អ្នកឆ្លងវីរុស​កូវីដ-១៩បំប្លែង​ថ្មី​អូមីក្រុង​នៅក្នុង​​សហគមន៍​​បាន​កើន​ដល់​១៤​ករណី

កូវីដ-១៩ព័ត៌មានជាតិសុខភាព
លោកស្រី ពេជ្រ សុធារី | ១០ មករា ២០២២ | ម៉ោង ២០:៥០
VOD

ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត រួមនឹងមន្ត្រីមូលដ្ឋាន បានរៀបចំចាត់ចែងឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណវត្តនួនមណីរាម ហៅវត្តថាន់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ (ពក ពន្លឺ)

ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត រួមនឹងមន្ត្រីមូលដ្ឋាន បានរៀបចំចាត់ចែងឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណវត្តនួនមណីរាម ហៅវត្តថាន់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ (ពក ពន្លឺ)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា គិតមកដល់ល្ងាចថ្ងៃចន្ទនេះ​ ​​អ្នក​​ឆ្លង​​ជំងឺ​​កូវីដ-១៩បំប្លែងថ្មី «អូមីក្រុង» នៅ​ក្នុង​​សហគមន៍ បាន​កើន​ដល់​ ១៤ករណីហើយ ដែលករណី​នេះ លោក​​បាន​​​បញ្ជា​ជាថ្មីទៅ​អាជ្ញាធររាជធានី-ខេត្ត ពន្លឿន​ការ​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​ជា​បន្ទាន់​ដល់​ប្រជា​ពលរដ្ឋ។ ​  

តាមរយៈ​សារជា​សំឡេងមួយ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រី​  ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ កម្ពុជា បានបន្តរកឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង​ចំនួន ៣៤ករណីបន្ថែមទៀត ក្នុងនោះ ២៤ករណី ជាករណីនាំ​ចូលពីក្រៅប្រទេស និង​ ១០ករណី ជាករណីឆ្លងនៅក្នុងសហគមន៍។

លោកបន្តថា បើគិតចាប់​តាំងពីថ្ងៃរកឃើញករណីឆ្លងចូលសហគមន៍ជាលើកដំបូង កាល​ពី​ចុង​សប្តាហ៍​មុន មក​ដល់​​ល្ងាច​ថ្ងៃចន្ទនេះ គឺករណីឆ្លងចូលសហគមន៍ បានកើនដល់ ១៤ករណី​ហើយ។ លោកបានជំរុញដល់អាជ្ញាធររាជធានី-ខេត្ត និងអាជ្ញាធរនៅតាមមូលដ្ឋាន ពន្លឿន​ការ​ចាក់វ៉ាក់សាំងដូសជំរុញ​ដល់​ប្រជាពលរដ្ឋជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាល​នៃជំងឺកូវីដ-១៩បំប្លែងថ្មីនេះនៅក្នុងសហគមន៍។

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ថ្លែងថា៖ «ឥឡូវនេះ មេរោគកូវីដបំប្លែងថ្មី ដែលហៅថា អូមីក្រុង បានចាប់ផ្តើមលុកលុយចូល​​ទៅក្នុងសហគមន៍ទៅហើយ កិច្ចការបន្ទាន់របស់យើងគឺពង្រឹងវិធានការ​​​ការពារ ដើម្បី​កុំ​ឱ្យ​រីក​រាល​ដាល​ធ្ងន់​ធ្ងរ»។

លោកបានសង្កត់ធ្ងន់​​ថា៖ «គឺយើងមាន ១៤ករណី ដែល​ចូល​ក្នុង​សហគមន៍​រួច​ទៅ​ហើយ ដូច្នេះ​ជម្រើស​ដែល​ល្អជាង​គេ គឺ​ជម្រើស​នៃ​ការ​​ផ្តល់​​ដូស​​ជំរុញឱ្យបានឆាប់បំផុត តាម​ដែលអាចធ្វើទៅបាន។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិនឹងចូលរួមយុទ្ធនាការនេះ​ ដើម្បីការ​ពារ​សុខភាពផ្ទាល់ខ្លួន[…] ហើយ​អាជ្ញាធរ​ត្រូវ​តែ​ធ្វើ​កិច្ច​ការ​ងារ​នេះ​បន្ទាន់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ដែលវាបន្ទាន់»

តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា លក្ខខណ្ឌដែលត្រូវទទួលវ៉ាក់​សាំង​​ដូសទី៣នេះ ត្រូ​វ​ធ្វើទៅតាម​ការ​​កំណត់​របស់​​លក្ខ​ខណ្ឌ​​ស្តង់ដាផ្នែក​សុខាភិបាល ​គឺ​មាន​រយៈ​ពេល៤ខែ បន្ទាប់​ពីទទួល​​ដូសទី២រួច​។

បើតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​​ក្រសួងសុខាភិ បាល គិតត្រឹមព្រឹកថ្ងៃ​ចន្ទនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន ១២០ ៦៣៦​​នាក់ ក្នុង​នោះ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន ១១៧ ០២៣នាក់ និងអ្នកស្លាប់​ចំនួន​ ៣ ០១៥នាក់៕


COVID19កូវីដ១៩ហ៊ុន សែន


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles