ហេតុអ្វី​ឧក្រិដ្ឋជន​ចាប់ជំរិត​ជនជាតិ​ចិន​នៅ​កម្ពុជា​មាន​អាវុធ​ប្រើប្រាស់?

ដោយ ខែ សុណង
2021-10-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ហេតុអ្វី​ឧក្រិដ្ឋជន​ចាប់ជំរិត​ជនជាតិ​ចិន​នៅ​កម្ពុជា​មាន​អាវុធ​ប្រើប្រាស់?

ជនជាតិ​ចិន​ម្នាក់​ ឈ្មោះ​ វូ ហៃស៊ូ( Wu Hai Zhu)​ អាយុ​ ៣១​ ឆ្នាំ ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​ ២៤​ ធ្នូ​ ២០២០ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ រូប៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


សកម្មភាព​ចាប់ជំរិត​របស់​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន​នៅតែ​បន្ត​កើតឡើង​នៅ​កម្ពុជា​។ សកម្មភាព​នៃ​ការ​ចាប់​ជំរិត​មើលទៅ​ហាក់​នៅតែ​ធ្ងន់ធ្ងរ ដោយសារតែ​ឧក្រិដ្ឋជន​មួយចំនួន​បាន​រក្សាទុក និង​ប្រើប្រាស់​អាវុធ​ថ្មីៗ​សន្លាង។ ករណី​ចាប់​ជំរិត​នៅក្នុង​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា សមត្ថកិច្ច​បាន​ដក​ហូត កាំភ្លើង​វែង ខ្លី ជាច្រើន​ដើម​ពី​ក្រុម​ប្រដាប់​អាវុធ​ចាប់ជំរិត​ជនជាតិ​ចិន។

ហេតុអ្វី​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត​ជនជាតិ​ចិន​នៅ​កម្ពុជា​មាន​អាវុធ​ប្រើប្រាស់?

នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បិទ​អាជីវកម្ម​ល្បែងស៊ីសង​កាស៊ីណូ​អនឡាញ​នៅ ក្នុង​ឆ្នាំ ២០១៩ លំហូរ​នៃ​ជនជាតិ​ចិន​ចាក​ចេញពី​ប្រទេស​កម្ពុជា​បាន​កើត​ឡើង​យ៉ាង​គំហុក បាន​ធ្វើ​ឱ្យ​ទីក្រុង​ធំៗ​របស់​កម្ពុជា​មួយចំនួន ដែល​មាន​ជនជាតិ​ចិន​រស់នៅ​ច្រើន​ដូចជា ក្រុងព្រះសីហនុ និង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

ការ​ចាកចេញ​យ៉ាង​គំហុក​របស់​ជនជាតិ​ចិន​ពី​កម្ពុជា​នៅ​ពេល​នោះ ជា​ភស្តុតាង​បញ្ជាក់​ថា ជនជាតិ​ចិន​ទាំង​នោះ​បាន​ចូល​មក​កម្ពុជា​ក្នុង​គោលបំណង​បង្កើត អាជីវកម្ម​ល្បែងស៊ីសង ហើយ​នៅ​ពេល​ដែល​អាជីវកម្ម​នេះ​ត្រូវ​បាន​កម្ពុជា​បិទ​វិញ ពួកគេ​ក៏​ត្រូវ​ចាកចេញ​ទៅ​រក​កន្លែង​ថ្មី​ទៀត។

បើ​និយាយ​ពី​បញ្ហា​សង្គម​បង្កឡើង​ដោយ​ជនជាតិ​ចិន​នៅ​ពេល​នោះ ដូចជា​បញ្ហា​អសន្តិសុខ ការ​ចាប់​ជំរិត ការប្រើប្រាស់​អំពើ​ហិង្សា អំពើ​ឃាតកម្ម អាជីវកម្ម​ពេស្យាចារ ក៏បាន​កើតឡើង​ច្រើន​។ គេ​ឃើញ​មាន​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​ជនជាតិ​ចិន និង​ជនជាតិ ចិន​ដូចគ្នា​ដែល​ជា​ក្រុម​បង​តូច បងធំ​បាន​កើត​ឡើងជា​ញឹកញាប់​។ ការ​ចាក់​សម្លាប់​មនុស្ស បាញ់​បោះ​ធាក់​ទម្លាក់​ពីលើ​រថយន្ត​នៅ​តាម​ទី​សាធារណៈ​ទាំង​កណ្តាល​ថ្ងៃ ក៏​ឃើញ​កើត​មាន គួរ​ឱ្យ​ព្រឺក្បាល។

ការ​បង្កើត​ឱ្យ​មាន​កាស៊ីណូ​អនឡាញ (Online) ល្បែងស៊ីសង ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប្រភព​ចំបង មួយ​បង្ក​ឱ្យ​មាន​សកម្មភាព​ចាប់ជំរិត​ប្រព្រឹត្ត​ដោយ​ឧក្រិដ្ឋជន​ចិន​នៅ​លើ​ទឹកដី​កម្ពុជា។

បើទោះជា​កាស៊ីណូ​អនឡាញ ឬ​ល្បែង​អនឡាញ ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឱ្យ​បិទ​ជា​ផ្លូវការ​តាំងពី​ឆ្នាំ ២០១៩ ក្តី ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា សកម្មភាព​ចាប់ជំរិត​របស់​ជនជាតិ​ចិន​នៅតែ​បន្ត​កើត​មាន។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) នៅក្នុង​ជំនួប​ជាមួយ​លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការ​បរទេស​កម្ពុជា និង​បច្ចុប្បន្ន​ជា​សហប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល កម្ពុជា​-​ចិន លោក វ៉ាង យី បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​កម្ពុជា​ជួយ​គ្រប់គ្រង​កាស៊ីណូ​អនឡាញ។ លោក វ៉ាង យី បារម្ភ​ថា បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន។

លោក ហោ ណាំហុង បាន​បញ្ជាក់​ប្រាប់ លោក វ៉ាង យី ថា រដ្ឋាភិបាល​កម្ពុជា​បាន​លុបបំបាត់​កាស៊ីណូ​អនឡាញ​នេះ​តាំងពី​ឆ្នាំ​២០១៩ មក​ម្ល៉េះ។

ទោះបីជា​យ៉ាងណាក៏ដោយ វា​អាច​មិនមែន​ជា​ការ​ចៃដន្យ​ទេ ដែល​រដ្ឋមន្ត្រីការបរទេស​ចិន​លើក នូវ​សំណើ​អំពី​ការគ្រប់គ្រង​ល្បែង​កាស៊ីណូ​អនឡាញ។ នេះ​ប្រហែលជា​មកពី​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​អាច​លុប​បំបាត់​អាជីវកម្ម​កាស៊ីណូ​អនឡាញ​បាន​ទាំងស្រុង​ដូច​ការ​លើក​ឡើង​របស់ លោក ហោ ណាំហុង នោះ​ឡើយ។ ម្យ៉ាងទៀត សកម្មភាព​ចាប់​ជំរិត​របស់​ឧក្រិដ្ឋជន​ចិន​លើ ជន​ជាតិចិន​ដូចគ្នា​ក៏​នៅតែ​បន្ត​មាន។

កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ពោល​គឺ​ពីរ​ថ្ងៃមុន​លោក វ៉ាង យី ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា កងកម្លាំង​រាជ​អាវុធ​ខេត្ត​ព្រះសីហនុ​បាន​ធ្វើ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ចិន​ចំនួន ១៤​នាក់ ក្នុង​នោះ​ក៏​មាន​ស្ត្រី​ម្នាក់ និង​បាន​ជួយ​រំដោះ​ចំណាប់ខ្មាំង​ម្នាក់​ជា​ជនជាតិ​ដូច​គ្នា​ពី​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ។

ការ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ចំណុច​អគារ​មួយ​កន្លែង​ក្បែរ​កាស៊ីណូ​ឈ្មោះ​ជីងកាង ឋិត​ក្នុង ក្រុង​ព្រះសីហនុ។ ជា​ការ​កត់សម្គាល់ សមត្ថកិច្ច​មិន​ត្រឹមតែ​បាន​ឃាត់ខ្លួន​ឧក្រិដ្ឋជន​ចាប់ជំរិត ចិន​ជាច្រើន​នាក់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ដកហូត​អាវុធ​វែង ខ្លី ដែល​នៅ​ថ្មីៗ​សន្លាង​ចំនួន ៧ ដើម ដែល​រួមមាន​កាំភ្លើង​ម៉ាក​អាកា ៤៧ (AK 47) មួយ​ដើម កាំភ្លើង​វែង​ម៉ាក អឹម ហ្វ័រ (M4) មួយ​ដើម កាំភ្លើងខ្លី​ម៉ាក​កា ៥៤ (K54) ពីរ​ដើម កាំភ្លើងខ្លី​ម៉ាកកា ៥៩ (K59) មួយ​ដើម កាំភ្លើងខ្លី​ម៉ាក​សេអេហ្វ ៩៨ (CF98) មួយ​ដើម និង​កាំភ្លើង​ខ្លី​ម៉ាក​រ៉ូឡូ​មួយ​ដើម ព្រម​ទាំង​គ្រាប់​កាំភ្លើង​ជាច្រើន​គ្រាប់។

ក្រុម​ចាប់ជំរិត​ប្រដាប់​អាវុធ​ជនជាតិ​ចិន​ទាំងអស់​នេះ ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ តាម​នីតិវិធី​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ ការ​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។

ត្រង់​កន្លែង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​នេះ​ហើយ ដែល​ប្រហែលជា​ធ្វើ​ឱ្យ​មហាជន ខ្មែរ​មានការ​ងឿងឆ្ងល់​ខ្លាំង​ណាស់​ដែរ នៅ​ត្រង់​ថា តើ​ជន​ជាតិចិន​ទាំងអស់​នេះ​ទទួល​បាន​អាវុធ ជាច្រើន​ដើម​មកពី​ប្រភព​ណា ឬថា​ហេតុអ្វី​ក៏​ពួកគេ​មាន​អាវុធ​ប្រើប្រាស់ បើ​ទោះ​ជា​ច្បាប់​ស្ដីពី ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​របស់​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​ជនបរទេស កាន់កាប់ ឬ​ប្រើប្រាស់​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​នៅក្នុង​ប្រទេស​កម្ពុជា​ក្តី។

ចំពោះ​ករណី​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ចិន​នៅ​ក្រុងព្រះសីហនុ និង​ដកហូត​បាន​អាវុធ​ជាច្រើន​ដើម កាលពី​ថ្ងៃទី​១០ ខែកញ្ញា សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ភ្លាមៗ​នៅ​ពេល​នោះ​ថា សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​បន្ត​ទៀត​ដើម្បី​រក​មេខ្លោង និង​បក្ខពួក និង​ជាពិសេស គឺ​រក​ប្រភព ផ្តល់​អាវុធ​ទៅ​ឱ្យ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ចិន​ប្រើប្រាស់។

យ៉ាងណា​ក៏​ដោយ​ចុះ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិនទាន់​ឃើញ​សមត្ថកិច្ច​កម្ពុជា បង្ហាញ អត្តសញ្ញាណ​ប្រភព​ផ្តល់​អាវុធ​ដល់​ជនជាតិ​ចិន​នៅឡើយ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អាវុធ​ដែល​ជន​ជាតិចិន​ប្រើប្រាស់​មិនមែន​ជា​អាវុធ​លួច​នាំ​ចូល​មកពី​ក្រៅ ប្រទេស​នោះ​ទេ​។ ប៉ុន្តែ​ជា​អាវុធ​ដែល​ជនជាតិ​ចិន​ទិញ​មក​ពី​ខេត្ត​ផ្សេង​នៅក្នុង​ប្រទេស​កម្ពុជា​។ យ៉ាងណាក៏ដោយ ស្នងការ​រូប​នេះ​មិន​បាន​បញ្ជាក់​ប្រាប់​ពី​ប្រភព​នៃ​អ្នក​ផ្តល់ ឬ​លក់​អាវុធ​ឱ្យ​ជន ជាតិចិន ថា​ជា​ជន​ស៊ីវិល ឬ​ជា​មន្ត្រី​កម្លាំង​នោះ​ទេ ក្រៅតែ​ពី​ថ្លែង​ប្ដេជ្ញាចិត្ត​បន្ត​បង្ក្រាប​ទៅលើ​អ្នក​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ចាប់​ពួកគេ​ផ្ដន្ទាទោស៖ «យើង​ជា​សមត្ថកិច្ច​យើង​មិនអាច​ទុកចោល ទេ​យើង​បន្ត​នីតិវិធី​បញ្ជូន​ទៅ​ស្ថាប័ន​ច្បាប់​ស្ថាប័ន​អយ្យា​អម​សាលាដំបូង​ខេត្ត​ក៏​ត្រូវ​បន្ត​នីតិវិធី​បើក​ការសាកសួរ​បន្ត​ទៀត»។

ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​ចុះបញ្ជី​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ គឺ​មាន​តែ​ក្រសួង​ការពារជាតិ និង​ក្រសួង​មហាផ្ទៃ​តែប៉ុណ្ណោះ។

ក្រសួង​ការពារជាតិ​ទទួលខុសត្រូវ​លើ​ការ​ផ្គត់ផ្គង់ ការ​ត្រួត​ពិនិត្យ ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់​រំសេវ​គ្រប់​ប្រភេទ​របស់​កងយោធពល​ខេមរភូមិន្ទ។

ចំណែកឯ​ក្រសួង​មហាផ្ទៃ​វិញ ទទួល​ខុសត្រូវ​លើ​ការ​ផ្គត់ផ្គង់ ការ​ត្រួត​ពិនិត្យ ការ​គ្រប់គ្រង​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ​គ្រប់​ប្រភេទ​របស់​កងកម្លាំង​នគរបាល​ជាតិ ស្ថាប័ន​សាធារណៈ មន្ត្រី និង​ជន​ស៊ីវិល។

សង្គម​ស៊ីវិល​តែង​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​រឹត​បន្តឹង​លើ​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​របស់​ជនជាតិ ចិន​នៅ​កម្ពុជា និង​ស្វែងរក​ប្រភព​ផ្តល់​អាវុធ​ដល់​ឧក្រិដ្ឋជន​ទាំងនោះ​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់។

អ្នកសម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី យល់​ថា ការ​បង្ក្រាប​ចាប់បាន​ឧក្រិដ្ឋជន និង​រឹបអូស​យក​អាវុធ​ខុសច្បាប់​ពី​ពួកគេ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ។ សមត្ថកិច្ច​ត្រូវ​តាម​រក​មេខ្លោង និង​ប្រភព​ផ្តល់ ឬ​លក់​អាវុធ​ឱ្យ​ឧក្រិដ្ឋ ជន​ទៀត ទើប​អាច​លុប​បំបាត់​ការ​ប្រើប្រាស់ និង​កាន់កាប់​អាវុធ​ខុសច្បាប់​បាន៖ «តើ​ពួកគាត់​ (​ជនជាតិ​ចិន​)​ ហ្នឹង​បាន​អាវុធ​ពី កន្លែង​ណា​មក ហើយ​បើ​ដឹង​ថា មាន​ទីផ្សារ​លក់​អាវុធ ឬ​ក្រុម​ផ្ដល់​អាវុធ​គួរតែ​មាន​ការ​បង្ក្រាប ហើយ​រឹបអូស​យក​ឲ្យ​អស់​មក​ព្រោះ​អាវុធ​ហ្នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់»។

កាលពី​ឆ្នាំ​២០២០ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ជាង ៥០០ (៥២៣)​នាក់ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ភាគ​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម ចាប់​ជំរិត​ទារប្រាក់ អំពើ​ហិង្សា ឆបោក ចោរកម្ម រត់ពន្ធ​ថ្នាំញៀន និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles