មន្ត្រី​ការ​បរទេស​អាមេរិក​និង​សង្គម​ស៊ីវិល៖​ កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ មាន​សារៈសំខាន់​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​​​

នយោបាយ
15 តុលា 2021
លាស់ លីបលីប
មាស មល្លិកា
វីអូអេខ្មែរ

រូប​ថត​ពី​​​វេទិកា​អនឡាញ​​ស្តី​ពី​«ខួប​៣០​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ប្រទេស​កម្ពុជា»​រៀប​ចំ​ដោយ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​ (USIP) កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១។ (ហ្វេសប៊ុក/វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក)
រូប​ថត​ពី​​​វេទិកា​អនឡាញ​​ស្តី​ពី​«ខួប​៣០​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ប្រទេស​កម្ពុជា»​រៀប​ចំ​ដោយ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​ (USIP) កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១។ (ហ្វេសប៊ុក/វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក)

ភ្នំពេញ — ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​ជម្លោះ​និង​ការ​រក្សា​ស្ថិរភាព​គឺ​អ្នក​ស្រី ​Ariel Eckblad លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​កម្ពុជាគោរព​និង​អនុវត្ត​តាមស្មារីត​នៃ​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាពទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ដើម្បី​បាន​ជា​ទុន​ក្នុង​ការ​កែ​លម្អឲ្យ​បាន​ពេញ​លេញ​ខណៈ​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​បាន​ធ្លាក់​ចុះ​ខ្សោយ​គួរ​ឲ្យ​កត់​សម្គាល់​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧។​

ដំណាល​គ្នា​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​វាយ​តម្លៃ​ថា​កម្ពុជា​មិន​ទាន់​អនុវត្ត​បាន​ល្អ​តាម​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ​នៅ​ឡើយ​ទេ​ដោយ​ពួក​គេទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​នៃ​កិច្ច​ព្រមព្រៀង​ជំរុញ​កម្ពុជា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ដោះ​ស្រាយជម្លោះ​នយោបាយ​ក្នុង​ប្រទេស​ដើម្បី​ទទួលបានសុខ​សន្តិភាព​ពេញ​លេញ។​

បើ​តាមវេទិកា​អន​ឡាញស្តី​ពី «ខួប​៣០​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ប្រទេស​កម្ពុជា​» រៀប​ចំ​ដោយ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក ​(United​States ​Institute​ of​ Peace) ក្រុម​វាគ្មិន​បាន​បង្ហាញការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូល​ដ្ឋាន​នៅ​កម្ពុជា។

អ្នកស្រី Ariel Eckblad ឧប​ការី​រង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រតិបត្តិការ​ដោះស្រាយ​ជម្លោះ​និង​រក្សាស្ថិរ​ភាព នៅ​ក្រសួង​ការ​បរ​ទេស​អាមេរិក​បាន​វាយ​តម្លៃ​ថា​កម្ពុជា​មាន​កំណើន​សេដ្ឋ​កិច្ច​គួរ​ឲ្យកត់​សម្គាល់​ក្នុង​រយៈពេល​៣០​ឆ្នាំ បន្ទាប់​ពីសម្រេច​បាន​នូវកិច្ច​ព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស។ អ្នកស្រី​បន្ត​ថា អាមេរិក និង​កម្ពុជា នៅ​តែ​ជាដៃ​គូរ​ដ៏​ល្អ​ជាមួយ​គ្នា​ក្នុង​ការ​ធ្វើ​កិច្ច​ការ​រួម​គ្នា​លើ​វិស័យ​ជាច្រើនជា​ពិសេស​ការ​ពង្រីក​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​និង​ពាណិជ្ជកម្ម។​

អ្នកស្រី​បាន​ថ្លែង​ជា​ភាសា​អង់គ្លេស ហើយ​ត្រូវ​បាន​ប្រែ​សម្រួលជា​ខេមរភាសា​ក្នុង​ន័យ​ដើម​ថា៖ «ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​ទទួល​បាន​ស្ថិរភាព​និង​មើល​ឃើញ​ពី​កំណើន​សេដ្ឋកិច្ច​គួរ​ឱ្យ​កត់​សម្គាល់​នា​ពេល​ថ្មីៗ​នេះ»

អ្នក​ស្រី​បន្ថែម​ថា៖ «កម្ពុជា​កំពុង​ទទួល​បាន​ជោគជ័យ​លើដំណើរ​ការ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​កូវីដ១៩។​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​និង​ប្រជាជន​អាមេរិក​បាន​ក្លាយ​ជាដៃ​គូ​គួរ​ឲ្យ​មាន​មោទនភាពជាមួយ​កម្ពុជា​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​ចម្រើន​នេះ។​កម្ពុជា​គឺ​ជា​ដៃ​គូ​ដ៏​មាន​តម្លៃ​មួយ​នៅ​ក្នុង​វេទិកា​អន្តរជាតិ​រួម​មាន​ការការពារ​កុមារ​ការ​រក្សា​សន្តិភាព​របស់អង្គការ​សហ​ប្រជាជាតិ​សុខភាព​សាធារណៈ​និង​ការអប់រំ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​អាវុធ​នុយ​ក្លេអ៊ែរ​និង​ការ​ពង្រីក​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​និង​ពាណិ​ជ្ជ​កម្ម»។​


​អ្នក​ស្រី Ariel Eckblad ក៏​បាន​លើក​ឡើង​អំពី​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា និង​ការ​គាប​សង្កត់​ផ្នែកនយោបាយ​ផង​ដែរ និង​បានជំរុញ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ការពារ​សេរី​ភាព​ជា​មូល​ដ្ឋាន​និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពហុ​បក្ស​ដោយ​ផ្អែកលើ «កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស» នេះ​ផង​ដែរ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ទិដ្ឋភាព​ខ្លះ​នៃ​កិច្ច​ព្រម​ព្រៀង​នៅ​តែ​មិន​ទាន់​ត្រូវ​បានបំពេញ។ ជា​ជាង​ការ​យល់​ដឹង​អំពី​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពហុ​បក្ស​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​និង​ចក្ខុ​វិស័យ​កាល​ពី​៣០​ឆ្នាំ​មុន។ ថ្ងៃនេះ​ប្រទេស​កម្ពុជា​បាន​ឃើញ​នូវ​ការ​គាប​សង្កត់​និង​ការ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ។ គណ​បក្ស​ប្រឆាំង​ចម្បង​របស់​ប្រទេស​នេះ​ត្រូវ​បាន​រំលាយ​ហើយ​មេដឹក​នាំ​របស់​ខ្លួន​ត្រូវ​ប្រឈម​មុខនិង​ការ​កាត់​ក្តី​ដែល​ជាប់​ហេតុ​ផល​នយោបាយ។ គណបក្ស​ប្រឆាំង​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​និង​ដាក់​ពន្ធនាគារ»។​

អ្នក​ស្រី​បាន​បន្ថែមថា៖ «ឥឡូវ​នេះ​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់​វា​មាន​សារៈ​សំខាន់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​និង​ប្រទេស​ហត្ថ​លេខី​ទាំង​អស់​ក្នុង​ការ​ឈរ​ជាមួយ​ប្រជាជន​កម្ពុជា​ដើម្បី​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។​សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​យ៉ាង​សកម្ម​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ ទៅ​ជា​ប្រទេស​រុងរឿង​ខាង​ប្រជាធិបតេយ្យ និង​ជា​ដៃ​គូ​ឯករាជ្យ»។​

​អ្នក​ស្រី​គូស​បញ្ជាក់​ត្រួសៗថាចាប់​តាំង​ពី​ការ​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អស់​ពេល​បី​ទសវត្សរ៍​មក​នេះសហរដ្ឋ​អាមេរិក​បាន​វិនិយោគ​ជាង​៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិស័យ​សុខាភិបាល​ការ​អភិវឌ្ឍ​ធនធានមនុស្ស​និង​សន្តិសុខ​ស្បៀង​អាហារ​របស់​ប្រជាជន​កម្ពុជា។​

កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១​ បាន​បញ្ជាក់​អំពី​ការ​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​កម្ពុជា ការ​នាំ​មក​នូវ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស​តាម​លំនាំ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​បើក​ផ្លូវ​ឲ្យបដិសេធ​ចោល​នូវ​សន្ធិសញ្ញា​អន្តរជាតិ​នានា​ដែល​ធ្វើឱ្យ​ប៉ះពាល់​ផលប្រយោជន៍​កម្ពុជា​អំឡុង​ពេល​សង្គ្រាម​ជាដើម។

រូប​ឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
រូប​ឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ មាន​ប្រទេស​ហត្ថលេខី​ចំនួន​១៨​រួម​ទាំង​ប្រទេស​ចំនួន​៥​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អចិន្ត្រៃយ៍​របស់​អង្គការ​សហប្រជាជាតិផងដែរ។​

អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ទោះ​បី​ជា​សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស​បា​ន​កន្លង​ហួស​អស់​រយៈ​ពេល​៣០ ឆ្នាំ​ទៅ​ហើយ​ក្តី ក៏​កម្ពុជា​នៅ​តែ​មើល​ឃើញ​ពីតួនាទី​សំខាន់​របស់​កិច្ច​ព្រម​ព្រៀង​នោះ។

លោក​បន្ថែម​ថាកម្ពុជា​នៅ​តែ​រក្សា​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បន្ត​អនុវត្ត​ក្នុង​នោះ​រួម​មាន​ការ​រក្សា​រដ្ឋធម្មនុញ្ញ​ឲ្យ​ស្ថិតស្ថេរ​ការ​រក្សា​ឯករាជ្យ​ភាព​បូរណភាព​ទឹក​ដី ការ​អនុវត្ត​របប​ប្រជាធិប​តេយ្យ​សេរីពហុបក្ស របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​និង​របប​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី។

លោក​ថ្លែង​ថា៖ «កិច្ច​ព្រមព្រៀង​វា​នៅ​ជា​ស្មារតី​ប៉ុន្តែ​កិច្ច​ព្រមព្រៀង​វា​អស់​សុពល​ភាព​ហើយ ព្រោះ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រប់​ចំណុច​អស់​ហើយ។ អាហ្នឹង​យើង​មិន​អាច​ថា​យក​កិច្ច​ព្រមព្រៀង​មក​ធ្វើ​ជា​ឯក​សារ​គតិ​យុទ្ធ​សម្រាប់​ជា​យោង​សម្រាប់​ដឹក​នាំ​ប្រទេស​ជាតិ​យើង​ទេ ព្រោះ​ការ​យក​គតិយុទ្ធ​នេះ​យក​មក​ប្រើ​ប្រាស់​គឺ​យើង​យក​ច្បាប់​ជា​គោល»

លោក​សង្កត់​ធ្ងន់​ថា៖ «ហើយ​បញ្ហា​សំខាន់​ចុង​ក្រោយ​គឺ​យើង​ត្រូវ​ថែរក្សា​ ការពារ​ឲ្យ​បាន​គោល​បំណង​និង​សំណូម​ពរ​ដ៏​ពិសិដ្ឋ​នៃ​កិច្ច​ព្រមព្រៀង​ប៉ារីស ទោះ​បី​ជា​ UNTAC រក​អត់​បាន​ក៏​ដោយ​ក៏​គណបក្ស​ប្រជាជន​រក​បាន​គឺ​សន្តិភាព​ ស្ថេរភាព​នយោបាយ​ការ​ឯកភាព​ជាតិ​ដែល​យើង​ចាំ​បាច់​ត្រូវ​តែ ខិត​ខំ​ថែរក្សា​ឲ្យ​បាន​គង់​វង្ស​ជា​យូរ​អង្វែង​តរៀង​ទៅ»

ដោយ​ឡែក​ក្រុម​អង្គការ​សង្គម​ស៊ិវិល ចង់​ឲ្យ​រដ្ឋាភិបាល​ដាក់​បញ្ជូល​ថ្ងៃ​២៣​តុលា​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​ធម្មតា​វិញ​ដើម្បី​ឲ្យ​ប្រជា​ជន​ខ្មែរ​បាន​ដឹង​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ដោយ​ពួកគេ​ចាត់​ទុក​ថា«ថ្ងៃ​២៣​តុលា»​នេះ​សំខាន់​ដល់​កម្ពុជា។

រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​ថ្ងៃ​២៣​តុលា​នេះ​ចេញ​ដោយ ​លែង​អនុញ្ញាត​មានការ​ឈប់​សម្រាកជា​សាធារណៈ​ជាថ្មី​ម្តងទៀត​កាល​ពី​ឆ្នាំ​២០២០។

រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ប្រធាន​អង្គការ​ស​ម្ព័ន្ធ​ភាព​ការពារ​សិទ្ធិមនុស្ស​ហៅ​កាត់​ថា​ CHRAC​ លោក​ រស់​ សុដ្ឋា បាន​ប្រាប់​វីអូអេ​ថា​អង្គ​ការ​សង្គម​ស៊ីវិល​នឹង​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី «កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស»​ នេះ​ចាប់​ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃ​ទី​២៣​ខែ​តុលា ឆ្នាំ​២០​២១ ដើម្បី​ឲ្យ​រដ្ឋាភិបាលបន្ត​យក​ចិត្ត​ទុក​ដាក់និង​អនុវត្តនូវ​ចំណុច​សំខាន់ៗ ដូច​ជា​ការឯក​ភាព​ជាតិ​យន្តការ​សម្របសម្រួល​បញ្ចប់​ជម្លោះនយោ​បាយ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក​ថ្លែង​ថា៖ «ត្បិត​តែ​យើង​បាន​ដាក់​[ចំណុច​កិច្ច​ព្រម​ព្រៀង​ក្នុង​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស] មួយ​ចំនួន​ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ក៏​ប៉ុន្តែ​ឃើញ​ថា​មិន​ទាន់​អនុវត្ត​បាន​ល្អ​ប្រសើរ​នោះទេ។ ទី​មួយ​ឃើញ​ថា​ការ​ឯក​ភាព​ជាតិ ការ​សម្រប​សម្រួល​…ការ​រួប​រួម​ជាតិ នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ​ដោយ​សារ​យើង​នៅ​បែក​បាក់​គ្នា​រវាង​បក្ស​នយោបាយ​សំខាន់ៗ»

ប្រធាន​ការពារ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​លោក ​នី​ សុខា​ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាលគោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​នេះ​ដើម្បី​ឲ្យប្រទេស​កម្ពុជា​អាចដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស និង​ការរៀប​ចំ​ដំណើរ​ការ​បោះ​ឆ្នោតប្រកប​ដោយ​សេរី​ត្រឹម​ត្រូវ​និង​យុត្តិ​ធម៌។​

លោក​បាន​ប្រាប់​វីអូអេថា៖ «យើង​ឃើញ​នៅ​មាន​ចំណែក​ខ្លះៗ​ដែល​រដ្ឋាភិបាល​នៅ​មិន​ទាន់​អាច​អនុវត្ត​បាន​ក៏​ដូចជា​[ព្រឹត្តិការណ៍​]​សំខាន់​នូវ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​គឺ​ការ​ផ្សះ​ផ្សារ​ការ​បង្រួប​បង្រួម​ជាតិ​នេះ យើង​ឃើញ​ថា​មិន​ទាន់​មាន​ដំណើរ​ការ​ល្អទេ។ ហើយ​ការ​អនុវត្ត​គោល​ការណ៍​ប្រជាធិបតេយ្យ​ដូចជា​ការ​បោះ​ឆ្នោត​ការ​គោរព​សិទ្ធិ​មនុស្ស​យើង​មើល​ឃើញ​ថា​នៅមិន​ទាន់​ប្រតិ​បត្តិ​ល្អ​ត្រឹម​ត្រូវ​តាម​អ្វី​ដែល​ជា​ស្មារតីនូវ​កិច្ច​ព្រម​ព្រៀង​នេះ​ដែរ»

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អ្នកស្រី ​ចក់ សុភាព​ យល់​ថា​ទោះ​បី​ជា​កិច្ច​ព្រម​ព្រៀង​សន្តិភាពទី​ក្រុង​ប៉ារីស​មាន​អាយុ​កាល​ជិត​៣០ ឆ្នាំហើយ​ក៏ដោយ​ក៏កិច្ច​ព្រមព្រៀងមួ​យ​នេះ​នៅ​តែ​មាន​សុពល​ភាព​សម្រាប់​កម្ពុជា​ដែល​បញ្ហា​សិទ្ធិ​មនុស្ស​នៅតែ​ជា​ការ​រំខាន​ចិត្ត​ដល់​ប្រទេស​ជា​ហត្ថលេខី​មួយ​ចំនួន។​

អ្នក​ស្រី​បាន​បញ្ជាក់​ថា​៖ «កិច្ច​ព្រម​ព្រៀង​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ពាក់​ព័ន្ធ​ពី​អង្គការ​សហ​ប្រជា​ជាតិ​ដែល​ភាគី​ផ្សេង​ៗ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​គ្នា។ អ៊ីចឹង​វា​គឺ​ជា​ឱកាស​ជា​ស្មារតី​មួយ​ដែ​ល​ជួយ​ផ្តួច​ផ្តើម​ឲ្យ​យើង​ឈាន​ដល់​គន្លឹះ​នៃ​ការ​កសាង​ប្រទេស​យើង​ឡើង​វិញ​ក្នុង​ការ​ធានា​គោរព​ដល់​សិទ្ធិ​មូល​ដ្ឋាន​របស់​ពល​រដ្ឋ»។​

អ្នកស្រី ចក់ សុភាព បន្ថែម​ថា​កិច្ច​ព្រមព្រៀង​ខាង​លើ​បានរួម​ចំណែក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​ការណ៍​នេះ​គឺ​ជា​រឿង​ល្អ​មួយ​ផ្នែក ប៉ុន្តែប្រជា​ពលរដ្ឋ​មិន​ទាន់​មាន​សេរីភាពពេញ​លេញ​ក្នុង​ការ​បញ្ចេញមតិ​ការ​ជួបជុំ​ដោយ​សន្តិវិធី សិទ្ធិ​ក្នុង​ការ​ចូល​រួម​នយោបាយ​និង​ការ​ចងក្រង​ជា​សមាគម​ដែល​ពេល​នេះ​ត្រូវ​កំណត់​ដោយ​ច្បាប់។​

បើ​តាម​គោលការណ៍​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​កាល​ពី​៣០​ឆ្នាំ មុន​នោះ​ គឺ​ភាគី​ហត្ថលេខី​ទាំងអស់រួមមាន​ទាំង​កម្ពុជា​ខ្លួន​ឯង​ផង​នោះបាន​ព្រមព្រៀង​គ្នា​ថា​នាំ​កម្ពុជា​ឲ្យ​មាន​សន្តិភាព ការ​រីក​ចម្រើន​ផ្នែក​ប្រជាធិបតេយ្យ​ការ​គោរព​សិទ្ធិមនុស្ស​និង​ការ​អភិវឌ្ឍ​ពេញ​លេញ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប​និង​គ្រប់​និន្នាការ​នយោបាយ។

ក៏ប៉ុន្តែ​ភាគី​នយោបាយ​ខ្មែរ​ត្រូវបាន​មើល​ឃើញ​ថា​នៅ​បន្ត​ចោទ​ប្រកាន់​គ្នា​និង​វាយ​ប្រហារ​គ្នា​ឥត​ឈប់​ឈរ​ដោយ​មាន​អំណះ​អំណាង​រៀងៗ​ខ្លួន​ទៅលើ​គោលការណ៍​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​នេះ​បន្ថែម​ពី​លើ​ការ​ទាមទារ​របស់​ក្រុម​ជំទាស់​ដែល​បន្ត​ស្នើ​សុំ​ឲ្យ​មាន​ការ​ជួយ​ពី​អន្តរជាតិ​លើ​បញ្ហា​កម្ពុជា​ដែល​បាន​រង​គ្រោះដោយ​ការ​ដក​ខ្លះ​ឬ​មិន​ទាន់​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទីផ្សារ​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដោយសារ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​និងការ​ចោទ​ប្រកាន់​រឿង​រំលោភ​សិទ្ធិមនុស្ស។

អ្នក​វិភាគ​នយោបាយ​លោក មាស នី​ មើល​ឃើញការ​បែក​បាក់​នយោបាយ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថា​ជា​ដំណើរ​ប្រាស​ចាក​ចេញពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក​បាន​ប្រាប់​វីអូអេ​បន្ថែម​ថា សម្ពាធ​មក​លើ​កម្ពុជា​នឹង​មាន​ច្រើន​ជាង​ការ​មិន​ស្រុះស្រួល​ខាង​នយោបាយ​នេះ​ទៅ​ទៀត ពោល​គឺ​កម្ពុជា​អាច​ប្រឈម​មុខ​នឹង​ការ​ឈ្លាន​ពាន​ពី​បរទេស​ដែល​ជា​រឿង​មួយមិន​អាច​ស្មាន​ទុក​មុន​បាន​ប្រសិន​បើ​កម្ពុជា​ងាក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​សំខាន់​មួយ​នេះ។

លោក​ថ្លែង​ថា៖ ​«កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​នៅតែ​ជាផែន​ទី​សំខាន់​មួយ​ដែរ​សម្រាប់​ទាញ​កម្ពុជា​មិន​ឲ្យ​មហា​អំណាច​ណា​មួយ​ទាញ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្រៅ​ឬ​ទាញ​ចេ​ញ​ពី​គន្លង​ឬ​ក៏​ទាញ​ចូល​ទៅក្រោម​ឥទ្ធិពល​របស់​ខ្លួន​បាន​ដែរ»

អ្នក​វិភាគ​នយោបាយ​ម្នាក់​ទៀត លោក សេង​ សារី​ ចាត់​ទុក​ថ្ងៃ​ទី២៣ តុលា ​ប្រៀប​ដូច​ជា​សំបុត្រ​អាពាហ៍ពិពាហ៍​ក្នុង​ការ​ផ្សះផ្សា​ប្រទេស​កម្ពុជា​ឡើង​វិញ​បន្ទាប់​ពី​ជម្លោះ​រវាង​ជនជាតិ​ខ្មែរនិង​ខ្មែរ។ លោក​និយាយ​ថា​កម្ពុជា​បាន​ឃើញ​សមិទ្ធ​ផល​នៃ​ការ​អភិវឌ្ឍនមក​ទល់​ពេល​នេះ​គឺដោយ​សារ​ឥទ្ធិពល​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​នេះ​ផង​ដែរ។​

លោក សេង​ សារី ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា​វា​ជា​ថ្ងៃ​ពិសេស​មួយ​សម្រាប់​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​គួរ​តែ​រក្សា​ទុក​ដើម្បី​ឲ្យ​ពល​រដ្ឋ​បាន​ដឹង​ថា​ជា​ថ្ងៃ​ដែល​យើង​បញ្ចប់​សង្គ្រាម​ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រទេស​១៨ រួម​ទាំង​អង្គការ​សហ​ប្រជា​ជាតិ​មួយ​ទៀត​ដែល​ទាក់​ទង​ទៅ​នឹង​ការ​បញ្ចប់​ជម្លោះ​នយោ​បាយ​នៅ​កម្ពុជា»

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​ពាក់​កណ្តាល​ខែ​កញ្ញា​កន្លង​ទៅ អ្នក​កាសែត​ជើង​ចាស់​ជនជាតិ​អាមេរិ​កាំង អ្នក​ស្រី​ Elizabeth Becker ដែល​បាន​តាម​ដាន​កិច្ចការ​កម្ពុជា​ជាង​កន្លះ​សតវត្សរ៍ ក៏​បាន​ស្នើ​កម្ពុជា​រក្សា​គុណ​តម្លៃ និង​ទាញ​យក​គុណ​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នៅ​ក្នុងខួប​៣០​ឆ្នាំ​នេះ​ផង​ដែរ៕

What Next?

Recent Articles

2 Responses to "មន្ត្រី​ការ​បរទេស​អាមេរិក​និង​សង្គម​ស៊ីវិល៖​ កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ មាន​សារៈសំខាន់​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​​​"

  1. so socheath says:

    ពួកអាពូជឆ្កែ ដែលចេះសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត បន្តប្រើប្រាស់ស្មារតីកិច្ចព្រមព្រៀមទីក្រុងប៉ារីស ដើម្បីបម្រើរបៀបវារៈនយោបាយ​ សង្គ្រោះផេះ
    *******
    ឯ/ឧ ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ថា រហូតមកពេលនេះ ក្រុមបរទេសនិយម នៅតែបន្តយកស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបញ្ចប់តាំងពីរដ្ឋាភិបាលកម្ពុជាបង្កើតឡើងកាលពីឆ្នាំ១៩៩៣នោះ មកប្រើប្រាស់ជាមូលដ្ឋានរិះគន់រដ្ឋាភិបាល ដើម្បីបម្រើរបៀបវារៈនយោបាយ ក្នុងចេតនាចង់ឱ្យបរទេសចូលមកលុកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជាតែប៉ុណ្ណោះ។
    ការបញ្ជាក់បែបនេះរបស់ ឯ/ឧ ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកនយោបាយមួយចំនួនតូច ព្រមទាំងសកម្មជនសិទ្ធិមនុស្សមួយចំនួនតូច ដែលមានទំនោរបរទេសនិយម បន្តរិះគន់លើការអនុវត្តន៍ច្បាប់ទៅលើបុគ្គលមួយចំនួនតូច ដែលមានចេតនាបង្កចលាចលក្នុងសង្គមកម្ពុជា ដែលកំពុងតែទទួលបានសុខសន្តិភាព សេរីភាពពេញលេញក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ។
    អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងស្មារតីកិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីស ពេលនេះជារដូវកាលសម្រាប់ក្រុមបរទេសនិយម ដែលតែងតែចង់ឱ្យបរទេសចូលមកឈ្លានពាន ត្រួតត្រា លុកលាន់ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រមបន្តប្រើប្រាស់ជាមូលដ្ឋានក្នុងការរិះគន់ បន្តុះបង្អាប់រដ្ឋាភិបាល ដែលពួកគេតែងធ្វើជាហូរហែរ និងជាទម្លាប់នយោបាយរបស់ពួកគេ»។
    ឯ/ឧ លើកឡើងថា ផ្អែកលើគោលការណ៍ច្បាប់ជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ការដែលយកស្មារតី និងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកជជែកគ្នានាពេលបច្ចុប្បន្ននេះ ក៏វាមិនត្រឹមត្រូវដែរ មានន័យថាស្មារតីនៃកិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីស ត្រូវបានបញ្ចប់រួចទៅហើយនៅពេលដែលកម្ពុជា បានរៀបចំការបោះឆ្នោត នៅឆ្នាំ១៩៩៣ រហូតបង្កើតបានរដ្ឋាភិបាលចម្រុះ ព្រមទាំងតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដឹកនាំប្រទេសដោយបញ្ចូលខ្លឹមសារ និងគោលការណ៍គ្រឹះសំខាន់ៗពាក់ព័ន្ធនឹងការដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣នេះ។
    អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា៖ «អញ្ចឹងទេ អ្វីដែលគួរពិភាក្សានាពេលបច្ចុប្បន្ននេះ មិនថាតើរដ្ឋាភិបាលបានអនុវត្តតាមស្មារតីកិច្ចព្រមព្រៀមទីក្រុងប៉ារីស ហើយឬនៅនោះទេ? អ្វីដែលគួរពិភាក្សាថាតើរដ្ឋាភិបាល បានអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែរ ឬអត់ មិនមែនស្មារតីកិច្ចព្រមព្រៀមទីក្រុងប៉ារីសនោះទេ?»។
    ឯ/ឧ ជិន ម៉ាលីន បានបន្តថា រដ្ឋាភិបាលអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវស្មារតីរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ជាពិសេសគោលការណ៍គ្រឹះទាំង៤ ពាក់ព័ន្ធនឹងការដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលមាននៅក្នុងកិច្ចព្រមព្រៀមទីក្រុងប៉ារីស ហើយត្រូវបានយកមកបញ្ចូលទាំងស្រុងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ រួមមានទី១៖ គោលការណ៍ពាក់ព័ន្ធនឹងការដឹកនាំប្រទេស តាមបែបរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រគ្រងរាជតែមិនកាន់អំណាច, ទី២៖ ការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស, ទី៣៖ គោលការណ៍ នីតិរដ្ឋ និងទី៤៖ គោលការណ៍សិទ្ធិ និងសេរីភាព។
    មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សរូបនេះ បានឱ្យដឹងថា «សម្រាប់ការអនុវត្តន៍ច្បាប់ ដូចការរំលាយគណបក្សនយោបាយមួយចំនួនដែលបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ការផ្តន្ទាទោសសកម្មជននយោបាយមួយចំនួនដែលបំពានច្បាប់ ទាំងនេះគឺជាការអនុវត្តតាមវិធានការច្បាប់ធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ។ ចំណែកឯលទ្ធផលកាលបោះឆ្នោតថាមានគណបក្សនយោបាយចំនួនប៉ុន្មាននៅក្នុងរដ្ឋសភា ដូចជាគណបក្សមួយ ឬច្រើន នេះគឺជាលទ្ធផលនៃការបោះឆ្នោត និងជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋតាមបែបប្រជាធិបតេយ្យ ដូច្នេះ គឺមិនប៉ះពាល់ដល់ការរំលោភបំពានលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនោះទេ»។
    ជុំវិញការដឹកនាំប្រទេសជាតិ ឱ្យស្របតាមស្ថានភាពតម្រូវការជាក់ស្តែង លោក ជិន ម៉ាលីន បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានរៀបចំបង្កើតឱ្យមានច្បាប់តាមបែបបទប្រជាធិបតេយ្យ មានការធ្វើវិសោធនកម្មច្បាប់ចាស់ ព្រមទាំងបង្កើតច្បាប់ថ្មីមួយចំនួនឱ្យស្របតាមបរិបទសង្គមកម្ពុជា និងធានាការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ក្នុងការការពារ ថែរក្សា សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
    ឯ/ឧ ថា៖ «សម្រាប់គោលការណ៍សិទ្ធិ សេរីភាព ត្រូវបានលើកតម្កើង និងការពារយ៉ាងខ្ជាបខ្ជួន ក៏ប៉ុន្តែមានក្រុមប្រឆាំងមួយចំនួន បានឆ្លៀតយកឱកាសប្រើលេសនៃការអនុវត្តសិទ្ធិសេរីភាព ដើម្បីប្រព្រឹត្តបទល្មើស បង្កឱ្យមានភាពចលាចល ប៉ះពាល់ដល់សន្តិសុខជាតិ ដើម្បីសម្រេចនូវមហិច្ឆតានយោបាយរបស់ខ្លួន ក្រោមរូបភាពនៃការអនុវត្តសិទ្ធិ និងសេរីភាពនេះ ប៉ុន្តែបុគ្គលទាំងនេះ ត្រូវបានរដ្ឋាភិបាលមានវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត គឺមិនអនុញ្ញាតឱ្យបុគ្គលទាំងនោះធ្វើសកម្មភាពល្មើសច្បាប់ដោយយកលេសការអនុវត្តសិទ្ធិសេរីភាព ដើម្បីបិទបាំងទង្វើរបំពានច្បាប់របស់ខ្លួនបាននោះទេ»៕

  2. Anonymous says:

    it doesn’t matter what you trying to tell or writing million pages it can not cover your own KADOR or KADOUY because they knew it was so stinky OK…AH CHHKOUTH