អ្នកវិភាគ​​ និង​​គណបក្ស​​នយោបាយ​​រិះគន់​​រដ្ឋាភិបាល​​​កម្ពុជា​ដែល​​បញ្ចូល​ទិវា​នយោបាយ​ឈ្នះឈ្នះ ២៩​ធ្នូ ទៅក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ

ដោយ សេក បណ្ឌិត
2022-01-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកវិភាគ​​ និង​​គណបក្ស​​នយោបាយ​​រិះគន់​​រដ្ឋាភិបាល​​​កម្ពុជា​ដែល​​បញ្ចូល​ទិវា​នយោបាយ​ឈ្នះឈ្នះ ២៩​ធ្នូ ទៅក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​វិមាន ​ឈ្នះឈ្នះ ​ដែលលោក​បាន​បញ្ជាឱ្យ​ក្រសួង​ការពារជាតិ​កសាង​ឡើង ​ដើម្បី​ជា​និមិត្តរូប​នៃការ​អនុវត្ត​គោលនយោបាយ ​ឈ្នះឈ្នះ ដែល​លោក​អះអាងថា បានបញ្ចប់សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅកម្ពុ​ជានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ រូប៖ ហ្វេសប៊ុក SMP


អ្នកវិភាគ និង​​មន្ត្រី​គណបក្ស​ប្រឆាំង​​រិះគន់​​រដ្ឋាភិបាល​​ដែល​​ដាក់​​បញ្ចូល​​ទិវា​​នយោបាយ​ឈ្នះ ឈ្នះ​ ២៩​ ខែធ្នូ​ ទៅ​ក្នុង​​ប្រតិទិន​​ប្រចាំ​ឆ្នាំ​ថា ជាការ​បន្លំប្រវត្តិសាស្ត្រ និង​​ជា​​ការ​​បង្ហា​ញ​ថា​ វៀតណាម​​នៅ​តែ​មាន​​គុណ​​លើ​​រដ្ឋាភិបាលលោក ហ៊ុន សែន។​ ប៉ុន្តែរដ្ឋាភិបាលលើកឡើងថា កម្ពុជា​​បាន​​កំណត់​​យក​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៨​ ជា​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​​ទាំង​ស្រុង​​ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម​ និង​ទទួល​បាន​​សន្តិភាព​​ពេញ​លេញ​ តាម​រយៈ​នយោបាយ​​ ឈ្នះ​ ឈ្នះ​ នេះ។​

អ្នកវិភាគ​និង​មន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ថា​ ទិវា​នយោបាយ​ ឈ្នះ ឈ្នះ​ ២៩ ខែ​ធ្នូ​ ដែល​​​ត្រូវ​ដាក់​ចូលក្នុង​ប្រតិទិន​ ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០២២​ តទៅ​នេះ​​ មិនមែន​ជា​ថ្ងៃ​ខ្មែរ​ទាំង​មូល​ឈ្នះ​នោះ​ទេ​ ប៉ុន្តែ​គឺ​ជា​ថ្ងៃ​ឈ្នះ​របស់​ក្រុម​គ្រួសារ​ត្រកូល​ ហ៊ុន​ ​ក្នុង​ការ​គ្រប់គ្រង​អំណាច​ត​ត្រកូល​។ ​ ​ពួក​គេ​ជំរុញ​មាន​ដាក់​បញ្ចូល​ថ្ងៃ​២៣​ ខែតុលា​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស​​ក្នុង​ប្រតិទិន​ឈប់​សម្រាក​ប្រចាំឆ្នាំ​។​

​​​​អ្នកវិភាគ​នយោបាយ​ ដែល​កំពុង​ភៀសខ្លួន​នៅ​ ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ​ រិះគន់​ថា​ រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ បាន​យក​ថ្ងៃ​២៩ ខែ​ធ្នូ​ ឆ្នាំ​១៩៩៨​​  ជា​ការ​បន្លំប្រវត្តិសាស្ត្រ​ ​​ ជ្រក​ក្រោម​ស្លាក​នយោបាយ​ឈ្នះ​ឈ្នះ​​។​ លោក​បន្ត​ថា​ ​ការ​បញ្ចូល​ទិវា​នយោបាយ​ឈ្នះ​ ឈ្នះ​ ២៩ ​ធ្នូ​ ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​ជាការ​​បញ្ឆេះ​​កំហឹង​​ពលរដ្ឋ​ខ្មែរ​ឲ្យ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ចំពោះ​ការ​ឈ្នាន​ពាន​​​របស់​កង​ទ័ព​វៀតណាម​លើ​ទឹកដី​កម្ពុជា​៖ «ហើយធ្វើឱ្យកម្ពុជានៅតែរងគ្រោះ រហូតដល់បច្ចុប្បន្ន ដែលបង្កឡើងដោយកម្លាំងវៀតណាមនៅក្នុងផ្ទៃក្នុងនៃរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងពួកនិគមន៍ជនអន្តោប្រវេសន៍ខុសច្បាប់នៅលើទឹករាប់ម៉ឺនគ្រួសារនៅក្នុងព្រៃរាប់ម៉ឺនគ្រួសារ នៅក្នុងផ្សារបន្លំធ្វើជាខ្មែររាប់ម៉ឺនគ្រួសារទៀត»

បក្ស​កាន់អំណាចតែង​អះអាង​ដដែលៗថា នយោបាយ ឈ្នះ ឈ្នះ គឺជា​គោលដៅ​ធ្វើ​ឲ្យ​រលាយ​អង្គការ​ចាត់​តាំងរបស់​ខ្មែរក្រហម និង​ជា​នយោបាយ​គ្មាន​អ្នកឈ្នះ គ្មាន​​អ្នក​ចាញ់​ដែល​លោក ហ៊ុន សែន បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៨ ក្រោយពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

ទោះ​យ៉ាងណា​​ មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​លោក​ ដួង ចន្ត្រា​ ដែល​កំពុង​ភៀសខ្លួន​​នៅ​ប្រទេស​ថៃ​ ប្រាប់វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី១៨ ខែមករា​ថា​​ ទិវា​​នយោបាយ​​ឈ្នះ​ឈ្នះ​​របស់​​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ គឺ​គ្រាន់​តែ​ជា​ថ្ងៃ​ ដែលបក្ស​កាន់​អំណាច​ឈ្នះ​លើ​ខ្មែរ​គ្នា​ឯង​បាន​បង្ហូរ​ឈាម​ខ្មែរ​​ ដើម្បី​គ្រប់គ្រង​អំណាច​​ ហើយ​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពលរដ្ឋ​ទូទៅ​នោះ​ទេ​។​ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​យល់​ថា​ ​ថ្ងៃ​​២៣ ខែ​តុលា​ ទើប​ជា​ថ្ងៃ​​ខ្មែរ​គ្រប់​ភាគី​ឈ្នះ​ទាំង​អស់​គ្នា​ក្នុងការ​​បញ្ចប់​​សង្គ្រាម​​ស៊ីវិល​ ដូច្នេះ​រដ្ឋាភិបាល​ គួរ​​ដាក់​បញ្ចូល​ថ្ងៃ​២៣ ខែ​តុលា​ នៃ​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស​​ក្នុង​ប្រតិទិន​ឈប់​សម្រាក​ប្រចាំឆ្នាំ​៖ «១៩៩៣ ឆ្នាំបោះឆ្នោតកន្លងមក ហើយមានរដ្ឋប្រហារនោះក៏គាត់ថា អាហ្នឹងឈ្នះឈ្នះដែរ អីចឹងហើយគាត់ថា ឈ្នះឈ្នះនៅឆ្នាំ១៩៩៧ ដែលជារដ្ឋប្រហារមួយធំបំផុតនៅទីក្រុងភ្នំពេញ គាត់ថា ឈ្នះឈ្នះដែរ ចឹងការឈ្នះឈ្នះនេះមិនមែនជាការឈ្នះសម្រាប់ប្រជាពលរដ្ឋខ្មែរទេ គឺឈ្នះអ្វីដែលបង្ហូឈាមដណ្តើមអំណាចតែប៉ុណ្ណោះ»

ប្រតិកម្ម​របស់ អ្នកវិភាគ​និង​មន្ត្រី​គណបក្ស​ប្រឆាំង​​ក្រោយ​ពី​លោក​​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ចេញ​សារាចរ​ណែនាំ​មួយ​កាល​ពី​ថ្ងៃ​១៤​ ខែ​មករា​ កំណត់​យក​ថ្ងៃទី២៩ ខែ​ធ្នូ​ ជា​​ទិវា​នយោបាយ​ឈ្នះ ឈ្នះ​ ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​ ដើម្បី​ជា​ការ​ដឹង​គុណ កតញ្ញូ​ និង​ចងចាំ​គុណូបការៈ​​​ថ្ងៃ​២៩ ខែ​ធ្នូ​នេះ​។ លោក​ ហ៊ុន​ សែន​ លើកឡើង​ក្នុង​សារាចរ​នោះ​ទៀត​ថា​ ​​​​២៣ ​ឆ្នាំ​កន្លង​មក​ កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៨​ ជា​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង​ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម​ និង​ទទួល​បាន​សន្តិភាព​ពេញលេញ​ តាម​រយៈនយោបាយ​ឈ្នះ​ ឈ្នះ​ បន្ទាប់​ពី​ឆ្លង​កាត់​នូវ​ដំណាក់​កាល​ សង្គ្រាម​នៃ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ ដំណាក់​កាល​សង្គ្រាម​ផង​ និងចរចា​ផង​។​

រីឯ​​អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា​លោក​ សុខ​ ឥសាន លើកឡើង​ថា​ ថ្ងៃ​២៩ ខែ​ធ្នូ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការ​បញ្ចប់​សង្គ្រាម​​ដែល​កម្ពុជា​មិន​ធ្លាប់​មានពី​មុន​មក។​​ លោក​ថា​ អ្នក​រិះគន់​​ការ​ដាក់បញ្ចូល​ទិវា​នយោបាយ​ឈ្នះ​ ឈ្នះ​​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​ ​គឺ​ជា​ការយល់​ឃើញ​ក្នុង​នាម​អ្នក​ប្រឆាំង​​។​ ចំពោះ​ការ​​​ស្នើ​យក​ថ្ងៃ​២៣ ខែ​តុលា​​ ដាក់​បញ្ចូល​​​ជា​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ គឺ​មិន​ចាំ​ចាច់​នោះ​ទេ​ ព្រោះថ្ងៃ២៣ ខែ​តុលា​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​​​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​​អស់​​ហើយ​៖ «ពីព្រោះសន្តិភាពពេញលេញទូទាំងប្រទេសនិងការឯកភាពជាតិគឺជាសមិទ្ធផលសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស រួមទាំងអ្នកកាន់អំណាចផង អ្នកប្រឆាំងផង ទាំងអ្នកប្រកួតប្រជែងផង វាអត់មានថាសន្តិភាពហ្នឹងបានតែគណបក្សប្រជាជនកម្ពុជាឯណា?»

នយោបាយ​ឈ្នះ ឈ្នះ​រវាងខ្មែរនិងខ្មែររបស់​លោក ហ៊ុន សែន  ត្រូវគេមើលឃើញថា មាន​ល្អតែ​នៅលើ​ក្រដាស​ច្រើនជាង។ រដ្ឋាភិបាល​លោក ហ៊ុន សែន មិនបាន​អនុវត្តដោយស្មោះត្រង់ទេ ពីព្រោះ​ថា ការ​បង្ហូរ​ឈាមខ្មែរ​គ្នា​ឯង និងការបង្ក្រាបដោយហិង្សា និងការចាប់ដាក់គុកឥតស្រាកសា្រន្ដទៅលើខ្មែរគ្នាឯងដែលមាននិន្នាការនយោបាយមិនដូចបក្សកាន់អំណាចនៅតែ​បន្ត​កើតមាន​ជា​ហូរហែរ ជាពិសេសនោះ​ គឺការ​​រំលាយ​គណបក្ស​សង្រ្គោះជាតិ នៅឆ្នាំ២០១៧​ ដែល​មាន​អ្នក​គាំទ្រ​ជិតពាក់​កណ្ដាល​ប្រទេស​ បណ្ដាល​ឲ្យ​កម្ពុជា​​ជួប​វិបត្តិ​នយោបាយ​ និង​កំពុង​រង​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ឥត​ឈប់​ឈរ​​​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នកវិភាគ​​ និង​​គណបក្ស​​នយោបាយ​​រិះគន់​​រដ្ឋាភិបាល​​​កម្ពុជា​ដែល​​បញ្ចូល​ទិវា​នយោបាយ​ឈ្នះឈ្នះ ២៩​ធ្នូ ទៅក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ"

  1. Anonymous says:

    it is sourly VIETCONG monument