អ្នកឃ្លាំមើល​សវនាការ​លោក កឹម សុខា ចង់​ឃើញ​អ្នក​នយោបាយ​តម្កល់​ប្រយោជន៍​ជាធំ

តុលាការ និងច្បាប់នយោបាយព័ត៌មានជាតិ
លោក ញឹម សុខន | ២០ មករា ២០២២ | ម៉ោង ១០:១៥
VOD

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)


អ្នកតាម​ដានសវនាការជំនុំជម្រះសំណុំរឿង​លោក កឹម សុខា បានបង្ហាញទស្សនៈ​ច​ង់​ឱ្យ​អ្នក​នយោ​បាយងាក​ទៅ​ប្រកួត​អំណាច​គ្នាតាមគន្លងប្រជាធិប​តេយ្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ដើម្បីការពារប្រយោជន៍ជាតិ និងធ្វើជាគំរូដល់​យុវជន​ជំនាន់​ក្រោយ។

ការបង្ហាញ​ទស្សនៈ​នេះធ្វើឡើង​នៅព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ​ឆ្នាំ​២០២២​នេះ ស្របពេល​ដែល​ពួក​គេ​មក​ឃ្លាំមើល​​​សវនាការ​ជំនុំជម្រះ​សំណុំរឿង​​ប្រធានគណបក្សសង្គ្រោះជាតិ​ដែលត្រូវបានតុលាការ​រំលាយ​ លោក កឹម សុខា ឡើងវិញ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីតុលាការ​បាន​ផ្អាក​អស់​រយៈ​ពេល​ជិ​ត​២ឆ្នាំ ពាក់ព័ន្ធបទចោទ​​ «ក្បត់ជាតិ» ឬចង់​ផ្ដួលរំលំរដ្ឋាភិបាល។

មន្ត្រីជាន់ខ្ពស់​​​គណបក្សសង្គ្រោះជាតិ​ដែល​តុលាការ​បាន​រំលាយ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះ​បន្ទូល​ថា សំណុំរឿងចោទ​ប្រកាន់​លោក កឹម សុខា ត្រូវបានគេមើលឃើញថាជារឿងនយោបាយ ហើយថាការណ៍​នេះ គឺ​ចាំបាច់ណាស់​ត្រូវរ​ក​ច្រកចេញតាមផ្លូវនយោបាយ ទើបអាចដោះស្រាយបញ្ហាបាន។ ព្រះអង្គគូស​បញ្ជាក់​ថា បើពុំមានដំណោះស្រាយនយោបាយណាមួយ​ឈានទៅរកការ​បង្រួប​បង្រួម​ជាតិ​ទេ នឹង​បន្ត​ឱ្យកម្ពុជា​ខាត​បង់ និង​ទម្លាក់​បន្ទុកនេះ​ទៅក្មេងជំនាន់ក្រោយ ពាក់ព័ន្ធទៅនឹងគម្រោងផ្ទេរ​អំណាចរបស់មេដឹក​នាំ។

មន្ត្រីជាន់ខ្ពស់​​​គណបក្សសង្គ្រោះជាតិ​ដែល​តុលាការ​បាន​រំលាយ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ថ្ងៃសវនាការសំណុំរឿងលោក កឹម សុខា សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
មន្ត្រីជាន់ខ្ពស់​​​គណបក្សសង្គ្រោះជាតិ​ដែល​តុលាការ​បាន​រំលាយ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ថ្ងៃសវនាការសំណុំរឿងលោក កឹម សុខា សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ព្រះអង្គមានបន្ទូលថា៖ «នេះហើយ​ជា​សំណួរមួយសំខាន់សម្រាប់សម្ដេចតេជោ ហ៊ុន សែន បើសិនជាគាត់មិនចង់ដោះស្រាយបញ្ហានយោបាយបច្ចុប្បន្ន បានន័យថា គាត់ចង់ផ្ទេរបញ្ហាហ្នឹងទៅជូនឯកឧត្ដម ហ៊ុន ម៉ាណែត។ អាហ្នឹងជាសំណួរមួយសំខាន់»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍​ថា ការចោទប្រកាន់​លោក កឹម សុខា ត្រូវបានគេមើលឃើញថា ជាវិវាទ​នយោបាយ ដោយ​លោកសម្អាងថា សារ​ទាមទារជាច្រើន​ឱ្យ​រដ្ឋាភិ​បាល​សម្របសម្រួល​ផ្នែកនយោបាយ ដើម្បីធានាឡើងវិញនូវ​ការបោះឆ្នោតមួយ​ដោយ​សេរី​ ត្រឹម​ត្រូវ និងយុត្តិ​ធម៌ ព្រមទាំង​​មា​ន​​គណបក្សប្រឆាំង​នេះចូលរួម។

មួយវិញទៀត លោក​កត់សម្គាល់ថា សំណុំរឿងនេះ​បានបន្តអូសបន្លាយច្រើនឆ្នាំ បង្កឱ្យមាន​ការរិះ​គន់​ជាបន្តបន្ទាប់​ពី​ការ​ប្រើប្រព័ន្ធតុលាការមិនឯករាជ្យ។ លោកបារម្ភ​ថា បើ​គ្មានដំណោះ​ស្រាយនយោ​បាយ​ណា​មួយ​កើត​ឡើងទេ នោះ​វិធាន​​ការ​ដាក់​​សម្ពាធ​ពី​សហគមន៍អន្តរជាតិ ដើម្បីជំរុញឱ្យកម្ពុជា​ស្ដារស្ថានភាព​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យឡើងវិញ​ នឹង​ក្លាយជា​វិបត្តិដល់ក្មេងជំនាន់ក្រោយ។

លោកថា៖ «បើសិនជាយើងមិនព្រមព្រៀងគ្នា ដើម្បីដោះស្រាយវិបត្តិនយោបាយទេ នៅពេលដែល​យើងអស់​ជីវិត​ទៅ​ អាហ្នឹងវាបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ​នៅបន្ត​ឈ្លោះគ្នាតទៅទៀត អានេះជាវិបត្តិ»។

សមាជិកក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មើលឃើញថា ការ​ប្រើប្រព័ន្ធ​យុត្តិធម៌ដើម្បី​កាត់​ទោសអ្នកមកពី​សំឡេង​ជំទាស់នាប៉ុន្មានឆ្នាំមកនេះ បាន​ជំរុញឱ្យ​កម្ពុជា​ខាត​បង់ ក្នុងនោះមាន​ដូចជា​ សហភាពអឺរ៉ុប​កាត់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA ២០ភាគរយ មុន​ការ​កំណាត់ និង​មិនអាច​ទាក់​ទាញ​អ្នក​វិនិយោគធំៗឱ្យ​មក​បង្កើត​ការ​ងារ​នៅ​កម្ពុជា​បាន​ទេ។

តែយ៉ាងណា លោកគិតថា ដំណោះស្រាយបច្ចុប្បន្នមានតែការចរចា​នយោបាយទេ ទើបអាចដោះស្រាយបញ្ហាជាតិបាន ហើយ​បន្ទាប់​មក​ត្រូវ​រួម​គ្នាព​ង្រឹង​ប្រជាធិប​តេយ្យតបតាម​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ ដើម្បីធានាការ​បោះឆ្នោត​មួយ​ដោយ​​សេរី ត្រឹមត្រូវ និងយុត្តិធ​ម៌។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការលើកឡើងនេះថាបានប្រាសចាកពីសង្គមប្រជាធិបតេយ្យនិងនីតិរដ្ឋ។

លោកថា៖ «រឿងអ្នកនយោបាយប្រព្រឹត្តល្មើសច្បាប់ វាត្រូវដោះស្រាយតាមប្រព័ន្ធច្បាប់ ប្រព័ន្ធ​​តុលាការនៅ​ក្នុង​​សង្គមប្រជាធិបតេយ្យ។ ហើយបើអ្នកនយោបាយប្រព្រឹត្តបទល្មើស​ ហើយដោះស្រាយតាមនយោ​បាយ អាហ្នឹង​ប្រព័ន្ធតុលាការ ប្រព័ន្ធច្បាប់​បង្កើតមកដើម្បីអ្វី? អាហ្នឹងវាលែងទៅជាប្រព័ន្ធប្រជាធិបតេយ្យនីតិ​រដ្ឋ​ហើយ»។

ប្រហាក់ប្រហែលគ្នានេះដែរ អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​សម្អាង​ថា ដើម្បី​រក្សាប្រ​យោជន៍​ជាតិ គ្មានជម្រើសអ្វីក្រៅពីប្រើប្រព័ន្ធច្បាប់នោះទេ។

លោកថា៖ «ប្រទេសដឹកនាំដោយមានច្បាប់ជាគោល ហើយបើមិនយកច្បាប់មកអនុវត្តជាគោល យកស្អីមកអនុវត្ត? យកតាមពាក្យគាត់ហ្នឹង គាត់ថានីតិមាត់ទៀតហើយ»។

ពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង លោក​ យូ ទន បាននិយាយនៅមុខតុលាការដែរថា ប៉ុន្មានឆ្នាំមកនេះ កសិផលដែលផលិតបានគ្មានទីផ្សារ ធ្វើឱ្យឈ្មួញ​ទម្លាក់​ថ្លៃ​តាម​ចិត្ត ខណៈ​តម្លៃ​ជី​នាំចូល​បន្ត​ឡើង​ថ្លៃ​រហូត​គុណ​នឹង៣ ដែល​ករណីនេះ លោក​​​​ចង់​ឱ្យអ្នកនយោបាយ​​ចេះរួមគ្នាដោះស្រាយ​បញ្ហារបស់​ពួកគាត់ ជាជាង​បណ្ដែត​បណ្ដោយ​ឱ្យបញ្ហានេះ​ប្រឈម​ធ្ងន់ទៅៗ​ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកថា៖ «ខេត្តខ្ញុំសព្វថ្ងៃ សឹងមិនធ្វើស្រែ ព្រោះវាអត់ចំណេញ។ បន្តិចទៀតចំណាកស្រុកអស់ហើយ ឱ្យតែជី ប្រេងប្រហែល​ហ្នឹង ជីឡើងជិត២០ម៉ឺនរៀល តែស្រូវនៅ៧០០ទៅ៨០០រៀលក្នុងមួយគីឡូ»។

ទោះយ៉ាងណា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ តាម​រយៈ​ស្ថាន​ទូតរបស់ខ្លួន​ប្រចាំ​នៅ​កម្ពុជា បាន​ចាត់​ទុក​​លោក កឹម សុខា ជាមនុស្សស្អាតស្អំ​ តែត្រូវបានគេចាប់ដាក់ពន្ធនាគារ​ទាំងអយុត្តិធម៌។

មួយវិញទៀត នៅ​ចុងខែ​កញ្ញា ​ឆ្នាំ២០២០ ​​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត បាន​ចាត់ទុក​សំណុំ​រឿង​ចោទប្រកាន់​លើ​លោក កឹម សុខា នេះ​ថា «​ជា​រឿង​នយោបាយ ដែលនេះ​ក្លាយទៅជា​គំរូ​អាក្រក់​​មួយ​​ឆ្លុះបញ្ចាំង​​ពី​​ការអនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ទៅលើ​គូប្រជែង​នយោបាយ»​៕

កឹម សុខាសាលាដំបូងរាជធានីភ្នំពេញ


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អ្នកឃ្លាំមើល​សវនាការ​លោក កឹម សុខា ចង់​ឃើញ​អ្នក​នយោបាយ​តម្កល់​ប្រយោជន៍​ជាធំ"

  1. Sosocheath says:

    អហឹង្សា ផ្សះផ្សារជាតិ ?
    ***
    មេីលសំណេររបស់កឹមសុខា ដែលយកមកចុះផ្សាយ នៅក្នុងគេហទំព័រwww.dapnews.com.kh
    ខ្ញុំដូចជាអស់សំណេីចបន្តិច នឹងក្រោយមកហាក់ដូចជាចង់ក្អួតទៅវិញ។
    ជាមួយនិងរូបភាពដែលកឹមសុខាដាក់ភ្ជាប់
    ជាមួយនូវរូប លោក លោកស្រី ដែលជាតំណាងអង្គទូតនៅកម្ពុជា កឹមសុខាបានអះអាងថា លោក លោកស្រី ដែលជាតំណាងអង្គទូតទាំងនោះ និយាយថា
    ចង់ឃេីញកម្ពុជា ដេីរលេីផ្លូវសេរីភាព និង
    លទ្ធិប្រជាធិបតេយ្យ ដោយគ្មានអំពេី
    ហឹង្សា ដែលបេីដូច្នេះមែន សម្តីនេះបេីស្តាប់មួយភ្លែត វាហាក់បញ្ជាក់ពីបំណងល្អ
    របស់អង្គទូតទាំងនោះ លេីដំណេីរការនៃ
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
    តាមរយះការផ្សញផ្សារជាតិ
    ដែលជាភាសាការទូត ដែលគ្រប់ប្រទេស
    ទាំងអស់លេីពិភពលោក ក៏ដូចជារដ្ឋាភិបាលនៃគ្រប់បណ្តារប្រទេសប្រកាន់យក ។
    ប៉ុន្តែបេីយេីងពិនឹត្យលេីខ្លឹមសារនយោបាយវិញ ក្នុងឋានះកឹមសុខា ជាអតីតអ្នកនយោបាយម្នាក់ ភាសាដែល
    កឹមសុខាលេីកមកនិយាយក្នុងពេលនេះហាក់ត្រូវបានបង្ហាញពីបំណងរបស់
    កឹមសុខាច្រេីនជាង ក្នុងការចោទប្រកាន់
    លេីរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងសេរីភាពរួមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទៅវិញទេ ។
    ពីសេរីភាព នៅកម្ពុជាអ្នកណាក៍មានសេរីភាព ។ គ្រប់ទំព័រហ្វេសប៊ុក យូធូបបណ្តាញសារព័ត៍មាន ព័ត៍មានអនឡាញ
    អ្នកណាក៏អាចប្រេីសេរីភាពរបស់ខ្លួនបានដោយសេរី លេីកលែងតែមានការប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃដោយអត់ហេតុផល នោះទេីបសេរីភាពនេះ ត្រូវប្រឈមជាមួយផ្លូវច្បាប់ ។ បេីនិយាយពីសេរីភាពគឺទូលាយខ្លាំងណាស់នៅកម្ពុជា តេីមានហេតុផលអី កឹមសុខាត្រូវលេីកយករឿងនេះមកនិយាយ ?
    អំពីសិទ្ធិមនុស្ស ទាំងការដេក ដេីរ ឈរ អង្គុយ ការប្រកបរបរទទួលទានគ្រប់យ៉ាងតាមសេដ្ឋកិច្ចទីផ្សារសេរី គ្មានការរំលោភបំពាន សម្រាប់ជនគ្រប់រូប លេីកលែងតែក្នុងករណីយ៍ល្មេីសច្បាប់ និងត្រូវច្បាប់ផ្តន្ទាទោស ។
    ប្រជាធិបតេយ្យ ត្រូវបានដំណេីរការច្រេីន
    អាណត្តិនៃសភាជាតិ ហេីយដែល
    ដំណេីរការប្រជាធិបតេយ្យនៅកម្ពុជានេះទៀតសោត ត្រូវបានអន្តរជាតិសាទរ និងកោតសរសេីរ ថាជាដំណេីរប្រកបដោយភាព អច្ឆរិយៈរបស់កម្ពុជានៅតាមដងទន្លេ
    មេគង្គទៀតផង ។
    ការផ្សះផ្សារជាតិ ពីសង្គ្រាម ដែលមានភាគីចម្រេីនបង្ករជម្លោះនៅកម្ពុជា ត្រូវបានផ្សះផ្សារ នាំមកនូវសន្តិភាពសម្រាប់កម្ពុជា
    រួចយូរឆ្នាំហេីយ តាមរយះនយោបាយ
    ឈ្នះៗ របស់តេជោសែន តេីត្រូវផ្សះផ្សារ
    រឿងស្អីទៀត ?
    កឹមសុខា ក៏បានរស់នៅក្នុងសន្តិភាពដែល
    ដណ្តេីមកបានដោយតេជោសែនដែរ តែហេតុអ្វី កឹមសុខា មិនចេះរស់ក្នុងសន្តិភាពនេះ ?
    ពិតណាស់កឹមសុខា កំពុងប្រឈមនឹងក្តីក្តាំប្រព្រឹត្តអំពេីក្បត់ជាតិ តាមរយះការឃុបឃិតជាមួយបរទេស បង្កេីតបដិវត្តន៍ពណ៌ដេីម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកេីតចេញពីការបោះឆ្នោត តាមលក្ខណ:នៃលិទ្ធិប្រជាធិបតេយ្យ ។
    ដំបៅដែលកឹមសុខាខ្លួនឯងបង្ករឡេីង
    កឹមសុខា គប្បីទទួលយក មិនមែនមកស្រែកទាមទារខុសគន្លងប្រជាធិបតេយ្យ
    ដែលកឹមសុខា តែងស្រែកចង់បាននោះទេ។
    អំពេីហឹង្សា តាមរយះទង្វេីរបដិវត្តន៍ពណ៌
    បណ្តាលឲ្យមានមនុស្សរបួស ស្លាប់ ការបំផ្លាញទ្រព្យសម្បត្តិសាធារណះរបស់
    រដ្ឋនិងឯកជន កឹមសុខា ដែលជាមេដឹកនាំបដិវត្តន៍ពណ៌ ត្រូវតែគេចវេស
    មិនទទួលខុសត្រូវមែនទេ ?
    ហ៊ុនសែនអេីយចុះចេញទៅ !
    បេីមិនចុះដេញទម្លាក់ ធាក់ទម្លាក់ !
    តេីនេះមិនមែនជាសម្តីរបស់កឹមសុខា ដែលនាំឲ្យកេីតអំពេីហឹង្សាទេឬ ?
    អញ្ចឹងអំពេីហឹង្សា អ្នកណាជាអ្នកបង្កេីត ?
    អ្នកបង្កេីត គឺជាអ្នកត្រូវរំលត់ទៅវិញ
    ទេីបត្រឹមត្រូវ ។
    ដូចនេះមានន័យថា កឹមសុខាខ្លួនឯងត្រូវ
    ទទួលយកនូវផល ដែលកឹមសុខាខ្លួនឯងបានសាងឡេីង ដេីម្បីក្លាយជាគម្រូល្អដល់អ្នកដឹកនាំជាតិជំនាន់ក្រោយ ឲ្យខ្លាចក្រែងចំពោះច្បាប់ជាតិ សម្រាប់ទង្វើរីដែលខ្លួនបានសាង ទេីបហៅថាជាទង្វេីផ្សះផ្សារ
    បញ្ឈប់ហឹង្សាដូចដែលកឹមសុខាចង់បាននោះ ។
    ម្យ៉ាងផស់គេ ជិតដល់ថ្ងៃសវនាការ ចេះលេងស្ទីល រំលត់ការទទួលខុសត្រូវអញ្ចឹងផងកឹម សុខា ?
    ហេស ហេ ! កុំលេងយកបរទេស មកកំញើញលើអធិបតេយ្យជាតិខ្មែរ
    ឲ្យសោះ កឹមសុខា ។
    បរទេសទាំងអស់ជាមិត្តកម្ពុជា ជាមិត្តរបស់ប្រជាជនកម្ពុជា ។
    ជនក្បត់ជាតិ ទើបជាសត្រូវ របស់ប្រជាជនកម្ពុជា ។ ត្រូវយល់អាវ៉ា !