អាមេរិក​វិនិយោគ​ទឹកប្រាក់​បន្ថែម​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន

ដោយ យ៉ង ចាន់តារា
2022.05.13
RFA

អាមេរិក​វិនិយោគ​ទឹកប្រាក់​បន្ថែម​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន

ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក ចូ បៃឌិន (Joe Biden)។ AFP


សហរដ្ឋអាមេរិក​វិនិយោគ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ាន ដោយមាន​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក (Indo-Pacific Strategy) របស់​សហរដ្ឋអាមេរិក និង​ទស្សនវិស័យ​អាស៊ាន​ជា​ត្រីមុខ។

ការិយាល័យ​ប្រធានាធិបតី​អាមេរិក ឬ​សេត​វិមាន​អាមេរិក (The White House) ឱ្យដឹង​ក្នុង​ខិត្តប័ណ្ណ​ព័ត៌មាន​កាល​ពី​ថ្ងៃទី​១២ ឧសភា​ថា លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) នឹង​ប្រកាស​ពី​គំនិត​ផ្ដួចផ្ដើម​ដែល​មាន​ទឹកប្រាក់​លើស​ពី ១​រយ ហាសិប (១៥០) ដុល្លារ ដែល​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​អាស៊ាន​-​អាមេរិក​កាន់តែ​ស៊ីជម្រៅ ពង្រឹង​ភាពជា​កណ្ដាល​របស់​អាស៊ាន និង​ពង្រីក​សមត្ថភាព​រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​គោលបំណង​រួម​របស់​ភាគី​ទាំងពីរ។

គំនិត​ផ្ដួចផ្ដើម​ទាំងនោះ ផ្ដោត​ទៅ​លើ​ចំណុច​ធំៗ ចំនួន ៤ គឺ​ការ​បង្កើន​ល្បឿន​សកម្មភាព​ស្ដីពី​អាកាសធាតុ ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​វិបុលភាព​សម្រាប់​ទាំងអស់គ្នា ការ​គាំទ្រ​ដល់​ការ​ទទួល​បាន​ការអប់រំ ការពង្រីក​សហប្រតិបត្តិ​ការ​ខាង​នាវាចរណ៍ ព្រមទាំង​ការ​លើកកម្ពស់​សុខភាព​សាកល និង​សន្តិសុខ​ផ្នែក​សុខាភិបាល​។ ចំណុច​ធំៗ​ទាំង ៤​នៃ​គំនិត​ផ្ដួចផ្ដើម​របស់​សហរដ្ឋអាមេរិក​នេះ ត្រូវ​បាន​បែងចែក​ជា​ចំណុច​ជាក់លាក់​ចំនួន ២៤ ដាច់ដោយឡែក​ពី​គ្នា​ថែមទៀត។

សេត​វិមាន​គូស​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក សហរដ្ឋអាមេរិក​បាន​ធ្វើ​ឱ្យ​ភាពជា​ដៃគូ​ជាមួយ​អាស៊ាន​កាន់​តែ​មាន​លក្ខណៈ​ស៊ីជម្រៅ តាមរយៈ​ការ​ផ្ដល់​ទឹកប្រាក់​លើស​ពី ១ ម៉ឺន ២ ពាន់​លាន​ដុល្លារ (១២,១ billion) សម្រាប់​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ សេដ្ឋកិច្ច សុខាភិបាល និង​ជំនួយ​ផ្នែក​សន្តិសុខ​។ ក្នុង​រយៈពេល​ដូចគ្នា​នេះ សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ​មនុស្សធម៌​ជាង ១​ពាន់ ៤​រយ​លាន​ដុល្លារ (១,៤ billion) ផ្សេង​ទៀត ក្នុង​នោះ​រួមមាន​ជំនួយ​សម្រាប់​គ្រោះមហន្តរាយ កម្មវិធី​ស្បៀងអាហារ និង​ការ​គាំទ្រ​ដល់​ជនភៀសខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

សេត​វិមាន​សង្កត់ធ្ងន់​ថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​ជា​ប្រវត្តិសាស្ត្រ​ដែល​ធ្វើ​ឡើងជា​លើកដំបូង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​នៅ​សេត​វិមាន ដោយមាន​ការ​ទទួល​ស្វាគមន៍​ពី​លោក​ប្រធានាធិបតី ចូ បៃឌិន នេះ បង្ហាញ​ជាថ្មី​ទៀត​អំពី​ការ​ប្ដេជ្ញាចិត្ត​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ាន និង​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​រ​វាង​សហរដ្ឋអាមេរិក និង​អាស៊ាន​ក្នុង​ការ​ធានា​បាន​នូវ​សន្តិសុខ វិបុលភាព និង​ការគោរព​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អាមេរិក​វិនិយោគ​ទឹកប្រាក់​បន្ថែម​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន"

  1. Anonymous says:

    do not forget some part of it will go to HUN SEN leadership