អូមីក្រុង​ ឆ្លង​ចូល​សហគមន៍៖​ អ្នក​ជំនាញ​ថា ​គួរ​ឲ្យ​ព្រួយ​បារម្ភ​និង​ត្រូវ​ប្រុង​ប្រយ័ត្ន តែ កុំ​ស្លន់​ស្លោ

កម្ពុជា-កូវីដ១៩
09/01/2022 – 07:21
ដោយ៖ ហេង ឧត្តម
RFI

រូបភាពតំណាង © Internet


អូមីក្រុង ​ជំងឺ​កូវីដ​១៩ ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​ ត្រូវ​រកឃើញ​ថា​មានឆ្លង​ក្នុង​សហគមន៍​ មួយ​ករណី​ហើយ។ ​អ្នកជំងឺ ​បុរស​ខ្មែរ​ម្នាក់ ដែល​រក​ឃើញ​ឆ្លង​អូមីក្រុង​នោះ គឺ​បាន​ដើរ​ឆ្លង​កាត់​ជា​ច្រើន​ខេត្ត​ ដូចជា ​កំពង់ធំ សៀមរាប​ កំពត ​និង​ភ្នំពេញ​។​ ការ​ឆ្លង​នៅក្នុង​សហគមន៍​នេះ គឺ​បង្កក្តីព្រួយ​បារម្ភ​សម្រាប់​គ្រប់គ្នា។ ចំពោះ​​​វេជ្ជបណ្ឌិត នុត សម្បត្តិ បានលើកឡើងថា «ពិតមែន​តែ​​គួរឲ្យ​ព្រួយ​បារម្ភ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ តែ​ក៏​មិនត្រូវ​ស្លន់​ស្លោ​ពេក​ដែរ​»។ បើ​តាម​ក្រសួង​សុខាភិបាល​ រយៈ​ពេល​៥​ថ្ងៃ​ជាប់​គ្នា​មក ​គឺ​កម្ពុជា​គ្មាន​អ្នក​ស្លាប់​ដោយជំងឺ​កូវីដ​១៩​ទេ។​

ការ​រកឃើញ​ករណី​ឆ្លង​អូមីក្រុង​នៅក្នុង​សហគមន៍ ១ករណីនេះ គឺជា​លទ្ធផល​វិភាគ​​ដោយ​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​ក្រសួង​សុខាភិបាល​ ដែល​បញ្ជក់​ថា អ្នក​ធ្លាក់​ខ្លួន​ឆ្លង​ជំងឺ​នោះ ជា​ប្រុសខ្មែរ​  ២៣ឆ្នាំ​ រស់​នៅភ្នំពេញ និង​បាន​ធ្វើ​ដំណើរ​ចុះ​ឡើង ជា​​ច្រើន​ខេត្ត តាំងពីថ្ងៃទី​២៧ធ្នូ ចុង​ឆ្នាំ ២០២១​ រហូត​ដល់​៥មករា​២០២២។

ការវិវត្តថ្មីនេះ ធ្វើ​ឲ្យ​មាន​ក្តី​ព្រួយបារម្ភពីគ្រប់​មជ្ឈដ្ឋាន​។ ព្រួយ​បារម្ភ ព្រោះ អូមីក្រុង ឆ្លង​​លឿន​ និង​ ឆាប់​រហ័ស ហើយ​ទោះបី​ជា មនុស្ស​​បាន​ទទួល​ថ្នាំ​បង្ការ​កូវីដ​រួច​ហើយក្តី ក៏​លទ្ធភាព​ឆ្លង​អូមីក្រុង គឺនៅតែមាន។ នេះ​បើតាម​វេជ្ជបណ្ឌិត នុត សម្បត្តិ​ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា​។​

វេជ្ជបណ្ឌិត នុត សម្បត្តិ អំពាវវនាវកុំ​ឲ្យ ​ពលរដ្ឋ ភ័យ​ស្លន់ស្លោពេក តែត្រូវតែបង្កើនការ​ប្រុងប្រយ័ត្ន កុំធ្វេសប្រហែស​ឲ្យ​សោះ ហើយ​និង​ចូលរួម​គោរព​វិធានការរបស់​អាជ្ញាធរ​សុខាភិបាល។ ពោល​​ «ការពារ៣» គឺ​ការពារ​ដោយ​ពាក់​ម៉ាស, លាងសម្លាត​ដៃឲ្យ​​ញឹកញាប់ និងនៅឲ្យ​ឃ្លាតៗគ្នា​។ ហើយ​«កុំ៣» គឺ​ កុំ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករ​, កុំ​ទៅ​កន្លែង​ដែល​បិទ​ជិតះ​គ្មាន​ខ្យល់​ចេញចូល​, កុំ​ប៉ះពាល់​គ្នា​។

ជុំវិញ​ការ​ឆ្លង​អូមីក្រុង​ក្នុង​សហគមន៍​នេះ គឺនាំឲ្យ​មាន​ក្តី​បារម្ភ​ពី​ហានិយភ័យ​ផ្សេងៗ ដូចជាការត្រូវ​បិទប្រទេស ឬ កាន់តែ​លំបាក​ក្នុង​​ការ​ស្តារសេដ្ឋកិច្ចជាតិ។ វេជ្ជបណ្ឌិត នុត សម្បត្តិ  ប្រាប់​វិទ្យុ RFI ដោយ​រំពឹង​ថា នឹង​មិនទាន់​ដល់​ស្ថានការណ៍​ប្រកាសអាសន្ន​ ឬ​ត្រូវ​បិទ​ស្រុក​ទេស​ជាថ្មីទេ តែក៏​​ត្រូវពង្រឹង​ការ​ប្រយ័ត្ន​គ្រប់​ច្រកល្ហក។​

លោក សម រង្ស៊ី ​ឆ្លង​កូវីដប្រភេទថ្មី​ និង​បាន​ជា​សះ​ស្បើកវិញ ហើយលោក​សង្ឃឹមថា ខ្មែរ​រួច​ផុត​ពីហានិភ័យ​កូវីដ​១៩។ លោក សម រង្ស៊ី បាននិយាយ​ពន្យល់​អ្នក​ស្តាប់​ខ្លួន តាម​ហ្វេសបុក នៅថ្ងៃទី​៨មករា​ ថា អ្នក​នៅ​ជុំវិញរូប​​លោក បាន​ឆ្លងអូមីក្រុង និង​ឆ្លង​ច្រើនគ្នា​មែនទែន​ ហើយ​បាន​សះ​ជាមកវិញ។​​​​ ​អ្នក​នយោបាយ​ខ្មែរ​នៅក្រៅ​ស្រុករូបនេះ នៅតែ​មាន​ជំនឿ​ជឿជាក់លើ​ ប្រភេទ​ឈាមជ័រខ្មែរពីបុរាណ ​ដែល​មាន​សារជាតិ​អេម៉ូក្លូបីន​អឺ​ ដែល​អាច​ធន់​នឹង​ជំងឺតម្កា​ត់​ផ្សេង​ៗ​។​ ក៏ប៉ុន្តែ​ វេជ្ជបណ្ឌិត នុត សម្បត្តិ ឆ្លើយតប​ថា កុំ​ទាន់​ជឿ​ និងកុំ​ទុក​ចិត្តពេក ​រឿង​​អេម៉ូក្លូបីន​អឺ​ នេះ ព្រោះ​មិនទាន់​មាន​ការ​ស្រាវជ្រាវ​ជាលក្ខណៈ​វិទ្យាសាស្ត្រ​ មកបញ្ជាក់​បន្ថែម​នៅឡើយទេ។ នេះបើតាម​ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា។​

​ជា​ព័ត៌មាន​បឋម កន្លែង​ព្យាបាល​ ជំងឺកូវីដ-១៩ ប្រភេទ «អូមីក្រុង» គឺមាន​នៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន ហើយរដ្ឋាភិបាលខ្មែរ ​កំពុង​តែ​ចាត់​ចែង​កន្លែង​ព្យាបាល​មួយ​ទៀត គឺ​នៅមន្ទីរពេទ្យ​ហ្លួង​ម៉ែ​​។ កាលពី​​ថ្ងៃទី ៥ មករា ​នាយករដ្ឋមន្ត្រីកម្ពុជា លោក​ ហ៊ុន សែន ​ចេញបទបញ្ជាផ្ទាល់មាត់ មិនអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទ «អូមីក្រុង» ព្យាបាលនៅផ្ទះទេ ទោះអ្នកជំងឺនោះ ជាអ្នកណាក៏ដោយ៕​

What Next?

Recent Articles