ការ​ស្លាប់​របស់​លោក ​ទន់ សុវណ្ណ ​តំណាង​សហគមន៍​ខ្មែរ​ដ៏ឆ្នើម​ នាំមក​នូវការ​ចងចាំ​អំពី​កេរដំណែល​សំខាន់ៗ

ខ្មែរ​នៅ​អាមេរិក
16 តុលា 2021
សុខ ខេមរា
វីអូអេខ្មែរ

រូប​ឯកសារ៖ លោក​បណ្ឌិត ទន់ សុវណ្ណ អតីត​ប្រធាន​ពុទ្ធិកសមាគម​ខ្មែរ​​នៃ​វត្ត​ពុទ្ធិការាម គឺជា​មេដឹកនាំ​សហគមន៍​ម្នាក់​​ដែល​​បាន​ចំណាយ​ពេល​ជាង​៤០​ឆ្នាំ​បម្រើ​ការងារ​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​កសាង​សមាគម​វត្ត និង​សហគមន៍​ខ្មែរ​នៅ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន។ (ទែន សុខស្រីនិត/វីអូអេ) Photo: VOA Khmerចែករំលែក

ក្រុង CHARLOTTE រដ្ឋ NORTH CAROLINA — លោក​បណ្ឌិត ​ទន់ សុវណ្ណ ​គឺជា ​ខ្មែរអាមេរិកាំង​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​មាន​ទេពកោសល្យ​ខ្ពស់​ និង បាន​បន្សល់​ទុក​ស្នាដៃ​និង​កេរដំណែល​ជាច្រើន​ដល់​សហគមន៍​ខ្មែរ​នៅ ប្រទេស​អាមេរិក​បន្ទាប់​ពី​លោក​បាន​ទទួល​អនិជ្ជកម្ម។ ស្នាដៃ​ទាំងនោះ​រួម​មាន​ការ​ភ្ជាប់​ទំនាក់ទំនង​ការកសាង​វិស័យ​ពុទ្ធសាសនា​និង​កិច្ចការ​ជួយ​សហគមន៍​ខ្មែរ​លើ​កិច្ចការ​សំខាន់ៗ​ជាច្រើន​ក្នុង​រយ:​ពេល​ជាង​៤០​ឆ្នាំ​នេះ។

ក្រោយ​ពី​ការ​វះកាត់​ពីរ​លើក​ចាប់​តាំង​ពី​ថ្ងៃទី៣​ខែ​មិថុនា​មិន​ទទួល​បាន​ជោគជ័យ​អ្នកស្រី ​ង៉ោ យក់បៀន ​ជាភរិយា​បានថ្លែង​ថា ​លោក​ ទន់ សុវណ្ណ ​អាយុ​៨១ឆ្នាំ បាន​ស្លាប់ដោយសារ​រោគាពាធ​កាល​ពី​ថ្ងៃសៅរ៍ទី៩​ខែតុលា ឆ្នាំ២០២១​ដោយ​បន្សល់​នូវកូន​៣នាក់​និង​ចៅ​៤នាក់ ​ក្រៅ​ពី​អ្នកស្រី​ជាភរិយា។

អ្នកស្រី​បាន​បន្ថែម​ថា​វេជ្ជបណ្ឌិត​បានរក​ឃើញ​លោកមាន​ជំងឺ​មហារីក​ពោះវៀន​ដែល​ទើប​រកឃើញ​ក្រោយ​ពី​ការវះកាត់​លើក​ទី២​ក្នុង​រយ:ពេល​ប្រមាណ​ជិត៤ខែ​ចុងក្រោយ។

អ្នកស្រី​និង​អ្នករៀបចំ​បុណ្យ​សព​បាន​បន្ថែម​ថា​ពិធីបុណ្យ​សព​របស់​លោក ​ទន់ សុវណ្ណ ​ប្រារព្ធ​ធ្វើតាម​ព្រះពុទ្ធសាសនា​ដោយ​មាន​ការ​ចូលរួម​ពី​ញាតិមិត្ត​ក្រុមគ្រួសារ​ជាធម្មតា​ដោយ​ប្រកាន់​តាម​វិធានការ​សុខាភិបាល​ទោះមាន​បញ្ហា​ជំងឺ​កូវីដ១៩​ក្តី​គឺប្រារព្ធ​ធ្វើនៅ​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍នេះ​ក្នុងវត្ត​ពុទ្ធិការាម​នៃ​រដ្ឋ Maryland (ម៉ារីលែន) ​មុន​នឹង​ដង្ហែរ​ទៅ​កន្លែង​បូជា​សព ​Funeral Home ។

អ្នកស្រី​ ង៉ោ​ យក់បៀន​ ភរិយាសព​លោក ទន់​ សុវណ្ណ នៅឯពីធីបុណ្យសព​ក្នុងវត្តពុទ្ធិការ៉ាម​ រដ្ឋ​ Maryland​ នៅថ្ងៃសុក្រទី១៥ខែតុលាឆ្នាំ២០២១។ (រូបថតផ្តល់ឲ្យ)
អ្នកស្រី​ ង៉ោ​ យក់បៀន​ ភរិយាសព​លោក ទន់​ សុវណ្ណ នៅឯពីធីបុណ្យសព​ក្នុងវត្តពុទ្ធិការ៉ាម​ រដ្ឋ​ Maryland​ នៅថ្ងៃសុក្រទី១៥ខែតុលាឆ្នាំ២០២១។ (រូបថតផ្តល់ឲ្យ)

អ្នកស្រី​ ង៉ោ​ យក់បៀន​ ភរិយាសព​លោក ទន់​ សុវណ្ណ នៅឯពីធីបុណ្យសព​ក្នុងវត្តពុទ្ធិការ៉ាម​ រដ្ឋ​ Maryland​ នៅថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១។ (រូបថតផ្តល់ឲ្យ)
អ្នកស្រី​ ង៉ោ​ យក់បៀន​ ភរិយាសព​លោក ទន់​ សុវណ្ណ នៅឯពីធីបុណ្យសព​ក្នុងវត្តពុទ្ធិការ៉ាម​ រដ្ឋ​ Maryland​ នៅថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១។ (រូបថតផ្តល់ឲ្យ)

ទាំង​ក្រុម​គ្រួសារ​សព​និង​មិត្តភក្តិ​ព្រមទាំង​ព្រះសង្ឃ​បាន​ចងចាំ​យ៉ាងច្រើន​ពីការ​ជួយ​ជ្រោមជ្រែង​អស់ពី​ចិត្តពី​ថ្លើមរបស់​បណ្ឌិត ​ទន់ សុវណ្ណ​ ក្នុងវិស័យ​ពុទ្ធសាសនា​វិស័យ​សង្គម​ និង​ទំនាក់ទំនង​ជា​អន្តរជាតិ​ជាមួយ​រដ្ឋការ​អាមេរិកាំង​ជនជាតិ​ផ្សេងៗ​ដែល​ជា​ជន​អន្តោប្រវេសន៍​នៅ​លើ​ទឹកដី​អាមេរិក​នៅពេល​លោក​នៅមាន​ជីវិត។

អ្នកស្រី ​ង៉ោ យក់បៀន​ បាន​បន្ថែម​ថាអ្វី​ដែល​អ្នកស្រី​ចងចាំ​គឺទឹកចិត្ត​ដែល​លោក​ទន់ សុវណ្ណ​តែង​គិតគូ​ដល់សហគមន៍​ខ្មែរ​និង ​សហគមន៍​ជនអន្តោប្រវេសន៍​ចម្រុះ​ផ្សេងៗ​ទោះ​ជា​នៅដង្ហើម​ចុងក្រោយ​លោក​នៅតែ​ផ្តែផ្តាំ​ឲ្យជួយ​ដល់​សហគមន៍​ជាប្រចាំ។

អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «គាត់ចង់​ឲ្យ​ខ្ញុំ​ជួយ​វត្ត (ខ្មែរ)​ជួយ​វត្ត​ស្រីលង្កា​ដែល​វត្តហ្នឹង​ត្រូវការ​បច្ច័យ​ដើម្បី​បង់ថ្លៃ​វត្ត​ហើយ​ឲ្យ​ជួយ​មើល​ទៅស្រុកខ្មែរ​ជួយ​កូន​ក្មេង​រៀន​អ៊ីចឹង» ។

អ្នកស្រី​បាន​បញ្ជាក់​បន្តថា​ទឹកចិត្ត​ដែល​លោក​ សុវណ្ណ​ ជួយ​សហគមន៍​មានច្រើន​រហូត​ដល់​ជាតិសាសន៍​ផ្សេងៗ​មាន​ការ​គោរព​ស្រឡាញ់​ដល់​លោក​យ៉ាងខ្លាំង​ តែរឿង​មួយ​ដែល​ក្តីប្រាថ្នា​របស់​លោក​មិនទាន់​បានធ្វើ​គឺទៅ​បម្រើ​កិច្ចការ​ជូន​ប្រទេស​កំណើត​ដែល​អ្នកស្រី​បាន​ឃាត់​មិនចង់​ឲ្យទៅ​ហើយ​លោក​ក៏សុខចិត្ត​នៅ​ជួយ​សហគមន៍​និង​វិស័យ​ពុទ្ធសាសានា​នៅ​សហរដ្ឋ​អាមេរិក​វិញ។

រូប​ឯកសារ៖ លោក​បណ្ឌិត ទន់ សុវណ្ណ អតីត​ប្រធាន​ពុទ្ធិកសមាគម​ខ្មែរ និយាយ​ជាមួយ​មិត្តភក្តិ​លោក នៅក្នុង​អំឡុង​ពិធី​តែងតាំង​លោក​ជា​ប្រធាន​កិត្តិយស​នៃ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)

រូប​ឯកសារ៖ លោក​បណ្ឌិត ទន់ សុវណ្ណ រួម​ទាំង​ក្រុម​គ្រួសារ គោរព​ព្រះសង្ឃ​នៅ​ក្នុង​ពិធី​ប្រោសព្រំ រំឭកគុណ និង​តែងតាំង​លោក​ជា​ប្រធាន​កិត្តិយស​នៃ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)

ពី​ឆ្វេង​ទៅ​ស្តាំ៖ អភិបាល​រដ្ឋ​ Maryland (ម៉ារីលែនដ៍) លោក Larry Hogan លោក ទន់ សុវណ្ណ និង​លោកស្រី យុមី ហូហ្កាន ភរិយា​របស់​លោក​អភិបាលរដ្ឋ​លោក Hogan។ រូបថត​នេះ ថត​នៅ​ឆ្នាំ ២០១៥ នៅ​គេហដ្ឋាន​របស់​លោក​អភិបាល​រដ្ឋ ដែល​លោក​ស្នាក់​នៅក្នុង​ពេល​លោក​កាន់​តំណែង​ជា​អភិបាល​រដ្ឋ។ (រូបថត៖ ទន់ សុវណ្ណ)

លោក ​គុជ ច័ន្ទលី ​ខ្មែរអាមេរិកាំង​នៅ​រដ្ឋ ​Maryland ​បាន​ថ្លែង​ថា​លោកបាន​ទទួល​ដំណឹង​ពីការ​ស្លាប់រ​បស់​លោក​ ទន់ សុវណ្ណ​ ដែល​លោក​ថា​ជា​ទុក្ខក្រៀមក្រំ​និងជា​ការ​ខាតបង់​យ៉ាងខ្លាំង​សម្រាប់​វិស័យ​ពុទ្ធសាសនា​និង​សហគមន៍ខ្មែរ។

លោក​ថ្លែង​ថា៖ «លោក​ ទន់ សុវណ្ណ​ គឺជា​សកម្មជន​ប្រចាំ​សហគមន៍ខ្មែរ​នៅ​តំបន់​វ៉ាស៊ីនតោនឌីស៊ី​នេះ​យ៉ាង​សកម្ម​ណាស់​ហើយលោកជា​អ្នក​ធម៌អាថ៌​លោក​ធ្លាប់ធ្វើ​ជា​ប្រធាន​វត្ត​នៅ ​Maryland នេះ​ជាច្រើន​ឆ្នាំដែរ​ហើយលោក​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​សហគមន៍​ខ្មែរ​យើង​ទាំង​រដ្ឋ Virginia ​រដ្ឋ Maryland ​ហើយ​និង​តំបន់​ជិតខាង​ឬក៏​ទូទាំង​ស្រុក​អាមេរិក​ទាំង​មូល​នេះ​ផង»

លោក​ថា​លោក ​ទន់ សុវណ្ណ​ ជា​គំរូ​ម្នាក់​ផ្នែក​បណ្តុះបណ្តាល​វិស័យ​ពុទ្ធសាសនា​និង​កិច្ចការ​បម្រើ​សហគមន៍។

លោក ​ច័ន្ទលី ​បាន​ថ្លែងថា​លោក​និង​លោក ​ទន់ សុវណ្ណ​ ឧស្សាហ៍​ជួបគ្នា​ដើម្បី​រក​មធ្យោបាយ​ជួយដល់​សហគមន៍ខ្មែរឲ្យ​បាន​រឹងមាំ​និង​ជួយ​ស្តារ​ទំនុក​ចិត្តក្នុង​សហ​គមន៍។

លោក​ពន្យល់​ថា៖ «ពីព្រោះ​ការ​មិន​ទុកចិត្ត​គ្នា​នៅ​ក្នុង​សហគមន៍​ខ្មែរ​នេះ​ហើយ​ដែលខ្ញុំ​និង​លោក​ ទន់ សុវណ្ណ​ បានមើល​ឃើញ​ដូចគ្នាថា​ខ្មែរ​យើងខ្វះ​ការជឿ​ទុកចិត្ត​គ្នាច្រើន​ហើយ​ខ្វះការ​ជួយ​ជ្រោមជ្រែង​គ្នា​ក៏ដោយសារ​ការពុំ​ទុកចិត្តគ្នា​នេះផង​ដែរ។ លោក​ ទន់ សុវណ្ណ​ គាត់មាន​ពិសោធន៍​នៅក្នុង​ស្រុក​អាមេរិក​នេះច្រើន​ហើយ​លោក​ចូលរួម​នៅក្នុង​សមាគម​ឬក៏អង្គការ​អន្តរជាតិ​ជាច្រើន​ដូចជា​សមាគមចិន​សមាគម​អាមេរិកាំង​អង្គការផ្សេងៗ​មួយចំនួន​មិនត្រឹមតែ​សមាគម​ខ្មែរ​និង​សហគមន៍​ខ្មែរនេះទេ​ដូច្នេះ​លោកមាន​ពិសោធន៍​ច្រើន​ទូលំទូលាយ​ណាស់​ក្នុង​សេចក្តី​ត្រូវការ​របស់​សហគមន៍​និង​បុគ្គល​ម្នាក់ៗ​ផង»

លោក​ថ្លែងថា​លោក​ ស្គាល់​លោក ​ទន់ សុវណ្ណ ​ជាង​៣០ឆ្នាំ​ហើយ​ដោយបាន​ឃើញ​ពីការ​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ក្នុងការ​ជួយ​កសាង​វត្តអារាម ​ជួយ​សហគមន៍ខ្មែរ​និង ​សហគមន៍​ជនជាតិ​ផ្សេងៗទៀត។

វត្ត​ពុទ្ធិការាម ក្នុង​ទី​ក្រុង Silver Spring រដ្ឋ Maryland ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​លោក​បណ្ឌិត​ ទន់ សុវណ្ណ បាន​ជួយ​កសាង​ ដើរ​តួ​នាទីជា​មជ្ឈមណ្ឌល​វប្បធម៌​និង​សង្គម​របស់​សហគមន៍ខ្មែរអាមេរិកាំង​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន។ រូបថត​កាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​តុលា ឆ្នាំ២០១៦។ (ស្រេង លក្ខិណា/វីអូអេ)

លោកធ្លាប់​ធ្វើជា​មន្ត្រី​ស្ថិតិ​និង ​មន្ត្រី​កសិកម្ម​ហើយ​និង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​លោក​សេនា ប្រមុខ ​លន់ នល់​មុនមកកាន់​សហរដ្ឋ​អាមេរិក​ដើម្បី​បន្តការ​សិក្សា។

កាល​ដើម​ទសវត្សរ៍​១៩៧០​ លោក​ ទន់​សុវណ្ណ​ គឺ​ជា​និស្សិត​អាហារូបករណ៍​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ក្រោយ​មក​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​របប​ខ្មែរក្រហម​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​លោក​ក៏បាន​ក្លាយ​ជា​ជន​ភៀសខ្លួន។​

ក្រោយ​ពេល​ដែល​លោក​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​ឯ​សកល​វិទ្យាល័យ​Tennessee ឆ្នាំ​១៩៧៩​លោក​ ទន់​សុវណ្ណ ​បាន​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​និង​ធ្វើ​ការ​ឲ្យ​គណកម្មការ​ផ្តល់​ឱកាស​ការងារ​ស្មើ​គ្នា​របស់​អាមេរិក ​Equal Employment ​Opportunity​ Commission ​(EEOC) ​ដែល​ជា​ទីភ្នាក់​ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ទទួល​ខុស​ត្រូវ​ខាង​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​រើស​អើង​នៅ​ក្នុង​កន្លែង​ការងារ។​

លោក ទន់ សុវណ្ណ (កណ្តាល) ឈរ​ជាមួយ​ម្តាយ ប្អូន​ស្រី​ពីរនាក់ និង​ប្អូនថ្លៃ​ប្រុស​ម្នាក់​របស់​លោក។ រូបថត​នេះ បាន​ថត​នៅ​ខាងមុខ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង នៅឆ្នាំ ១៩៦២ មុន​ពេល​ដែល​លោក ចាកចេញ​ពី​ប្រទេស​កម្ពុជា​មក​សហរដ្ឋ​អាមេរិក។ (រូបថត៖ ទន់ សុវណ្ណ)

ក្នុង​ពេល​ទំនេរ​លោក​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​និង​ជន​ភៀសខ្លួន​សាសន៍ ដទៃ​ទៀត​ដែលមក​កាន់​សហរដ្ឋអាមេរិក​ហើយ​នឹង​ជួយលើក​កម្ពស់​ការ​យល់ដឹង​អំពី​សេចក្តី​ជំនឿ​រវាង​គ្នានិងគ្នា។​

ក្នុង​ចំណោម​តួនាទី​ជាច្រើន​របស់​លោក​លោក​គឺ​ជា​ប្រធាន​ពុទ្ធិក​សមាគម​ព្រះពុទ្ធ សាសនា ​ឬ​ Cambodia​ Buddhist​ Society​ នៅ​ក្នុង​ទីក្រុង​ Silver Spring​ រដ្ឋ​ Maryland​ ជា​អនុ​ប្រធាន​បណ្តាញ​ពុទ្ធសាសនិក​នៅ​ក្នុង​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ជា​សមាជិក​ស្ថាបនិកមួយ​រូប នៃ​សមាគម​ពុទ្ធ​សាសនិក​អន្តរជាតិ​នៅ​អាមេរិក​ហើយ​លោក​ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​សន្និសីទ​អន្តរសាសនា​នៅ​ក្នុង​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ផង​ដែរ។​

សម្តេច​ប៉ាប​កាតូលិក​ Pope Francis បាន​អញ្ជើញ​លោក​ ទន់​ សុវណ្ណ​ ទៅ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​រវាង​សាសនា​ព្រះពុទ្ធ​និង​កាតូលិក​នៅ​ឯ​វិមានវ៉ាទីកង់ (Vatican) កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៥ ហើយ​បី​ខែ​ក្រោយ​មក​លោកត្រូវ​សម្តេច​ប៉ាប​អញ្ជើញ​លោក​ម្តង​ទៀត​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ព្រះអង្គ​ក្នុង​អំឡុង​ពេល​សម្តេច​ប៉ាប​បំពេញ​ទស្សនកិច្ច​ក្នុង​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ខែ​កញ្ញា។​

រូប​កសារ៖ លោក​បណ្ឌិត ទន់ សុវណ្ណ ប្រធាន​ពុទ្ធិក​សមាគម​ខ្មែរ​វត្តពុទ្ធិការាម រដ្ឋម៉ារីឡែនដ៍ ស.រ.អា ចាប់រលាក់ដៃ​ជាមួយ​សម្តេច​ប៉ាប​កាតូលិក ហ្រ្វង់ស៊ីស ក្នុង​ពេល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​មេដឹកនាំ​អន្តរសាសនា​ក្នុង​ទីក្រុង​វ៉ាទីកង់​ កាលពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៥ អំពី​កិច្ចសហប្រតិបត្តិ​ការផ្នែក​សាសនា​និង​ដោះស្រាយ​បញ្ហា​សង្គម​រួម​គ្នា។ (រូបថត៖ វ៉ាទីកង់)

ក្នុង​នាម​ជា​សមាជិក​គណៈកម្មាធិការ​មួយ​រូប​នៃ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​និង​ប៉ាស៊ីហ្វិក​អាមេរិកាំង​ប្រចាំ​នៅ​ក្នុង​រដ្ឋ​ Maryland​ តាំង​ពី​ឆ្នាំ​១៩៩៨​មក​លោក​គឺ​ជា​សមាជិក​មួយ​រូប​ដែល​បាន​បង្កើត​ក្រុម​ប្រឹក្សា​ផ្តល់​សិទ្ធិ​អំណាចសម្រាប់​ជន​អន្តោ​ប្រវេសន៍​ឬ​ Immigrant Empowerment Council (IEC) នៅ​ក្នុង​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ហើយ​លោក​ក៏​ជា​សមាជិក​នាយក​នៃគណៈ​អភិបាល​នៃ​អង្គការ​ Friends of Khmer​ Culture ផង​ដែរ។

លោក ​ទន់ សុវណ្ណ​ បាន​ជួយធានា​ព្រះសង្ឃ​ខ្មែររាប់សិប​អង្គ​មកគង់​នៅវត្ត​សហរដ្ឋ​អាមេរិក​ជាពិសេស​វត្ត​ពុទ្ធិការាម​ក្នុង​រដ្ឋម៉ារីលែន​ព្រមទាំង​ជួយ​កិច្ចការ​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត។

ព្រះចៅធិការ​វត្ត​ពុទ្ធិការាម​ព្រះតេជ​គុណ ​សុវណ្ណជោតោ​ អ៊ុក ច័ន្ទហន ​មាន​សង្ឃដីកា​ថា​លោក​ ទន់ សុវណ្ណ ​គឺជា​មនុស្ស​ឧស្សាហ៍​ជា​ធនធាន​កម្រ​បាន​ឃើញ​និង​ជាអ្នក​ជួយ​ជ្រោមជ្រែង​សហគមន៍​ខ្មែរ​និង​សហគមន៍​ជាតិ​សាសន៍​ជន​អន្តោប្រវេសន៍​ចម្រុះ​ដ៏​ពិតប្រាកដ​និង​ក្នុង​វិស័យ​ពុទ្ធសាសនា​និង​ ផ្នែក​ទំនាក់ទំនង​ដែល​ព្រះអង្គ​ផ្ទាល់​មិន​អាច​ចងចាំ​អស់​ពី​ស្នាដៃ​ជាច្រើន​របស់​លោក​ ទន់ សុវណ្ណ​ បាន។

​ព្រះតេជ​គុណ​មាន​មាន​សង្ឃដីកា​ថា៖ «ផ្នែក​វិស័យ​អាណាចក្រ​លោក​បាន​ចូល​បម្រើ​ការងារ​ស្ម័គ្រចិត្ត​សម្រាប់​ជួយ​ប្រជាជន​ទូទៅ​ជា​ពិសេស​ជនជាតិ​ខ្មែរ ដើម្បី​ការពារ​ផល​ប្រយោជន៍​និង​ព្រះពុទ្ធសាសនា។ ក្នុង​សាសនា​ គាត់តែង​នាំ​សាសនា​ទៅផ្សាយ​ទៅ​កាន់​ពិភពលោក​ចូល​ក្នុង​អង្គការ​Interfaith​អង្គការ​នានា​ឲ្យ​តែ​និយាយ​ពី​សាសនា​ធំៗ​គេផ្សព្វផ្សាយ​គាត់នាំ​សាសនា​ទៅចូល​ក្នុងហ្នឹង​រហូត​ដល់​ឆ្នាំ២០១៦​ត្រូវបាន​បុរី​ Vatican សម្តេច​ប៉ាប​គេ​កម្រ​អញ្ជើញ​នរណា​ចូលរួម​ណាស់ស្រាប់​ម្តងហ្នឹង​គេអញ្ជើញ​គាត់​ឲ្យ​ចូលរួម​គេអញ្ជើញ​គាត់​ហើយ​គេ​ឲ្យ​សិទ្ធិ​គាត់រើស​ប្រទេស​នៅ​អាស៊ាន​ឬ​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​លើ​ពិភពលោក​គាត់​ចង់​រើស (តំណាង)​ ប្រទេស​ណា​ទៅ​ជាមួយ​ក៏បាន​ដែរ»

ព្រះតេជព្រះគុណ​បាន​បន្ត​ថា​ព្រះសង្ឃថៃ​និង​ស្រីលង្កា​បាន​មក​ធ្វើ​ទំនាក់​ទំនង​ច្រើន​ដើម្បី​បាន​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​សាសនា​នៅ​បុរីវ៉ាទីកង់​ដើម្បី​ជួយដល់​សង្គម​មនុស្ស​បំបាត់​អំពើ​ហិង្សា​ និង​ជួយ​ផ្នែក​ការពារ​សន្តិសុខមនុស្ស​លោក​បោះបង់​ចោល​ជម្លោះ​ភាព​ស្អប់ខ្ពើមគ្នា​ចេះ​ស្រឡាញ់គ្នា​តាម​វិធីសាសនា​ជាដើម។

បន្ថែម​ពី​លើ​នេះ​ទៀត​ព្រះគ្រូចៅ​អធិការ​វត្ត​ អ៊ុក ច័ន្ទហន ​មាន​សង្ឃដីកា​បន្តថា​ព្រះតេជ​ព្រះគុណ​ផ្ទាល់​និង​ព្រះសង្ឃយ៉ាងតិច​៤អង្គ​ផ្សេងទៀត​ក៏​ត្រូវបាន​ធានា​ដោយ​លោក​ ទន់ សុវណ្ណ ​មកកាន់​សហរដ្ឋ​អាមេរិក​កាលពីដើមឆ្នាំ១៩៩៧ ដែរ ​រហូត​ដល់​ទទួល​បាន​សិទ្ធិ​គង់​នៅវត្ត​នេះ​ដោយ​ស្រប​ច្បាប់​សហរដ្ឋ​អាមេរិក​ដើម្បី​បម្រើ​វិស័យ​ពុទ្ធសាសនា​។ ហើយ​ព្រះគ្រូ​ចៅ​អធិការ​វត្ត​បន្ថែម​ថា​នៅ​មុនពេល​វគ្គនោះ​និង​វគ្គ​ក្រោយៗ​ទៀត​មាន​ព្រះសង្ឃ​រាប់សិប​អង្គ​ដែល​ត្រូវ​លោក ​ទន់ សុវណ្ណ ​ធានា​និង​ជួយ​រត់ការ​ច្បាប់​ដូចគ្នា​ដែរ

What Next?

Recent Articles