បក្ស​ប្រឆាំង​ច្រានចោល​ការ​ចោទ​ប្រកាន់​ថា បក្ស​នេះ​មាន​ទំនាក់ទំនង​ជាមួយ​បក្ស​បង្កើត​ថ្មី

ដោយ យន់ សាមៀន
2021-10-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បក្ស​ប្រឆាំង​ច្រានចោល​ការ​ចោទ​ប្រកាន់​ថា បក្ស​នេះ​មាន​ទំនាក់ទំនង​ជាមួយ​បក្ស​បង្កើត​ថ្មី

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ (រូប​កណ្ដាល) និង​ថ្នាក់ដឹកនាំ​គណបក្ស​របស់​ខ្លួន។ RFA/Sorn Chanratha


គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ការ​ចោទប្រកាន់​របស់​គណបក្ស​កាន់អំណាច​ថា ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ផ្តល់​ថវិកា​ឲ្យ​គណបក្ស ដែល​ទើប​ត្រូវ​បាន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ឡើង​។ មន្ត្រី​សង្គម​ស៊ីវិល ថា ទោះ​គណបក្ស​ថ្មី​ជា​គ្រាប់ពូជ ឬ​មែកធាង របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី ប៉ុន្តែ​គណបក្ស​នោះ​មិនអាច​លូតលាស់ ឬ​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ ដូច​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។

សេចក្តី​ថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់ ថា ថ្នាក់ដឹកនាំ​គណបក្ស​នេះ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ថ្មី ដែល​មាន​ស្ថាបនិក​ជា​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។ ប្រតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​នេះ ធ្វើ​ឡើង​ក្រោយពេល​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចោទ​ប្រកាន់ លោក សម រង្ស៊ី ថា នៅ​ពីក្រោយ គណបក្ស​នយោបាយ​មួយ ក្នុងចំណោម​គណបក្ស​នយោបាយ​ទាំង​៦​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា លោក សម រង្ស៊ី បាន​យក​លុយ​ដែល​បាន​ពី​ការ​លក់​នាឡិកា​របស់​លោក​ជាង​២០​ម៉ឺន​ដុល្លារ​ឲ្យ គណបក្ស​ទើប​បង្កើត​ថ្មី​ធ្វើ​សកម្មភាព​នយោបាយ។

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុក​សំដី​របស់ លោក សុខ ឥសាន ថា ជា​ពាក្យ​ចចាមអារាម។ គណបក្ស​នេះ​អះអាង​ថា គណបក្ស​បន្ត​ធ្វើ​សកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​នៅ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចូលរួម​ការបោះឆ្នោត​បាន​ឡើងវិញ ហើយ​ប្រសិនបើ​គណបក្ស​នេះ មិន​អាច​ចូលរួម​ការបោះឆ្នោត​នោះ​ទេ គណបក្ស​នេះ​នឹង​ធ្វើ​ពហិការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ។

អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅតែ​ចាត់ទុក​ថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សប្រឆាំង​តែមួយគត់ ដែល​មាន​កម្លាំង​នយោបាយ​ប្រជែង​អំណាច​នឹង​បក្ស​កាន់អំណាច​បាន។អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់ថា គណបក្ស​បង្កើត​ថ្មី​មិនមែន​ជា​គូប្រកួត​ជាមួយ​បក្ស​កាន់អំណាច​ឡើយ​។ លោក​ជំរុញ​ឲ្យ​មានការ​សម្របសម្រួល​នយោបាយ​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ដ៏​ខ្លី​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា៖ «បើសិន​អ្នក​ប្រព្រឹត្តិ​ហ្នឹង​គណបក្ស​ដែល​មាន​ការ​ពាក់ព័ន្ធ​ត្រូវតែ​មាន​ការ​បញ្ជាក់​មាន​ភស្តុតាង​យក​ស្អី​មក​បញ្ជាក់​មក​មាន​ការ​អី​មក​បញ្ជាក់​បាន​ទេ ឬក៏​ខ្លួន​មិន​ចិត្ត​គ្រាន់តែ​ខ្លួន​មានការ​សង្ស័យ​ថា គណបក្ស​នេះ​មាន​អ្នក​ប្រជាប្រិយភាព​ច្រើន​ចូលរួម​ក្រោយ​ការបង្កើត​ធ្វើ​ឲ្យ​បញ្ហា​អញ្ចេះ​អញ្ចុះ​បង្ក​ភាព​អាក់ខាន អាហ្នឹង​គឺ​អត់​ត្រឹមត្រូវ»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា គណបក្ស​កាន់អំណាច​កំពុង​បារម្ភ​ពី​ការ​ចាប់​កំណើត​ឡើងវិញ​របស់​គណបក្ស​សង្គ្រោះជាតិ​។ ទោះ​យ៉ាងណា​លោក គឹម សុខ យល់​ថា គណបក្សប្រឆាំង​អាច​ចូលរួម​ការបោះឆ្នោត​បាន លុះត្រាតែ​គណបក្ស​នេះ មាន​ផែនការ​ច្បាស់លាស់ រៀបចំ​បណ្ដាញ​ត្រឹមត្រូវ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ជាដើម៖ «របប​ក្រុងភ្នំពេញ​របស់​លោក ហ៊ុន សែន គឺ​ព្យាយាម​ទប់​សូម្បី​ដង្ហើម​ឬក៏​ស្រមោល​លេចឡើង​នៃ​ចរន្ត​នយោបាយ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ»។

កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នៅ​ពាក់​កណ្តាល ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ។

គិត​មក​ដល់​ពេល​នេះ​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ស្នើ​សុំ​បង្កើត​គណបក្ស​ចំនួន​៦​គណបក្ស​ហើយ​។ សង្គម​ស៊ីវិល​ថា ទោះ​គណបក្ស​ថ្មី​កើត​ចេញ​គ្រាប់ពូជ ឬ​មែកធាង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី ក៏​មិន​ប្រាកដ​ថា គណបក្ស​នោះ​មាន​កម្លាំង​អាច​ក្លាយជា​គូប្រកួត​ជាមួយ​គណបក្សកាន់អំណាច​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles