ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ជំរុញ​កម្ពុជា​​ឱ្យ​បើក​ចំហ​សិទ្ធិពលរដ្ឋ និង​នយោបាយ​នៅមុន​ការ​​បោះឆ្នោត​ខាងមុខ

ដោយ មាន ឫទ្ធិ
2021-10-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ជំរុញ​កម្ពុជា​​ឱ្យ​បើក​ចំហ​សិទ្ធិពលរដ្ឋ និង​នយោបាយ​នៅមុន​ការ​​បោះឆ្នោត​ខាងមុខ

លោក វិទិត មុនតាប៊ន (Vitit Muntabhorn) ​អ្នករាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថ្លែង​​ក្នុង​កិច្ចពិភាក្សា​ប្រចាំ​ឆ្នាំ​ជា​លើក​ដំបូងតាម​អនឡាញ​ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី៦ ខែតុលា ឆ្នាំ២០២១។ រូប៖ ពី UN Web TV


ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ចង់​ឃើញ​កម្ពុជា​បើក​ចំហ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ឡើងវិញ​នៅមុន​ការបោះឆ្នោត​ឃុំ-សង្កាត់ និង​ការបោះឆ្នោត​ជាតិ​ខាងមុខនេះ។ ពួកគេ ជំរុញ​ឱ្យ​កម្ពុជា​​ធានា​ឱ្យ​បាន​នូវ​បរិយាកាស​បោះឆ្នោត​ប្រកប​ដោយ​យុត្តិធម៌ តម្លាភាព និង​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ ការ​ជំរុញ​នេះ ធ្វើឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​អន្តរសកម្ម​ប្រចាំ​ឆ្នាំ​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាលពី​សប្ដាហ៍​មុន។

ប្រធាន​បទ​ថា តើ​សហគមន៍​អន្តរជាតិ គួរ​ធ្វើ​យ៉ាង​ណា ដើម្បី​ឱ្យ​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅមុន​ការបោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ២០២២ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០២៣ ខាងមុខ​នេះ បាន​ក្លាយ​ជា​រឿងរ៉ាវ​សំខាន់​មួយ​នៅ​ក្នុង​កិច្ចពិភាក្សា​ប្រចាំ​ឆ្នាំ​ជា​លើក​ដំបូង​ជាមួយ​អ្នករាយការណ៍​ពិសេស​ថ្មី លោក វិទិត មុនតាប៊ន (Vitit Muntabhorn) នៅ​ឯ​កិច្ចប្រជុំ​នៅ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។ ប្រធានបទ​នេះ​ត្រូវ​បាន​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ឬ​ប្រទេស​លោកសេរី​លើក​យក​មក​និយាយ​ព្រមៗ គ្នា មិន​ទុក​មុខ​ឱ្យ​កម្ពុជា​ឡើយ។ លើកលែង​តែ​ក្រុម​ប្រទេស​ដែល​មាន​និន្នាការ​ផ្ដាច់ការ ឬ​កុម្មុយនិស្ត​​នាំមុខ​ដោយ​ប្រទេស​ចិន (China) និង​រុស្ស៊ី (Russia) ជាដើម​ប៉ុណ្ណោះ ដែល​ធ្វើ​មិន​ដឹង​មិន​ឮ ហើយ​ថ្លែង​ចាំ​ជួយ​កម្ពុជា បើ​ទោះ​បី​ជា​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ខ្លួនឯង​គ្មាន​ការ​គោរព​សិទ្ធិមនុស្ស​យ៉ាងណា​ក៏​ដោយ​នោះ។

នៅ​ឯ​កិច្ចប្រជុំ​លើកទី៣៧ នៃ​សម័យ​ប្រជុំ​ទូទៅ​លើកទី៤៨ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី៦ តុលា នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បញ្ហា​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​លើក​យក​មក​ពិភាក្សា និង​ព្យាយាម​រិះរក​មធ្យោបាយ​ដោះ​ស្រាយ ដោយ​មាន​ការ​ចូលរួម​ផ្ទាល់​ពី​តំណាង​កម្ពុជា និង​ការចូលរួម​តាម​ប្រព័ន្ធ​អនឡាញ​ពី​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រមទាំង​តំណាង​ប្រទេស​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​សិទ្ធិមនុស្ស​ផ្សេងៗ ទៀត។

សហភាព​អឺរ៉ុប ដែល​បាន​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា​កាលពីឆ្នាំ២០២០ ដោយសារ​តែ​កំណត់ត្រា​អាក្រក់​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នេះ នៅតែ​ថ្លែង​កត់សម្គាល់​ដោយ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​នៃ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ តំណាង​សហភាព​អឺរ៉ុប ក៏បាន​លើកឡើង​ពី​ការ​រួម​តូច​នៃ​លំហ​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល ការ​បង្ក្រាប​មក​លើ​គណបក្ស​ប្រឆាំង ការ​បង្កើន​ការឈ្លបយកការណ៍​តាម​អនឡាញ កង្វះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​រឹតត្បិត​មក​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ជួបជុំ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី។ តំណាង​សហភាព​អឺរ៉ុប ជំរុញ​ឱ្យ​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​ការបោះឆ្នោត​ប្រកបដោយ​យុត្តិធម៌​នាពេល​ខាង​មុខ៖ «ការបោះឆ្នោត​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣​ខាងមុខ នៅ​កម្ពុជា គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ​ហើយ យើង​លើកទឹកចិត្ត​ឱ្យ​កម្ពុជា​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការបោះឆ្នោត​ប្រកប​ដោយ​យុត្តិធម៌ មាន​ការចូលរួម​ពី​គ្រប់​ភាគី និង​ប្រកប​ដោយ​តម្លាភាព ដោយ​គោរព​ឱ្យ​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ការ​ការពារ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ទាំងស្រុង។ ជា​ការសំខាន់​មែនទែន​ដែល​រដ្ឋាភិបាល​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នកសារព័ត៌មាន​ឯករាជ្យ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស សហជីព​ឯករាជ្យ គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​តួអង្គ​សង្គម​ស៊ីវិល​ដទៃ​ទៀត ក្នុង​ការ​អនុវត្ត​នូវ​សិទ្ធិ​របស់​ពួកគេ​ដោយ​គ្មាន​ការភ័យខ្លាច គ្មាន​ការ​បំភិតបំភ័យ គ្មាន​ការ​យាយី គ្មាន​ការ​ឃុំខ្លួន​តាម​ទំនើងចិត្ត ឬ​ការសងសឹក​ណា​មួយ​ឡើយ»

EU_in_UN_48th_Session_on_Human_Rights_100621.jpg
តំណាង​សហភាព​អឺរ៉ុប ថ្លែង​តាម​អនឡាញ ក្នុង​កិច្ច​ប្រជុំក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី៦ ខែតុលា ឆ្នាំ២០២១ ស្ដីពី​បញ្ហាសិទ្ធិមនុស្ស​នៅ​កម្ពុជា។ រូប៖ ពី UN Web TV

ដូច​គ្នា​នេះ​ដែរ ចក្រភព​អង់គ្លេស​ដែល​ទើប​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នោះ ក៏​បាន​លើកឡើង​ពី​កង្វល់​យ៉ាង​ជ្រាលជ្រៅ​របស់​ខ្លួន​​ចំពោះ​ការ​ដើរ​ថយក្រោយ​នៃ​លំហ​ប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋ សិទ្ធិ​នយោបាយ និង​សេរីភាព​នៅ​កម្ពុជា​នេះ​ដែរ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើដំណើរ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​នា​ពេល​ខាងមុខ។ អង់គ្លេស ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ឱ្យ​មាន​នូវ​កិច្ច​សន្ទនា​ជាមួយ​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​ក្រុម​អ្នក​គាំទ្រ​របស់​ពួកគេ​ឡើងវិញ។

ដោយឡែក សហរដ្ឋអាមេរិក​ឯ​ណោះ​វិញ ដែល​បច្ចុប្បន្ន​សមាជិក​សភា និង​ព្រឹទ្ធសភា​របស់​ខ្លួន​កំពុង​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​នៅ​កម្ពុជា​ដោយសារ​ការបំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ចាប់​តាំង​ពី​ឆ្នាំ២០១៧ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ បាន​ចែករំលែក​នូវ​កង្វល់​របស់​ខ្លួន​ជាមួយ​នឹង​អ្នករាយការណ៍​ពិសេស លោក វិទិត មុនតាប៊ន ជុំវិញ​ការ​រអិល​ធ្លាក់​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការ​រួម​តូច​នៃ​លំហ​សង្គម​ស៊ីវិល​នៅ​កម្ពុជា៖ «យើង​ខ្វល់ខ្វាយ​ជាពិសេស​ចំពោះ​ការ​បន្ត​ផ្ដន្ទាទោស​លោក កឹម សុខា ដំណើរការ​សវនាការ​កាត់​ក្ដី​មនុស្ស​ទាំងហ្វូង និង​ការ​កាត់​ទោស​សមាជិក​ដទៃ​ទៀត​មកពី​គណបក្សប្រឆាំង​ធំ​ជាង​គេ ព្រមទាំង​ការ​បន្ត​ការ​រឹតត្បិត​ចំពោះ​សកម្មភាព​ចូលរួម​ផ្នែក​នយោបាយ​នៅមុន​ការបោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០២២។ យើង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ដាក់​គោលដៅ​កម្ចាត់​ក្រុម​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ប្រឆាំង។ កម្ពុជា​ក៏​គួរ​តែ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​បង្កើត​ឱ្យ​មាន​នូវ​ការកែទម្រង់​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដើម្បី​ផ្តល់​ឱកាស​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​អាច​ចូលរួម​ក្នុង​ឆាក​នយោបាយ​បាន​ដោយ​ស្មើភាព​គ្នា ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ»

មិន​ខុស​ពី​សហរដ្ឋអាមេរិក ការ​ជំរុញ​ឱ្យ​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​សិទ្ធិពលរដ្ឋ សិទ្ធិ​នយោបាយ និង​បរិយាកាស​បោះឆ្នោត​ដោយ​សេរី​យុត្តិធម៌​នេះ ក៏​ត្រូវ​ប្រទេស​លោកសេរី​មួយទៀត គឺ​អូស្ត្រាលី លើក​យក​មក​និយាយ​ផង​ដែរ។ អូស្ត្រាលី​ថា ខ្លួន​​នៅតែ​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​រឹតត្បិត​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ការកាត់បន្ថយ​សេរីភាព​សារព័ត៌មាន និង​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន មន្ត្រី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល។ អូស្ត្រាលី​បារម្ភ​អំពី​បទចោទប្រកាន់​នានា​​ប្រឆាំង​នឹង​បុគ្គល​មួយចំនួន​ដោយសារតែ​ទំនាក់ទំនង​ផ្នែក​នយោបាយ​របស់​ពួក​គេ ការងារ​សិទ្ធិមនុស្ស ឬ​ការ​សម្ដែង​មតិ​ជា​សាធារណៈ រួម​ទាំង​ការ​សម្តែង​មតិ​នៅ​លើ​អនឡាញ និង​នៅ​ក្រៅ​ប្រទេស​កម្ពុជា​ផង៖ «យើង​អំពាវនាវ​ឱ្យ​កម្ពុជា​គោរព និង​ការពារ​សិទ្ធិ​របស់​បុគ្គល​គ្រប់​រូប​ពាក់ព័ន្ធ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញមតិ ការ​ជួបជុំ និង​ការ​ប្រមូលផ្តុំ។ យើង​អំពាវនាវ​ឱ្យ​កម្ពុជា​ពន្លឿន​ការ​ដោះ​ស្រាយ​ករណី​សំណុំរឿង​លោក កឹម សុខា ប្រកបដោយ​តម្លាភាព និង​ស្របតាម​នីតិវិធី​នៃ​ការ​ទទួល​បាន​យុត្តិធម៌​ត្រឹមត្រូវ។ អូស្ត្រាលី ចង់បាន​ការយល់ឃើញ​របស់​អ្នករាយការណ៍​ពិសេស​ជុំវិញ​វិធីសាស្ត្រ​ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​អាច​លើកទឹកចិត្ត​កម្ពុជា​ឱ្យ​បញ្ឈប់​ការ​រឹតត្បិត​មក​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ កសាង​ឡើងវិញ​នូវ​ទំនាក់ទំនង​ប្រកបដោយ​អត្ថន័យ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ហើយ​ធានា​ឱ្យ​បាន​នូវ​បរិយាកាស​បើកចំហ​នៅ​មុន​ការបោះឆ្នោត​ខាងមុខនេះ»

ឆ្លើយតប​នឹង​កង្វល់ និង​ការ​ជំរុញ​របស់​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​ទាំងនេះ តំណាង​ភាគី​រដ្ឋាភិបាល​កម្ពុជា លោក អាន សុខឃឿន មិនបាន​បង្ហាញ​ឥរិយាបថ​ព្យាយាម​កាត់​គេ​កាត់​ឯង ឬ​ប៉ុនប៉ង​មិន​ឱ្យ​គេ​និយាយ ដូចដែល​លោក​ធ្លាប់​បាន​ធ្វើ​កាល​ពី​ឆ្នាំ​កន្លងទៅ​ប្រឆាំង​នឹង​ព្រះតេជព្រះគុណ លួន សុវ៉ាត នោះ​ទេ។ ឥរិយាបថ​របស់​តំណាង​កម្ពុជា​កាលណោះ ត្រូវ​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​រង​នូវ​ភាព​អាម៉ាស់ និង​បាក់​មុខ​មាត់​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ ដោយសារ​លោក​បាន​នាំចេញ​នូវ​វប្បធម៌​ផ្ដាច់ការ​នៅ​ចំពោះ​មុខ​អន្តរជាតិ។ ក៏ប៉ុន្តែ អ្វី​ដែល​នៅតែ​ដដែល​នោះ គឺ​តំណាង​កម្ពុជា​រូប​នេះ​នៅតែ​សូត្រ​មេរៀន​បដិសេធ និង​ការពារ​ថា​មិន​មាន​ការ​រឹតត្បិត​លំហ​សិទ្ធិពលរដ្ឋ សិទ្ធិ​នយោបាយ និង​សេរីភាព​សង្គម​ស៊ីវិល​នោះ​ទេ។ តំណាង​កម្ពុជា​ចោទ​អ្នករាយការណ៍​ពិសេស និង​ក្រុម​ប្រទេស​លោក​ខាង​លិច ថា បាន «បិទ​ភ្នែក​ធ្វើ​មិន​ឃើញ» ខណៈ​អតីត​អ្នកនយោបាយ​បក្ស​ប្រឆាំង​ចំនួន ២៦រូប បាន​ទទួល​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ ហើយ​ក្នុង​ចំណោម​នោះ អ្នក​ទាំង​នោះ​ខ្លះ​បាន​បង្កើត​គណបក្ស​នយោបាយ​ថ្មីចំនួន ៦ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាងមុខ។ លោក អាន សុខឃឿន អះអាង​ថា លំហ​នយោបាយ «បើកទូលាយ» នេះ បែរជា​ត្រូវ​រារាំង​ដោយ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​លោក​ថា បាន​ចាត់​ទុក​រាល់​សមាជិក​ទាំងឡាយ​ដែល​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ថា​ជា «ជន​ក្បត់» ឬ «អាយ៉ង»។

យ៉ាងណាក៏ដោយ ផ្ទុយពី​ការ​បកស្រាយ​របស់​តំណាង​កម្ពុជា​នេះ អ្នករាយការណ៍​ពិសេស លោក វិទិត មុនតាប៊ន នៅតែ​រក្សា​ការ​ជំហរ​របស់​លោក​ជុំវិញ​ការ​រក​ឃើញ​អំពី​ស្ថានភាព​ពិតប្រាកដ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​ផ្តល់​អនុសាសន៍​ឱ្យ​កម្ពុជា​ស្តា​សិទ្ធិ​នយោបាយ​ឡើងវិញ និង​ធានា​នូវ​បរិយាកាស​បោះឆ្នោត​ប្រកប​ដោយ​ឯករាជ្យ​នា​ពេល​ខាងមុខ៖ «សូម​មេត្តា​បញ្ឈប់​ចោល​ទៅ​ច្បាប់​ដែល​មាន​លក្ខណៈ​ជា​ការ​រឹតត្បិត​ធ្ងន់ធ្ងរ​នោះ។ សូម​ទម្លាក់​ចោល​សំណុំរឿង​តុលាការ​ប្រឆាំង​នឹង​គណបក្ស​ជំទាស់។ សូម​​ស្តា​សិទ្ធិ​នយោបាយ​ឡើងវិញ។ សូម​ធ្វើ​កំណែទម្រង់​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ធានា​ឱ្យ​បាន​នូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មួយ​ប្រកបដោយ​ឯករាជ្យ។ មកទល់​ពេលនេះ យើង​មិន​ប្រាកដ​ទេ​ថា តើ គ..ប នេះ​ឯករាជ្យ​ប៉ុណ្ណា ហើយ​ថា តើ​ស្ថាប័ន​នេះ​មាន​តម្លាភាព​ចំពោះ​ការបោះឆ្នោត​ឃុំសង្កាត់ និង​ការបោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខនេះ​ដែរ​ឬ​ទេ»

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ដែល​លោក​បាន​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោក វិទិត មុនតាប៊ន ចង់​ឃើញ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​​បើក​​លំហ​​ដើម្បី​ឱ្យ​មាន​កិច្ច​សន្ទនា ការ​ផ្សះផ្សា​ជាតិ និង​ការ​ស្តា​ស្ថាប័ន​ជាតិ​ឡើង​វិញ។ លោក​ព្រមាន​ថា សុខ​សន្តិភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព មិន​អាច​សម្រេច​ទៅ​បាន​នៅ​កម្ពុជា​នោះ​ទេ លុះ​ត្រា​ណា​តែ​អំណាច​ត្រូវ​បាន​ចែករំលែក​ក្នុងចំណោម​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​មាន​ភាព​ចម្រុះ ដើម្បី​ឱ្យ​ពួកគេ​ម្នាក់ៗ ទទួល​បាន​អារម្មណ៍​ថា ​ពួកគេ​គឺ​ជា​ម្ចាស់​កំណត់​ជោគវាសនា​របស់​ប្រទេសជាតិ​ទាំង​អស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

3 Responses to "ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ជំរុញ​កម្ពុជា​​ឱ្យ​បើក​ចំហ​សិទ្ធិពលរដ្ឋ និង​នយោបាយ​នៅមុន​ការ​​បោះឆ្នោត​ខាងមុខ"

  1. Anonymous says:

    no one can change HUN SEN it doesn’t matter who you are . I’m sorry to say that but we Cambodian knew every well about this ugly evil monster . please look we knew this evil murder so many Cambodian but he still think he is our GOD . every one look at him as ugly as a homeless person but he though himself he is so handsome that right even the king he look down also. please do not felling so bad this ugly evil monster is coming to his day soon . this evil killer is ORSLEAK >>> CHHEAM SREK SBEKHOW. you are done HUN NAL or HUN SEN and MR CHOUP SAMLAP

  2. Anonymous says:

    Cambodia is in the cage of Veitcong mafia dictator since 1997 coup’the should know. The coup 1997 leaded by Veitcong mafia dictator and his groups killing a lot of khmer people and put cambodia in his cage ‘So don’t talk about Human right or respected Paris Accord or respected international’because veitcong mafia dictator and his groups are fully of khmer blood ‘ They are the killers’ ‘ They will go down to hell thousands years ‘

  3. so socheath says:

    សេរីភាពមានអស់ហើយ ។ បើចង់ឲ្យបើកចំហរ មានតែឲ្យបើកចំហរ រុន្ធក្តឹត
    រុន្ធកាដួយ មែនទេ ?
    បើចង់បែបនេះ ឲ្យពួកអាដែង មីដែង ដែលចេះត្រឹមតែសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត
    នឹងពួកអាសិទ្ធិមនុស្ស មីសិទ្ធិមនុស្សការពារចោរ បើកចំហររុន្ធក្តឹត រុន្ធកាដួយវាឲ្យទៅ ។