អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​អាមេរិក​​រិះ​គន់​ការ​លើក​ពេល​ចេញ​​សាល​ក្រម​សំណុំ​រឿង​ «កុមារ​​​អូទីហ្សឹម»​

សិទ្ធិ​មនុស្ស
15 តុលា 2021
មាស មល្លិកា
ហ៊ុល រស្មី
វីអូអេខ្មែរ

យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបផ្តល់ឲ្យដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)
យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបផ្តល់ឲ្យដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)

ភ្នំពេញ —  អង្គការ​សិទ្ធិមនុស្ស​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ថា អត់​មាន​ភាព​អៀន​ខ្មាស់​នៅ​ពេល​តុលាការ​កម្ពុជា​បន្ត​ចាត់​ការ​សំណុំ​រឿង​ព្រហ្មទណ្ឌ​របស់​ក្មេង​ប្រុស​ជំទង់​ម្នាក់ ដែល​ត្រូវ​ម្តាយ​អះអាង​ថា មាន​ជំងឺ​អូទីហ្សឹម​ឬ​ជំងឺ​រវើរវាយ​ និង​ភាន់​វិញ្ញាណ។

ប្រតិកម្ម​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​លើក​ពេល​ប្រកាស​សាល​ក្រម​សំណុំរឿង​របស់​ក្មេង​ប្រុស ​កាក់​ សុវណ្ណឆ័យ​ ដែល​គ្រោង​ធ្វើ​កាលពី​ថ្ងៃ​ពុធ។ ​តុលាការ​ក្រុង​ភ្នំពេញ​ពន្យល់​ថា​ការ​លើក​ពេល​ប្រកាស​ស្រាល​ក្រម​ដល់​ក្មេង​ប្រុស​ដែល​សង្គមស៊ីវិល​ចាត់​ទុក​ជា​ថា​កុមារ​នោះ​ គឺ​ដោយ​សារ​តុលាការ​ជាប់​រវល់។

នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​Human Rights Watch ប្រចាំ​តំបន់​អាស៊ី​លោក Phil Robertson ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ជា​ភាសា​អង់គ្លេស​និង​ត្រូវ​ប្រែសម្រួល​ជា​ខេមរភាសា​តាម​សារ​អ៊ីមែល​មួយ​តាម​ន័យ​ដើម​ថា៖ «ការ​យក​សុវណ្ណច្ឆ័យ​អាយុ​១៦ឆ្នាំ​ និង​មាន​ជំងឺ​រវើរវាយ​មក​ផ្តន្ទាទោសដោយ​សារ​តែ​ទំនាក់​ទំនង​នយោបាយ​ឪពុក​គាត់​បង្ហាញ​ពិភព​លោក​ថា​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ គ្មាន​ការ​អៀន​ខ្មាស់​អី​បន្តិច​សោះ​ក្នុង​ការ​តាម​ប្រមាញ់​ក្រុម​ជំទាស់​ផ្នែក​នយោបាយ​របស់​គាត់»

លោក​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖ «វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​និង​មិន​អាច​ទទួលបាន​យក​បាន​ទេ​ដែល​អំឡុង​ពេល​សវនាការ​អយ្យការ​ និង​តុលាការ​បាន​បដិសេធ​សេចក្តី​ត្រូវការ​របស់​ក្មេង​ប្រុស​ដែល​មាន​ពិការភាព​ព្រម​ទាំង​កា​រវាយ​តម្លៃ​ខាង​សុខាភិបាល​ដើម្បី​បញ្ជាក់​ពី​តម្រូវការ​នានា​របស់​ក្មេង​ប្រុស​នោះ»។​

កុមារ​ កាក់ សុវណ្ណ​ច្ឆ័យ ដែល​ជា​កូន​ប្រុស​លោក ​កាក់ កុម្ភារ អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ហើយ​បញ្ជូន​ទៅ​តុលាការ​ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «ប្រមាថ​អ្នក​រាជការ​សាធារណៈ» បន្ទាប់​ពី​កុមារ​រូប​នោះ​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​តេឡេក្រាម។

នៅ​ក្នុង​សវនាការ​កាល​ខែ​កញ្ញាមេធាវី​ការពារ​ក្តី​ឲ្យ​កុមារ​ កាក់ សុវណ្ណ​ច្ឆ័យ​ បាន​ស្នើ​សុំ​គ្រូពេទ្យ​ជំនាញ​ចូលរួម​ក្នុង​សវនាការ ដើម្បី​ពិនិត្យ​ស្ថានភាព​កូន​ក្តី ដែល​ម្តាយ​របស់​កុមារ​រូប​នេះ​បាន​លើក​ឡើង​ថា​កូន​ប្រុស​របស់​ខ្លួន​មាន​ជំងឺ​អូទីហ្សឹម​ (autism) ឬ​ជំងឺ​រវើរវាយ​និង​ភាន់​វិញ្ញាណ។ ប៉ុន្តែ​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើ​នេះ និង​បាន​បន្ត​នីតិវិធី​សវនាការ។

លោក Phil Robertson ​បាន​កត់​សម្គាល់​ពី​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ដែល​លោក​ចាត់​ទុក​ថា​«លែង​យក​ជា​ការ​បាន»​ នៅ​ពេល​មាន​ការពន្យារពេល​នៃ​ការ​ប្រកាស​សាលក្រម​ដោយ​លើក​ហេតុផល​ថា «រវល់» នោះ។

លោក​ថ្លែង​បន្ត​តាម​ន័យ​ដើម​ថា៖ «ការ​ពិត​គឺ​ថា​សុវណ្ណច្ឆ័យ ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ខែ​មិថុនា​មក​ដោយ​គ្មាន​ការ​ផ្តល់​កន្លែង​ស្នាក់​នៅ​ឲ្យ​សម​រម្យ​ពាក់ព័ន្ធ​នឹង​ពិការភាព​របស់​គាត់​ដូច​ដែល​ច្បាប់​អន្តរជាតិ​តម្រូវ​ឲ្យ​មាន។​សុវណ្ណច្ឆ័យ​គួរ​តែ​ត្រូវ​បាន​ដោះ​ជា​បន្ទាន់​និង​ឥត​លក្ខខណ្ឌ ហើយ​បទ​ចោទ​ប្រកាន់​ដែល​គ្មាន​បាន​ការ​នោះ​គួរ​តែ​ត្រូវ​បាន​ទម្លាក់​ចោល»

ប៉ុន្តែ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ ប្រកែក​ថា​តុលាការ​បាន​ធ្វើ​ទៅ​តាម​នីតិវីធី​ច្បាប់​ត្រឹមត្រូវហើយ​ថា​ក្មេង​ប្រុស​នោះ​គ្មាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​ថា​មាន​ជំងឺ​រវើរវាយ ឬភាន់​វិញ្ញាណ​នោះ​ទេ។

លោក​បាន​ប្រាប់​វីអូអេ​ថា៖ «ការ​លើក​ឡើង​នេះ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ហើយ​ដែល​មិន​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​ទាល់​តែ​សោះ​ដែល​ជា​ទម្លាប់​របស់​គេ​តាំង​ពី​ដើម​មក។ មែន​ទែន​ទៅ​ ករណី​សំណុំ​រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់​នីតិវិធី​ច្បាប់​ត្រឹមត្រូវ»

​លោក​បន្ថែម​ថា៖ «ទី​ពីរ​ការ​អះអាង​មាន​ជំងឺ​អូទីហ្សឹម​អី​នោះ​គឺ​មិន​មាន​លិខិត​ពេទ្យ​ណា​បញ្ជាក់​ថា​កុមារ​នេះ​ មាន​ជំងឺ​អូទីហ្សឹម​នោះ​ទេ។​វា​គ្រាន់​តែ​ជា​ការ​អះអាង​របស់​មេធាវី​និង​សាច់​ញាតិ។ ហើយ​តាម​អ្វី​ដែល​សមត្ថកិច្ច​គេ​ពិនិត្យ​មើល​ទៅ​លើ​បុគ្គលិក​លក្ខណៈ និង​ស្ថានភាព​ជាក់​ស្តែងគឺ​ដូច​ជា​មិន​មាន​អី​ខុស​ប្រក្រតី​នោះ​ទេ ហើយ​កុមារ​នេះ​គឺ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស។ អ៊ីចឹង​ដំណើរ​ការ​នៃ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​គឺ​ផ្អែក​ទៅ​លើ​អង្គហេតុ​និង​អង្គ​ច្បាប់»

ម្តាយ​បង្កើត​កុមារ​ កាក់​ សុវណ្ណច្ឆ័យ​ អាយុ​៤៣​ឆ្នាំ​បាន​បញ្ជាក់​ថា កូន​ប្រុស​គាត់​ធ្លាប់​ទទួលបាន​ការ​ពិនិត្យ​ពី​គ្រូ​ពេទ្យ​ដែល​ថា មាន​ជំងឺ​អូទីហ្សឹម​នោះ។ ប៉ុន្តែ​ដោយសា​រការ​ផ្លាស់ប្តូរ​ទី​លំ​នៅ​ញឹកញាប់ លិខិត​បញ្ជាក់​របស់​គ្រូ​ពេទ្យ​ក៏​បាន​បាត់​ទៅ។

អ្នកស្រី​កត់​សម្គាល់​ថា​ក្នុង​សវនាការ​កន្លង​មក​មេធាវី​ការពារ​ក្តី​ក៏​សុំ​ឲ្យ​ខាង​គ្រូពេទ្យ​ពិនិត្យ​កូន​គាត់​ដែរ​តែ​តុលាការ​បាន​ជំទាស់។ អ្នកស្រី​និយាយ​ថា៖ «ខាង​មេធាវី​គាត់​សុំ​ឲ្យ​ពេទ្យ​ធ្វើ​តែ​ខាង​តុលាការ​គាត់​អត់​ឲ្យ​ហ្មង»

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​តុលាការ​មិន​គួរ​បន្ត​នីតិវិ​ធី​ឃុំ​ខ្លួន និង​ជំនុំ​ជម្រះ​ក្តី​របស់កុមារ​កាក់ សុវណ្ណច្ឆ័យ ​តាំង​ពី​ដើម​ទី​មក បើ​យោង​ទៅ​តាម​ស្ថានភាព​កុមារ​ដែល​ជា​អនីតិជន ហើយ​មាន​ជំងឺ​អូទីហ្សឹម​ផង​នោះ។

អ្នក​ស្រី​ថ្លែង​ថា៖ ​«ខ្ញុំ​និយាយ​ដដែលៗ ពាក់​ព័ន្ធ​នឹង​លក្ខខណ្ឌ​ដែល​កុមារ​រូប​នេះ​ជា​អនីតិជន ហើយ​ទី​២ មាន​ស្ថានភាព​ជំងឺអូទីហ្សឹម​ទៀត​ហើយ​ដែល​លក្ខខណ្ឌ​ទាំង​អស់​នេះ​ឧត្តម​ផល​ប្រយោជន៍​ទៅ​លើ​កុមារ​គួរ​តែ​ត្រូវ​បាន​គិត​គូរ​តាំង​ពី​ដំបូង​នៃ​ដំណាក់​កាល​នីតិ​វិធី​នៃ​ការ​ចោទ​ប្រកាន់​ហើយ​និង​ចាប់​ខ្លួន​និង​ការ​ឃុំ​ខ្លួន»

អ្នកស្រី​បន្ថែម​ថា​តុលាការ​គួរ​តែ​ពិនិត្យ​ពិច័យ​ឲ្យ​បាន​លម្អិត​ជាពិសេស​ខាង​ផ្នែក​សេរីភាព​បញ្ចេញ​មតិ​ដោយ​អ្នក​ស្រី​យល់​ថា​ការ​បង្ហោះ​សារ​ក្នុង​តេឡេក្រាម​មិន​ទាន់​អាច​ចាត់​ទុក​ថា​ជា​ការ​ការ​បង្ហោះ​ជា​សាធារណៈ​នោះ​ទេ។

អ្នកស្រី​ថ្លែង​ថា៖ «ករណី​ចោទ​ប្រកាន់​មក​លើ​កុមារ​នេះ​មិន​គួរ​កើត​ឡើង​នោះ​ទេ​ហើយ​យើង​ដឹង​ហើយ ដំណើរ​រឿងឈាន​ដល់​ការ​ចាប់​ខ្លួន​កុមារ​នេះ​គឺ​ដោយ​សារ​ការ​ទំនាក់​ទំនង​តាម​បណ្តាញ​ឯកជន​ទៅ​ទៀត។ តាម​រយៈ​តេឡេក្រាម​មែន​ទែន​មិន​មែន​ជា​ការ​សន្ទនា​ឬ​ក៏​ការ​បង្ហោះ​សារ​ជា​សាធារណៈ​ហើយ​បើ​ទោះ​បី​ជា​បង្ហោះ​សារ​ជា​សាធារណៈ​តុលាការ​គួរ​តែ​ពិនិត្យ​ពិច្ច័យ​ឲ្យ​បាន​យក​ចិត្ត​មែន​ទែន​ចំពោះ​សេរី​ភាព​បញ្ចេញ​មតិ»។​

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​របស់​អង្គការ​លីកាដូ​លោក​ អំ សំអាត លើក​ឡើងថា​តុលាការ​គួរ​អនុញាត​ឲ្យ​កុមារ ​សុវណ្ណច្ឆ័យ​ បាន​ទទួល​ការ​ព្យាបាល​ហើយ​ថា​តុលាការ​ក៏​គួរ​ពន្លឿន​នីតិវិធី​ប្រកាស​សាល​ក្រម​ដល់​កុមារ​រូប​នោះ​ឲ្យ​បាន​ឆាប់​ព្រោះ​ការ​បន្ត​ឃុំ​ខ្លួន​យូរ​អាច​នឹង​ប៉ះពាល់​សិទ្ធិ​របស់​កុមារ​រូប​នោះ​និង​ផ្ទុយ​ពី​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

លោក​ អំ សំអាត បញ្ជាក់​ថា៖ «នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ការ​ឃុំ​ខ្លួន​ទៅ​លើ​កុមារ​អាយុ​ពី​១៦​ទៅ​ក្រោម​១៨​ឆ្នាំ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​យ៉ាង​យូរ​បំផុត​បួន​ខែ​ក៏​ប៉ុន្តែ​ការ​ពន្យារ​ពេល​នៃ​សវនាការ​នេះ​ធ្វើ​ឲ្យ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ហ្នឹង​គឺ​មាន​រយៈ​ពេល​យូរ​ទៅ​ទៀត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​គាត់​ហើយ​ចំណុច​ហ្នឹង​ហើយ​ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ជា​បន្ត​ទៅ​ទៀត»។​

​បើ​តាម​អង្គការ​លីកាដូ​កុមារ សុវណ្ណច្ឆ័យ​ ធ្លាប់​ត្រូវ​បាន​បដិសេធ​ក្នុង​ការ​ដោះ​លែង​ឲ្យនៅ​ក្រៅ​ឃុំកាល​ពី​ថ្ងៃ​ទី៣​ ​ខែ​សីហាឆ្នាំ​២០២១​ ​ហើយ​គិត​ត្រឹម​ពេល​នេះគាត់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគារ​រយៈពេល១១១​ថ្ងៃ​ហើយ។​

កុមារ​រូប​នេះក៏​ធ្លាប់​ជា​គោល​ដៅ​នៃ​ការ​វាយប្រហារ​ដោយ​អំពើ​ហិង្សា​ផង​ដែរក្នុង​នោះ​មាន​ហេតុការណ៍​ក្នុង​ខែ​មេសាឆ្នាំ​២០២១នៅ​ពេល​ដែល​មាន​ការ​គប់​ដុំ​ឥដ្ឋ​ចំ​ក្បាល​របស់​គាត់បណ្ដាល​ឲ្យ​រង​របួសព្រម​ទាំង​ត្រូវ​ដេរ​ព្យាបាល​របួស៕

What Next?

Recent Articles