សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស​បង្កើ​ន​​កម្លាំង​ទាមទារ​ឲ្យ​គោរព​​កិច្ចព្រមព្រៀង​ប៉ារីស​ (ភាគ២)

នយោបាយ
16 តុលា 2021
ម៉ែន គឹមសេង
វីអូអេខ្មែរ

រូប​ឯកសារ៖ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយក្នុងប្រទេសអាមេរិក ​និង​ពលរដ្ឋ​ខ្មែរអាមេរិកាំង​ធ្វើការបាតុកម្មនៅមុខសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជានៅថ្ងៃសៅរ៍ Photo: VOA Khmerចែករំលែក


វ៉ាស៊ីនតោន — ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​លើកទី​៣០​នេះ​មិនមែន​ជា​ពេល​រីករាយ​សម្រាប់​សកម្មជន​សិទ្ធិមនុស្ស​នៃ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទេ​ព្រោះ​ការដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​នេះ​បាន​បន្ថែម​កង្វល់​ដែល​មាន​ស្រាប់​សម្រាប់​ពួកគេ។

«យើង​ឃើញ​ថា​ពេល​កិច្ចព្រមព្រៀង​កើតឡើង​ភ្លាម​យើង​ឃើញ​ថាលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​ឡើង​ខ្ពស់​បន្តិច​ដល់​ក្រោយ​មក​ថយ​ចុះ​ជា​បន្តបន្ទាប់​រហូតដល់​សព្វថ្ងៃ​អ្នកខ្លះ​វាយតម្លៃ​ថា​ក្រោម​សូន្យ​ផង»។ នេះ​ជាសម្តី​របស់​លោក​ យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​។

លោក គឹមទឹង​ យល់​យ៉ាងដូច្នេះ​ដោយសារគណបក្ស​កាន់​អំណាច​បាន​រឹតបន្តឹង​បន្តិច​ម្តងៗ​លើ​សិទ្ធិ​សេរីភាព​របស់​ក្រុម​គណបក្ស​ប្រឆាំង​អង្គការ​សង្គម​ស៊ីវិល​បណ្តាញ​សារព័ត៌មាន​និង​អង្គការ​អន្តរជាតិ។ គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុត​នៅ​កម្ពុជា​គឺ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​រំលាយ​នៅ​ចុង​ឆ្នាំ​២០១៧​ដោយ​ចោទ​ប្រកាន់​ថា​បាន​ឃុបឃិត​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​គ្រប់គ្រង​អំណាច​ជា​ឯកបក្ស​តាំងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​ដូច​មុនពេល​ចុះហត្ថលេខា​ទីក្រុង​ប៉ារីស​នៅ​ខែតុលា​ឆ្នាំ​១៩៩១។

លោក យ័ប គឹមទឹង ប្រធាន​សមាគមខ្មែរអាមេរិកាំង​ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ​ បានសម្តែងក្តីបារម្ភ​ពីការធ្លាក់ចុះនៃប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា និង​បាន​ថ្លែងពី​សកម្មភាព​តស៊ូមតិ​របស់​សហគមន៍ខ្មែរ​ក្នុងឱកាសខួបលើកទី៣០នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក យ័ប គឹមទឹង ប្រធាន​សមាគមខ្មែរអាមេរិកាំង​ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ​ បានសម្តែងក្តីបារម្ភ​ពីការធ្លាក់ចុះនៃប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា និង​បាន​ថ្លែងពី​សកម្មភាព​តស៊ូមតិ​របស់​សហគមន៍ខ្មែរ​ក្នុងឱកាសខួបលើកទី៣០នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោក ​គឹមទឹង និង​ក្រុម​សកម្មជន​ជឿថា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ការមាន​គណបក្ស​ប្រឆាំង​ដែលមាន​សក្តានុពល​មួយ​គឺ​សំខាន់​ព្រោះ​វា​អាច​ជួយ​រក្សា​តុល្យភាព​អំណាច​នៅ​ក្នុង​ការគ្រប់គ្រង​រដ្ឋ​និង​ដោះស្រាយ​បញ្ហា​លំបាក​របស់​ពលរដ្ឋ។

លោក​បញ្ជាក់​ថា៖ «ពេលណា​អត់មាន​គណបក្ស​ប្រឆាំង​ពេលណា​ប្រជាជន​ចង់​ទិះតៀន​រដ្ឋាភិបាល​ឬ​ចង់​ទាមទារ​សិទ្ធិ​អ្វី​មួយ​ដូចជា​ឧទាហរណ៍​ថា​បាត់ដីធ្លី​គេ​រឹបអូស​ដីធ្លី​គេ​រឹបអូស​ផ្ទះ​សម្បែង​ដល់​ពេល​ទៅ​តវ៉ា​ប្រាប់​រដ្ឋាភិបាលអត់មាន​គណបក្ស​ប្រឆាំង​ជួយ​ហើយ​រដ្ឋាភិបាល​ចោទ​គ្នា​ទៅវិញ​ថា​គ្នា​បង្ក​បំផុស​បំផុល​ធ្វើ​ឲ្យ​រញ្ជួយ​ស្ថិរភាព​ក្នុង​ស្រុកខ្មែរ​ហើយ​ចាប់​គ្នា​ដាក់​គុក»

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​នាំ​ឲ្យ​មាន​សន្តិភាព​នៅ​កម្ពុជា​និង​ការអភិវឌ្ឍ​ប្រទេស​ជាតិ។ កម្ពុជា​បាន​កាត់​បន្ថយ​ភាពក្រីក្រ​ពី​៤៧,៨%​ក្នុង​ឆ្នាំ​១៩៩៤​មក​នៅ១៣,៥%​ក្នុង​ឆ្នាំ​២០១៤។ កម្ពុជា​បាន​វិវត្ត​មក​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅឆ្នាំ​២០១៥។ ប៉ុន្តែ​ការអភិវឌ្ឍ​បាន​នាំ​ឲ្យ​មាន​គម្លាត​គ្នា​រវាង​អ្នក​មាន​និង​អ្នកក្រ​ដោយ​ពលរដ្ឋ​៨០%​រស់នៅ​ក្នុង​តំបន់​ជនបទ​ដែល​ខ្វះខាត​ហេដ្ឋារចនា​សម្ព័ន្ធ​និង​អនាម័យ។ ធនាគារ​ពិភពលោក​រាយការណ៍​ថា​ពលរដ្ឋ​កម្ពុជា​៣,៤​លាននាក់​ដែលត្រូវ​ជា​២១%​មិនមាន​ទឹកស្អាត​ប្រើប្រាស់​និង​៥,៤​លាន​នាក់​ត្រូវ​ជា​៣៤%​រស់នៅ​ក្នុង​ស្ថានភាព​មិនមាន​អនាម័យ​ត្រឹមត្រូវ។

រូប​ឯកសារ៖ បុរស​ម្នាក់​ដើរ​ក្នុង​គំនរ​នៃ​ផ្ទះ​ដែល​ត្រូវ​បាន​វាយ​កម្ទេច​នៅ​ជាយ​នៃ​បឹងកក់​ ដែល​ជា​បឹង​ធំ​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១១។ លោក​និង​អ្នក​ស្រុក​នៅ​ទី​នោះ​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ​ដើម្បីបើក​ផ្លូវ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សំណង់ផ្ទះ​វីឡា​និង​អគារ​ការិយាល័យ​ទំនើបៗ​នៅ​ទី​នោះ។ (AP)
រូប​ឯកសារ៖ បុរស​ម្នាក់​ដើរ​ក្នុង​គំនរ​នៃ​ផ្ទះ​ដែល​ត្រូវ​បាន​វាយ​កម្ទេច​នៅ​ជាយ​នៃ​បឹងកក់​ ដែល​ជា​បឹង​ធំ​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១១។ លោក​និង​អ្នក​ស្រុក​នៅ​ទី​នោះ​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ​ដើម្បីបើក​ផ្លូវ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សំណង់ផ្ទះ​វីឡា​និង​អគារ​ការិយាល័យ​ទំនើបៗ​នៅ​ទី​នោះ។ (AP)

រូប​ឯកសារ៖ រូបថតថត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១១​នេះ បង្ហាញ​ទិដ្ឋភាព​ទូទៅ​មើល​ពី​លើ​តំបន់​បឹងកក់​ ដែល​ជា​បឹង​ធម្មជាតិ​ធំ​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​លុប​ទាំង​ស្រុង​ហើយ​អ្នក​ស្រុក​នៅ​ទី​នោះ​រង​ការ​ជម្លៀស​ចេញ។ (AP)
រូប​ឯកសារ៖ រូបថតថត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១១​នេះ បង្ហាញ​ទិដ្ឋភាព​ទូទៅ​មើល​ពី​លើ​តំបន់​បឹងកក់​ ដែល​ជា​បឹង​ធម្មជាតិ​ធំ​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​លុប​ទាំង​ស្រុង​ហើយ​អ្នក​ស្រុក​នៅ​ទី​នោះ​រង​ការ​ជម្លៀស​ចេញ។ (AP)

ពលរដ្ឋ​ក្រីក្រ​បាន​ក្លាយ​ជា​ជនរងគ្រោះ​ពី​ការ​អភិវឌ្ឍ​ដោយសារ​ការ​រឹបអូស​យក​ដីធ្លី​ដោយ​ហិង្សា។ សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស​ (FIDH)​ ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​១៩២​ចូលរួម ពី​ប្រទេស​១១៧​នោះ ​ប៉ាន់​ប្រមាណ​ថា​យ៉ាង​ហោចណាស់​មាន​ជនរងគ្រោះ​ដោយសារ​ទំនាស់​ដីធ្លី​ចំនួន​៧៧០.០០០​នាក់​ត្រឹមឆ្នាំ​២០១៤​ក្នុងនោះ​រដ្ឋធានី​ភ្នំពេញ​មាន​ជនរងគ្រោះ​ចំនួន​១៤៥.០០០​នាក់។

អ្នកស្រី​ ទេព វន្នី​ ជា​ជនរងគ្រោះ​ម្នាក់​នៅ​តំបន់​បឹងកក់​រាជធានី​ភ្នំពេញ។ អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា៖

«នេះ​ហើយ​គឺជា​ទុក្ខសោក​របស់​ពួកខ្ញុំ​ដែល​ជាស្ត្រី​ចេញ​មុខ​តស៊ូ​សកម្ម​ទល់​នឹង​ដំបង​ឆក់​ខែល​កាំភ្លើង​គុកគ្រប់​សព្វបែប​យ៉ាងនិង​ការលាប​ពណ៍​យ៉ាង​សាហាវ​ព្រៃផ្សៃ​ពី​រដ្ឋាភិបាល​របប​ផ្តាច់ការ»

អ្នកស្រី ទេព វន្នី អតីតសកម្មជនដីធ្លីតំបន់បឹងកក់ ថ្លែងពីការឈឺចាប់ក្នុងការតស៊ូទាមទារយុត្តិធម៌ និងបន្តអំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកុំបោះបង់ចោលពលរដ្ឋកម្ពុជា។ អ្នកស្រីបានភៀសខ្លួនមករស់នៅ​សហរដ្ឋអាមេរិកក្រោយពីចេញពីពន្ធនាគារក្នុងឆ្នាំ២០១៨។
អ្នកស្រី ទេព វន្នី អតីតសកម្មជនដីធ្លីតំបន់បឹងកក់ ថ្លែងពីការឈឺចាប់ក្នុងការតស៊ូទាមទារយុត្តិធម៌ និងបន្តអំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកុំបោះបង់ចោលពលរដ្ឋកម្ពុជា។ អ្នកស្រីបានភៀសខ្លួនមករស់នៅ​សហរដ្ឋអាមេរិកក្រោយពីចេញពីពន្ធនាគារក្នុងឆ្នាំ២០១៨។

អ្នកស្រី​ ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ចំនួន​៤​ដង​និង​ឃុំឃាំង​រយៈពេល​ខ្លីៗ​ចំនួន​១៣​ដង​ដោយសារតែ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​ដីធ្លី​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​នេះ។ អ្នកស្រី​បាន​រត់​ភៀសខ្លួន​មក​នៅ​សហរដ្ឋ​អាមេរិក​ក្រោយ​ពីចេញ​ពី​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១៨។

អ្នកស្រី​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​កុំ​បោះបង់​ចោល​ពលរដ្ឋ​កម្ពុជា៖ «នាង​ខ្ញុំ​សំណូម​ពរ​ហើយ​សំណូម​ពរ​ហើយ​តាំងចិត្ត​ឲ្យ​មោះមុត​ក្នុង​ការដាក់​សម្ពាធ​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​មាន​ការ​គោរព​នូវ​សិទ្ធិ​មនុស្ស​ជាពិសេស​ឲ្យ​មាន​ការគោរព​នូវ​ច្បាប់​ចុះ​កិច្ចព្រមព្រៀង​ថ្ងៃទី​២៣​ខែ​តុលា​ឆ្នាំ​១៩៩១​ឲ្យ​មាន​ប្រសិទ្ធភាព»

ចំណែក​លោក Alex Gonzalez-Davidson (អាឡិច​ហ្គន់សាឡេស ដេវិតសុន)​ និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​នៃ​ចលនា​មាតា​ធម្មតា​វិញ​បាន​ធ្វើ​សកម្មភាព​លើក​កម្ពស់​ការ​យល់​ដឹង​និង​ការពារ​បរិស្ថាន​តាំងពី​ឆ្នាំ​២០១៣​ដែល​ក្នុង​នោះ​មាន​ការពារ​តំបន់​អារ៉ែង​ប្រឆាំង​នឹង​គម្រោង​វារី​អគ្គិសនី​និង​ការ​បូម​ខ្សាច់​ចេញ​នៅ​ខេត្ត​កោះកុង។ លោក​ត្រូវ​បាន​រដ្ឋាភិបាល​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥។

តុលាការ​កម្ពុជា​បាន​ចោទ​និង​កាត់ទោស​កំបាំង​មុខ​លោកក្នុង​ករណី​ចំនួន​៣តាំង​ពីឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២១​ដែល​ក្នុងនោះ​រួមមាន​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២ឆ្នាំ។ បទចោទ​ចុងក្រោយ​ពាក់ព័ន្ធ​នឹង​រួមគំនិត​ក្បត់​អាច​ជាប់គុកពី​៥ទៅ​១០​ឆ្នាំ។ រីឯ​ក្រុម​យុវជន​ត្រូវ​បាន​ចាប់ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។ ​ប៉ុន្តែ​ការណ៍​នេះ​មិន​បាន​រារាំង​ភាព​សកម្ម​របស់លោក​ឡើយ។

លោក Alejandro Gonzalez Davidson (អាឡិច ហ្គន់សាឡេស ដេវិតសុន) សកម្មជនបរិស្ថានជាតិអេស្ប៉ាញ​ត្រូវបាន​បណ្តេញចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ​២០១៥ ប៉ុន្តែបន្តធ្វើសកម្មភាពជាមួយនឹងយុវជនខ្មែរដើម្បីការពារធនធានធម្មជាតិកម្ពុជាដែលកំពុងរងការបំផ្លិចបំផ្លាញ។
លោក Alejandro Gonzalez Davidson (អាឡិច ហ្គន់សាឡេស ដេវិតសុន) សកម្មជនបរិស្ថានជាតិអេស្ប៉ាញ​ត្រូវបាន​បណ្តេញចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ​២០១៥ ប៉ុន្តែបន្តធ្វើសកម្មភាពជាមួយនឹងយុវជនខ្មែរដើម្បីការពារធនធានធម្មជាតិកម្ពុជាដែលកំពុងរងការបំផ្លិចបំផ្លាញ។

លោក Alex Gonzalez-Davidson ​បាន​ប្រាប់​វីអូអេ​ថា៖ «នៅតែ​ធ្វើ​លើស​ពី​ពេញ​ម៉ោង។ ខ្ញុំ​មិនមាន​ការងារ​ណា​ធ្វើ​ក្រៅ​ពី​ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ជាវិជ្ជមាន​នៅ​ប្រទេស​កម្ពុជា​ជាពិសេស​ផ្នែក​បរិស្ថាន​និង​ផ្នែក​សិទ្ធិ​មនុស្ស។ ក៏​ប៉ុន្តែ​យុទ្ធសាស្ត្រ​របស់​យើង​ត្រូវ​តែ​ស៊ី​គ្នា​ជាមួយ​នឹង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​ដែល​ប្រទេស​កម្ពុជា​លែង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ហើយ»

សម្រាប់​ខួប​លើកទី៣០​នៃ​ទិវា​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អង្គការ​ Save Cambodia​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​សហការគ្នា​ជាមួយ​នឹង​សហគមន៍​ខ្មែរ​និង​អង្គការ​អន្តរជាតិ​នានា​ដែល​មានដូចជា ​Human Rights Watch​ រៀបចំ​ជា​សវនាការ​មួយ​ដើម្បី​ប្រមូល​សក្ខីកម្ម​ពី​សាក្សី​ជាច្រើន​សម្រាប់​ចងក្រង​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​នានា​ដែល​ពួកគេ​អាច​យក​ប្រើប្រាស់​ក្នុង​ការតស៊ូ​មតិ​ដើម្បី​ការផ្លាស់ប្តូរ​ជាប្រព័ន្ធ​ក្នុង​ពេល​ខាងមុខ។

សហព័ន្ធខ្មែរ​អូស្ត្រាលីក៏​ចូលរួម​រៀបចំ​កម្មវិធី​ដែល​នឹង​ផ្សាយ​តាម​ប្រព័ន្ធ​ហ៊្សូម​នេះ​ផងដែរ។

រូប​ឯកសារ៖ លោក​ហុង​ លីម (ស្តាំ) និង​ពលរដ្ឋ​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក និង​កាណាដា អំឡុងពេល​សន្និសីទ​ស្តី​ពី​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​ នៅក្រុង Auburn រដ្ឋ​ Washington កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៧។ សន្និសីទ​នេះត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា (KPNC)។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ខ្មែរ​កាណាដា ជួបជុំ​គ្នា​ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​វិវត្តន៍នយោបាយ​នា​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​កម្ពុជា ស្រប​ពេល​ប្រារព្ធ​ខួប​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​លើក​ទី ២៦ នៅ​ក្រុង​ Auburn រដ្ឋ Washington កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​២០១៧។ (សុខ ខេមរា/វីអូអេ)
រូប​ឯកសារ៖ លោក​ហុង​ លីម (ស្តាំ) និង​ពលរដ្ឋ​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក និង​កាណាដា អំឡុងពេល​សន្និសីទ​ស្តី​ពី​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​ នៅក្រុង Auburn រដ្ឋ​ Washington កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៧។ សន្និសីទ​នេះត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា (KPNC)។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ខ្មែរ​កាណាដា ជួបជុំ​គ្នា​ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​វិវត្តន៍នយោបាយ​នា​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​កម្ពុជា ស្រប​ពេល​ប្រារព្ធ​ខួប​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​លើក​ទី ២៦ នៅ​ក្រុង​ Auburn រដ្ឋ Washington កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​២០១៧។ (សុខ ខេមរា/វីអូអេ)

លោក ​ហុង លីម​ ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​និង​ជា​អតីត​សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ​ Victoria​ថ្លែងថា៖​ «រឿង​ដែល​រៀបចំ​នេះ​ជា​ការរៀបចំ​ពិសេស​រៀបចំ​ជា​សវនាការ​តុលាការ​មាន​អង្គការ​អន្តរជាតិ​ដែល​ជា​អង្គការ​កំពូលៗ​ដែល​មាន​ស្នាដៃ​ដែល​មាន​ប្រវត្តិ​ដែល​មាន​ពិសោធន៍​ដែល​មាន​លទ្ធភាព​ពន្យល់​ថា​អំពើ​ពុករលួយ​អំពើ​ប្លន់​យក​ដីគេ​អំពើ​កាប់​ព្រៃឈើ​បំផ្លិច​បំផ្លាញ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​និង​អំពើ​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​គឺ​ថា​កេងប្រវ័ញ​សម្រាប់​ក្រុមគ្រួសារ​ខ្លួន​ជាង​៣០​ឬ​៤០​ឆ្នាំ​ហើយ​ហ្នឹង​តើ​វា​ធ្វើ​ឲ្យ​អ្នកក្រខ្សត់​យ៉ាងម៉េច»។​

សកម្មជន​ខ្មែរ​សង្ឃឹម​ថា​សក្ខីកម្ម​ដែល​ទទួល​បាន​មក​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ធ្វើ​សកម្មភាព​ជួយ​ដល់​កម្ពុជា​បន្តទៀត។

លោក ហុង លីម អតីតអ្នកតំណាងរាស្ត្រ​ក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី​ និងជាប្រធាន​សហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្ម
លោក ហុង លីម អតីតអ្នកតំណាងរាស្ត្រ​ក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី​ និងជាប្រធាន​សហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្ម

លោក ហុង លីម បាន​បន្ថែម​ថា៖ «យើង​ចង់​ឲ្យ​ពិភពលោក​ទាំងមូល​ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ថា​ឥឡូវ​នេះ​៣០​ឆ្នាំ​ហើយ​រឿង​នេះ​វា​កាន់តែ​ដុនដាប​ឡើង​ភារកិច្ច​របស់​ប្រទេស​ហត្ថលេខី​ដែល​មិនបាន​បំពេញ​តួនាទី​របស់​ខ្លួន​ចំពោះ​ខ្មែរ​សូម​មេត្តា​ធ្វើ​ឲ្យ​ចប់​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​យកចិត្ត​ទុកដាក់​មែនទែន​ពីព្រោះ​យើង​មិន​អាច​ឲ្យ​ស្រុកខ្មែរ​ធ្លាក់​ហិនហោច​ខ្លោច​ផ្សារ​ទៅដល់​កន្លែង​ដើម​វិញ​ទេ»

បញ្ហាដ៏​សំខាន់​មួយ​ទៀត​នៅ​ក្នុងកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​សកម្មជន​ខ្មែរ​នៅក្រៅ​ប្រទេស​បាន​តវ៉ា​ជា​បន្តបន្ទាប់​គឺ​ការកំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម។ ការណ៍​នេះ​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នេះ​ដែល​តម្រូវ​ឲ្យ​លុបចោល​រាល់​កិច្ចព្រមព្រៀង​ដែល​បរទេសបាន​ចុះហត្ថលេខា​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ទសវត្សរ៍​១៩៨០​គឺ​ក្នុង​ពេល​ដែល​វៀតណាម​នៅ​គ្រប់គ្រង​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​ចរចា​បាន​សម្រេច​និង​បោះបង្គោល​លើ​ព្រំដែន​គោក​បានចំនួន​៨៤​ភាគរយ​និង​កំពុង​ចរចា​លើ​តំបន់​ដែល​នៅ​សេសសល់​ចំនួន​១៦​ភាគរយ​ទៀត។ ប៉ុន្តែ​មិនទាន់​បាន​កំណត់​លើ​ព្រំដែន​ទឹក​នៅឡើយទេ។

លោក ឌី ការ៉េត ប្រធាន​គណៈកម្មាធិការព្រំដែនកម្ពុជា​ សម្តែងការមិនពេញចិត្ត​ដែលគណបក្ស​កាន់អំណាច​មិនបានលុបចោលសន្ធិសញ្ញា​មុនឆ្នាំ១៩៩១ រវាងកម្ពុជានិងវៀតណាម ដែលលោកចាត់ទុកថាបានធ្វើឲ្យបាត់បង់ដីកម្ពុជា។
លោក ឌី ការ៉េត ប្រធាន​គណៈកម្មាធិការព្រំដែនកម្ពុជា​ សម្តែងការមិនពេញចិត្ត​ដែលគណបក្ស​កាន់អំណាច​មិនបានលុបចោលសន្ធិសញ្ញា​មុនឆ្នាំ១៩៩១ រវាងកម្ពុជានិងវៀតណាម ដែលលោកចាត់ទុកថាបានធ្វើឲ្យបាត់បង់ដីកម្ពុជា។

លទ្ធផលនេះ​មិន​បាន​ធ្វើ​ឲ្យ​លោក ​ឌី ការ៉េត​ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ទទួល​យក​បាន​ទេ ដោយ​លោក​បញ្ជាក់​ថា៖​«នៅ​ក្នុង​បញ្ហា​ព្រំដែន​ជាពិសេស​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​គឺ​យើង​បាន​ឃើញ​ទាំងអស់​គ្នា​ដឹង​ឮ​ទាំងអស់​គ្នា​ថា​ក្នុង​រយៈកាល​ជាង​៣០​ឆ្នាំ​នេះ​គឺ​តាំង​ពី​ឆ្នាំ​១៩៨០​មក​គឺ​វៀតណាម​មិន​ដែល​គោរព​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​នោះ​ទេ»

លោក​ អ៊ំ​ សំអាន​ អតីត​អ្នកតំណាងរាស្ត្រ​និង​ជាអ្នកជំនាញ​កិច្ចការ​ព្រំដែន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា៖ «ធម្មតា​បើកាលណា​មិនគោរព​ទៅតាម​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​១៩៩១​គេ​តម្រូវ​ឲ្យ​យើង​លុប​ចោល​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៨៥​សម័យ​យួន​ត្រួតត្រា​ហ្នឹង​ហើយ​ដូច​យើង​ដឹង​ហើយ​សម័យ​យួន​ត្រួតត្រា​គេ​ឲ្យ​យើង​ធ្វើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨២ ​១៩៨៣ ​និង​១៩៨៥​ហើយ​លោក​ ហ៊ុន សែន​ គាត់​យក​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥​មក​ប្រើ​ហ្នឹង​នៅ​សម័យ​គេ​គ្រប់គ្រង​គេ​មិនដែល​ធ្វើ​ឲ្យ​យើង​ចំណេញ​ទេ។ ធម្មតា​យើង​ខាត​គេ​ចំណេញ​ហើយ។ យើង​ដឹង​ហើយ​ថា​វៀតណាម​បើ​មើល​តាម​ប្រវត្តិសាស្រ្ត​មិន​ដែល​មាន​គំនិត​ល្អ​ចំពោះ​កម្ពុជា​ទេ។ បើ​មាន​គំនិត​ល្អ​ចំពោះ​កម្ពុជា​មិនមែន​យក​ទឹកដី​កម្ពុជា​ក្រោម​យើង​ទាំងមូល​ទេ។ យកទឹកដី​កម្ពុជា​ក្រោម​ហើយ​នៅ​ឈ្លាន​ពាន​នៅ​តាម​ព្រំដែន​ទៀត»។​

រាជរដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​បញ្ហា​ស្មុគស្មាញ​ជាមួយ​នឹង​ប្រទេស​ជិតខាង​គឺ​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី​និង​សហប្រតិបត្តិការ​ដោយ​មិនយក​ព្រំដែន​ជា​ចំណុច​ទំនាស់គ្នា​ទេ។

លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពន្យល់​ថា​ទាំង​ព្រំដែន​ជាមួយ​នឹង​ថៃ ឡាវ​និង​វៀតណាម​គឺ​ដោះស្រាយ​ដោយឈរ​លើ​គោលការណ៍​អន្តរជាតិ៖ «រឿង​ព្រំដែន​ជាមួយ​វៀតណាម​គឺ​យើង​បាន​ជជែកគ្នា​ជាមួយ​វៀតណាម។ មិត្ត​វៀតណាម​គាត់​បាន​អនុគ្រោះ​និយាយ​ជាមួយ​យើង​យក​គោលការណ៍​អន្តរជាតិ​មក​ប្រើប្រាស់។ ដូចជា​ការប្រើប្រាស់​ដងទន្លេ​ហើយ​ព្រំដែន​នោះ​នៅ​ចំកណ្តាល​គឺ​យើង​អាច​ប្រើប្រាស់​ទន្លេ​នោះ​បាន។ យើង​អាច​ប្រើប្រាស់​ទឹក​នោះ​បាន​ដូច្នេះ​ហើយ​ជា​ការ​អនុគ្រោះ​យក​តាម​បែបបទ​អន្តរជាតិ។ នេះ​ជា​ចំណុច​សំខាន់ៗ​ជាច្រើន​ហើយ​ពីដើម​គឺជា​ព្រំដែន​រដ្ឋបាល​របស់​បារាំង​ដែល​ជា​មរតក​សម្រាប់​កម្ពុជា​ពីព្រោះ​យើង​មិន​ដែល​បាន​ធ្វើ​ព្រំដែន​ដោយ​ខ្លួនឯង​ទេ។ វៀតណាម​ក៏​មិន​បានធ្វើ​ព្រំដែន​ដោយ​ខ្លួនឯង​ទេ​គ្រាន់តែ​ជា​មរតក​របស់​បារាំង»

រូបឯកសារ៖ ប៉ូលិស​កម្ពុជា​ឈរ​យាម​ល្បាត​ ខណៈ​ដែល​ប្រជាជន​វៀតណាម​លើក​ទង់ជាតិ​របស់​ខ្លួន​គ្រវី​ឡើង នៅ​ឯ​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម ក្នុង​ខេត្ត​ស្វាយរៀង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៥។
រូបឯកសារ៖ ប៉ូលិស​កម្ពុជា​ឈរ​យាម​ល្បាត​ ខណៈ​ដែល​ប្រជាជន​វៀតណាម​លើក​ទង់ជាតិ​របស់​ខ្លួន​គ្រវី​ឡើង នៅ​ឯ​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម ក្នុង​ខេត្ត​ស្វាយរៀង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៥។

បញ្ហា​ព្រំដែន​ជារឿង​រស៊ើប​មួយ​នៅក្នុង​ប្រទេស​កម្ពុជា។ សកម្មជន​និង​អ្នកយោបាយ​ប្រឆាំង​ជាច្រើន​រូប​ធ្លាប់​ត្រូវ​បាន​ចាប់ដាក់​ពន្ធនាគារ​ក្នុង​នោះ​មាន​លោក​ហុង សុខហួរ​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះ​ជាតិ​និង​លោកអ៊ំ សំអាន​អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។​លោក​រ៉ុង​ឈុន​ប្រធាន​សហជីព​និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កំពុង​ជាប់​ពន្ធនាគារ​នៅឡើយ។

លោក កែវ រ៉េមី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែងថា​ជា​រដ្ឋាភិបាល​ត្រូវតែ​ដោះស្រាយ​បញ្ហា​អ្នករិះគន់​ឲ្យ​បាន​ឆាប់​ក្នុង​ពេល​ដែល​បញ្ហា​នៅ​តិចតួច​នៅឡើយ៖ «ទាក់ទង​នឹង​បញ្ហា​ព្រំដែន​គឺ​បទពិសោធន៍​អីចេះ​កម្ពុជា​យើង​មាន​បទពិសោធន៍​ព្រះករុណា​អតីត​ព្រះមហាក្សត្រ​ព្រះបីតា​ត្រូវ​បាន​ផ្តួល​រំលំ​ពី​របប​លន់ នល់​គឺ​យក​ករណី​ព្រំដែន​នេះ​ឯង។ យក​បញ្ហា​ព្រំដែន​នេះ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ អីចឹង​រាជរដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​វា​ឆេះ​ឆាប។ នៅ​មាន​រងើក​ភ្លើង​តិចតួច​យើង​ត្រូវ​ពន្លត់​គឺ​ក្នុង​គោលបំណង​ថែរក្សា​ស្ថិរភាព​នេះ​ឯង»


លោក កែវ រ៉េមី ​ក៏​បាន​បន្ថែម​ដែរ​ថា​គណបក្ស​កាន់អំណាច​ខ្លាច​រង​ការស្តីបន្ទោស​ពី​ប្រវត្តិសាស្ត្រ​ជាងគេ​ទាំងអស់៖​ «អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី។ នេះ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពីព្រោះ​ថ្នាក់​ដឹកនាំ​ថា​មិន​បាត់​ដីធ្លី​ទេ។ អីចឹង​ជា​ប្រវត្តិសាស្រ្ត​នៅ​ចំពោះ​មុខ​ប្រជាជន​ខ្មែរ​គ្រប់​ជំនាន់​ទាំងអស់​បើ​សិនជា​បាត់​ដីធ្លី​គឺ​គាត់​ជាប់​ឈ្មោះ​ហើយ»

ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ព្រំដែន​ថ្មី​រវាង​កម្ពុជា​និង​វៀតណាម​នៅ​ចុង​ឆ្នាំ​២០១៩​ទទួល​ស្គាល់​ការ​បោះបង្គោល​ព្រំដែន​ដែល​សម្រេចបាន​៨៤​ភាគរយ​ធ្វើឡើង​ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា​ក្តោបក្តាប់​យក​អំណាច​ទាំងស្រុង​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​និង​អង្គការ​ឯករាជ្យ​សង្កេត​មើល។ ការណ៍​នេះ​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ក្រៅ​ប្រទេស​កាន់តែ​មាន​មន្ទិល​ដោយសារ​តែ​ប្រវត្តិ​អតីតកាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​បាន​ឡើង​កាន់​អំណាច​ដោយ​សារ​វៀតណាម​បាន​លើក​បន្តុប។

លោក​ អ៊ំ​ សំអាន​ អតីត​អ្នកតំណាងរាស្ត្រ​និង​ជាអ្នកជំនាញ​កិច្ចការ​ព្រំដែន​គណបក្ស​សង្គ្រោះ​ជាតិ​
លោក​ អ៊ំ​ សំអាន​ អតីត​អ្នកតំណាងរាស្ត្រ​និង​ជាអ្នកជំនាញ​កិច្ចការ​ព្រំដែន​គណបក្ស​សង្គ្រោះ​ជាតិ​

លោក ​អ៊ំ សំអាន​ ​បាន​ថ្លែង​បន្ថែម​ដែរ​ថា៖ «ជា​អ្នក​នយោបាយ​ម្នាក់​ខ្ញុំ​ជំរុញ​ឲ្យ​លោក​ហ៊ុន សែន​អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​ឲ្យ​បាន​ពេញ​លេញ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​យើង​ហើយ​បើ​របប​លោក​ហ៊ុន សែន​មិន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ហ្នឹង​ទេ​ជម្រើស​តែ​មួយ​គត់​មានតែ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ជាមួយ​នឹង​យើង​ដើម្បី​ផ្លាស់ប្តូរ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ដែល​ជំពាក់​គុណ​យួន​ចេញ»

លោក ​ឌី ការ៉េត​ បាន​ស្តីបន្ទោស​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «ខ្ញុំ​មាន​ការ​សោក​ស្តាយ​ច្រើន​ណាស់​ចំពោះ​មហា​អំណាច​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ដែល​បាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការរៀបចំ​ខ្សែបន្ទាត់​ព្រំដែន​ថ្មី​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​ហ្នឹង​ថ្វីត្បិត​គេ​ដឹង​ទាំងអស់»

What Next?

Recent Articles