អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថា ការ​ចាត់​ថ្នាក់​នីតិរដ្ឋ​កម្ពុជា​ក្បែរ​បាត​តារាង គឺ​ជា​រឿង​មិន​សម​ហេតុផល

ដោយ ម៉ៅ សុធានី
2021-10-17
RFA

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថា ការ​ចាត់​ថ្នាក់​នីតិរដ្ឋ​កម្ពុជា​ក្បែរ​បាត​តារាង គឺ​ជា​រឿង​មិន​សម​ហេតុផល

លោក ជិន ម៉ាលីន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២២ មេសា ២០២០។ រូប​ថត​ពី​ហ្វេសប៊ុក​អង្គភាព​​អ្នកនាំពាក្យ​រដ្ឋាភិបាល


មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ប្រតិកម្ម​ថា ការ​ចាត់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា ទាប​នៅ​បាត​តារាង របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) គឺជា​រឿង​មិន​សម​ហេតុផល។

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project-WJP) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១៤ ខែ​តុលា បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​ស​ន្ទស្សន៍​នីតិរដ្ឋ​ប្រចាំឆ្នាំ ២០២១ ដោយ​ចាត់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា ទាប​ជាងគេ​បំផុត​នៅ​បាត​តារាង គឺ​លេខ​រៀង ១៣៨ ក្នុង​ចំណោម​ប្រទេស ចំនួន ១៣៩។

ទាំង ១៣៩ ប្រទេស គឺ​មាន​ប្រទេស​ចំនួន ៣ ដែល​មាន​ពិន្ទុ​ទាប​ជាងគេ​បំផុត នៅ​បាត​តារាង រួមមាន កម្ពុជា​ទទួល​បាន​លេខ​រៀង​១៣៨​ល្អ​ជាង ប្រទេស​វ៉េណេស៊ុយអេឡា (Venezuela) ដែល​កំពុង​មាន​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច ប៉ុន្តែ​អន់​ជាង ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា ដែល​ទទួល​បាន​លេខ​១២៨ ទោះបី​ប្រទេស​នេះ កំពុង​មាន​សង្គ្រាមស៊ីវិល​ក៏​ដោយចុះ​។ ចំណែក​ប្រទេស​ចំនួន ៣ ដែល​អនុវត្ត​នីតិរដ្ឋ​បាន​ល្អ​ជាងគេ នៅ​ឆ្នាំនេះ​គឺ ប្រទេស​ដាណឺម៉ាក (Denmark) ជាប់​លំដាប់​លេខ​រៀង​ទី ១ បន្ទាប់​មក គឺ​ប្រទេស ន័រវែស (Norway) លេខ​រៀង​ទី២ និង​លេខ​រៀង​ទី​៣ គឺ​ប្រទេស​ហ្វាំងឡង់ (Finland)។

លោក ជិន ម៉ាលីន សរសេរ​ក្នុង​ហ្វេសប៊ុក​ផ្ទាល់ខ្លួន កាលពី​យប់​ថ្ងៃទី១៦ ខែតុលា​ថា សប្តាហ៍​ក្រោយ លោក​នឹង​ណាត់ជួប​និង​ជជែក​គ្នា ជាមួយ​នាយក​ថ្នាក់​តំបន់ និង​ក្រុមការងារ​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project-WJP) អំពី​វិធីសាស្ត្រ​ស្រាវជ្រាវ​និង​ការវាយតម្លៃ​របស់​ពួកគេ។ លោក​សរសេរ​បន្ត​ថា ពិតជា​ចំឡែក​មែន ពិន្ទុ​នីតិរដ្ឋ​របស់​កម្ពុជា បែរជា​ទៅ​នៅ​ក្រោម​ប្រទេស​មួយ​ចំនួន​ដែល​ប្រកាន់​របប​កុម្មុយនីស្ត ប្រទេស​ខ្លះ​ដឹកនាំ​ដោយ​របប​យោធា និង​ប្រទេស​ខ្លះទៀត​កំពុងតែ​ច្បាំង​គ្នា​និង​ឡើង​កាន់​អំណាច​ដោយ​កម្លាំង​យោធា និង​រដ្ឋប្រហារ​ទៅវិញ។

ទោះបីជា​យ៉ាងណា ការ​ផ្ដល់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នេះ គឺ​ធ្វើ​ឡើង​តាមរយៈ​ការសិក្សា និង​វាយតម្លៃ​ដោយ​ផ្អែកលើ​សូចនាករ​៨​ចំណុច រួមមាន ដែន​កំណត់​អំណាច​រដ្ឋាភិបាល ការ​លុប​បំបាត់​អំពើពុករលួយ រដ្ឋាភិបាល​បើកទូលាយ​សិទ្ធិ​ជា​មូលដ្ឋាន សណ្ដាប់ធ្នាប់​និង​សន្តិសុខ​សង្គម ការអនុវត្ត​បទប្បញ្ញត្តិ យុត្តិធម៌​ស៊ីវិល និង​យុត្តិធម៌​ព្រហ្មទណ្ឌ។

សន្ទស្សន៍​នីតិរដ្ឋ​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) គឺ​ផ្អែកលើ​ទិន្នន័យ​ប្រចាំឆ្នាំ ដោយ​ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​លើ​ក្រុម​គ្រួសារ​ជិត ១៤​ម៉ឺន​គ្រួសារ (១៣៨.០០០) និង​អ្នក​អនុវត្ត​ច្បាប់ ព្រមទាំង​អ្នក​ជំនាញ​ចំនួន ៤.២០០​នាក់ នៅ​ជុំវិញ​ពិភពលោក។

កាលពី​ឆ្នាំ ២០២០ អង្គការ​នេះ​បាន​ចាត់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​នៅ​លេខ​រៀង​ទី ១២៧ ដែលជា​ចំណាត់​ថ្នាក់ទាប​ជាងគេ​បំផុត ក្នុងចំណោម​ប្រទេស​ចំនួន ១២៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles