្រើន​នាក់​រុះ​រើផ្ទះ​​និង​បណ្ដេញ​គាត់​ចេញ​ពី​ដី​ កាល​ពី​ថ្ងៃ​ទី១២ តុលា។ សកម្មជន​រូប​នេះ​ អះអាង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួយ​ដោះស្រាយ​និង​ផ្ដល់​សំណង​ជូន​លោក​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​ការ​ធ្វើ​បែប​នេះ​ថា ជា​ទង្វើ​ខុស​ច្បាប់ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​​រឿង​នេះ​ជា​បន្ទាន់។

សកម្មជន​គណបក្ស​ប្រឆាំង​ខណ្ឌ​ឫស្សី​កែវ​អះអាង​ថា ​អាជ្ញាធរ​ចុះ​រុះរើ​ផ្ទះ​របស់​គាត់​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​នោះ​ទេ ក្នុង​ពេល​ដែល​គាត់​​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ខេត្ត​ព្រៃវែង។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សង្កាត់​ឫស្សីកែវ លោក យ៉ុង ត្រា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី១៤ តុលា​ថា ផ្ទះ​របស់​លោក​ធ្វើ​ពី​ស័ង្កសី និង​មាន​ក្រាល​ឈើ​ទទឹង ៤ម៉ែត្រ និង​បណ្ដោយ ៦ម៉ែត្រ​ ស្ថិត​នៅ​មាត់​ជ្រាំង​ទន្លេ​សាប ក្នុង​ក្រុម​ទី១៩ ភូមិ​សាមគ្គី។ លោក​បន្ត​ថា ដី​នេះ​លោក​បាន​ជួល​ពី​អាជ្ញាធរ​សង្កាត់​ឫស្សី​កែវ តម្លៃ ៥.០០០រៀល ក្នុង​មួយ​ខែ​ ជា​មួយ​ប្រជាពលរដ្ឋ ៧គ្រួសារ​ផ្សេង​ទៀត ដោយ​មាន​ទំហំ​ផ្ទះ​ប៉ុន​គ្នា និង​ជួល​ក្នុង​តម្លៃ​ដូច​គ្នា​ដែរ តាំងពីឆ្នាំ១៩៩៤ រហូត​មក។ ក្រោយ​មក​អាជ្ញាធរ​បាន​បង្វែរ​ដី​ទៅ​ឱ្យ​បុរស​ម្នាក់​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ពួក​លោក​មិន​ស្គាល់​ឈ្មោះ​នោះ​ទេ។ លោក​បញ្ជាក់​ទៀត​ថា បុរស​រូប​នេះ បាន​ដឹក​នាំ​សន្តិសុខ​ផ្ទាល់ខ្លួន​ជា​ច្រើន​នាក់ រើ​កម្ទេច​តែ​ផ្ទះ​របស់​លោក ចំណែក​ផ្ទះ​ពលរដ្ឋ ៧គ្រួសារ​ផ្សេង​ទៀត ដែល​បាន​ជួល​ដី​ជា​មួយ​មួយ​លោក​ដែរ​នោះ ត្រូវ​បាន​បុរស​រូប​នោះ​បង្ខំ​ឱ្យ​ចាកចេញ​ពី​ដី​ ដោយ​ផ្ដល់​សំណង​ចំនួន ២លាន​រៀល ឬ​ប្រមាណ ៥០០ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ។ ដោយឡែក គ្រួសារ​របស់​លោក​វិញ​មិន​បាន​ទទួល​សំណង​អ្វី​ទាំង​អស់។ ក្រោយ​ពី​មាន​ការ​រុះរើ​ផ្ទះ​នេះ លោក​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​ឫស្សីកែវ​ឱ្យ​ជួយ​រក​ដំណោះ​ស្រាយ​ដែរ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​ដំណោះស្រាយ​ឡើយ៖ «ពួក​ខណ្ឌ និង​ពួក​ម្ចាស់​ដី​ហ្នឹង​គេ​ថា ភ្ជុំ​ហើយ​គេ​មក​រុះ​ហើយ។ ពីមុន​មក ធម្មតា​គេ​ប្រាប់​អីចឹង​ថា ស្អែក​រុះៗ ថា មិន​ជឿ​វា​ទេ។ ដល់​ពេល​សារ​នេះ​ខណ្ឌ​គេ​ចុះ​មក​គេ​ធ្វើ​មែន​ហ្មង ថ្ងៃ​ភ្ជុំ​ហ្នឹង​អត់​មាន​អ្នក​ណា​នៅ​ទេ នៅ​តែ​បួន​ប្រាំ​គ្រួសារ​ហ្នឹង​ គេ​ដើរ​មក​ប្រាប់​ចោល​អីចឹង​ទៅ​ណាស់​ ប្រាប់​ខ្យល់​ចោល​ អត់​មាន​ក្រដាស​ស្នាម​ទេ។ រឿង​នេះ​ធ្វើ​បាប ប្រជាពលរដ្ឋ​ហ្មង​មិន​ឱ្យ​យើង​នៅ​ហ្នឹង​បន្ត​ទៀត ចង់​រុះរើ​លក់​ឱ្យ​ខាង​ណា​អី​បន្ត​អីចឹង​ទៅ។ គេ​ដោះស្រាយ​ឱ្យ ៧គ្រួសារ ប៉ុន្តែ​ផ្ទះ​ខ្ញុំ​មួយ​គេ​ធីប​ចោល អត់​ផ្ទះ​ហ្នឹង គ្រួសារ​ខ្ញុំ​ប៉ះ​ពាល់​ខ្លាំង មាន​តែ​ទៅ​ជួល​ផ្ទះ​គេ​នៅ»

លោក យ៉ុង ត្រា មាន​វ័យ ៤២ឆ្នាំ ដើម​កំណើត​ខ្មែរ​ក្រោម។ លោក​មាន​សមាជិក​គ្រួសារ ៤នាក់ ក្នុង​នោះ​កូន​អាយុ​ក្រោម ១៧ឆ្នាំ​ចំនួន ២នាក់​ផង។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​ពួក​លោក​កំពុង​ស្នាក់​នៅ​ជា​មួយ​សាច់ញាតិ​បណ្ដោះអាសន្ន​នៅ​រាជធានី​ភ្នំពេញ។ លោក​ចាត់​ទុក្ខ​ការ​រុះ​ផ្ទះ​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ពី​សំណាក់​បុគ្គល​មាន​អំណាច​និង​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ដើម្បី​យក​ដី​របស់​លោក​ពួក​ទាំង ៨គ្រួសារ​ទៅ​លក់​ឱ្យ​ជនជាតិ​ចិន។

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ភូមិ​សាមគ្គី លោក អ៊ី ងឹង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​​នោះ​ទេ។ជាមួយគ្នា​នេះ​លោក​អះអាង​ថា ពុំ​មាន​អាជ្ញាធរ​​ណា​យក​ដី​ជ្រាំង​ទន្លេ​ដែល​ប្រជាពលរដ្ឋ​រស់​នៅ​នោះ​ទៅ​លក់​ឱ្យ​ជនជាតិ​ចិន​នោះ​ទេ៖ «ដី​មាត់​ទន្លេ​សុទ្ធតែ​ដី​រដ្ឋ​តើ​ ខាង​លិច​ខាង​កើត​ផ្លូវ។ បើ​និយាយ​រឿង​ច្បាប់​ដី​ចំណី​ទន្លេ ប៉ុន្តែ​មិន​ដឹង​គ្រួសារ​គេ​ដេញ​ត្រង់​ណា​ខ្លះ ខ្ញុំ​អត់​បាន​ចុះ​ទៅ​ខ្ញុំ​ឈឺ​ដែរ។ ទេ​ខ្ញុំ​អត់​ដឹង ព្រោះ​ខ្ញុំ​អត់​បាន​ពាក់ព័ន្ធ​រឿង​លក់​ដូរ​មាត់​ទន្លេ​របស់​ពលរដ្ឋ​ណា»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ចៅសង្កាត់​ឫស្សី​កែវ លោក មូល វីរៈ និង​អភិបាល​ខណ្ឌ​ឫស្សី​កែវ លោក​ឯក ឃុនឌឿន ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ពី​ជុំ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៤ តុលា ដោយ​​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ចំណែក​អភិបាល​រង​រាជធានី​ភ្នំពេញ លោក​ មាន ចាន់យ៉ាដា លោក​សុំ​មិន​ឆ្លើយ​តប ចំពោះ​រឿង​នេះ​ទេ។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍​ថា ការ​ដែល​អាជ្ញាធរ​រុះ​រើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នេះ​ជា​ទង្វើ​ខុស​ច្បាប់ ព្រោះ​រឿង​នេះ​ទំនង​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា​ជាមួយ​បុគ្គល​ដែល​ធ្វើ​ការ​នៅ​ក្រសួងមហាផ្ទៃ​លក់​ដី​ជ្រាំង​ទន្លេ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ស្រាវជ្រាវ​រឿង​នេះ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ និង​ចាត់​វិធាន​ការ​តាម​ច្បាប់​លើ​អ្នក​ពាក់ព័ន្ធ៖ «អ្នក​ពាក់ព័ន្ធ​ផ្សេងៗ ទាំង​អស់​ហ្នឹង ហើយ​បើ​សិន​ជា​អាច​ថា ដី​តំបន់​ហ្នឹង​វា​ជា​ដី ដែល​អាច​លក់​ដូរ​បាន​រឿង​អី គ្រាន់​តែ​ជា​អ្នក​រស់​នៅ​តាំង​ពី​ឆ្នាំ១០៩៤ មក​មិន​អាច​ក្លាយ​ជា​កម្មសិទ្ធិ​ទៅ​លើ​ដី​​ដែល​គាត់​រស់​នៅ​ទី​នោះ​បាន​។​អីចឹង​វា ​ហាក់​ដូច​ជា​ធ្វើ​ឡើង​ដោយ​មិន​ត្រឹម​ត្រូវ​ ហើយ​មាន​ភាព​អយុត្តិធម៌​ទៅ​លើ​គាត់​ដែល​បាន​​រស់​នៅ​​អាស្រ័យ​ផល​លើ​ដី​ទាំង​អស់​ហ្នឹង​យូរ​ហើយ»

សកម្មជន​បក្ស​ប្រឆាំង​លោក​ យ៉ុង ត្រា​ ថ្លែង​ថា លោក​គ្មាន​ប្រាប់​ទិញ​ដី​ធ្វើ​ផ្ទះ​ថ្មី​នោះ​ទេ ហើយ​លោក​ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឱ្យ​ជួយ​ដោះ​ស្រាយ​ជូន​គ្រួសារ​លោក​ជា​បន្ទាន់ ព្រោះ​លោក​ថា គ្រួសារ​គាត់​ស្នាក់​នៅ​ជា​មួយ​សាច់ញាតិ​បាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

មន្ត្រី​សិទ្ធិមនុស្ស លោក ស៊ឹង សែន​ករុណា យល់​ថា សកម្មជន​រូប​នេះ​គួរតែ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អង្គការ​សិទ្ធិមនុស្ស ដើម្បី​ស្វែង​រក​ដំណោះស្រាយ​រឿង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles