កូវីដ-១៩, ព័ត៌មានជាតិ, សេដ្ឋកិច្ច
កញ្ញា ប៉ា សុខេង | ២៦ វិច្ឆិកា ២០២១ | ម៉ោង ១៧:៤២
VOD
ម្ហូបអាហារវេចខ្ចប់ដោយប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់លក់ឱ្យកម្មកររោងចក្រមួយកន្ឡែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)
ស្ថាប័នក្រៅរដ្ឋាភិបាលចំនួន៣ បានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុខ្នាតតូចដល់អ្នកលក់ដូរតាមដងផ្លូវចំនួន១២០នាក់ដែលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៣។
តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយដែល វីអូឌី ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកានេះ បញ្ជាក់ថា ក្រោមគម្រោង «សំឡេង និងសកម្មភាពរបស់អ្នកដឹកនាំ និងសហគ្រិនស្ត្រីវ័យក្មេង» អង្គការសង្គមស៊ីវិលចំនួន៣ រួមមាន វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), សម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) កំពុងជ្រើសរើសស្ត្រីជាអ្នកលក់ដូរតាមដងផ្លូវចំនួន១២០នាក់ នៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងខេត្តព្រះសីហនុ ដើម្បីពង្រឹងសមត្ថភាពនិងការចូលរួមរបស់សហគ្រិនស្ត្រីវ័យក្មេង រួមចំណែកលើកកម្ពស់ឱកាសស្មើគ្នាក្នុងការអនុវត្តសិទ្ធិ។
បើតាមសេចក្ដីប្រកាសព័ត៌មាន គម្រោងនេះធ្វើឡើងដោយមានការគាំទ្រថវិកាពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិអាមេរិក (USAID)។
សេចក្ដីប្រកាសព័ត៌មានសរសេរថា៖ «ការផ្ដល់ជំនួយទុនអាជីវកម្មខ្នាតតូចនេះ គឺមានគោលបំណងជួយជាហិរញ្ញវត្ថុដល់សហគ្រិនស្ត្រីដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ក្រៅពីនោះ គឺជួយពង្រឹងសមាជិករបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ [IDEA] ដែលជាអ្នកលក់ដូរតាមដងផ្លូវជាស្ត្រីវ័យក្មេង មានសមត្ថភាពស្ដារឡើងវិញ ថែរក្សា ក៏ដូចជាពង្រីកអាជីវកម្មខ្នាតតូចរបស់ពួកគេ និងការពារការបិទអាជីវកម្មផងដែរ»។
បើតាមសេចក្ដីប្រកាសព័ត៌មាន ស្រ្តីលក់ដូរតាមដងផ្លូវចំនួន៣៩នាក់ដំបូង នៅរាជធានីភ្នំពេញ នឹងទទួលបានជំនួយទុនអាជីវកម្មខ្នាតតូចនៅថ្ងៃសុក្រនេះ។
អ្នកលក់ដូរផ្លែឈើ ប្រហិត និងបាយដោយដឹករ៉ឺម៉កម៉ូតូនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កញ្ញា ផាន់ ម៉ៃ និយាយថា កញ្ញាត្រូវបានអ្នកទទួលបន្ទុករៀបចំកម្មវិធីនេះសម្ភាស និងជ្រើសរើសកញ្ញា ដោយអះអាងថា នឹងទទួលបានទុនជាហិរញ្ញវត្ថុខ្នាតតូចចំនួន៣០០ដុល្លារអាមេរិក។
យុវតីវ័យ២៦ឆ្នាំរូបនេះ ថ្លែងថា៖ «បើបានថវិកាហ្នឹងមក ខ្ញុំគិតថា វាអាចជាដើមទុនមួយដែលអាចធ្វើឱ្យខ្ញុំហ្នឹងពង្រឹងអាជីវកម្មឡើងវិញ។ សំខាន់ យើងលក់ដូរឱ្យតែមានអីវ៉ាន់សម្រាប់លក់ គឺយើងដឹងតែលក់បានលុយចំណេញហើយ។ តែបើយើងអត់ទាំងមានលុយទិញអីវ៉ាន់មកសម្រាប់លក់ផង វាពិបាក ដល់ពេលយើងលក់បានលុយមក យើងបែងចែកទៅនោះ [បង្វិលលុយថ្លៃទំនិញ] អស់ទៅ! ហើយនៅសល់ខ្លះ យើងទៅទិញអីវ៉ាន់មកលក់វិញ វាអត់គ្រប់ចំនួនដែលយើងលក់បានអ៊ីចឹងណាបង»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានបញ្ជាក់ថា មូលហេតុដែលអង្គការជ្រើសរើសយក៤រាជធានី-ខេត្ត ដើម្បីអនុវត្តគម្រោងនេះ ដោយសារតែនៅរាជធានី ខេត្តទាំង៤នេះមានសមាជិករបស់ស្ថាប័ននៅទីនោះច្រើន ខណៈកម្មវិធីនេះរៀបចំសម្រាប់តែសមាជិករបស់ស្ថាប័នទាំង៣ដែលកំពុងអនុវត្តគម្រោងនេះប៉ុណ្ណោះ។
លោក វន់ ពៅ ប្រាប់ថា៖ «ចំណុចសំខាន់ យើងមើលលើការប្រកបរបររបស់គាត់ពិតប្រាកដដែរឬអត់! និងមើលលើការគ្រប់គ្រងការចាយវាយ ការចំណាយ ចំណូល និងចំណេញរបស់គាត់។ មានបញ្ជីច្បាស់លាស់ឬអត់! ទី២ យើងជ្រើសយកសហគ្រិនវ័យក្មេងអាយុ១៨ដល់៣៥ ដោយសារកម្មវិធីនេះ គឺយើងចង់ឱ្យគាត់លក់ដូរនៅកន្លែងផង និងលក់ដូរតាមអនឡាញផង»។
លោកបន្ថែមថា ស្ថាប័នដែលបានរៀបចំឡើងនូវកម្មវិធីនេះមិនមែនជាការធ្វើឡើងដើម្បីគាំទ្រនយោបាយឡើយ ពោលគឺធ្វើឡើងដោយអង្គការឯករាជ្យនិងវិជ្ជាជីវៈ។ យ៉ាងណា លោកថា អង្គការដែលធ្វើការតស៊ូមតិផ្នែកសង្គម តែងតែមានការយល់ច្រឡំពីមន្ត្រីរដ្ឋាភិបាលថាធ្វើដើម្បីបម្រើផលប្រយោជន៍នយោបាយ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី លើកឡើងថា លោកគាំទ្រ បើសិនជាសកម្មភាពជំនួយនោះជាសកម្មភាពមនុស្សធម៌ និងដើម្បីសង្គមពិតប្រាកដ ហើយថា បើជាការងារសង្គម នោះនឹងជួយឱ្យពលរដ្ឋមានលទ្ធភាពរកចំណូលផ្គត់ផ្គង់ជីវភាព។
លោកថា៖ «ពួកគាត់ [អង្គការមួយចំនួន] ច្រើនតែឆ្លៀតឱកាសធ្វើនយោបាយ ឆ្លៀតធ្វើនយោបាយ! ហើយបើឆ្លៀតធ្វើនយោបាយ ខ្ញុំអត់គាំទ្រទេ! បើការងារសង្គមពិតប្រាកដ អាហ្នឹងខ្ញុំគាំទ្រ! ប៉ុន្តែខ្ញុំមិនដឹងថារឿងហ្នឹងវាពិតប្រាកដយ៉ាងម៉េចទេ តែអង្គការមួយចំនួនមានឱកាស គាត់ឆ្លៀតធ្វើនយោបាយ ឆ្លៀតទាក់ទាញ ឱ្យលុយតិចតួច ដើម្បីឱ្យគាត់ [ពលរដ្ឋ] គាំទ្រនយោបាយរបស់គាត់»។
មុខរបរលក់ដូរតាមដងផ្លូវ គឺជាអាជីវកម្មដែលមានភាគរយច្រើនជាងគេនៅកម្ពុជា ក៏ប៉ុន្តែមុខរបរនេះនៅតែមិនត្រូវបានចាត់ទុកក្នុងយុទ្ធសាស្ត្រអាទិភាពរបស់រដ្ឋាភិបាលក្នុងការគាំទ្រលើវិស័យនេះនៅឡើយ ខណៈភស្តុតាងជាស្ថិតិបង្ហាញថា អ្នកលក់ដូរតាមដងផ្លូវក្នុងប្រទេសកម្ពុជាមានចំនួនរហូតដល់១ ៦៧៣ ៣៩០នាក់ ឬស្មើនឹង ១០% នៃចំនួនប្រជាពលរដ្ឋសរុប។
តាមការសិក្សារបស់អង្គការ Oxfam នៅក្នុងឆ្នាំ២០១៩ ឱ្យដឹងថា អ្នកលក់ដូរតាមដងផ្លូវ (៧៥% ជានារី) ដែលគិតតែនៅក្នុងទីក្រុងភ្នំពេញ មានចំនួន ១% នៃតួលេខទាំងនេះ ឬ ១០% នៃចំនួនប្រជាពលរដ្ឋសរុបនៅក្នុងរាជធានីភ្នំពេញ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។