លោក ហ៊ុន សែន ទម្លាយ​រឿង​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ

ទំនាក់ទំនងអន្តរជាតិនយោបាយព័ត៌មានជាតិ
លោក ញឹម សុខន | ១៧ មករា ២០២២ | ម៉ោង ១៧:១៨
VOD

លោក ប៉ែន សុវណ្ណ កាលពីពេលលោកនៅរស់ ក្នុងជំនួបបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូឌី កាលពីពេលកន្លងទៅ

លោក ប៉ែន សុវណ្ណ កាលពីពេលលោកនៅរស់ ក្នុងជំនួបបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូឌី កាលពីពេលកន្លងទៅ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយថា ការចាប់ខ្លួនលោក ប៉ែន សុវណ្ណ កាលពីជាង៤០ឆ្នាំមុន ដោយ​សារតែ​អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជារូបនោះ មានផែនការក្បត់​បក្ស និង​បាន​សាង​កំហុសជា​ច្រើន​ទៀត រួ​មទាំង​ការច្បាមអំណាចក្នុងជួររដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែងតាមរយៈសារ​ជា​សំឡេង​​ កាលពីថ្ងៃ​ម្សិលមិញ​​ថា អ្វី​ដែលលោក ប៉ែន សុវណ្ណ បាននិ​យាយនិងសរសេរក្នុងសៀវភៅពាក់ព័ន្ធនឹងការចាប់ខ្លួនគាត់​កាល​ពី​អំឡុង​ឆ្នាំ​១៩៨១​នោះ ជា​​រឿង​​​ខុស​ស្ទើរ​ទាំង​​អស់។ លោក​បន្តថា លោក ​ប៉ែន សុវណ្ណ និយាយ​ត្រូវតែមួយចំណុច​ប៉ុណ្ណោះ នៅត្រង់ថា​លោក ហ៊ុន សែន ជា​អ្នក​ចុះចាប់ខ្លួនគាត់​​ដល់​​​លើ​​ផ្ទះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ទៀត​ថា​ លោក ប៉ែន សុវណ្ណ បានសាងកំហុសជាច្រើន ទាំង​ក្នុង​ជួរ​បក្សនិង​នៅក្នុងជួររដ្ឋាភិបាល ចាប់តាំងពីលោក ប៉ែន សុវណ្ណ ចូល​មក​ដល់​ទីក្រុង​ភ្នំពេញ ក្រោយ​របប​ខ្មែរក្រហម​​បាន​ដួលរលំ។

បើតាមលោក ហ៊ុន សែន នៅក្នុងជួរបក្ស លោក ប៉ែន សុវណ្ណ បានទាមទារកាន់តំណែងជាប្រធានបក្ស ជាអគ្គលេខាបក្ស និងតំណែងនាយករដ្ឋមន្ត្រី។ ប៉ុន្តែថា ក្រោយពីលោកសម្របសម្រួល លោក ប៉ែន សុ​វណ្ណ ទទួលបានតំណែងជានាយករដ្ឋមន្ត្រី និងអគ្គលេខាបក្ស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ថា ក្នុង​តំណែង​នេះ លោក ប៉ែន សុវណ្ណ បានបញ្ជាកម្លាំង​ឱ្យ​ទៅឆែក​ឆេ​រផ្ទះមេ​ដឹកនាំសំខាន់ៗ ដូចជា លោក ជា ស៊ីម លោក ហេង សំរិន និងប៉ុនប៉ងមក​ឆែកផ្ទះរបស់លោក ជាដើម។

លោក ហ៊ុន សែន ទម្លាយទៀតថា ជាកំហុសរបស់លោក ប៉ែន សុវណ្ណ មួយទៀត គឺអំឡុងកិច្ចប្រជុំមេដឹកនាំកំពូលនៅក្រុងភ្នំពេញ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៨១ គឺ​លោក ប៉ែន សុវណ្ណ មានផែនការក្បត់ និង​ចង់ក្រសោប​ការ​គ្រប់គ្រងក្រសួងការពារជាតិមួយទៀត។

លោកថា៖ «ឯរដ្ឋមន្ត្រីក្រសួងការពារជាតិដែលបង ចាន់ ស៊ី កំពុងតែកាន់នេះ គាត់ [ប៉ែន សុវណ្ណ] កាន់ជានាយករដ្ឋមន្ត្រីផង និងកាន់ជារដ្ឋមន្ត្រីការពារជាតិផង។ នេះជាផែនការដែល ប៉ែន សុវណ្ណ បានត្រៀមរៀប​ចំដើម្បីដ​ណ្ដើមយ​កការ​កាន់កាប់កម្លាំងយោធាបន្ថែម»។

លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ពេលនោះហើយដែលជំរុញឱ្យការផ្ដួចផ្ដើមគម្រោង​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ ដែលថាចេញពីរូបលោក និងមន្ត្រីជាន់ខ្ពស់បក្សមួយរូបទៀត គឺលោក សាយ ប៊ូថង។

លោកថា៖ «បង សាយ ប៊ូថង ប្រាប់ខ្ញុំថា ប៉ែន សុវណ្ណ ក្បត់ហើយ ដូច្នេះយើងមិនអាចទុកបាន​ទេ។ ដូច្នេះ​ ខ្ញុំ​ក៏បានបញ្ជាក់​ថា ពិតប្រាកដណាស់បង មិនអាចទុកទៅទៀតបានទេ យើងត្រូវតែដោះស្រាយប​ញ្ហា​របស់យើង​ហើយ។ ប៉ុន្តែត្រូវធ្វើយ៉ាងម៉េចបើ ប៉ែន សុវណ្ណ ជាមនុស្សមកពីវៀតណាម អ៊ីចឹងតើយើងយ​កទៅណា? យើងត្រូវតែហ៊ាននិយាយជាមួយវៀតណាម ដើម្បីប្រគល់ទៅឱ្យវៀតណាមជួយ»។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោក ប៉ែន សុវណ្ណ ជាមនុស្សស្អប់វៀតណាម បើទោះបីគាត់បានរត់ទៅនៅវៀតណាមតាំងពីអាយុ១៥ឆ្នាំ និងយកប្រពន្ធវៀតណាមក៏ដោយ។

អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ មានស្រុកកំណើតនៅខេត្តតាកែវ តែលោកបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែ​តុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគា​ពាធ ហើយ​​បើគិតមកដល់ពេលនេះ មានរយៈពេលជាង៥ឆ្នាំមកហើយ។

ប៉ុន្តែមុនទទួលមរណភាព លោក ប៉ែន សុវណ្ណ បានត្រលប់មកប្រឡូកក្នុងឆាកនយោបាយនៅកម្ពុជាវិញ ជាមួយអតីត​​​គណបក្សសង្គ្រោះជាតិ ដោយ​ឈរឈ្មោះ​ជា​​តំណាង​រាស្ត្រនៅមណ្ឌល​កំពង់ស្ពឺ ក្រោយ​ពី​លោកត្រូ​វបានគេចាប់ឃុំខ្លួនដាក់ពន្ធនាគារ​នៅប្រទេសវៀតណាមជិត១០ឆ្នាំ។

យ៉ាងណា អំឡុង​ពេល​ចូលប្រឡូកក្នុងជីវភាពនយោបាយវិញនា​ពេល​នោះ លោក ប៉ែន សុវណ្ណ បានអះ​អាង​ជា​រឿយៗ​ថា ការ​ចាប់ខ្លួន​លោក​បណ្ដាល​​មក​ពី​លោកប្រឆាំងនឹងសមាជិក​បក្សពី​ការទាមទារឱ្យបង្កើតក្រុមការ​ងា​រពិសេសទប់ស្កាត់បញ្ហាអន្តោប្រវេសន៍​ប្រទេសវៀត​ណាម និងបញ្ហាព្រំដែន រួមទាំងផែនការក៥ ដែលលោកគិតថា នោះជាគ្រោះថ្នាក់របស់ជាតិ។

លោកថា៖ «អ្នកប្រឆាំងនឹងខ្ញុំស្រួចស្រាវបំផុត​គឺលោក ហ៊ុន សែន ហ្នឹងឯង! គេថាកុំបង្កើតគណៈកម្មកា​​រ​​ប​​ណ្ដោះអាសន្នព្រំដែន និងអន្តោប្រវេសន៍​ហ្នឹង​ធ្វើអី! ធ្វើអ៊ីចឹងហាក់ដូចយើងជាតិនិយមហួសហេតុ […] គេសំ​ណូមពរ​មក​ខ្ញុំ​ថា បង​កុំមានគំនិតជាតិនិយមចង្អៀតចង្អល់​ពេក ព្រោះវៀតណាមនិង​យើង​ហ្នឹង បើយើ​ង​និយាយ​​គ្នា និយាយផ្ទៃក្នុងទៅ កុំបាច់មានគណៈកម្មការហ្នឹង ពីព្រោះយើងនិងវៀតណាមតែមួយ»។

អ្នកតាមដានសង្គម លោក គឹម សុខ ចាត់​ទុក​សាររបស់មេដឹកនាំនៅពេលនេះថា មិនមា​ន​ទម្ងន់​សម្រាប់​ពិចារណាបែប​ប្រវត្តិសាស្ត្រទេ ដោយថា​ អ្នកពាក់ព័ន្ធមួយចំនួន រួមទាំងលោក ជា ស៊ីម ផង បានស្លាប់​ទៅហើយ​នោះ។

ប៉ុន្តែលោក គឹម សុខ ចាត់ទុកថា សារនេះហាក់បង្ហាញពីគំនុំទៅនឹងលោក ប៉ែន សុវណ្ណ ដែលប្រឆាំងនឹងការដាក់អាណានិគ​​ម​របស់បរទេស​មក​លើ​កម្ពុជា តាមរយៈថ្ងៃ «៧មករា» ទៅវិញទេ។

លោកថា៖ «សារខុសរដូវរបស់លោក ហ៊ុន សែន នេះ គឺ​គាត់​ព្យាយាមបង្កើតព្រឹត្តិការណ៍លេង ដើម្បីបិទបាំង​នូវ​ការ​បរាជ័យ​របស់​គាត់ ឧទាហរណ៍ បរាជ័យក្នុងដំណើរទស្សនកិច្ចទៅភូមា បរាជ័យនៃការដែលមិនអាចកោះប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយក៏ជាការព្យាយាមបិទបាំងការព្រួយបារម្ភជាខ្លាំងបំផុតរបស់​លោក ហ៊ុន សែន អំពីលទ្ធភាពពិបាកទៅចាប់ដៃលោក ចូ បៃដិន ក្នុងកិច្ចប្រជុំអាស៊ាននិងសហរដ្ឋអាមេរិកនៅពេលខាងមុខ»។

យ៉ាងណា នៅក្នុងសារជាសំឡេង​ជិត១ម៉ោងនោះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អះអាង​ថា កម្ពុជា​នៅតែដឹងគុណវៀតណាម​ពីការលះបង់រហូតពលីជីវិត ដើម្បីរំដោះពលរដ្ឋកម្ពុជា​ឱ្យផុតពីរប​បខ្មែរ​ក្រហម ហើយ​ថា វៀតណាម​ក៏នៅតែ​អរគុណកម្ពុជាដែ​ល​បានជួយវៀតណាមឱ្យមានលទ្ធភាពបញ្ចប់ជម្លោះជាតិសាសន៍រវាង​វៀតណាម​ខាង​ជើង និងវៀតណាម​ខា​ងត្បូងផងដែរ៕


៧មករាកម្ពុជា-វៀតណាមប៉ែន សុវណ្ណវៀតណាមហ៊ុន សែន


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ទម្លាយ​រឿង​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ"

  1. Anonymous says:

    HAS………. why ,,HUN SEN can not forget what was happen in the past ?? CHHEAM SREK SBEKHOV every thing from the past is hunting him right now. YES.. just like the English word said some thing going up one day it will coming down I must say it sour is coming down every one is starting to know about HUN SEN. I knew HUN SEN is sick he want to give this job to his Vietnamese son sorry HUN SEN Cambodian asking for DNA first be for MANETH can be candidate