ជនជាតិ​​កួយ​​យក​​ញត្តិ​ដាក់​ជូន​​សាលា​ខេត្តព្រះវិហារ​ជាថ្មី​ទៀត ក្រោយ​ពី​ខុន្ទកាល័យ​លោក ហ៊ុន សែន​ បដិសេធ

ដោយ សេក បណ្ឌិត
2022-02-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង



ជន​ជាតិ​ដើម​ភាគតិចកួយ ​៣ ​គ្រួសារ ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​ ២០០ ​គ្រួសារ​ បាន​យក​ញត្តិ​ដាក់ជូន​សាលាខេត្ត​ព្រះវិហារ ​ដោះស្រាយ​ជា​ថ្មី​ទៀត​ក្រោយពី​មន្ត្រី​ខុន្ទកាល័យលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​រុញឱ្យ​ក្រុម​ពលរដ្ឋ​ទាំងនោះ ​មក​ពឹង​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​វិញ​។ អ្នកភូមិ​រអ៊ូថា​ ពួកគាត់​បាន​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍ទៅ​អាជ្ញាធរខេត្ត​ព្រះវិហារ​ ៤ ​លើក​មក​ហើយ ឱ្យ​អង្គភាព​មួយ​នេះរកយុត្តិធម៌​ ក្នុង​រឿង​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន​រ៉ែមាស ​ឌែលខម ​ខេមបូឌា​ (Delcom Cambodia)​ ​និង​ក្រុមហ៊ុន ​ស៊ិន សាន (Xinshan) ​ប៉ុន្តែពុំទទួលលទ្ធផលនោះទេ។

តំណាង​ពលរដ្ឋ​រស់​នៅភូមិ​ត្រពាំង​ទន្ទឹម​ ឃុំរមទម ​ស្រុករវៀង ​បន្ត​អំពាវនាវ​ឱ្យ​អាជ្ញាធរខេត្ត​ព្រះវិហារ​ ពន្លឿន​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លីនេះ​ឱ្យ​បាន​ឆាប់ ​ព្រោះ​អ្នកភូមិ​រាប់​រយ​គ្រួសារ​ មិន​អាច​ចូល​ទៅ​បង្ក​បង្កើនផលលើ​ដី​មាន​ជម្លោះ​នោះ​ជិត​មួយ​ឆ្នាំ​មក​ហើយ​។ អ្នកភូមិ​អះអាង​ថា ក្រុមហ៊ុន​ទាំងនេះ​ បាន​បញ្ជូន​កម្លាំង​យោធា ​និង​​សន្តិសុខ​រាប់​រយនាក់ ​យាម​ការពារ​មិន​ឱ្យ​អ្នកភូមិ ​ចូល​ទៅ​ដីស្រែ​របស់​ខ្លួន ​ដែល​ធ្លាប់​បង្ក​បង្កើនផល​តាំងពី​ដូនតា​មក​។

តំណាង​ពលរដ្ឋ​រស់​នៅភូមិត្រពាំងទន្ទឹម​លោកស្រី ​យឹម ផាត ​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី​៨​ ខែកុម្ភៈ​ថា​ អ្នកភូមិ​កំពុង​ទាល់ច្រក ​មិន​ដឹង​ទៅ​ពឹង​ស្ថាប័ន​ណាមួយ​ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ទេ​ ព្រោះ​កន្លង​ទៅ​ ស្ថាប័ន​ពាក់ព័ន្ធ​ខេត្តព្រះវិហារ ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ ក្តី​កង្វល់​របស់​ពលរដ្ឋ​នោះទេ​។ លោកស្រី​បន្ថែម​ថា ​ពួក​លោកស្រីបាន​បង្ខំ​ចិត្ត​ដាក់​ញត្តិ​ជា​លើក​ទី​ ៤ ​នេះ ​ផ្អែក​តាម​សំណើ​របស់​មន្ត្រី​ខុន្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ប្រសិនបើ​អាជ្ញាធរខេត្ត​នេះ​ នៅ​តែ​​មិន​​ដោះស្រាយ​នោះទេ​ ស្ថាប័ន​ថ្នាក់​ជាតិ ​នឹង​ចុះ​អន្តរាគមន៍​ដោយ​ផ្ទាល់​៖ «ដែល​ខ្ញុំ​យល់​ឃើញ​នេះ ​គេ​គ្មាន​យុត្តិធម៌ ​និង​គ្មាន​ជួយ​ពលរដ្ឋ​ទេ​ គេ​អត់​ជួយ​ទេ​ គេ​ជួយ​តែ​ក្រុមហ៊ុន​។ ​ចំពោះ​ពួក​ខ្ញុំ​ក្រីក្រ​ថោក​ទាប ​គេ​យក​ដី​ខ្ញុំ​លក់​ឱ្យ​ក្រុមហ៊ុន​»។

​តំណាង​ពលរដ្ឋ​រូបនេះត្អូញថា​ គ្រួសារ​លោកស្រី ​មាន​ដី​ស្រែ ​១៨ ​ហិកតា​ក្នុងនោះ​មាន​ប្លង់​រឹង​ជិត​ ២​ ហិកតា ​ត្រូវបានក្រុមហ៊ុន ឌែល​ខម ​ខេមបូឌា​ (Delcom Cambodia)​ ​និង​​ក្រុមហ៊ុន ​ស៊ិន សាន (Xinshan)​ រំលោភយក​ទាំងស្រុង ​ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់ ​រយៈ​ពេល​ ១ ​ឆ្នាំ​មក​ហើយ​ ហើយ​មក​ទល់​ពេល​នេះ ​គ្រួសារ​លោកស្រី​គ្មានដី ​ដាំដុះ​ចិញ្ចឹម​ជីវិត​ទៀតទេ​។

លោកស្រីបន្ថែមថា ​អ្នកភូមិ​រាប់​រយ​គ្រួសារ​រស់នៅ តំបន់ភ្នំលុង កំពុងប្រឈម​ជីវភាព​លំបាក​ខ្លាំង​ដោយ​គ្មាន​ដី​ដាំដុះ និងមានពលរដ្ឋជាង ២០ គ្រួសារទៀត ត្រូវអាជ្ញាធរគំរាមឱ្យផ្តិតមេដៃ លក់ដីឱ្យ ក្រុមហ៊ុនក្នុងតម្លៃថោក។ លោកស្រីបន្តថា ជម្លោះដីធ្លីនេះ ធ្វើឱ្យជីវភាពគ្រួសារលោកស្រីលំបាកវេទនា ដោយកូនៗ របស់លោកស្រី ២នាក់ហើយបានបង្ខំចិត្តឈប់រៀន៖ «ពួកខ្ញុំ​ដើរ​អត់​បាយ​អត់​ទឹក ​ពី​ព្រះវិហារ​ទៅ​ភ្នំពេញ ​ពី​ភ្នំពេញ​ទៅ​ព្រះវិហារ​ គួរ​ណាស់​តែ​នឹក​ឃើញ​ជួយ​ពួកខ្ញុំ​ដែរ​។ ​ទុក្ខ​លំបាក​ពួកខ្ញុំ ​គ្មាន​បាយ ​គ្មាន​ទឹកហូប​ កូន​បាត់បង់​ការ​រៀន​សូត្រ ​ចាត់​ទុក​ថា ​ពួកខ្ញុំ​ជា​សំរាម»។

​តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​លោក ​ទុយ ឆេង ​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​ជនជាតិដើមកួយ​រាប់​រយគ្រួសារ ​មិន​អាច​ចូល​ទៅ​ធ្វើស្រែ​ចម្ការ ​លើ​ដី​ដែល​ធ្លាប់​ធ្វើ​កន្លង​មក​នោះ​ទេ ​ដោយសារ​ក្រុមហ៊ុន​ បាន​បោះ​បង្គោល ​របង​ហ៊ុមព័ទ្ធ​យក​ដី​នៅ​តំបន់​នោះ ​ប្រវែង​ទទឹង​មួយ​គីឡូម៉ែត្រ ​បណ្តោយ​ជាង​ ៤​ គីឡូ​ម៉ែត្រ​។

​លោក​បន្ត​ថា ​ទង្វើ​របស់​ក្រុមហ៊ុន​ទាំងនេះ ​ធ្វើ​ឱ្យ​អ្នកភូមិ​លំបាក​វេទនា ​គ្មានដី​បង្ក​បង្កើន​ផល​ កូនៗ​ត្រូវ​ឈប់​រៀន ​ហើយ​ក៏​មាន​អ្នក​ខ្លះ​ទៀតលក់ដី​ឱ្យ​ក្រុមហ៊ុន ​ក្នុង​​តម្លៃ​​ថោក​ ព្រោះតែ​គ្មាន​ជម្រើស​។ រីឯ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ ​លម្អៀង​ខាង​ភាគី​ក្រុមហ៊ុន​ ដោយ​មិន​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះទេ៖ «តាំង​​ពី​ដូនមក ​ភាគច្រើន​តែង​ធ្វើ​ចម្ការ​វិលជុំ ​ហើយ​ក្រៅពី​ចម្ការ​វិល​ជុំគាត់​រក​មាស​តាម​ចម្ការ​ធម្មតា ​បើ​មិន​ឱ្យ​ទ្រួស​បុស្ស ​គ្នា​រក​អី​ទៀត។​ ក្រុមហ៊ុន​មាន​លទ្ធភាព​ ចំណែក​ពលរដ្ឋ​អត់​មាន​លទ្ធភាព​។ ​សុទ្ធតែ​កន្លែង​ក្រុមហ៊ុន​ទាំងអស់​»។

វិទ្យុ​អាស៊ីសរី ​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​រឿង​នេះ ​ពី​អភិបាលខេត្ត​ព្រះវិហារលោក ​ប្រាក់ សុវណ្ណ​ និង​អ្នកនាំ​ពាក្យ​សាលាខេត្តនេះ ​លោក​ យ៉ុង ​គឹមហៀង ​បាន​នៅ​ឡើយ​ទេ ​តាំងពី​ថ្ងៃ​ទី ៣​ ដល់ថ្ងៃទី៨ ខែកុម្ភៈ ដោយ​ទូរសព្ទ​ហៅ​ចូល​ច្រើនដង ​តែ​គ្មាន​អ្នកលើក។ ​ចំណែក​មេការក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) ​និង​មេការ​ក្រុមហ៊ុន ហ៊ិន ស៊ិនសាន លោក សរ សេរីវិចិត្រ ក៏​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ។

​ប៉ុន្តែ​មេឃុំ​រមទម ​ដែល​ទើប​តែងតាំង​ថ្មី ​គឺ​លោក ​ប្រាក់ ផន​ ទទួល​ស្គាល់ថា ពិតជា​មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ប៉ុន្តែ​លោក​មិន​ច្បាស់ថា មាន​ប៉ុន្មាន​គ្រួសារ​នោះទេ​។ លោក​បដិសេធ​មិន​ឆ្លើយ​សំណួរ​ផ្សេង ​ដោយ​លើក​ហេតុផល​ថា ​កំពុង​ជាប់​រវល់​។

ជុំវិញ​រឿងនេះ ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្តព្រះវិហារ​លោក ឡោ ចាន់​ មើល​ឃើញ​ថា ​ជម្លោះដីធ្លី​ចាស់ៗ​មិន​ទាន់​ដោះស្រាយ​រួចរាល់​ផង​ ស្រាប់តែ​សកម្មភាព​ រំលោភដី​ស្រែចម្ការ​របស់​អ្នកភូមិ ​កាន់​តែកើន​ឡើង​ច្រើន ​ធ្វើឱ្យ​ពលរដ្ឋ​រងទុក្ខ​វេទនា​ទាំងកាយ ​និងចិត្ត​។ ​លោក​បញ្ជាក់ថា​ ពលរដ្ឋ​ជាច្រើន​គ្រួសារ ​តែង​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះដីធ្លីនេះ​ ហើយ​អាជ្ញាធរ​នៅតែ​ពន្យារ​ពេល ​ធ្វើឱ្យ​ពលរដ្ឋ​បាត់បង់​ចំណូល ​និង​ជីវភាព​កាន់​តែក្រីក្រ​៖ «បើ​សិន​អាជ្ញាធរ​មាន​ឆន្ទៈ​​ដោះស្រាយ ​ដឹង​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គួរ​ហៅ​ក្រុមហ៊ុន​ និង​តំណាង​ពលរដ្ឋ​ជា​ជន​រងគ្រោះ ​មក​ធ្វើការ​សម្រប​សម្រួល ​អាហ្នឹង​បាន​ដំណើរការ​ទៅ​មុខ​។ តែ​យើង​ក្រឡេក​មើល ​បច្ចុប្បន្ន​នេះ ​នៅ​ពេល​ដែល​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដាក់​ទៅ ​គឺ​ដាក់​ទៅ​ស្ងាត់»​។

ប្រជា​សហគមន៍​ឲ្យ​ដឹង​ថា តំបន់​ភ្នំ​លុង​មាន​ផ្ទៃ​ដីជាង ១ ពាន់ ២រយហិកតា (១.២៦២) ដែល​សំបូរ​ដោយ​រ៉ែ​មាស​ក្រោម​​ដី​ ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ធំៗ ចំនួន ៣ ពុះ​ចែក​​គ្នា​ធ្វើអាជីវកម្ម​ដោយ​លាក់លៀម។ រីឯ​ក្រុមហ៊ុន បាន​ជួល​ក្រុម​ទាហាន​គំរាម​កំហែង​អ្នក​ភូមិ និង​រឹតត្បិត​អ្នក​ខាង​ក្រៅ​មិន​ឲ្យ​ចេញ​ចូល​តំបន់​នោះឡើយ។

ពលរដ្ឋឱ្យដឹងទៀតថា​ មាន​ក្រុមហ៊ុន​ចិន​ និង​វៀតណាម​ជា​ច្រើន​ទៀត​បាន​ជ្រក​ក្រោម​​ស្លាក​ក្រុម​ហ៊ុនទាំងនេះ និង​ជួល​អ្នក​មាន​អំណាច​កាង​អាជីវកម្ម​ឲ្យ​ខ្លួន​ដែរ។ ទន្ទឹម​នឹង​នេះ​ តំបន់​នោះ​មាន​ទាហាន​នៅ​ឈរ​ចាំ​ផ្លូវ ដើម្បី​ហាម​ឃាត់​ពលរដ្ឋ​ ឬ​អ្នក​សារព័ត៌មាន​ មិន​ឲ្យ​ចូល​ទៅ​ទី​នោះឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles