អ្នក​​វេជ្ជ​សាស្រ្ត​និង​​សង្គម​​ស៊ីវិល​​ជំរុញ​​រដ្ឋា​ភិបាល​​អនុវត្តវិធាន​ការ​សុខាភិបាល​ឱ្យ​​មាន​​ប្រសិទ្ធ​ភាព​ដើម្បី​ទប់​ស្កាត់​​​ការ​ឆ្លង​​មេរោគ​​កូវីដ​១៩​បំប្លែង​​ថ្មី

ដោយ ម៉ៅ សុធានី
2022-01-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​​វេជ្ជ​សាស្រ្ត​និង​​សង្គម​​ស៊ីវិល​​ជំរុញ​​រដ្ឋា​ភិបាល​​អនុវត្តវិធាន​ការ​សុខាភិបាល​ឱ្យ​​មាន​​ប្រសិទ្ធ​ភាព​ដើម្បី​ទប់​ស្កាត់​​​ការ​ឆ្លង​​មេរោគ​​កូវីដ​១៩​បំប្លែង​​ថ្មី

(ឆ្វេង) លោក វន់ ពៅ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និងលោក​ឱសថ​ការី លឹម សួរ អ្នក​ជំនាញ​ផ្នែក​ឱសថ​ប្រទេស​អូស្រ្តាលី​។ រូប៖ ហ្វេសប៊ុកលោកទាំងពីរ


អ្នក​​ជំនាញ​​វេជ្ជ​សាស្រ្ត និង​​មន្រ្តី​សង្គម​ស៊ីវិល​​ជំរុញ​ដល់​រដ្ឋភិបាល​អនុវត្ត វិធាន​ការ​សុខភាព​សារ​ធារណៈ និង​សង្គម ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​បង្ការ​ការរាត​ត្បាត​មេរោគ​​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) ចូល​ក្នុង​សហគមន៍​ជា​​ថ្មីទៀត។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​ក្រសួង​សុខ​ភិបាល​រក​ឃើញ​រោគ​កូវីដ១៩ បំប្លែង​ថ្មី​អូមី​ក្រុង(Omicron) ឆ្លង​ចូល​ក្នុង​សហគមន៍​ជា​បន្ត​បន្ទាប់ ខណៈ​រដ្ឋា​ភិបាល​កំពុង​ជ្រើស​រើស​យន្តការ​ចាក់​វ៉ាក់​សាំងដើម្បី​ទប់​ស្កាត់​​និង​​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពីការ​ឆ្លង​មេរោគ​នេះ។

អ្នក​ជំនាញ​វេជ្ជ​សាសាស្រ្ត និង​មន្រ្តី​សង្គម​ស៊ីវិល​ឲ្យ​​ដឹង​​ថា ​វីរុស​​បំប្លែង​​ខ្លួន​​ថ្មី​ឈ្មោះ «អូមីក្រុង» ​បាន​ធ្វើ​ឱ្យ​​អត្រា​​ឆ្លង​​លឿន​​ជាង​​មេរោគ​​មុនៗ និង​​អាច​​ឆ្លង​​ទៅ​​មនុស្ស​យ៉ាង​​ងាយ និង​​ឆាប់​​រហ័ស ដែល​​គួរ​​ឱ្យ​​ព្រួយ​​បារម្ភ​​ជា​​ខ្លាំង។ ដូច្នេះ​ពួក​គេ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​រៀបចំ និង​អនុវត្ត​គោល​នយោបាយ​ឆ្លើយ​​តប​ដោយ​​ប្រុង​ប្រយ័ត្ន​ពីហានិភ័យ​នៃ​​មេរោគ​​អូមី​ក្រុង​​នេះ ព្រោះ​វា​នឹង​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុខា​ភិបាល និង​សង្គម​ធ្ងន់​ធ្ងរ។

អ្នក​ជំនាញ​ផ្នែក​ឱសថ​ប្រទេស​អូស្រ្តាលី​លោក​ឱសថ​ការី លឹម សួរ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​សោក​ស្តាយ​ការ​ដែល​រដ្ឋា​ភិបាល​បើក​ប្រទេស​ទូលំ​ទូលាយ​ឡើងវិញ ជា​ពិសេស​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល ដោយ​ភ្លេច​វិធាន​ការ​ការ​ពារឱ្យ​បាន​ខ្ជាប់ខ្ជួន​ដែល​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​មេរោគ​បំប្លែង​ថ្មី​អូមីក្រុង​កើន​ឡើង និង​ឆ្លងចូល​សហគមន៍។ លោក​ជំរុញ​រដ្ឋា​ភិបាល​ត្រូវតែ​មាន​យុទ្ធសាស្រ្ត​លើ​វិស័យ​សុខាភិបាល​ច្បាស់​លាស់ ដោយ​ត្រូវ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​ពលរដ្ឋ​អំពីការ​ឆ្លង​រាល​ដាល​វីរុស​បំប្លែង​ថ្មី​នេះ ព្រម​ទាំង​យុទ្ធសាស្រ្ត​សំខាន់ៗ​នៃ​ការ​អប់រំ ឬបង្រៀន​ពលរដ្ឋ​ទាក់​ទង​ទៅ​នឹង​ការ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ របៀប​ប្រើ​ប្រាស់សម្ភារ​ការ​ពារ រក្សា​គម្លាត​​​សុវត្ថិ​ភាព​ឱ្យ​បាន​ត្រឹម​ត្រូវ ហើយ​លើស​ពី​នេះ​រដ្ឋា​ភិបាល​គួរ​ផ្តល់​ឧបករណ៍​តេស្តរហ័ស​ដល់​ពលរដ្ឋ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេរោគ​កូវីដ​ឱ្យទាន់​ពេល​វេលា៖ «ហានិភ័យ​ទៅ​ដល់​សហគម​យើង​​ឃើញ​​ថា ​វា​ផ្តល់​រោគ​សញ្ញាមិន​សូវ​ខ្លាំង​មែន តែ​វា​មាន​បញ្ហា​ដោយ​សារ​វា​ឆ្លង​លឿន​ពេក ករណី​ហ្នឹង​យើង​ថា មិន​ព្រួយ​ទេ​ប៉ុន្តែ​អ្នក​ព្រួយ​បារម្ភ​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ចាស់ៗ​ជាពិសស។ បើ​រដ្ឋា​ភិបាល ក្រសួង​សុខា​ភិបាល​គួរ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ម៉ត់​ចត់​ការ​បង្រៀន​ប្រជាជន​ខ្មែរ​ឱ្យ​បាន​ច្បាស់​ការ​ឆ្លង​របស់​អូមី​ក្រុង​នេះ ថា​តើ​វា​ឆ្លង​រហ័សដោយ​របៀប​មិច»។

ចំណែក​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ ជា​ពិសេស​អ្នក​ប្រកប​មុខ​របរ​ក្រៅ​ប្រព័ន្ធកំពុង​ងើប​ឡើង​វិញ​បន្តិច​ពី​វិបត្តិ​កាល​ពី​ឆ្នាំ​ចាស់​ដោយ​សារ​ការបិទ​ខ្ទប់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពល​រដ្ឋ។ លោក​បន្ត​ថា ការ​ឆ្លង​រាត​ត្បាត មេ​រោគ​បំប្លែង​ថ្មី​ពេលនេះ បាន​បង្កើត​ក្តី​បារម្ភ​ម្តង​ទៀត​ដល់​ពួក​គាត់​ជុំវិញ​ការ​ឆ្លង​រាល​ដាល និង​បញ្ហជីវភាព​ដែល​មិន​មាន​ភាព​ច្បាស់​លាស់​នាពេល​ខាង​មុខ​នេះ។ លោកថា​ កន្លង​ទៅ​​រដ្ឋា​ភិបាល​ហាក់​អនុវត្ត​តែ​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ តែ​មិន​សូវ​ដោះបញ្ហា​ស្រាយ​ជីវភាព កិច្ច​គាំ​ពារ​សង្គម និង​គោល​នយោ​បាយ​ស្តារ​ឡើង​វិញ​នូវ​មុខរបរ និង​​អាជីវកម្ម​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ។ លោក​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​រៀបចំ និង​អនុវត្ត​គោល​នយោ​បាយ​ចំនួន​ពីរ​ឱ្យ​ដើរ​ទន្ទឹម​គ្នា គឺ​គោល​នយោ​បាយការ​ទប់​ស្កា​ត់​​មេរោគ​កូវីដ-១៩ ជាពិសេស​មេរោគ​បំប្លែង​ថ្មី​អូមីក្រុង និង​គោលនយោបាយ​គាំពារ​សង្គម​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគីពាក់​ព័ន្ធ៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ បើ​សិន​ជា​មិន​បាន​ទប់ស្កាត់​ហើយ រដ្ឋ​បែរ​ជា​ទៅ​បិទ​ប្រទេស​ដូច​កាល​ពី​ឆ្នាំ​២០២១​ឡើង​វិញ អាហ្នឹង​ជារឿង​ព្រួយ​បារម្ភ​របស់​យើង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ជា​ពិសេសទាក់​ទង​នឹង​វិបត្តិ​ក្នុង​ជីវភាព អត់​ប្រាក់​ចំណូល ស្ថាន​ភាព​រស់​ក្នុង​ភាព​អន្តរាយដោយ​សារ​អូមី​ក្រុង​នេះ វា​អាច​អន្ត​រាយ​ដល់​សេដ្ឋ​កិច្ច​គ្រួសារ ដល់​ជីវភាព​ប្រចាំ​ថ្ងៃ ជំពាក់​ធនាគារ​វណ្ឌក​កាន់​តែ​ធ្ងន់​ធ្ងរ ប្រព័ន្ធ​គាំពារ​សង្គម​រឹត​តែ​ធ្ងន់​ធ្ងរ​ទៀត»។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​ក្រសួងសុខា​ភិបាល​រក​បាន​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ បំប្លែង​ថ្មី​ឈ្មោះ​អូមីក្រុង (Omicron) ជា​បន្ត​បន្ទាប់​ក្នុង​សហគមន៍​ចាប់​ពី​ថ្ងៃ​ទី៨ ខែមករា ក្រោយ​ពី​រដ្ឋា​ភិបាល​បើក​ប្រទេស​ឡើង​វិញ ជាពិសេស​អំឡុង​បុណ្យ​ចូលឆ្នាំ​សកល​២០២២។ កម្ពុជា​រក​​​ឃើញ​អ្នក​ឆ្លង​​​ជំងឺ​​កូវីដ-១៩ ​ប្រភេទ​អូមីក្រុង​ចំនួន ៣៤ ​នាក់​​បន្ថែម​​ទៀត​ ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​តេស្ត​ស៊ីភីអរ (CPR) ​ក្នុង​នោះ​​នាំ​ចូល​ពី​​ក្រៅ​​ប្រទេស​​​ចំនួន​ ​២៤ ​ករណី​ និង​​ឆ្លង​ក្នុង​​សហគមន៍​​ចំនួន​ ១០ ​​ករណី​​។ រីឯ​​​ករណី​ស្លាប់​​វិញ ​ក្រសួង​អះអាងថា ​ពុំ​មាន​​នោះ​ទេ ​ខណៈ​​អ្នក​ជា​​សះ​ស្បើយ មាន​​ចំនួន​ ១១ ​នាក់​។ រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​មេ​រោគ​បំប្លែង​ថ្មី​ចំនួន ២២៧​នាក់។

ឆ្លើយ​តប​នឹង​ការ​រីក​រាល​ជំងឺ​កូវីដ​បំប្លែង​ថ្មី​នេះ រដ្ឋា​ភិបាល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី១១ ខែ​មករា បាន​ចេញ​សារាចរ​ស្តី​ពី​ការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ និង​ការ​ពង្រឹង​ការ​អនុវត្ត​វិធាន​ការ​សុខា​ភិបាល ដើម្បី​ប្រយុទ្ធ និងទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ជា​ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូមីក្រុង ដោយ​​ជំរុញ​និង​បង្កើន​ល្បឿន​​​នៃ​ការ​​ចាក់​វ៉ាក់​សាំង​ទាំង​ដូស​មូល​ដ្ឋាន​និងដូស​ជំរុញ ពង្រឹង​យន្ត​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ទាន់​ពេល​វេលា​តាម​បណ្តា​រាជ​ធានី​-​ខេត្ត ហើយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អប់រំ ផ្សព្វ​ផ្សាយ​ឱ្យ​ទូលំទូលាយ​បន្ថែម​ទៀត​អំពី​ភាព​ចាំបាច់​នៃ​ការ​ចាក់​វ៉ាសាំង​កូវីដ១៩ ព្រម​ទាំង​ចាត់វិធាន​ការ​ពង្រឹង​និង​ជំរុញ​ការ​អនុវត្ត​វិធាន​ការ​សុខា​ភិបាល។

ទោះ​ជា​យ៉ាង​ណា​លោក លឹម សួរ យល់​ថា ​ទោះ​បី​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ជូន​ពលរដ្ឋ​យ៉ាង​ណា​ក្តី អ្នក​វេជ្ជ​សាស្រ្តនៅតែ​​បារម្ភ​ចំពោះ​ក្រុម​មនុស្ស​វ័យ​ចាស់ និង​អ្នក​ជំងឺ​រាំរ៉ៃ​ដែល​មាន​ប្រព័ន្ធ​ការ​ពារ​ខ្សោយ​ដែល​ងាយ​គ្រោះ​ថ្នាក់​រហូតបាត់​បង់​ជីវិត។ បន្ថែម​ពី​នេះ​លោក​ថា ​អត្រា​ឆ្លង​រីក​រាល​ដាល​លឿន​របស់​វា​នឹង​ធ្វើ​ឱ្យចំនួន​អ្នក​ជំងឺ​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​កើន​ឡើង​ជា​កំហុក ហើយ​នឹង​អាច​បង្កហានិភ័យ​ដល់​សុខ​ភាព​សាធរណៈ​ដូច​ជា​មន្ទីរ​ពេទ្យ​គ្មាន​លទ្ធ​ផល​បន្ទុក​អ្នក​ជំងឺ និង​បុគ្គលិក​សុខា​ភិបាល​ទប់​ទល់​លែង​រួច​ដែល​អាច​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់ដោយ​សារ​កូវីដ​កើន​ឡើង។ ឱសថ​ការី​រូប​​នេះ​ចង់​ឃើញ​​រដ្ឋា​ភិបាល​​ត្រៀម​ខ្លួន​និង​មានយន្ត​ការ​ឆ្លើយ​តប​ឱ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​​ការ​​កើន​​ឡើង​​​នូវ​​ករណី​​ឆ្លង​​រាល​ដាល​មេ​រោគ​​កូវីដ​១៩​បំប្លែង​​ខ្លួន​​ថ្មី​អូមីក្រុង (Omicron)និង​ផល​វិបាក​នានា។

ប្រធាន​សមា​គម​គ្រូ​ពេទ្យ​គុណ​ធម៌​កម្ពុជា​លោក​វេជ្ជ​បណ្ឌិត អ៊ុច វុទ្ធី ពន្យល់​ថា ​មេរោគ​រោគ​កូវីដ-១៩ បំប្លែងថ្មីអូមីក្រុង (Omicron) ចូល​សហគមន៍​យ៉ាង​ឆាប់​រហ័សបែប​នេះ អាច​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​សុខា​ភិបាល​មិនបាន​ត្រួត​ពិនិត្យ​តឹង​រ៉ឹង​ចំពោះ​អ្នក​ដំណើរ​មក​ពី​បរទេស​កន្លង​មក។ លោក​បញ្ជាក់ថា​មធ្យោ​បាយ​ដែល​អាច​ទប់​ស្កាត់​មេ​រោគ​ប្រភេទ​ថ្មី​នេះឱ្យ​មាន​ប្រសិទ្ធភាព​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​ចាត់​វិធាន​ការ​សុខា​ភិបាល​ឱ្យ​បាន​ម៉ឹងម៉ាត​​តាម​ច្រក​ទ្វេ​អន្តរ​ជាតិតាម​ផ្លូវ​អាកាស​លើ​អ្នក​ធ្វើ​ដំណើរ​ដោយ​ត្រៀម​សម្ភារៈ ឬឧបករណ៍ និង​សេវាសុខាភិបាល​ជា​ពិសេស​ម៉ាស៊ីន​តេស្ត​រក​វីរុស​កូវីដ (CPR)ឱ្យ​បាន​គ្រប់​គ្រាន់ ដើម្បីឆ្លើយ​តប​ទាន់​ពេល​វេលា​និង​ស្រប​តាម​តម្រូវ​ការ​ជាក់​ស្តែង។ លើស​ពី​នេះ​លោកជំរុញ​រដ្ឋា​ភិបាល​រៀប​ចំការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​អំពី​ចំណាត់​ការ​នានារបស់​រដ្ឋ ខណៈ​កម្រិត​នៃ​ការ​យល់​ដឹង និង​ការ​ចូល​រួម​របស់​ពលរដ្ឋ​មួយ​ចំនួន​នៅមាន​កម្រិត​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​សហគមន៍៖ «គួរ​តែ​ពង្រឹង​ផ្នែក​សុខា​ភិបាល​ថ្នាក់​ក្រោម​ជាតិ​រហូត​ដល់​ថ្នាក់ជាតិ ហេតុ​អ្វី​ខ្ញុំលើក​កន្លែង​ហ្នឹង​ យើង​​ត្រូវ​តាម​ដាន​មើល​អូមីក្រុង​វា​ចូល​តាម​ណា ពី​ព្រោះ​អូមី​ក្រុង​វា​មិន​មែន​ផ្ទុះ​ចេញ​ពី​សហគមន៍​ស្រុក​ខ្មែរ​ទេ គឺ​វា​មក​ពី​ក្រៅប្រទេស ចឹង​យើង​ត្រូវ​រឹត​ត្បិត​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ច្រក​ចេញ​ចូល​នីមួយៗ យើង​ត្រូវដាក់​អ្នក​ជំនាញ​ផ្នែក​សុខា​ភិបាល​​ហ្នឹង​តាម​​ដាន មន្ទីរ​ពេទ្យ​មាន​មន្ទីរ​ពិសោធន៍​នៅតាម​ព្រំដែន​មួយៗ​ពេល​គាត់​ចូល​មក​មាន​ម៉ាស៊ីន​ស៊ីភីអរ ហ្នឹង​ហើយ​ដែល​យើងជៀស​ផុត​ពី​ហានិ​ភ័យ»។

គិត​ត្រឹម​ថ្ងៃ​ទី១១​ ខែមករា ​កម្ពុជា​​មាន​​អ្នក​​កើត​​ជំងឺ​​កូវីដ-១៩ ​សរុប​ប្រមាណ​ ១សែន ២ម៉ឺន​នាក់​ (១២០.៦៧០​)​ ក្នុង​​​នោះ​​​អ្នក​​​ជា​​​សះ​ស្បើយ​​មាន​​ជាង ១ សែន ១ម៉ឺន​នាក់​​(១១៧.​០៣៤) ​និង​​​អ្នក​​​ស្លាប់​​មាន​​ចំនួន ៣ពាន់ ១៥នាក់ ​(៣.០១៥)។

ទាក់​ទង​​នឹង​​ករណី​ចាក់​វ៉ាក់​សាំង​វិញ​ ក្រសួង​​សុខា​ភិបាល​ ឲ្យ​ដឹង​​ថា គិត​ត្រឹម​ថ្ងៃ​ទី ៩​មករា  រដ្ឋា​ភិបាល​​កម្ពុជា​​ចាក់​​វ៉ាក់​សាំង​​ជូន​​ពលរដ្ឋ​​ដែល​​មាន​​អាយុ​ពី ​៥ ​ឆ្នាំ​ឡើង​​ទៅ​​បាន​​ជាង​ ១៤​លាន ​២សែន ​នាក់​​​សម្រាប់​​​ដូស​​ទី១ ខណៈ​ដូស​ទី២ បានជាង​១៣លាន ៦សែន​នាក់ និង​​ដូសទី៣ បាន​​ជាង​​៣លាន​៩សែន​នាក់៕

What Next?

Recent Articles