ដោយ សេក បណ្ឌិត
2022-01-09
RFA

រូបសញ្ញាកូវីដ១៩។ Photo Courtesy
ក្រសួងសុខាភិបាលកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (Covid19) ប្រភេទឈ្មោះអូមីក្រុង (Omicron) ក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី៨ មករា ២០២២នេះ។ ខណៈករណីនាំចូលពីក្រៅប្រទេសមាន ចំនួន ៣០នាក់ថែមទៀតនៅថ្ងៃទី៩ មករា។
សេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាអ្នកស្រី ឱ វណ្ណឌីន នៅយប់ថ្ងៃទី៨ មករា ថា ករណីប្រភេទថ្មីអូមីក្រុងនេះ កម្ពុជារកឃើញលើបុរសខ្មែរអាយុ ២៣ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បុរសនោះបានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយ នៅមន្ទីរពេទ្យមួយ នារាជធានីភ្នំពេញ ហើយមន្ទីរពេទ្យនោះ បានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ ឃើញវិជ្ជមានអូមីក្រុង។ ក្រោយតេស្ដវិជ្ជមាន ក្រសួងបានបញ្ជូនបុរសរូបនោះដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិក។
ក្រសួងអះអាងថា បុរសនោះបានធ្វើដំណើរជាច្រើនកន្លែង នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប និងខេត្តកំពត។ បុរសនេះបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ត្រាលី ដែលចូលមករាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ធ្នូ ២០២១ ហើយថ្ងៃទី៥ មករា បុរសរូបនោះត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ប្រភេទថ្មី អូមីក្រុង។
ប៉ុន្តែ ក្រសួងសុខាភិបាលនៅមិនទាន់បង្ហាញពីទីតាំងលម្អិតដែលបុរសរូបនោះ ធ្វើដំណើរក្នុងរយៈពេល ១សប្ដាហ៍ចុងក្រោយនោះទេ។
គិតត្រឹមថ្ងៃអាទិត្យ ទី៩ ខែមករា ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ (Covid-19) ប្រភេទថ្មី ឬអូមីក្រុង (Omicron) ចំនួន ៣០នាក់ថ្មីទៀត ដែលជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ១២០.៦២១នាក់។ ចំណែកអ្នកជាសះស្បើយវិញ មានចំនួនសរុប ១១៧.០១៤នាក់។ ដោយឡែកនៅថ្ងៃនេះ មិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុបនៅត្រឹម ៣.០១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។