កូវីដ-១៩, ព័ត៌មានជាតិ
លោក ញឹម សុខន | ១០ មករា ២០២២ | ម៉ោង ០៩:១០
VOD

រថយន្តប៉ូលិសបើកនាំមុខរថយន្តពេទ្យដឹកអ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក ផ្លាស់ប្ដូរពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ទៅសណ្ឋាគារ The Great Duke ធ្វើការព្យាបាលនិងធ្វើចត្តាឡីស័កបន្ត ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា កម្ពុជាបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ អូមីក្រុង នៅក្នុងសហគមន៍បានកើនដល់៤ករណីហើយគិតត្រឹមព្រឹកថ្ងៃចន្ទនេះ។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣០នាក់ថ្មី ដែលរកឃើញកាលពីថ្ងៃម្សិលមិញ គឺប្រភេទបំប្លែងខ្លួន «អូមីក្រុង» ហើយការនាំចូលពីក្រៅប្រទេសមាន២៩ករណី និងមួយករណីជាការរកឃើញឆ្លងក្នុងសហគមន៍។
ក្រសួងបន្តថា ករណីរកឃើញនេះ គឺនៅលើបុរសជនជាតិខ្មែរម្នាក់ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រសួងបញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសជនជាតិខ្មែររូបនេះបានធ្វើដំណើរទៅកន្លែងជាច្រើន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាស ខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ត្រាលីនេះកាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ អូមីក្រុង ផងដែរ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។