ដោយ មាន ឫទ្ធិ
2022-01-17
RFA

លោក ហ៊ុន សែន ជួបលោក លឹម ចុកហ៊ុយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន នៅវិមានសន្តិភាពនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក SMP
អគ្គលេខាធិការអាស៊ាន (ASEAN) បានចាប់ផ្ដើមជួបមេដឹកនាំកម្ពុជាហើយ នៅថ្ងៃទី១៧ ខែមករា ក្នុងន័យថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋានអាស៊ាន ជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា។ មន្ត្រីបក្សប្រឆាំងថា អគ្គលេខាធិការអាស៊ានទំនងចង់មកក្រើនរំលឹកកម្ពុជា កុំឲ្យដើរយកតួនាទីប្រធានប្ដូរវេនអាស៊ានទៅប្រើក្នុងការសម្រេចចិត្តជាឯកតោភាគីក្នុងរឿងជម្លោះផ្ទៃក្នុងភូមា ឬមីយ៉ាន់ម៉ា (Myanmar)។
ដំណើរទស្សនៈកិច្ចផ្លូវការរយៈពេល ៥ ថ្ងៃ របស់អគ្គលេខាធិការអាស៊ានលោក លឹម ចុកហ៊ុយ (Lim Jock Hoi) មកកម្ពុជាពេលនេះ ធ្វើឡើងចំពេលរដ្ឋាភិបាលប្រទេសសមាជិកអាស៊ានមួយចំនួន កំពុងបង្ហាញការមិនពេញចិត្តពីរបៀបធ្វើការខុសគេតែឯងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទៅជួបមេដឹកនាំរបបសឹកនៅភូមា និងការបង្ហាញឆន្ទៈចង់ឲ្យប្រទេសមួយចំនួនទៀត ទទួលស្គាល់របបសឹកតាមលោក។
ប្រធានគណបក្សសង្គ្រោះជាតិប្រចាំប្រទេសម៉ាឡេស៊ី លោក អះម៉ាត់ ចាម៉ាល យល់ថា អគ្គលេខាធិការអាស៊ានទំនងនឹងអាចប្រាប់ឲ្យលោក ហ៊ុន សែន កុំដើរខុសគន្លងអាស៊ានតទៅទៀត ព្រោះថា អាស៊ាននឹងមិនអាចទទួលយកមេដឹកនាំរបបសឹកភូមាដាច់ខាត។ មន្ត្រីបក្សប្រឆាំងរូបនេះ ជំរុញឲ្យលោក ហ៊ុន សែន បញ្ឈប់ការធ្វើសកម្មភាពជ្រោមជ្រែងរបបសឹក និងឈប់បញ្ចុះបញ្ចូលឲ្យអន្តរជាតិទទួលស្គាល់របបសឹកភូមាតាមខ្លួនលោក៖ «វត្តមានរបស់អគ្គលេខាធិការអាស៊ានពេលនេះ នឹងមិនធ្វើឲ្យរបបក្រុងភ្នំពេញ ឬក៏ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយជ្រោមជ្រែងរបបសឹកភូមាឲ្យទទួលបានភាពស្មើមុខស្មើមាត់ក្នុងអាស៊ានបានទេ ព្រោះរបបទាំង២នេះ គឺជារបបតែមួយ របបផ្ដាច់ការ ហើយរំលោភសិទ្ធិមនុស្ស និងមិនធ្វើតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។
ការលើកឡើងនេះ ក្នុងពេលដែលអគ្គលេខាធិការអាស៊ាន លោក លឹម ចុកហ៊ុយ បានផ្ដើមបំពេញទស្សនៈកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ មករា ដោយផ្ដើមពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេស និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានប្ដូរវេន គឺ លោក ប្រាក់ សុខុន ហើយបន្ទាប់មក លោកបន្តជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមានសន្តិភាព។
លោក ហ៊ុន សែន សរសេរលើបណ្ដាញសង្គម (Facebook page) ថា លោកបានប្រាប់ទៅអគ្គលេខាធិការអាស៊ាន ពីគោលបំណងរបស់លោកក្នុងការទៅជួបមេដឹកនាំយោធានៃរបបសឹកភូមា ថាដើម្បីសម្រួលឲ្យមានបទឈប់បាញ់ ការបញ្ឈប់អំពើហិង្សា ការផ្ដល់ជំនួយដល់ប្រជាជនភូមា និងការបើកច្រកទ្វារចរចារកដំណោះស្រាយ ជាពិសេសសម្រាប់ប្រសិតពិសេសអាស៊ាន។ ក្រៅពីនេះ លោកបានលើកបញ្ហាវិបត្តិជំងឺឆ្លងកូវីដ១៩ (Covid-19) ការចង់ឲ្យពន្លឿនកិច្ចចរចាក្នុងជម្លោះសមុទ្រចិនខាងត្បូង និងជំរុញឲ្យអាស៊ានបញ្ចូលប្រទេសទីម័រខាងកើត (Timor-Leste) ឲ្យក្លាយជាសមាជិកអាស៊ានឲ្យបានលឿន។
លោក ហ៊ុន សែន មិនបានសរសេរបញ្ជាក់ថា អគ្គលេខាធិការអាស៊ានលោក លឹម ចុកហ៊ុយ ឆ្លើយតបវិញបែបណាទេ ជុំវិញករណីវិបត្តិនៅមីយ៉ាន់ម៉ា។ ប៉ុន្តែរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន អះអាងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបនោះថា អគ្គលេខាធិការអាស៊ាននឹងគាំទ្រគំនិតយន្តការត្រយការ (Troika) ដែលមានអតីតប្រធានអាស៊ាន ប្រធានអាស៊ានបច្ចុប្បន្ន និងអនាគតប្រធានអាស៊ានដោយបន្ថែមអគ្គលេខាធិការអាស៊ាន ធ្វើការជាមួយគ្នាដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៅមីយ៉ាន់ម៉ា។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក គុយ គួង និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១៧ ខែមករា។
ជុំវិញករណីនេះដែរ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត (M.O.D) លោក សេក សុជាតិ យល់ថា ដំណើរទស្សនៈកិច្ច៥ថ្ងៃរបស់អគ្គលេខាធិការអាស៊ានមកកម្ពុជានេះ គឺដើម្បីសម្របសម្រួលកិច្ចប្រជុំនានាដែលអាស៊ាននឹងត្រូវប្រជុំជាបន្តបន្ទាប់ ព្រោះថាអគ្គលេខាធិការអាស៊ាន នឹងមិនមានឥទ្ធិពលខ្លាំងដូចសមាជិកទេ។ តែយ៉ាងណា លោកព្រួយបារម្ភថា ប្រទេសសមាជិកអាស៊ានមួយចំនួន អាចនឹងបន្តពហិការកិច្ចប្រជុំអាស៊ានផ្សេងទៀត ក្នុងករណីដែលស្ថានភាពនៅតែបន្តភាពចម្រូងចម្រះ៖ «បើសិនជាមានបញ្ហាអ៊ីចឹង! ខ្ញុំនៅតែគិតថា វាមិនអាចទៅរួចដដែលពីព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនមិនអាចប្រើប្រាស់ឥទ្ធិពលក្នុងនាមជាប្រធានប្ដូរវេន ហើយដាច់ខាតត្រូវតែឲ្យមីយ៉ាន់ម៉ាចូលរួមទេ ប្រសិនបើគ្មានការឯកភាពពីអាស៊ាន៨ផ្សេងទៀត»។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រទេស ៥ របស់អាស៊ានបានបង្ហាញជំហរជំទាស់នឹងការសម្រេចជាឯកតោភាគីរបស់លោក ហ៊ុន សែន រឿងដែលលោកទៅជួបមេដឹកនាំរបបសឹកនៅមីយ៉ាន់ម៉ាកាលពីដើមខែមករា។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក តេអូដូរ៉ូ លូកស៊ីន (Teodoro Locsin) យល់ថា ការចូលរួមរបស់ប្រេសិតពិសេសអាស៊ានក្នុងកិច្ចចរចាបទឈប់បាញ់នៅមីយ៉ាន់ម៉ាមិនគួរធ្វើតែជាមួយត្រឹមអង្គការប្រដាប់អាវុធជនជាតិភាគតិចទេ តែត្រូវមានវត្តមានភាគីខាងគណបក្សរបស់លោកស្រី អ៊ុនសាន ស៊ូជី (Aung San Suu Kyi) ផង។ ចំណែករដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក សៃហ្វូដឌីន អាប់ឌុលឡាស់ (Saifuddin Abdullah) និយាយថា រដ្ឋមន្រ្តីការបរទេសអាស៊ានខ្លះ មិនយល់ស្របនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅទទួលស្គាល់មេដឹកនាំរបបសឹកភូមាឡើយ។
ឯនាយករដ្ឋមន្ត្រីសឹង្ហបូរី លោក លី សៀនឡុង (Ly Hsien Loong) ប្រាប់លោក ហ៊ុន សែន ថា តួនាទីប្រធានអាស៊ានចាំបាច់ត្រូវតែប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងពួកយោធានិងខាងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុង សានសូជី។ លោកបញ្ជាក់ជំហរថា សិង្ហបុរីមិនចង់ឱ្យមេដឹកនាំរបបសឹកភូមាចូលរួមកិច្ចប្រជុំឡើយ លុះត្រាណាទាល់តែមានការវិវឌ្ឍន៍សំខាន់ក្នុងការអនុវត្តគោលការណ៍ឯកភាព ៥ ចំណុច។ ដូចគ្នានេះដែរ សម្រាប់ឥណ្ឌូនេស៊ីវិញ ប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ធ្លាប់បញ្ជាក់ថា ប្រសិនបើលក្ខខណ្ឌទាំង ៥ ចំណុចមិនត្រូវបានរបបសឹកអនុវត្តទេ តំណាងរបស់ប្រទេសមីយ៉ាន់ម៉ា អាចចូលរួមប្រជុំអាស៊ានបាន តែក្នុងកម្រិតមិនមែននយោបាយតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកវិភាគថា ជំហរឯកតោភាគីរបស់លោក ហ៊ុន សែន រឿងភូមាអាចប៉ះពាល់ដល់ភាពជាប្រធានអាស៊ានរបស់កម្ពុជា
- អ្នកជំនាញជំរុញកម្ពុជាកុំឱ្យមេដឹកនាំរដ្ឋប្រហារភូមាចូលរួមដើម្បីបញ្ចៀសការលើកពេលកិច្ចប្រជុំអាស៊ានទៀត
- ប្រេសិតពិសេស អ.ស.ប ទទួលបន្ទុកកិច្ចការភូមារំឮកលោក ហ៊ុន សែន ឱ្យដោះស្រាយវិបត្តិភូមាស្របតាមឆន្ទៈពលរដ្ឋនៃប្រទេសនេះ
- អ្នកឃ្លាំមើលសង្គម ថាការលើកពេលប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន អាចមកពីរឿងនយោបាយ
- កិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន ត្រូវលើកពេលដោយគ្មានកាលកំណត់
- អ្នកវិភាគថា ការគាំទ្ររបស់ចិនក្នុងទំនាក់ទំនងការទូតកម្ពុជាជាមួយរបបសឹកមីយ៉ាន់ម៉ាមិនមែនជារឿងល្អទេ
- ក្រុមសមាជិកសភាអាស៊ាន ថាមេដឹកនាំរដ្ឋប្រហារពីររូបនាំគ្នាធ្វើរដ្ឋប្រហារបំផ្លាញអាស៊ាន
- តំណាងរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមាថា ដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែនទៅភូមាធ្វើឲ្យអាស៊ានកាន់តែចុះខ្សោយ
- “ការសន្យាពីភាគីរដ្ឋប្រហារយោធារបស់លោក មីន អ៊ុងលាំង មិនអាចបញ្ចប់ជម្លោះនៅភូមាទេ”
- មេដឹកនាំយោធាភូមាយល់ព្រមអនុវត្តតាមគោលការណ៍ ៥ចំណុចរបស់អាស៊ាន
I knew the reason why he come to Cambodia. YES…. they knew HUN SEN is so dump should not be in any kind of responsible for Cambodia . they also knew HUN SEN was an ugly evil monster used to murder so many Cambodian . ASIAN will not let HUN SEN do whatever he want I want to say they are too smart .
please be a wear of this uneducated dog he just want to test ASIAN community . of cause this ugly evil monster dictator was so dump but he had adviser witch came from communist VIETCONG and CHINA to tell him what to do .