ក្រសួង​កែប្រែ​លក្ខខណ្ឌ​ធ្វើ​ដំណើរ​និង​ធ្វើ​ចត្តាឡីស័ក​លើ​អ្នក​ដំណើរ​ចូល​មក​កម្ពុជា

កូវីដ-១៩ព័ត៌មានជាតិ
លោក ណាត សុភាព | ១៧ តុលា ២០២១ |ម៉ោង ១៣:៤៩
VOD

(ឆ្វេង) ភ្ញៀវទេសចរកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត និង(ស្ដាំ) អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ (ជន ចាន់រ៉ែន)

(ឆ្វេង) ភ្ញៀវទេសចរកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត និង(ស្ដាំ) អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ (ជន ចាន់រ៉ែន)


ក្រសួងសុខាភិបាល បានសម្រេចកែប្រែលក្ខខណ្ឌធ្វើដំណើរ និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជា ដោយកំណត់​ការធ្វើចត្តាឡីស័កចន្លោះពី៣ទៅ៧ថ្ងៃវិញ ​ ប៉ុន្តែ​ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន​ពេញលេញ ត្រូវអនុវត្តរបប​ធ្វើចត្តាឡីស័ក​១៤ថ្ងៃដដែល។​

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងកាលពីថ្ងៃ១៦ ខែតុលានេះថា រដ្ឋា  ភិបាលកម្ពុជា សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី។ ក្នុងនោះក្រសួងកំណត់ ឱ្យមានការសម្រួលរបបធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ និងអ្នកដែលចាក់មិនបានពេញលេញ ឬមិនបានចាក់វ៉ាក់សាំងជាដើម។

ករណីនេះ ក្រសួងសុខាភិបាលសម្រេចអនុវត្តន៍របបពិសេស លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស មន្ត្រីការទូតបរទេស និងមន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ អ្នកដំណើរបរទេសជាវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសដែលមានការធានា ឬការអញ្ជើញ។ លើសពីនេះ អ្នកដំណើរទូទៅជាជនជាតិខ្មែរ ឬជនបរទេស និងអ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់ចាក់វ៉ាក់សាំងបានពេញលេញជាដើម។

ក្រសួងសុខាភិបាលបញ្ជាក់ថា ចំពោះវិធានការដែលត្រូវអនុវត្តតាមរបបចត្តាឡីស័កលើអ្នកដំណើរទាំងនោះរួមមាន របបចត្តាឡីស័កចំនួន៣ថ្ងៃចំពោះវិនិយោគិន បុគ្គលលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រដ្ឋាភិបាលដែលត្រឡប់មកពីបំពេញបេសសកកម្មនៅក្រៅប្រទេស(ដោយបញ្ចូលក្រុមគ្រួសាររបស់ក្រុមអាទិភាពនេះផងដែរ)។

ចំណែក ការអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស ដែលបានចាក់វ៉ាក់សាំងមូលដ្ឋានឬគ្រប់ដូស។ ដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន១៤ថ្ងៃដដែល ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។

ក្រសួងសុខាភិបាល ក៏បានកំណត់លក្ខខណ្ឌសម្រាប់អ្នកដំណើរទូទៅជាជនជាតិខ្មែរ ត្រូវមានលិខិតឆ្លងដែនខ្មែរ ឬកាន់លិខិតឆ្លងដែនបរទេស ប៉ុន្តែមានទិដ្ឋាការប្រភេទ K។

មុនពេលធ្វើដំណើរមកដល់កម្ពុជា ត្រូវត្រៀមឯកសារដូចជា វិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា ដោយទទួលស្គាល់ពីអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី និងត្រូវមានបណ្ណ ឬវិញ្ញាប​ន​បត្រចាក់វ៉ាក់សាំងពេញលេញ និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង ។ ចំពោះអ្នកដំណើរទូទៅជាជនបរទេស មុនពេលធ្វើដំណើរមកដល់កម្ពុជា ត្រូវតៀមឯកសារដូចជា វិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជាទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី និងត្រូវមានបណ្ណ ឬវិញ្ញាប​ន​បត្រចាក់វ៉ាក់សាំងពេញលេញ និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles