ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ មិន​​ទទួល​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពី​អាជ្ញាធរ​ខេត្ត​កោះកុង

ដោយ ម៉ៅ សុធានី
2021-10-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ មិន​​ទទួល​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពី​អាជ្ញាធរ​ខេត្ត​កោះកុង

ប្រជា​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន (Union Development Group) នាំគ្នាទៅរកដំណោះស្រាយ នៅ​សាលាខេត្ត​កោះកុង កាល​ពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ពលរដ្ឋខេត្តកោះកុង មិនទទួលយកដំណោះស្រាយពីអាជ្ញាធរ និងក្រុមហ៊ុនចិន


ប្រជា​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន (Union Development Group) មិន​ព្រម​ទទួល​យក​គោល​នយោបាយ​ដោះ​ដូរ​ដី​ទៅ​ទីតាំង​ថ្មី ផ្ដល់​ដោយ​អាជ្ញាធរ​ខេត្ត​កោះកុង ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​នេះ​ទេ ព្រោះ​ពួក​គេ​អះអាង​ថា អាជ្ញាធរ​ផ្ដល់​សំណង​មិន​មាន​តម្លាភាព។ ពលរដ្ឋ​ស្នើ​សុំ​អាជ្ញាធរ​ពិនិត្យ​និង​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​ឡើង​វិញ ដោយ​ផ្ដល់​​សំណង​សមរម្យ​ ដែល​ស្រប​ទៅ​តាម​ទំហំ​ដី​ដែល​ពួក​គាត់​បាត់បង់។

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់​នៅ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ​ ខេត្ត​កោះកុង បដិសេធ​​មិន​ទទួល​យក​ប័ណ្ណ​កម្មសិទ្ធិ​ចាប់​ដី​ឡូត៍ ដែល​អាជ្ញាធរ​ខេត្ត​កោះកុង​ផ្ដល់​ឲ្យ​ចាប់​ពី ១ហិកតារ​ដល់ ២ហិកតារ នៅ​ថ្ងៃ​ទី​១៤ តុលា ដោយ​សារ​​ដំណោះស្រាយ​មិន​សម​នឹង​ផល​ប៉ះពាល់​ដែល​ពួកគាត់​បាត់បង់​ដី​អស់​ជា​ច្រើន​ហិកតារ​ ក្នុង​រយៈពេល​ជាង ១០ឆ្នាំ​មក​នេះ។

ការ​មិន​ព្រម​ទទួល​សំណង​នេះ ក្រោយពី​អាជ្ញាធរ​ខេត្ត​កោះកុង​ និង​ក្រសួង​ដែនដី​សម្រេច​ផ្ដល់​ដំណោះស្រាយ​ខុស​គ្នា ​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដោយ​បែង​ចែក​ពលរដ្ឋ​ជាង ១ពាន់​៣រយ​នាក់ (១.៣៣៣) ចេញ​ជា​ពី​បី​ក្រុម ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន យូញៀន។

ពលរដ្ឋ​ក្រុម​ទី១ ដែល​រស់នៅ​ក្នុង​ទីតាំង​វិនិយោគ​ក្រុមហ៊ុន មាន​ចំនួន ២៤៧គ្រួសារ ទទួល​បាន​ដី​ផ្ទះ​ទំហំ​កន្លះ​ហិកតារ ដី​ចម្ការ ៣ហិកតា និង​ថវិកា ៩.០០០ដុល្លារ (ប្រាំ​បួន​ពាន់​ដុល្លារ) ក្នុង​មួយ​គ្រួសារ។ ចំពោះ​ពលរដ្ឋ​ក្រុម​ទី២ ដែល​ទីតាំង​ដី​ពួកគាត់​ ខុស​ភូមិ​និង​ឃុំ មាន ២៥៥គ្រួសារ ទទួល​បាន​ដី​ចម្ការ​ទំហំ ២ហិកតា ក្នុង​មួយ​គ្រួសារ។ រីឯ​ពលរដ្ឋ​ក្រុម​ទី៣ ដែល​ស្នើ​សុំ​គោល​បន្ថែម មាន​ជាង ៨៣១គ្រួសារ​ទៀត គឺ​ទទួល​បាន​ដីចម្ការ​ទំហំ ១ហិកតា​ក្នុង​មួយ​គ្រួសារ។ ចំណែក​ប្រជាពលរដ្ឋ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច រដ្ឋាភិបាល​នឹង​នឹង​ធ្វើ​ការ​ដោះស្រាយ​តាម​ក្រោយ។

ពលរដ្ឋ​ម្នាក់​មាន​ដី​ចម្ការ ៩ហិកតារ នៅ​ឃុំ​តានួន ស្រុក​បុទុមសាគរ ខេត្ត​កោះកុង លោក សម ធី​ ត្រូវ​បាន​អាជ្ញាធរ​ដាក់​ឈ្មោះ​គ្រួសារ​របស់​លោក ក្នុង​ចំណោម​ពលរដ្ឋ​ក្រុម​ទី៣ ប៉ុន្តែ​លោក​មិន​ទទួល​យក​ដំណោះស្រាយ​នេះ​ទេ។ លោក​ចាត់​ទុក​គោល​នយោបាយ​នេះ​ថា ជា​ការ​ចាប់​បង្ខំ​ពលរដ្ឋ​ឲ្យ​ព្រម​យក​ទៅ​តាម​អ្វី​ដែល​អាជ្ញាធរ​កំណត់​ឲ្យ ដោយ​មិន​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ និង​មាន​ការ​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិល​ឡើយ៖ «បើ​គិត​ទៅ​បាន​ត្រឹម​តែ ៥ហិកតារ ឬ​ក៏ ៤ហិកតារ​ ឲ្យ​លុយ​តាម​ហ្នឹង​មក។ ឧទាហរណ៍​ថា ដី​ខ្ញុំ ៩ហិកតារ ឲ្យ​ខ្ញុំ ៥ហិកតារ ដោះ​ស្រាយ​លុយ​មក​វិញ​មក តាម​គោល​នយោបាយ​ពី​មុន ១ហិកតារ ៨ពាន់​ដុល្លារ អ៊ីចឹង​ទៅ។ ខ្ញុំ​មាន​ទៅ​ថា​អី អត់​ទាស់​ខុស​ទេ»។

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ម្នាក់​ទៀត​ដែល​មាន​ដី​ចម្ការ​ជាង ៦០ហិកតារ នៅ​ឃុំ​ភ្ញីមាស ស្រុក​គីរីសាគរ ខេត្ត​កោះកុង លោកស្រី ទិត្យ តេម ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ឲ្យ​ដី ១ហិកតារ ដោយ​សារ​ទី​តាង​ដី​នោះ​ខុស​ពី​ទី​លំនៅ​នៅ​ឃុំ​ព្រែក​ខ្សាច់។

លោកស្រី​ថ្លែង​ថា ការ​ផ្ដល់​ដំណោះស្រាយ​បែប​នេះ គឺ​ជា​រឿង​អយុត្តិធម៌​ និង​មិន​អាច​ទទួល​បាន​ឡើយ ចំពោះ​លោកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​មាន​ដីធ្លី​ច្រើន​ហិកតារ ដោយ​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ១៩៨០។

ស្ត្រី​វ័យ ៦៣ឆ្នាំ​រូប​នេះ ស្នើ​សុំ​រដ្ឋាភិបាល​គិតគូរ​ផ្ដល់​សំណង​ជូន​ពួក​គាត់​ឲ្យ​បាន​សមរម្យ​ជាង​នេះ​ ដោយ​ផ្អែក​ទៅ​តាម​ទំហំ​ដី​ដែល​បាត់​បង់​ទៅ​ខាង​ក្រុមហ៊ុន​ចិន៖ «ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ហ្នឹង ដោះ​ស្រាយ​ឲ្យ​យុត្តិធម៌ ដោះដូរ​ឲ្យ​មាន​តម្លាភាព។ ពាក្យ​ដោះដូរ គឺ​មិន​បាន​ស្មើ​ ក៏​បាន​ពាក់​កណ្ដាល​ដែរ។ យើង​ថែម​ជា​ថវិកា​មក អា​ហ្នឹងគេ​ដោះដូរ។ ឲ្យ​ខ្ញុំ ២ហិកតារ ខ្ញុំ​យក​ម៉េច​បាន។ ខ្ញុំ​ទទួល​យក​បាន​អត់​បាន​ទេ។ បើ​សិន​ជា​ខ្ញុំ​អត់​មាន​ដី ឲ្យ​ខ្ញុំ ១០ម៉ែត្រ ២០ម៉ែត្រ ក៏​ខ្ញុំ​ទទួល​យក​បាន​ដូច​គ្នា។ ខ្ញុំ​មាន​ដី​មាន​ផ្ទះ​របស់​ខ្ញុំ​សមរម្យ ហេតុ​ម្ដេច​មក​ដោះដូរ​អត់​មាន​តម្លាភាព អ៊ីចឹង!។ ពួក​ខ្ញុំ​អត់​អាច​ទទួល​យក​បាន។ ពួក​ខ្ញុំ​នឹង​មាន​ការ​តវ៉ា​ទៀត»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុទ្ធី និង​រដ្ឋលេខាធិការ​ក្រសួង​ដែនដី លោក ទេព ធន បាន​ទេ នៅ​ថ្ងៃ​ទី១៤ តុលា ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល។

ទោះបី​ជា​យ៉ាង​ណា ក្ដី អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុទ្ធី បាន​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​ថា ការ​ដោះ​ស្រាយ​នេះ គឺ​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ ចំពោះ​ពលរដ្ឋ​ណា​ដែល​មិន​ព្រម​​ទទួល​យក​គោល​នយោបាយ​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​កោះកុង លោក ហួរ អ៊ីន ឲ្យ​ដឹង​ថា លោក​ទទួល​បាន​ដំណឹង​ពី​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​មាន​ដីធ្លី​ចាប់​ពី ៤ហិកតារ គឺ​មិន​សប្បាយ​ចិត្ត​នឹង​ដំណោះស្រាយ​នេះ​ទេ ដោយ​សារ​តែ​ពួក​គាត់​បាត់​បង់​ប្រាក់​ចំណូល​ពី​របរ​ធ្វើ​ចម្ការ ក្នុង​រយៈ​ពេល​ជាង ១០ឆ្នាំ​មក​នេះ ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន។

លោក​យល់​ថា អាជ្ញាធរ​គួរ​ពិនិត្យ​មើល​ការ​ទាមទារ​របស់​ក្រុម​ពលរដ្ឋ​ ដែល​មិន​ព្រម​ទទួល​សំណង​នេះ​ឡើង​វិញ ហើយ​ដោះ​ស្រាយ​ជូន​ពួកគាត់​ដោយ​តម្លាភាព និង​អាច​ទទួល​យក​បាន ទើប​អាច​បញ្ចប់​បញ្ហា​នេះ​បាន៖ «ការ​ទទួល​យក​លក្ខខ័ណ្ឌ​ឲ្យ​ទទួល​យក​ដោះ​ស្រាយ​ដូច​គ្នា​ អ៊ីចេះវា​មិន​យុត្តិធម៌​ទេ​សម្រាប់​ពួក​គាត់។ អ៊ីចឹងអាជ្ញាធរ​ត្រូវ​តែ​គិត​ទៅ​តាម​ទំហំ​នៃ​ការ​ខូចខាត។ របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ព្រោះ​ទំហំ​ដី​ផ្សេងៗ គ្នា ហើយ​ក្នុង​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​ ឬ​គណៈកម្មការ​អន្តរក្រសួង​មិន​មាន​សមត្ថភាព ឬ​លទ្ធភាព​ដោះស្រាយ​បាន​ទេ ជំហរ​របស់​ពួកគាត់​ គឺ​ភាគ​ច្រើន គាត់​សូម​ឲ្យ​ប្រគល់​ដី​ហ្នឹង មក​ឲ្យ​ពួកគាត់​វិញ​មក។ អ៊ីចឹងយើង​ឃើញ​ថា ជម្លោះ​នេះ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់ បើ​សិន​ជា​ផ្អែក​ទៅ​ទីតាំង​ដី​ ទំហំ​ដី​ជាក់​ស្ដែង ហើយ​បើ​មិន​ដោះ​ស្រាយ​សូម​ប្រគល់​ដី​ហ្នឹង​ឲ្យ​គាត់​វិញ»។

ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ ក្នុង​ខេត្ត​កោះកុង សរុប​ចំនួន​ជាង ៤ម៉ឺន​ ៥ពាន់​ហិកតារ (៤៥.១០០) ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ២០០៨ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់ ៣ពាន់ ៨រយ​លាន​ដុល្លារ។

គម្រោង​អភិវឌ្ឍ​នេះ បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង ១ពាន់​គ្រួសារ ត្រូវ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ពួក​គេ ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​នៅ​ឡើយ​ គិត​មក​ដល់​ពេល​នេះ។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​គោល​គោល​នយោបាយ​ដីធ្លី ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ដែនដី បើក​វេទិកា​ពិភាក្សា​ជាមួយ​ពលរដ្ឋ និង​ផ្ដល់​សំណង​សមរម្យ ដែល​អាច​ទទួល​យក​បាន។ ពលរដ្ឋ ប្រកាន់​ជំហរ​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ស្វែង​រក​ដំណោះស្រាយ​ល្អ​ជាង​នេះ​ទេ នោះ​ពួកគាត់​នឹង​នាំ​គ្នា​ចេញ​តវ៉ា​តាម​ស្ថាប័ន​រដ្ឋ លុះ​ត្រា​ទទួល​បាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles