ដោយ ទីន ហ្សាការីយ៉ា
2022-01-20
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ប៊ូយ ថាញ់សឺន (Bui Thanh Son)។ រូបពីហ្វេសប៊ុកលោក ហ៊ុន សែន
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង និងអ្នកវិភាគ ថា ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខការទូតវៀតណាម មិនបានផ្តល់ប្រយោជន៍ច្រើនដល់កម្ពុជានោះទេ។ ការលើកឡើងនេះ ខណៈដែលរដ្ឋមន្ត្រីការបរទេសវៀតណាម កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីរថ្ងៃដោយជួបពិភាក្សាជាមួយលោក ហ៊ុន សែន អំពីវិបត្តិរបស់ប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) និងបញ្ហាពាក់ព័ន្ធរបស់អាស៊ាន រួមទាំងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនិងអ្នកវិភាគនយោបាយ លើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតវៀតណាមនៅកម្ពុជា គឺជាការប្រើឥទ្ធិពល ដើម្បីស្វែងរកផលប្រយោជន៍ពីកម្ពុជាដែលកំពុងធ្វើជាប្រធានអាស៊ានប្តូរវេន។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមមកកម្ពុជា មិនមែនគ្រាន់តែដើម្បីសរសើរនិងគាំទ្រលោក ហ៊ុន សែន រឿងទៅប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែទំនងជាមកដាក់សម្ពាធកុំឲ្យកម្ពុជាលម្អៀងទៅរកចិន ពន្លឿនការបោះបង្គោលព្រំដែន និងផ្តល់ភាពស្របច្បាប់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ជាដើម៖ «វៀតណាម ព្រួយបារម្ភរឿងកម្ពុជាលម្អៀងទៅខាងចិន ម្ល៉ោះហើយទើបបានជាវៀតណាម មកកម្ពុជាពេលនេះ ទោះបីជាប្រធានាធិបតីវៀតណាម ទើបមកហើយក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសវៀតណាមមកបន្ថែមទៀតដើម្បីប្រាប់កម្ពុជាថា កុំលម្អៀងទៅចិនខ្លាំងពេក ពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង ព្រោះវៀតណាម ក៏ធ្លាប់ជួយកម្ពុជា ហើយលោក ហ៊ុន សែន ក៏វៀតណាម ធ្លាប់ជួយលើកបន្តុបកន្លងមកដែរ តាំងពីទសវត្សទី៨០មកម្ល៉េះ។ មួយទៀត អាចមកពន្លឿនដើម្បីបោះ បង្គោលព្រំដែន ព្រោះវៀតណាមមិនដែលខានទេរឿងព្រំដែន រឿងទឹកដីនេះ ។ មួយទៀត ខ្ញុំ ក៏យល់ថា វៀតណាមប្រាកដជារំលឹកឲ្យកម្ពុជាផ្តល់ភាពស្របច្បាប់ ជួយទំនុកបម្រុងដល់ជនជាតិវៀតណាមដែលរស់នៅខុសច្បាប់នៅកម្ពុជា»។
ការបញ្ចេញទស្សនៈបែបនេះ ស្របពេលរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) បំពេញទស្សនកិច្ចនៅកម្ពុជាពីរថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ មករា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជួបជាមួយមន្ត្រីកំពូលៗកម្ពុជាច្រើននាក់ទៀតរួមទាំងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជាដើម។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ប្រមុខការទូតវៀតណាម បានលើកសរសើរលោក ហ៊ុន សែន រឿងទៅមីយ៉ាន់ម៉ា ថា ជាកិច្ចការដ៏មានតម្លៃ ព្រមទាំងគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។ ក្រៅពីនេះ ភាគីទាំងពីរ បានប្ដេជ្ញាបន្តរក្សាសន្តិភាពតាមព្រំដែន ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយគ្នាបន្ថែមទៀតផងដែរ។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ យល់ថា ដំណើរទស្សនកិច្ចនេះ មិនបានផ្តល់ប្រយោជន៍អ្វីធំដំដល់ប្រទេសកម្ពុជានោះទេ គ្រាន់តែវៀតណាម ជួយលើកមុខលោក ហ៊ុន សែន ដែលកំពុងរងការរិះគន់រឿងទៅមីយ៉ាន់ម៉ាតែប៉ុណ្ណោះ។លោក ជឿថា ក្នុងជំនួបជាមួយក្រុមមេដឹកនាំកម្ពុជានោះ ប្រមុខការទូតវៀតណាម ប្រាកដជាលើកឡើងរឿងជំហរ កម្ពុជាក្នុងជម្លោះសមុទ្រចិនខាងត្បូង ព្រមទាំងផ្តល់យោបល់ ឲ្យកម្ពុជា ចេះសម្របខ្លួនដើម្បីកុំឲ្យរាំងស្ទះដល់ដំណើរការកិច្ចប្រជុំអាស៊ាន៖ «រឿងដែលសំខាន់បំផុត គឺវៀតណាម បារម្ភថា អាស៊ាន និង អាមេរិក មិនអាចប្រជុំបាន ហើយមិនអាចប្រជុំបានទេ វាខូចដល់គម្រោងនៃផលប្រយោជន៍ដ៏ធំរបស់វៀតណាម ទាំងផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការអាស៊ាន– អាមេរិក និងផលប្រយោជន៍អាមេរិក-វៀតណាមដែលវៀតណាមគ្រោងដាក់គម្រោង ច្រើនណាស់ជាមួយសហរដ្ឋអាមេរិក ពេលដែលកិច្ចប្រជុំអាមេរិក និងអាស៊ាន។ ទាក់ទងកម្ពុជា និងវៀតណាមផ្ទាល់វិញ ខ្ញុំឃើញរឿង២ដែលវៀតណាមប្រឹងជំរុញទី១ គឺផ្តល់ឯកសារស្របច្បាប់ដល់ជនជាតិវៀតណាមរាប់សែននាក់និងការពន្លឿនអភិវឌ្ឍ តំបន់ត្រីកោណដែលកម្ពុជាមានខេត្ត៤ គឺក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី»។
កន្លងមក ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ជាឯកតោភាគីទៅប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមានការរិះគន់ពីប្រទេសជាសមាជិកអាស៊ានសំខាន់ៗមួយចំនួនដូចជាសិង្ហបុរី(Singapore) និងម៉ាឡេស៊ី ប៉ុន្តែទទួលបានការគាំទ្រពីប្រទេសកុម្មុយនីស្តមួយចំនួនដូចជាប្រទេសចិន និងវៀតណាមជាដើម។អ្វីដែលសមាជិកអាស៊ានមួយចំនួន រិះគន់នោះ ព្រោះតែលោក ហ៊ុន សែន ព្យាយាមទទួលស្គាល់របបសឹកភូមា និងចង់ឲ្យមេដឹកនាំយោធាភូមា ចូលរួមកិច្ចប្រជុំអាស៊ាន ខណៈដែលរបបសឹកភូមា មិនបានអនុវត្តតាមកិច្ចព្រមពៀងរួម៥ចំណុចរបស់អាស៊ាន ដោយនៅតែបន្តបាញ់ប្រហារ និងកាប់សម្លាប់ប្រជាជនភូមាដែលតវ៉ាចង់បានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។បញ្ហានេះ បានធ្វើឲ្យកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើកាលពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ត្រូវបានលើកពេលដោយគ្មានកាលកំណត់។
ក្រុមអ្នកឃ្លាំមើល យល់ថា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន លោក ហ៊ុន សែន គួរតែប្រកាន់ជំហរពហុភាគីនិយម ទើបអាចជួយឱ្យកម្ពុជា រៀបចំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធទាំងឡាយរបស់អាស៊ានបានដោយរលូន និងអាចទាក់ទាញផលប្រយោជន៍សម្រាប់ប្រទេសជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
look this ugly evil monster is only good with his boss VIETCONG . the reason he give up to his VIETCONG boss is they got him in powers after VEITCONG invasion