កម្ពុជា​គ្មាន​អ្នក​ឆ្លង ឬ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ រយៈ​ពេល ៧ថ្ងៃ​ជាប់ៗ គ្នា

ដោយ ម៉ៅ សុធានី
2022.05.13
RFA

កម្ពុជា​គ្មាន​អ្នក​ឆ្លង ឬ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ រយៈ​ពេល ៧ថ្ងៃ​ជាប់ៗ គ្នា

យុទ្ធនាការចាក់វ៉ាក់សាំងរបស់​ក្រសួងសុខាភិបាល​នៅ​រាជធានី​ភ្នំពេញ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុករដ្ឋាបាលរាជធានីភ្នំពេញ និង​លោក ហ៊ុន សែន


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពី​រដ្ឋធានី​វ៉ាស៊ីងតោន (Washington DC) ទី​ដែល​លោក​បាន​មក​ចូលរួម កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក កាល​ពី​ថ្ងៃ​ទី១៣ ខែ​ឧសភា​ថា នេះ​ជា​មោទនភាព​មួយ​របស់​កម្ពុជា ដែល​បាន​ទប់​ស្កាត់ និង​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ តែ​យ៉ាង​ណា លោក​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និងនាំគ្នាទៅចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ដូស​ជំរុញ ឲ្យ​បាន​គ្រប់ៗ គ្នា៖ «ថ្ងៃ​នេះ ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​ទីក្រុង​ភ្នំពេញ​ថា បញ្ជាក់ថាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ ៧ថ្ងៃជាប់ៗគ្នា ដែ​ល​នេះ​ជា​ជោគជ័យ​ធំ​ណាស់ ដែល​ពលរដ្ឋ​បាន​ចូលរួម។ ទោះ​ជា​យ៉ាង​នេះ​ក្តី ខ្ញុំ​សូម​អំពាវនាវ​ដល់​ពលរដ្ឋ ឲ្យ​គោរព​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​ទៅ​ចាក់​ថ្នាំ​បង្ការ​ដូស​ជំរុញ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ លើក​ឡើង​ថា ជា​រឿង​ចម្លែក​ដែល​កម្ពុជា គ្មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ព្រោះ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ាន នៅ​តែ​បន្ត​មាន​ការ​ឆ្លង​ច្រើន​នៅ​ឡើយ។

ឱសថការី​ខ្មែរ-អូស្ត្រាលី លោក លឹម សួរ សាទរ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក៏​ប៉ុន្តែ​លោក​ផ្តល់​ដំបូន្មាន​ថា ពលរដ្ឋ​ដែល​មាន​ចេញ​រោគសញ្ញា​ត្រូវ​ផ្តល់​ដំណឹង​ភ្លាមៗ ទៅ​ដល់​ខាង​ក្រសួង​សុខាភិបាល ដើម្បី​ត្រួត​ពិនិត្យ​ឱ្យ​ទាន់​ពេល​វេលា៖ «បើ​យើង​មិន​ឆ្លង ជា​កត្តា​មួយ​ដ៏​ពិសេស គួរ​ប្រទេស​ផ្សេងៗ រៀន​សូត្រ​តាម មិន​អ៊ីចឹងប៉ុន្តែ តើ​យើង​មាន​ធ្វើតេស្ត​រក​កូវីដ១៩ អី អត់​ពេល​យើង​មាន​រោគសញ្ញា នែ៎ ទី១ ឬ​ក៏​មួយ តើ​យើង​មាន​ឆែក ភីស៊ីអរ (PCR) ឬ​អត់ បើ​យើង​អត់​ធ្វើ​ទេ អា​ហ្នឹង គឺ​ជា​ការ​មួយ ដូច​អត់​បាន​ការ​ដែរ​ណ៎ា។ មាន​ន័យ​ថា យើង​អត់​មាន​កត់ត្រា​អី​ទុក​ផង ចង់​អ្នក​ណា​ឆ្លង​អី ក៏​ឆ្លង​ទៅ មិន​កត់ត្រា​ទុក វា​ហាក់​ដូច​ជា​មោឃៈ​អ៊ីចឹង​ដែរ ពិបាក​មែន​ទេ»

ស្ថិតិ​ក្រសួង​សុខាភិបាល​វៀតណាម​ឲ្យ​ដឹង​ថា វៀតណាម​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន​ជិត ៦ពាន់ ៥រយ​នាក់ (៦.៤៩៩) គ្រាន់​តែ ១ថ្ងៃ នៅ​ថ្ងៃ​ទី១២ ខែឧសភា។ ប្រទេស​វៀតណាម មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ជាង ១០លាន ៧សែននាក់ (10.7 Million) ក្នុង​នោះ​អ្នក​ស្លាប់ មាន​ជាង ៤ម៉ឺន ៣ពាន់​នាក់ (៤៣.០៦៣) គិត​ត្រឹម​ថ្ងៃ​ទី១២ ខែឧសភា។ ចំណែក​នៅ​ប្រទេស​ឡាវ​វិញ នៅ​ថ្ងៃ​ទី១២ ខែឧសភា ក៏មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២១៥នាក់ ហើយ​បើ​សរុប​ទូទាំង​ប្រទេស គឺ​មាន​អ្នក​ឆ្លង​ចំនួន ជិត ២១ម៉ឺន​នាក់ (២០៩.៣២១) និង​មាន​អ្នក​ស្លាប់​សរុប ៧៥២នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី១៣ ខែឧសភា កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ជាង ១៣ម៉ឺន ៦ពាន់​នាក់ (១៣៦.២៦២) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជិត ១៣ម៉ឺន​នាក់ ៣ពាន់​នាក់ (១៣៣.១៨៦) និង​អ្នក​ស្លាប់​នៅ​ចំនួន ៣ពាន់ ៥៦នាក់ (៣.០៥៦) ដដែល៕

What Next?

Recent Articles

One Response to "កម្ពុជា​គ្មាន​អ្នក​ឆ្លង ឬ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ រយៈ​ពេល ៧ថ្ងៃ​ជាប់ៗ គ្នា"

  1. Anonymous says:

    this AH CHESSTU every thing is politic CHNEAS ..CHNEAS of dictator monster killer