អ្នក​វិភាគ​​ថា ជំហរ​​ឯកតោ​ភាគី​​របស់​​​លោក ហ៊ុន សែន រឿង​​​ភូមា​អាច​​​ប៉ះពាល់​​​ដល់​​​ភាព​​​ជា​​​ប្រធាន​​​អាស៊ាន​​របស់​​កម្ពុជា

ដោយ មាន ឫទ្ធិ
2022-01-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​​ថា ជំហរ​​ឯកតោ​ភាគី​​របស់​​​លោក ហ៊ុន សែន រឿង​​​ភូមា​អាច​​​ប៉ះពាល់​​​ដល់​​​ភាព​​​ជា​​​ប្រធាន​​​អាស៊ាន​​របស់​​កម្ពុជា

លោក ហ៊ុន សែន ជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) ​នៅ​រសៀល​ថ្ងៃសុក្រ ទី១៤ ខែមករា​ ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក SMP


ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​ផ្លាស់ប្ដូរ​របៀប​ធ្វើការ​របស់​ខ្លួន​ពី​បែប​ឯកតោ​ភាគី​និយម​មក​ជាការ​​ស្ដាប់​​មតិ​យោបល់​របស់​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត ទាក់ទង​នឹង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ភូមា (Burma)​​ ឬ​​មីយ៉ាន់ម៉ា ​​(Myanmar)។​​ ការ​​ថ្លែង​​​បែប​នេះ គឺ​ក្រោយ​ពេល​ដែល​មេដឹកនាំ​កម្ពុជា និង​សិង្ហបុរី​បាន​ជួប​ពិភាក្សា​គ្នា​តាម​ប្រព័ន្ធ​វីដេអូ​កាល​ពី​ពេលថ្មីៗនេះ ដោយ​ក្នុង​ជំនួប​នោះ សម​ភាគី​សិង្ហបុរី​បាន​បាន​រំលឹក និង​គូស​បញ្ជាក់​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៅកាន់​មេដឹកនាំ​កម្ពុជា។

ការពិភាក្សា និង​ស្ដាប់​មតិ​យោបល់​ពី​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​ទាក់ទង​នឹង​ដំណោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ជា​គន្លឹះ​សំខាន់​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​ប្រកាន់​ខ្ជាប់​ដើម្បី​រក្សា​សាមគ្គីភាព និង​ឯកភាព​របស់​អាស៊ាន។ ម្យ៉ាងវិញទៀត ជំហរ​ពហុភាគី​និយម​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​ដែល​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន អាច​រៀបចំ​កិច្ច​ប្រជុំ​កំពូល និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ទាំងឡាយ​របស់​អាស៊ាន​បាន​ដោយ​រលូន។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​តាមដាន​ស្ថានការណ៍​​នយោបាយ​កម្ពុជា និង​អាស៊ាន។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន មេដឹកនាំ​កម្ពុជា​គួរ​តែ​បត់បែន​តាម​នយោបាយ​តំបន់ និង​អន្តរជាតិ។ នោះ​គឺ​ការ​បដិសេធ​វត្តមាន​មេដឹកនាំ​របប​សឹក​ភូមា​ក្នុង​កិច្ច​ប្រជុំ​ទាំងឡាយ​របស់​អាស៊ាន និង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ក្រៅពី​របប​សឹក ពិសេស​ភាគី​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​ក្រុម​អ្នកស្រី ​អ៊ុង​ សានសូជី​ (Aung San Suu Kyi)។​ លោក ឯម សុវណ្ណារ៉ា ពន្យល់​ថា ឋានៈ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​មិន​​មាន​​សិទ្ធិ​អំណាច​សម្រេច​ការងារ​អ្វី​តែ​ម្នាក់​ឯង​នោះ​ទេ ពោល​គឺ​ត្រូវ​មាន​ការ​ឯកភាព​ពី​សមាជិក​ដទៃ​ទៀត៖ «និយាយ​​ទៅ​​ប្រធាន​អាស៊ាន​អត់​មាន​សិទ្ធិ​អ្វី​ធំដុំ​នោះ​​ទេ គ្រាន់តែ​សម្របសម្រួល​កិច្ចប្រជុំ​ទេ អ៊ីចឹង​វា (សេចក្ដីសម្រេច) ​ត្រូវកា​រ​​សំឡេង​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ពី​សមាជិក​អាស៊ាន​ដទៃទៀត។ អ៊ីចឹង​បើ​សមាជិក​មួយ​បដិសេធ គឺ​អត់​ទាំង​អស់ អ៊ីចឹង​បានជា (សមាជិក)​​អាស៊ាន​​គេ​លើក​បញ្ហា​នេះ​ឡើង ទីមួយ​ជា​ក្ដី​បារម្ភ​ពី​ភាព​ជាប់​គាំង​នៃ​ដំណើរការ​ប្រជុំ​អាស៊ាន ហើយ​វា​អាច​ខូច​ដល់​ដំណើរ​នៃ​អាស៊ាន​ទាំងមូល។ ទោះបី​ជា​កម្ពុជា​គិត​ថា ​មិនមែន​ជា​ផលប្រយោជន៍​ខ្លួនឯង​សុទ្ធសាធ ក៏​ប៉ុន្តែ​ជា​ផល​ប្រយោជន៍​អាស៊ាន​ទាំងមូល ហើយ​ក៏​មុខមាត់​​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៅលើ​គោលនយោបាយ​ការបរទេស​ក្នុង​តំបន់ និង​អន្តរជាតិ​ដែរ»។

ការ​លើក​ឡើង​របស់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង​ (Lee Hsien Loong)​ តាម​​ប្រព័ន្ធ​វីដេអូ កាល​ពី​ថ្ងៃទី១៤ ខែមករា ពោល​គឺ​រយៈពេល​មួយ​សប្តាហ៍​ក្រោយ​ពី​លោក​វិល​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​វិញ។

លោក ហ៊ុន សែន មិន​បាន​ឱ្យ​ដឹង​លម្អិត​នោះ​ទេ​អំពី​ខ្លឹមសារ​នៃ​ជំនួប​ជាមួយ​សមភាគី​សិង្ហបុរី។ លោក​គ្រាន់​តែ​ បង្ហោះ​សារ​លើ​ហ្វេសប៊ុក ថា លោក​បាន​ប្រាប់​លោក លី សៀនឡុង អំពី​គោល​បំណង និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ភូមា។ លោក​អះអាង​ថា លោក​មាន​បំណង​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ដោយ​ធ្វើ​យ៉ាងណា​បញ្ឈប់​អំពើ​ហិង្សា បង្កើត​បទ​ឈប់​បាញ់ ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​ពលរដ្ឋ​ភូមា និង​ជំរុញ​ឱ្យ​មាន​ការ​សន្ទនា​គ្នា ពេល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន​​ក្នុង​​ឆ្នាំ២០២២ នេះ។

ក្រសួង​ការបរទេស​កម្ពុជា​បាន​ស្រង់​សំណេរ​របស់​លោក ហ៊ុន សែន យក​ទៅ​ផ្សព្វផ្សាយ​បន្ត​លើ​ហ្វេសប៊ុក ដោយ​មិន​បាន​ផ្ដល់​ព័ត៌មាន​អ្វី​បន្ថែម​ទៀត​នោះ​ទេ ខណៈ​រដ្ឋមន្ត្រី​ការបរទេសកម្ពុជា​លោក ប្រាក់ សុខុន ក៏​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ។ រីឯទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP)​អះអាង​ថា នាយករដ្ឋមន្ត្រី​សិង្ហបុរី គាំទ្រ​​ចំពោះ​ការ​ខិតខំ​របស់​កម្ពុជា​ក្នុង​ការចូលរួម​ចំណែក​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​នេះ។

ផ្ទុយ​ពី​លោក ហ៊ុន សែន ក្រសួង​ការបរទេស​កម្ពុជា និង​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ ខាង​ក្រសួង​ការបរទេស​សិង្ហបុរី​ឯណោះ​វិញ បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ជាច្រើន​ចំណុច​ តាម​រយៈសេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី១៥ ខែមករា ជាពិសេស គឺ​ជំហរ​របស់​សិង្ហបុរី​ក្នុង​ការ​បដិសេធ​វត្តមាន​របស់​មេដឹកនាំ​របប​សឹក​ភូមា​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន។

ក្រសួង​ការបរទេស​សិង្ហបុរី​ឱ្យ​ដឹង​ថា លោក លី សៀនឡុង​ (Ly Hsien Loong)​ បាន​​លើកឡើង​ទៅ​កាន់​លោក ហ៊ុន សែន ថា អាស៊ាន​គួរតែ​រក្សា​សេចក្តី​សម្រេច​កាល​ពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី ៣៨ និង ៣៩ ដោយ​អញ្ជើញ​តំណាង​ប្រទេស​ភូមា​ដែល​មិនមែន​ជា​អ្នក​នយោបាយ​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ទាំងឡាយ​របស់​អាស៊ាន រហូត​ទាល់​តែ​​មាន​​ការ​​វិវឌ្ឍ​សំខាន់​ណា​មួយ​ក្នុង​ការ​អនុវត្ត​គោលការណ៍​ឯកភាព ៥ចំណុច។ លោក​សង្កត់​ធ្ងន់​ថា កិច្ចពិភាក្សា​ណាមួយ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​របស់​ក្រុម​មេដឹកនាំ​អាស៊ាន​លើ​ចំណុច​នេះ ត្រូវតែ​ផ្អែក​លើ​អង្គហេតុ​ថ្មី។ ក្រៅពី​នេះ លោក លី សៀនឡុង បាន​បញ្ជាក់​ទៅ​លោក ហ៊ុន សែន ថា ប្រធាន​អាស៊ាន​ចាំ​បាច់​​ត្រូវតែ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ពោល​គឺ​ទាំង​ពួក​យោធា និង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ (NLD)​ របស់​​អ្នកស្រី អ៊ុង សានសូជី។

ក្រសួង​ការបរទេស​សិង្ហបុរី​ឱ្យ​ដឹង​ទៀត​ថា លោក ហ៊ុន សែន បាន​លើក​យោបល់​មួយចំនួន​ស្ដី​អំពី​របៀប​សម្របសម្រួល​បទ​ឈប់​បាញ់ និង​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​ពលរដ្ឋ​ភូមា។ ប៉ុន្តែ​លោក លី សៀនឡុង បាន​ឆ្លើយ​តប​វិញ​ថា លោក​មិន​ប្រាកដ​ថា តើ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា អាច​ដើរ​តួ​សម្របសម្រួល​បទ​ឈប់​បាញ់​នេះ​ដោយ​របៀប​ណា​នោះ​ទេ ពីព្រោះ «យើង​មិន​ទាន់​ទាំង​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រប់​ភាគី​ផង​នោះ»។ នាយករដ្ឋមន្ត្រី​សិង្ហបុរី​រូប​នេះ​យល់ស្រប​ឱ្យ​លើក​យោបល់​ទាំងនេះ​ទៅ​ពិភាក្សា​បន្ថែម​ក្នុងចំណោម​រដ្ឋមន្ត្រី​ការបរទេស និង​ឧត្តម​មន្ត្រី​អាស៊ាន​ដទៃទៀត។ លោក លី សៀនឡុង រំពឹង​ថា មេដឹកនាំ​កម្ពុជា​នឹង​ពិចារណា​លើ​មតិយោបល់​របស់​លោក និង​របស់​មេដឹកនាំ​អាស៊ាន​ដទៃទៀត។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេសលោក កុយ គួង ដើម្បី​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី១៦ ខែមករា។

អ្នក​ស្រាវជ្រាវ​ខាង​ភូមិសាស្ត្រ​នយោបាយលោក វណ្ណ ប៊ុនណា មើល​ឃើញ​ថា ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក លី សៀនឡុង នេះ មិនមែន​ជា​ជំនួប​ធម្មតា​នោះ​ទេ តែ​ជា​ការ​ចរចា​លើ​ចំណុច​ខ្វែង​គ្នា​ស្ដីពី​វត្តមាន​មេដឹកនាំ​របប​សឹក​ភូមា។ លោក​ថា ភាគី​កម្ពុជា​ទំនងជា​ចង់​បញ្ចុះបញ្ចូល​ឱ្យ​សិង្ហបុរី​ផ្លាស់ប្ដូរ​ជំហរ​ដោយ​អនុញ្ញាត​ឱ្យ​មេដឹកនាំ​របប​សឹក​ភូមា​​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន។ លោក​ជឿ​ថា ប្រមុខ​រដ្ឋាភិបាល​សិង្ហបុរី​នឹង​មិន​យល់​ស្រប​រឿង​នេះ​ទេ ព្រោះ​សិង្ហបុរី​ជា​ប្រទេស​តឹងរ៉ឹង​ជា​មួយ​​ពួក​យោធា​ភូមា។ ម្យ៉ាងវិញទៀត មេដឹកនាំ​សិង្ហបុរី​មើល​ឃើញ​ច្បាស់​ថា ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា​មិន​ទទួល​បាន​ផ្លែផ្កា​ជា​ដុំ​កំ​ភួន​​នោះ​​ឡើយ ព្រោះ​របប​សឹក​ភូមា​បន្ត​បាញ់​បោះ និង​បង្ក្រាប​ដោយ​ហិង្សា​លើ​ពលរដ្ឋ ព្រមទាំង​បន្ថែម​ទោស​លើ​អ្នកស្រី អ៊ុង សានសូជី ជាដើម។

ជុំវិញ​វិបត្តិ​នៅ​ប្រទេស​ភូមា​នេះលោក វណ្ណ ប៊ុនណា ថ្លែង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពិចារណា និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​ចៀសវាង​ការ​សម្រេចចិត្ត​បែប​ឯកតោភាគី ដូច​ករណី​ទស្សនកិច្ច​កាល​ពី​លើក​មុន​នោះ​ទៀត៖ «កាលណា​យើង​សម្រេច​ចិត្ត​បែប​ឯកតោភាគី វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​យន្តការ​អាស៊ាន​ទាំងមូល ហើយ​ចង់​មិន​ចង់ កម្ពុជា​ដោះស្រាយ​អត់​បាន បញ្ហា​ហ្នឹង​គឺ​កម្ពុជា​ជា​អ្នក​ទទួលខុសត្រូវ។ កាលណា​យើង​ទទួល​បាន​សំឡេង និង​គំនិត​​ផ្សេងៗ​ពី​ភាគី​អាស៊ាន​នានា វា​បង្ហាញ​ថា អ្វី​ដែល​កម្ពុជា​ធ្វើ​ហ្នឹង វា​ជា​សេចក្ដីសម្រេច​ចិត្ត​របស់​អាស៊ាន មិនមែន​ជា​សេចក្ដី​សម្រេច​ចិត្ត​របស់​កម្ពុជា​ទេ។ ទោះ​បី​​ខុស​ត្រូវ​យ៉ាងណា វា​ធ្វើ​ឱ្យ​កម្ពុជា​ឈរ​ទៅលើ​សំឡេង​អាស៊ាន​ផង​ដែរ។ អ៊ីចឹង​ទេ ចង់ ឬ​មិន​ចង់ កម្ពុជា​ត្រូវតែ​ពិភាក្សា​ទទួល​យក​គំនិត​ផ្សេងៗ ដើម្បី​អនុវត្ត​ទៅលើ​ដំណោះស្រាយ​បញ្ហា​នៅ​ភូមា​ហ្នឹង»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជម្នះ​ទៅ​បំពេញ​ទស្សនកិច្ច​ដ៏ចម្រូងចម្រាសនៅ​ប្រទេស​ភូមា កាលពី​ថ្ងៃទី៧ និង​ទី៨ ខែមករា កន្លងទៅ ដើម្បី​ជួប​ជាមួយ​មេដឹក​នាំ​​រដ្ឋ​ប្រហារ​ខុសច្បាប់លោក មីន អ៊ុងលាំង​ (Min Aung Hlaing)​ ដូច​តាម​​ការ​ចង់​បាន​របស់​ប្រទេស​ចិន។ លោក ហ៊ុន សែន បាន​ថ្លែង​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នេះ​ថា ជា​ការ​ទៅ​រក​ដំណោះស្រាយ​វិបត្តិ​នៅ​ភូមា និង​ជា​ការ​ជួយ​សង្គ្រោះ​សមាគម​អាស៊ាន​ដែល​កំពុង​បែកបាក់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ស្និទ្ធ​នឹង​លោក សុទ្ធតែ​បាន​ឃោសនា​អួតអាង​ពី​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ និង​ថា​ប្រទេស​ពាក់ព័ន្ធ​ដទៃទៀត​គាំទ្រ​កម្ពុជា ​«ពេញទំហឹង»។ ក៏ប៉ុន្តែ ជោគជ័យ​ដែល​មាន​តែ​នៅ​លើ​បបូរមាត់​នេះ បាន​សាប​រលាប​ទៅ​វិញ ខណៈ​អំពើ​ហិង្សា​នៅតែ​បន្ត​កើត​មាន ប្រព្រឹត្ត​ដោយ​របប​សឹក​ទៅលើ​ក្រុម​ពលរដ្ឋ​ស៊ីវិល​និយម​ប្រជាធិបតេយ្យ ហើយ​កម្ពុជា​ថែមទាំង​មិន​អាច​រៀបចំ​កិច្ចប្រជុំ​ដំបូង​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ទៀត​ផង ដោយ​ត្រូវ​សម្រេច​លើកពេល​គ្មាន​កាលកំណត់។ ប្រទេស​សិង្ហបុរី​ និង​​ឥណ្ឌូនេស៊ី​ (Indonesia)​ បាន​​បង្ហាញ​​ជំហរ​​ជាក់​ច្បាស់​​របស់​​ខ្លួន​​មិន​​ចង់​​ឱ្យ​មាន​វត្តមាន​របប​សឹក​ភូមា​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ដឹកនាំ​ដោយ​កម្ពុជា​នោះ​ឡើយ។ រីឯ ​ម៉ាឡេស៊ី ​(Malaysia)​ និង​​ហ្វីលីពីន​ (The Philippines)​ ក៏​​ចង់​​ឃើញ​កម្ពុជា​ពិគ្រោះ​យោបល់​ជាមុន​សិន​ជាមួយនឹង​សមាជិក​អាស៊ាន​ដទៃទៀត​ជុំវិញ​រឿង​ភូមា​​នេះ ដែល​ការ​ដោះស្រាយ​វិបត្តិ​ភូមា​នេះ​ចាំបាច់​ត្រូវ​មាន​វត្តមាន​របស់​មេដឹកនាំ​ស្រប​ច្បាប់​របស់​ប្រទេស​នេះ គឺ​អ្នកស្រី អ៊ុង សានស៊ូជី និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ក្រុម​អ្នក​សង្កេតការណ៍​វាយតម្លៃ​ថា ទង្វើ​របស់​លោក ហ៊ុន សែន នេះ ជា​ការ​ធ្វើ​ឱ្យ​សមាគម​អាស៊ាន​កាន់តែ​បែកបាក់​ទៅ​វិញ​ទេ ព្រោះ​សមាជិក​សំខាន់ៗ​​របស់​អាស៊ាន​​សុទ្ធ​តែ​បដិសេធ​មិន​ទទួល​ស្គាល់​របប​សឹក​ភូមា និង​ទាមទារ​ឱ្យ​ពួក​យោធា​ភូមា​អនុវត្ត​គោលការណ៍​ឯកភាព ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​ព្រមព្រៀង​កាល​​ពី​​ខែមេសា ឆ្នាំ២០២១។ ចំណុច​សំខាន់​នៅក្នុង​កិច្ចព្រមព្រៀង​រួម ៥ ចំណុច​នេះ តម្រូវ​ឱ្យ​របបសឹក​បញ្ឈប់​អំពើហិង្សា និង​អនុញ្ញាត​ឱ្យ​ប្រេសិត​ពិសេស​អាស៊ាន​អាច​​ជួបចរចា​ជាមួយ​គ្រប់ភាគីពាក់ព័ន្ធ​ក្នុង​ជម្លោះភូមា រួមទាំង​មេដឹកនាំ​ស្របច្បាប់​អ្នកស្រី អ៊ុង សានស៊ូជី ផង។ ក៏ប៉ុន្តែ របបសឹក​ភូមា​មិនបាន​អនុវត្តតាម​នោះ​ទេ សូម្បីតែ​បទ​ឈប់​បាញ់​ដែល​ពួកគេ​បាន​ប្រកាស​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នា​ពេល​ថ្មីៗ​នេះ ក៏​ពួកគេ​មិន​បាន​គោរព​តាម​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នក​វិភាគ​​ថា ជំហរ​​ឯកតោ​ភាគី​​របស់​​​លោក ហ៊ុន សែន រឿង​​​ភូមា​អាច​​​ប៉ះពាល់​​​ដល់​​​ភាព​​​ជា​​​ប្រធាន​​​អាស៊ាន​​របស់​​កម្ពុជា"

  1. Anonymous says:

    sorry AH..CHESSTU this is coming from you are so CHESS . you know what did you ever heiring the word from our old said >>CHESS EANG KRENG CHESS KEAR