អង្គការ​លីកាដូរក​​ឃើញ​ការ​បំពាន​​យក​ដី និង​ការ​ចាប់​ខ្លួន​សកម្ម​ជន​ដី​ធ្លី​​គ្មាន​ការ​ថមថយ​នៅ​​រយៈ​ពេល​២ឆ្នាំ​នៃ​​អំឡុង​ពេល​​​ឆ្លង​ជំងឺ​កូវីដ​១៩

ដោយ សន ចាន់រដ្ឋា
2021-10-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​លីកាដូរក​​ឃើញ​ការ​បំពាន​​យក​ដី និង​ការ​ចាប់​ខ្លួន​សកម្ម​ជន​ដី​ធ្លី​​គ្មាន​ការ​ថមថយ​នៅ​​រយៈ​ពេល​២ឆ្នាំ​នៃ​​អំឡុង​ពេល​​​ឆ្លង​ជំងឺ​កូវីដ​១៩

ការតតាំង​គ្នា​រវាង​ប្រជាពលរដ្ឋ​​ភូមិ​កំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ជាមួយ​​កងកម្លាំង​​ប្រដាប់​អាវុធ​នៅក្នុងជម្លោះដីធ្លីលើ​គម្រោង​សាងសង់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីរបស់ក្រុមហ៊ុន OCIC កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។​ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


អង្គការ​លីកាដូ រក​ឃើញ​​ថា​​​​​​ ការរំលោភ​យក​ដីធ្លី​នៅ​ក្នុង​ប្រទេស​​កម្ពុជា​​មិន​មាន​សញ្ញា​ថមថយ​នោះ​ទេ​​ ក្នុង​​​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​​-១​៩ ​(Covid-19)​។ បន្ថែម​​ពី​នេះ​​ការ​ចាប់​​​ខ្លួន ការ​​ឃុំ​ខ្លួន​​សហគមន៍ និង​សកម្មជន​ដីធ្លី បែរ​ជា​កើន​ឡើង​ទៅ​វិញ​។ សង្គម​ស៊ីវិល​​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​​​វិវាទ​ដីធ្លី​​​ឲ្យ​មាន​តម្លាភាព និង​ឲ្យ​គ្រប់​ភាគី​អាច​ទទួល​យក​បាន​។

អង្គការ​លីកាដូ ​​ចេញ​ផ្សាយ​របាយការណ៍​ជា​វីដេអូ​​ខ្លី​មួយ នៅ​ថ្ងៃ​ទី​១៧​ ខែតុលា​​ បង្ហាញ​ថា ​រយៈ​​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​ នៃ​អំឡុង​ពេល​​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​​-១​៩​(Covid-19)​​នេះ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ប្រាំ​ពាន់​ (៥​.​០០០) ​​គ្រួសារ​​ រង​​​​ផល​​ប៉ះពាល់​​ពី​ការ​បំពាន​យក​ដី​។​ ​លើស​ពី​នេះ​​មាន​​សមាជិក​សហគមន៍​ ​និង​សកម្មជន​ដីធ្លី​យ៉ាងតិច​ណាស់​ចំនួន​២១​​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​ ​ហើយ​ក្នុង​នោះ​​មាន​ ១​០​នាក់​ ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​​។

អង្គការ​លីកាដូ​ចេញ​ផ្សាយ​​វីដេអូ​នេះ​ ​ដើម្បី​​​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​ឆ្នាំ​​២០២១​​​ ​​ដោយ​លើកឡើង​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ទៅលើ​សមាជិក​សហគមន៍​ ​និង​សកម្មជន​ដីធ្លី​ ​និង​​ការ​តស៊ូ​របស់​អ្នក​ទាំង​នោះ​ ​ក្នុង​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ​ ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការគោរព​សិទ្ធិ​ដីធ្លី​។

នាយក​រង​អង្គការ​លីកាដូ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​​លោក អំ សំអាត​ សង្កេត​ឃើញ​ថា​ ទោះ​ជា​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ-​១៩ក្តី ក៏​ករណី​ការ​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ​កើត​មាន​​គ្មាន​ការ​ថមថយ​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​​ពលរដ្ឋ​នាំ​គ្នា​ចេញ​​តវ៉ា​​ ហើយ​រង​ការ​​ចោទ​ប្រកាន់​​នានា​ រួម​ទាំង​បទ​​​ល្មើស​បម្រាម​សុខាភិបាល ឬ​​ល្មើស​បម្រាម​រដ្ឋបាល​​​ទាក់ទង​នឹង​​ជំងឺ​កូវីដ​-១៩ និង​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​ពួកគាត់​។

លោក​ អំ សំអាត បន្ត​ថា ​ចំពោះ​ការ​ដោះស្រាយ​​ជម្លោះ​​ដីធ្លី​​​នៅ​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ-​១៩​​វិញ ក៏​មាន​ករណី​​ខ្លះ​ត្រូវ​ដោះស្រាយ​បាន​ចប់​សព្វគ្រប់​ដែរ តែ​ករណី​ជម្លោះ​​ជា​ច្រើន​ទៀត ​គឺ​​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន​ទេ។ មន្ត្រីសង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​​ដោយ​សម្រួល ហើយ​អាច​ឲ្យ​គ្រប់​ភាគី​ទទួល​យក​បាន​៖ «អាជ្ញាធរ​ ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ក្នុង​ការ​ដោះស្រាយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ការ​ដោះស្រាយ​ហ្នឹង​វា​ទទួល​បាន​​លទ្ធផល​​ល្អ​ ឲ្យ​ទទួល​យក​បាន​ទាំង​អស់​គ្នា»។

​ក្នុង​វីដេអូ​ខ្លី​របស់​អង្គការ​លីកាដូ ដែល​ទើប​នឹង​ចេញ​ផ្សាយ​នេះ មាន​តំណាង​សហគមន៍​ដីធ្លី​ជា​ច្រើន​​​​​​លើក​ឡើង​​​ថា​ ពួកគាត់​​​ត្រូវ​រង​ការ​រំលោភ​បំពាន​​ដីធ្លី​ហើយ ត្រូវ​អាជ្ញាធរ​​ចោទ​ថា ​ជា​​សកម្មជន​​គណបក្ស​ប្រឆាំង ឬ​ត្រូវ​រង​ការ​គំរាម​កំហែង​បន្ថែម​ទៀត​។ តំណាង​សហ​គមន៍​​ដីធ្លី​​មួយ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ លោកស្រី ហង្ស ចិន្តា ​​រៀប​រាប់​ក្នុង​វីដេអូ​​ថា ​​ក្រៅ​ពី​​ត្រូវ​គេ​រំលោភ​យក​ដីធ្លី​ហើយ ពលរដ្ឋ​​ត្រូវ​រង​ការ​​បង្ក្រាប​ ​និង​ការ​ប្រមាថផងដែរ​​​៖ «យើង​ប្រឈម​នឹង​បញ្ហា​ទាំង​ប្រើ​ហិង្សា ទាំង​ប្រមាថ ទាំង​គេ​មើល​ងាយ គឺ​គ្រប់​រូបភាព»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិលោក ឆាយ គឹមខឿន បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែតុលា​នេះ។ ​​ទោះ​ជា​យ៉ាង​ណា​ អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា​ ​ពលរដ្ឋ​​​មិន​សូវ​​ទទួល​បាន​​ការ​​គាំទ្រ​​​ពី​អាជ្ញាធរ​ទេ​ នៅ​ក្នុង​រឿង​វិវាទ​ដី​ធ្លី​នេះ។


បន្ថែម​ពី​នេះ កាល​ពី​ថ្ងៃ​ទី​១៣ ខែសីហា ​ស្ថាប័ន​នគរបាល​ជាតិ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​កម្លាំង​​ចារកម្ម​ប្រចាំ​រាជធានី​-ខេត្ត ​​ប្រមូល​​ព័ត៌មាន ស្រាវជ្រាវ និង​ស្វែងរក​មុខសញ្ញា​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ពាក់ព័ន្ធ​អ្នក​ញុះញង់​រឿង​ដីធ្លី។ ក្នុង​ករណី​​កម្លាំង​​ចារកម្ម​ស៊ើប​​អង្កេត​ឃើញ​​អ្នក​ញុះញង់​រឿង​ដីធ្លី​នេះ ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិលោក ឌី​ វិជ្ជា ដែល​ជា​កូនប្រសា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​សិទ្ធិ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​​ជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ។

ពាក់ព័ន្ធ​នឹង​ករណី​​វិវាទ​ដីធ្លី​នេះ​ដែរ​ ​សង្គម​ស៊ីវិល​​​​ធ្វើ​ការ​ផ្នែក​​ដីធ្លី​ ​សោកស្ដាយ​ចំពោះ​ទង្វើ​រំលោភ​បំពាន​យក​ដី​ពលរដ្ឋ​ ​ពិសេស​ក្នុង​​ពេល​ពលរដ្ឋ​កំពុង​ជួប​​ការ​លំបាក​នៃ​ការ​​រីក​រាលដាល​ជំងឺ​កូវីដ-​១៩​ នៅ​២​ឆ្នាំ​ចុង​ក្រោយ​នេះ។

​​​អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ​​ឲ្យ​ដឹង​ថា​​ រដ្ឋឬ​ក្រុមហ៊ុន​ឯកជន​ ​បាន​​ផ្ដល់​សំណង​​ដីធ្លី​ឲ្យ​ពល​រដ្ឋ​​​​​ក្នុង​តម្លៃ​មិន​សមរម្យ ទើប​បណ្ដាល​​មាន​ការ​កើន​ឡើង​នៃ​ករណី​វិវាទ​ដីធ្លី។ អ្នក​ឃ្លាំមើល​រូប​នេះ ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ឲ្យ​មាន​ភាព​ប្រសើរ​ដូច​ជា ការ​ផ្ដល់​សំណង​តាម​ទីផ្សារ​នៃ​ច្បាប់​អស្សាមិករណ៍ ជាដើម ទើប​ពលរដ្ឋ​មិន​ក្លាយ​ជា​ជន​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​៖ «បើ​សិន​ជា​រាជរដ្ឋាភិបាល ហើយ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ស្ថាប័ន​​មាន​សមត្ថកិច្ច​ហ្នឹង លោក​អនុវត្ត​តាម​យន្តការ​ច្បាប់​ យន្តការ​ដែល​មាន​ស្រាប់​ហ្នឹង គឺ​អត់​មាន​អ្វី​ពិបាក​ទេ គឺ​ការ​ដោះស្រាយ​ចេញ»។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​ចេញ​​​ផ្សាយ​​ប្រចាំ​ខែ​តុលា​នេះ​ថា​​ ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ឥត​ឈប់ឈរ​​ ចំ​ពេល​ស្ថានការណ៍​ជំងឺ​កូវីដ​-១៩ ​កាន់​តែ​អាក្រក់​នៅ​ឆ្នាំ​២០២១​នេះ។ អង្គការ​ដដែល​នេះ កត់ត្រា​ថា ​ការ​បណ្ដេញ​ចេញ​​ចុងក្រោយ​ថ្មីៗ​នេះ ​មាន​ការ​ប្រើប្រាស់​កងកម្លាំង​​ ការ​តាម​យាយី ការ​គំរាម​កំហែង​ពលរដ្ឋ ការ​បំផ្លិច​បំផ្លាញ​ផ្ទះ​ បំផ្លាញ​ដំណាំ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​​លើ​អ្នក​តវ៉ា​នឹង​ការ​បណ្ដេញ​ចេញ​ជាដើម។ ចំណែក​អ្នក​រង​គ្រោះ​ពិត​ប្រាកដ​​ពី​ជម្លោះ​ដីធ្លី​នេះ គឺ​​ពលរដ្ឋ​ក្រីក្រ កសិករ និង​ជនជាតិ​ដើម​ភាគ​តិច​ ជាដើម៕​​​​​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles