កម្ពុជា​រក​ឃើញ​​អ្នក​ឆ្លង​ជំងឺ​​កូវីដ​-១៩ បំប្លែង​ថ្មី​ «​អូមីក្រុង» ​ចំនួន​១៥​​នាក់​​ទៀត​

2022-01-10
RFA

កម្ពុជា​រក​ឃើញ​​អ្នក​ឆ្លង​ជំងឺ​​កូវីដ​-១៩ បំប្លែង​ថ្មី​ «​អូមីក្រុង» ​ចំនួន​១៥​​នាក់​​ទៀត​

ក្រុមគ្រូពេទ្យកំពុងយកវត្ថុសំណាកពីអ្នកជំងឺកូវីដ១៩ម្នាក់នៅក្នុងខេត្តសៀមរាប កាលពីខែមេសា ឆ្នាំ២០២១។ រូប៖ រដ្ឋបាលខេត្តសៀមរាប។


កម្ពុជា ​រក​​​ឃើញ​អ្នកឆ្លង​​ជំងឺ​កូវីដ-១៩ ​ប្រភេទបំប្លែង​ខ្លួន​​ថ្មី​​អូមីក្រុង ​(Omicron) ចំនួន ១៥ ​នាក់​បន្ថែម​ទៀត​ ដោយ​ក្នុងនោះ​នាំចូល​ពី​ក្រៅ​ប្រទេស​​ចំនួន ​១២ ​ករណី​ និង​ឆ្លងក្នុង​សហគមន៍​ចំនួន ៣ ​ករណី​​។ រីឯ​ករណី​ស្លាប់​វិញ ​ក្រសួងអះអាងថា ​ពុំមាន​នោះទេ ​ខណៈ​អ្នកជា​សះស្បើយ មាន​ចំនួន​ ៩ នាក់​។

នៅថ្ងៃដដែលនេះ ​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ប្រកាស​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​ ពន្លឿនចាក់​វ៉ាក់សាំង​ដូស​ទី៣ ​ឬ ដូស​ជំរុញ ​នៅតាម​បណ្តាខេត្ត​ទាំងអស់​ ដើម្បី​​ទប់ស្កាត់​​វីរុស បំប្លែង​ថ្មីអូមី​ក្រុង ​ដែល​កំពុង​ឆ្លង​ចូល​ក្នុង​សហគមន៍។ ​ក្រៅពីនេះ ​លោក ហ៊ុន សែន ​ប្រកាសថា ​លោក​បាន​សម្រេច​ផ្ទេរ​ជំនួយ​វ៉ាក់សាំង​មាន​តម្លៃ ១ ​លាន​ដុល្លារ​ដែល​បាន​ពី​មូលនិធិអាស៊ាន​ទៅ​ដល់​មេ​ដឹក​នាំ​រដ្ឋប្រហារ​យោធា​ភូមា​ឬ​មីយ៉ាន់ម៉ា​​ (Myanmar )​​លោក មីន អ៊ុងលាំង (Min Aung Hlaing)។ 

ទោះជាយ៉ាងណា ​លោក ហ៊ុន សែន​ ​បាន​បញ្ជា​ឲ្យ​ទិញ​វ៉ាក់សាំង ​ចំនួន ​៥ ​លាន​ដូស​បន្ថែមទៀត​ ដើម្បីទុក​ចាក់​ដូសជំរុញ​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​​គ្រប់គ្រាន់​ ខណៈ​ក្នុង​ឃ្លាំង​​នៅ​សល់វ៉ាក់សាំង​ប្រមាណ ១០ លាន​ដូសទៀត។ ទន្ទឹមគ្នានេះ​ ក្រសួងសុខាភិបាល ​ក៏បាន​ប្រកាស​បើក​ការ​ចាក់​វ៉ាក់សាំងដូស​ទី៤ ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ហ្វៃហ្ស៊ើរ​​ ​(​Pfizer)​ ជូន​​ដល់​​ក្រុម​គោលដៅ​ដែល​មាន​ទីតាំង​នៅ​រាជធានីភ្នំពេញ។ ​​

គិតត្រឹមថ្ងៃទី១០​ ខែមករា ​កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ​ប្រមាណ​ ១សែន ២ម៉ឺន​នាក់​ (១២០.៦៣៦​)​ ក្នុង​​នោះ​​អ្នក​​ជា​​សះស្បើយ​មាន​ជាង ១ សែន ១ម៉ឺននាក់​​(១១៧.​០២៣)​ និង​​អ្នក​ស្លាប់​មាន​ចំនួន ៣ពាន់ ១៥នាក់ (៣.០១៥)។

ទាក់ទង​នឹង​ករណីចាក់វ៉ាក់សាំងវិញ​ ក្រសួង​សុខាភិបាល​ ឲ្យដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី៩ ខែ​មករា  រដ្ឋាភិបាល​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​ពី ​៥ ​ឆ្នាំ​ឡើង​ទៅ​បាន​ជាង​ ១៤​លាន ​២សែន ​នាក់​​សម្រាប់​​ដូស​​ទី១ ខណៈដូសទី២ បានជាង១៣លាន ៦សែននាក់ និង​ដូសទី៣ បាន​ជាង​៣លាន៩សែននាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles