សង្គម​ស៊ីវិល​ជំរុញ​សមត្ថកិច្ច​ទប់ស្កាត់​ជន​ជាតិចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រព្រឹត្ត​បទល្មើស

ដោយ សន ចាន់រដ្ឋា
2021-11-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ស៊ីវិល​ជំរុញ​សមត្ថកិច្ច​ទប់ស្កាត់​ជន​ជាតិចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រព្រឹត្ត​បទល្មើស

ទិដ្ឋភាព​សមត្ថកិច្ច​ឃាត់​ខ្លួនជនជាតិ​ចិន​ចំនួន ៧៤​នាក់ ករណី​បង្ខាំង​ជនជាតិ​ថៃ​ចំនួន ៩៩​នាក់​ដើម្បី​ជំរិត​ទារប្រាក់ នៅផ្ទះ​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១។ រូបភាព៖ បណ្ដាញសង្គម


សង្គម​ស៊ីវិល​ជំរុញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​លើ​ជនជាតិ​ចិន​ដែល​ប្រើប្រាស់​ទឹកដី​កម្ពុជា​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ ដោយសារ​សកម្មភាព​ទាំងនោះ​នឹង​ប៉ះពាល់​ដល់​សុវត្ថិភាព​ពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល​។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ជនជាតិ​ចិន​បាន​​ចាប់​បង្ខាំង​ជនជាតិ​ថៃ​ជា​ច្រើន​នាក់ ដើម្បី​ទារប្រាក់ និង​បង្ខំ​ឱ្យធ្វើ​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online) ជា​បន្តបន្ទាប់។

សង្គម​ស៊ីវិល​រិះគន់​ថា អាជ្ញាធរ​មិន​គួរ​បណ្តោយ​ឱ្យ​ជនបរទេស ជាពិសេស​ជនជាតិ​ចិន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដើម្បី​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​ជនជាតិ​ថៃ​នៅ​លើ​ទឹកដី​ខ្មែរ​ឡើយ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា អ្នកប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​កំពុង​រងគ្រោះ​ដោយសារ​បទល្មើស​ឧក្រិដ្ឋ​ដូច​ជា​ការ​បៀតបៀន​ផ្លូវកាយ ចិត្ត សេដ្ឋកិច្ច ជាពិសេស​ការ​បង្ខាំង​ចាប់ជំរិត ឆបោក និង​បទល្មើស​ផ្សេងៗ​ទៀត​។ លោក​សង្កេត​ឃើញ​ថា បទ​ល្មើស​ភាគច្រើន​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន។ លោក​យល់​ថា បទល្មើស​កើត​ឡើងជា​ញឹកញាប់​បែបនេះ បណ្តាល​មក​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​ធូរ​រលុង​ដែល​ធ្វើ​ឱ្យ​ជនបរទេស​ទាំងនោះ​អាច​ធ្វើ​សកម្មភាព​លើ​ទឹកដី​ខ្មែរ ដើម្បី​ប្រព្រឹត្ត​បទល្មើស​ដោយ​សេរី៖ «តាម​ការ​បង្ក្រាប​របស់​សមត្ថកិច្ច និង​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ឃើញ​ថា មាន​ជនជាតិ​ចិន​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ច្រើន​ជាងគេ ទាំង​ការ​ចាប់​ជំរិត ការ​បង្ខាំង ការប្រព្រឹត្ត​នូវ​បទល្មើស​ផ្សេងៗ​ទៀត។ ហើយ​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់​គឺជា​បទឧក្រិដ្ឋ​នៃ​ក្រមព្រហ្មទណ្ឌ​ខ្មែរ ទោះបី​ការ​ចាប់​បង្ខាំង​លើ​ជនជាតិ​ណាក៏ដោយ កើត​លើ​ទឹកដី​កម្ពុជា​គឺជា​បទល្មើស​ឧក្រិដ្ឋ»

ការ​លើកឡើង​នេះ​បន្ទាប់​ពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៧៤​នាក់ ក្នុង​នោះ​ចំនួន ៣​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ដោយ​បង្ខាំង​ជនជាតិ​ថៃ​ចំនួន ៩៩​នាក់​ដើម្បី​ជំរិត​ទារប្រាក់ នៅផ្ទះ​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា។ ជនរងគ្រោះ​ទាំងនោះ​បាន​ចាញ់បោក​មេ​ខ្យល់​មក​ធ្វើ​ការងារ​ផ្សព្វផ្សាយ​ឱ្យ​ក្រុមហ៊ុន​ចិន​លក់​ផលិតផល​តាម​អនឡាញ។ ចំណែក​ជនជាតិ​ចំនួន ៧១​នាក់​ដែល​មិន​ជាប់​ទាក់ទង​បទល្មើស​សមត្ថកិច្ច​បាន​សម្រេច​ដោះលែង​ពួកគេ​ឱ្យទៅ​ធ្វើ​ការងារ​ធម្មតា​វិញ។

វិទ្យុ​អាស៊ីសេរី​មិន​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​តុលាការក្រុង​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សុំ​ការ​​​​​បញ្ជាក់​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​២៦ ខែវិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល​។ ប៉ុន្តែ​លោក ប្លង់ សុផល ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ថា សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ជនជាតិ​ចិន​ចំនួន ៣​នាក់ និង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ពី​បទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ធ្វើ​ទារុណកម្ម​តាម​មាត្រ​២៥៤ នៃ​ក្រមព្រហ្មទណ្ឌ។

របាយការណ៍​ពី​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ក្រុងភ្នំពេញ ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​កញ្ញា មាន​ជនជាតិ​ថៃ​ជិត ១០០ នាក់​ហើយ ត្រូវ​បាន​មន្ត្រី​ស្ថានទូត​ថៃ​ជួយសង្គ្រោះ​ពួកគេ​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​។ ជនជាតិ​ថៃ​ទាំងនោះ​ត្រូវ​បាន​ជនជាតិ​ចិន​បោក​ឱ្យ​ធ្វើការ​នៅក្នុង​បន​ល្បែង​កាស៊ីណូ​អនឡាញ នៅ​ខេត្ត​កំពត រាជធានី​ភ្នំពេញ ក្រុង​ព្រះសីហនុ និង​ខេត្ត​បន្ទាយមានជ័យ ដោយ​សន្យា​នឹង​ផ្ដល់​ប្រាក់​ឈ្នួល​ចន្លោះ​ពី ៧០០ ទៅ ១​ពាន់​ដុល្លារ (.០០០​ដុល្លារ​ក្នុង​មួយ​ខែ។

លោក អំ សំអាត ព្រួយបារម្ភ​ថា បើ​អាជ្ញាធរ​មិន​ចាត់វិធានការ​ទប់ស្កាត់​ទាំងនោះ​ឱ្យ​ទាន់​ពេល​វេលា​ទេ វា​នឹង​បង្ក​អសន្តិសុខ​សង្គម ប៉ះពាល់​ដល់​អ្នក​វិនិយោគ និង​មុខមាត់​របស់​កម្ពុជា​ជាក់​ជា​មិនខាន​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ច្បាប់​លើ​ជនអន្តោប្រវេសន៍​ឱ្យ​បាន​តឹងរ៉ឹង ដើម្បី​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​ជន​ប្រព្រឹត្ត​បទល្មើស​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ខ្ញុំ​ជឿ​ថា អាជ្ញាធរ​លោក​នឹង​ចាប់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​លើ​ជនបរទេស ឬ​ជនបរទេស​ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា ដើម្បី​កុំ​គេ​ចោទ​ប្រកាន់​ថា ជនបរទេស​យក​ទឹកដី​យើង​ធ្វើជា​កន្លែង​ប្រព្រឹត្ត​បទល្មើស»

របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា បាន​រក​ឃើញ​ថា​អាជ្ញាធរ​កម្ពុជា និង​ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេងទៀត មិន​អាច​ការពារ​អ្នកប្រើប្រាស់​បាន​គ្រប់គ្រាន់ ហើយ​អាជ្ញាធរ​មិន​អាច​ត្រួតពិនិត្យ ចាប់​ពិរុទ្ធ និង​រំលោភបំពាន​លើ​អ្នកប្រើប្រាស់​បាន និង​អនុញ្ញាត​ឱ្យ​បុគ្គល​ឯកជន​ធ្វើការ​រំលោភ​បំពាន​ផ្លូវភេទ បង្ក​ការរើសអើង គំរាមកំហែង និង​ការ​រំលោភបំពាន​ផ្សេងៗ មក​លើ​អ្នកប្រើប្រាស់​ផ្សេងទៀត​បាន​ជា​ញឹកញាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles