លោក ហ៊ុន សែន អះអាង​ថា មេដឹកនាំ​អាស៊ី និង​អឺរ៉ុប ប្ដេជ្ញា​បន្ត​ពង្រឹង​ពហុភាគី​និយម​និង​អភិបាលកិច្ច​សកល

ដោយ សេក បណ្ឌិត
2021-11-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន អះអាង​ថា មេដឹកនាំ​អាស៊ី និង​អឺរ៉ុប ប្ដេជ្ញា​បន្ត​ពង្រឹង​ពហុភាគី​និយម​និង​អភិបាលកិច្ច​សកល

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប (ASEM13) នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ រូបភាព៖ SPM Page


ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន អះអាង​ថា មេដឹកនាំ​មកពី​ទ្វីបអាស៊ី​និង​ទ្វីបអឺរ៉ុប បាន​ប្តេជ្ញា​ចិត្ត​លើកកម្ពស់​បន្ថែម​ទៀត​នូវ​តួនាទី​របស់​អាស៊ី​និង​អឺរ៉ុប​ឬ​ហៅថា អាសឹម (ASEM) ក្នុង​ការ​ជំរុញ​ពហុភាគី​និយម និង​អភិបាលកិច្ច​សកល ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​។ អ្នកវិភាគ​នយោបាយ​ថា កម្ពុជា​អាច​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​នេះ​ទៅ​បាន ទាល់តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ហើយ​ចៀសវាង​ការ​លម្អៀង​ខ្លាំង​ទៅ​រកតែ​ប្រទេស​ចិន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​លើក​អាស៊ី​-​អឺរ៉ុប​លើក​ទី​១​ចំនួន​៦ ចំណុច និង​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា លទ្ធផល​ដែល​កើត​ចេញ​ពី​កិច្ចប្រជុំ​នេះ គឺជា​ធាតុ​ចូល​ដ៏​មាន​តម្លៃ​សម្រាប់​ចូលរួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ពហុភាគី​និយម និង​ដំណើរការ ASEM

មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​រូប​នេះ ឲ្យ​ដឹង​ថា លទ្ធផល​ទាំង​៦​ចំណុច​នោះ​រួមមាន​៖​អង្គប្រជុំ បាន​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព និង​សមិទ្ធផល​ជាច្រើន​របស់ ASEM កន្លងមក​។ លោក​បន្ត​ថា អង្គប្រជុំ ក៏​ប្ដេជ្ញាចិត្ត​លើកកម្ពស់​បន្ថែម​ទៀត​នូវ​តួនាទី​របស់ ASEM​ក្នុង​ការជំរុញ​ពហុភាគី​និយម និង​អភិបាលកិច្ច​សកល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម ហើយ​អង្គប្រជុំ ក៏បាន​គាំទ្រ​ពេញទំហឹង​ចំពោះ​ពហុភាគី​និយម​ដែល​ជា​គ្រឹះ​នៃ​សន្តិភាព ស្ថិរភាព និង​វិបុល​សុខ​សកល​។ លោក​បញ្ជាក់​ថា ការគោរព​គ្នា​ទៅវិញទៅមក និង​ការយោគយល់​គ្នា​ទៅវិញទៅមក និង​ជំនឿ​ទុកចិត្ត​គ្នា គឺជា​គោលការណ៍​នាំ​ផ្លូវ​សម្រាប់ ពហុភាគី​និយម៖ «ការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​កូ​វីដ​១៩ គឺជា​អាទិភាព​រួម​របស់​យើង​ទាំងអស់គ្នា ក្នុង​ន័យ​នេះ​យើង​បាន​សំដែង​នូវ​ការ​គាំទ្រ​ចំពោះ​ការ​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម ផ្អែកលើ​វិធាន​ច្បាប់ និង​ប្ដេជ្ញា​ការពារ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ដោយ​រលូន និង​គ្មាន​ការ​រាំងស្ទះ ដូចជា​ការជំរុញ​នូវ​ឌីជីថលូបយនីកម្ម និង​ពិនិត្យមើល​លទ្ធភាព​នៃ​ការ​បើក​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព និង​ទំនួល​ខុសត្រូវ»

ក្រោយ​បិទ​កិច្ចប្រជុំ​ពេញ​អង្គ​លើក​ទី​១​នេះ លោក ហ៊ុន សែន ក៏​បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នេះ​ចេញ​ពី​វិមាន​សន្តិភាព​បន្ត​ទៀត​តាម​តាម​ប្រព័ន្ធ​អនឡាញ (Online) នៅ​សៀ​ល​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ។ នៅ​ថ្ងៃទី ២ នេះ ក្រុម​មេដឹកនាំ​អាស៊ី និង​អឺរ៉ុប នឹង​ពិភាក្សា​ទៅលើ​បញ្ហា​ជំងឺ​កូវីដ​១៩ ការ​ស្តារ និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​មាន​កិច្ចប្រជុំ​ចង្អៀត​ពាក់ព័ន្ធ​នឹង​តំបន់​អាស៊ី​-​អឺរ៉ុប បញ្ហា​អន្តរជាតិ និង​តំបន់ ព្រមទាំង​ការ​អនុម័ត​ឯកសារ​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា ប្រមុខ​រដ្ឋាភិបាល​ដែល​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ អាច​ឯកភាព​គ្នា​ទៅលើ​ចំណុច​គោលៗ​ដែល​លោក ហ៊ុន សែន លើក​បង្ហាញ​នេះ ប៉ុន្តែ​ខ្លឹមសារ​សំខាន់​ដែល​បាន​ជជែក​គ្នា​ដើម្បី​សម្រេច​បាន​នូវ​ចំណុច​គោល​ទាំងនេះ គឺ​លោក ហ៊ុន សែន មិន​បាន​បង្ហាញ​នោះ​ទេ​។ លោក​បន្ត​ថា ប្រសិនបើ​ប្រទេស​ណាមួយ​នៅ​តំបន់​អាស៊ី រួម​ទាំង​កម្ពុជា​ផង លំអៀង​ទៅ​រក​មហាអំណាច​មួយ និង​មានការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជាដើម នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ពង្រឹង​ពហុភាគី​និយម និង​ដំណើរការ ASEM៖ «ពហុ​និយម​មាន​គោល​ប្រតិបត្តិ​រួម ហើយ​គោល​ប្រតិបត្តិ រួម​នេះ​យើង​ដឹង​តាមរយៈ​ប្រធាន​អឺរ៉ុប​គឺ​ការបង្កើត​ការ​ជឿទុកចិត្ត​គ្នា ការគោរព​នូវ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ច្បាប់​អន្តរជាតិ ហើយនឹង​លក្ខខណ្ឌ​ប្រតិបត្តិ​ប្រកបដោយ​តម្លាភាព​ជាដើម​។ ដូច្នេះ​ប្រសិនបើ​ប្រទេស​ណាមួយ ឧទាហរណ៍​ដូច​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន នេះ មិន​គោរព​នូវ​គោលការណ៍​ទាំងនេះ ម្ល៉ោះ​ហើយ​មិនអាច ពង្រឹង​នូវ​ខ្លឹមសារ​ពហុភាគី​និយម​បានទេ ពីព្រោះ​ពហុភាគី​និយម​នេះ​គឺ​មាន​គោល​ប្រតិបត្តិ​រួម ដែល​មិនមែន​ប្រទេស​ណាមួយ ចេះ​តែ​ធ្វើ​អ្វី​តាមចិត្ត​នោះ​ទេ។

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​មាន​រយៈពេល​ពីរ ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៥ និង​ថ្ងៃទី​២៦ ខែវិច្ឆិកា។ កិច្ចប្រជុំ​កំពូល​នេះ មាន​មេដឹកនាំ​កំពូលៗ​នៃ​ប្រទេស​តំបន់​អាស៊ី​និង​អឺរ៉ុប​ចំនួន​៥១​រូប​ចូលរួម ប៉ុន្តែ​មិនឃើញ​មាន​វត្តមាន​មេដឹកនាំ​រដ្ឋប្រហារ​យោធា​របស់​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) លោក មីន អុងឡាំង (Min Aung Hlaing) នោះ​ទេ​។ រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​បាន​បង្ហាញ​លទ្ធផល និង​ខ្លឹមសារ​លម្អិត​នៃ​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃនេះ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៦ វិច្ឆិកា ប៉ុន្តែ​ក្រោយ​ពេល​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​នេះ នឹង​មាន​ការរៀបចំ​សន្និសីទ​ព័ត៌មាន​រួមគ្នា ហើយ​នឹង​ផ្សព្វផ្សាយ​លទ្ធផល​ជា​សាធារណៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន អះអាង​ថា មេដឹកនាំ​អាស៊ី និង​អឺរ៉ុប ប្ដេជ្ញា​បន្ត​ពង្រឹង​ពហុភាគី​និយម​និង​អភិបាលកិច្ច​សកល"

  1. Anonymous says:

    this ugly evil monster should not be so proud of himself as a great leader of the world. EU AND the US they are firmly about human right and abuse and corruption in some country like MAYANMA, expressly Cambodia they also wanted to see a fair election in 2022 and 2223 . HUN SEN have to show the real change if not consequent . we Cambodian knew that ugly evil monster can not afford to be un recognizing leader for second term . please believing some thing have to be change HUN SEN can walking on air any more. his time is coming ..CHHEAM SREK SBEK HOV indeed