ប្រជា​សហគមន៍​ជិត១​ពាន់​នាក់​នៅ​កំពង់ស្ពឺ​ប្រកាស​ប្តូរ​ជីវិត​ការពារ​ព្រៃ​មេត្តា​ធម្មជាតិ​នៅ​សល់​តិចតួច

ដោយ ខែ សុណង
2022.05.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រជា​សហគមន៍​ជិត១​ពាន់​នាក់​នៅ​កំពង់ស្ពឺ​ប្រកាស​ប្តូរ​ជីវិត​ការពារ​ព្រៃ​មេត្តា​ធម្មជាតិ​នៅ​សល់​តិចតួច

ទិដ្ឋភាព​កាប់​បំផ្លាញ​ និង​ដឹកជញ្ជូន​ដើមឈើ​ក្នុង​ព្រៃ​មេត្តា​ធម្មជាតិ ឬ​ព្រៃ​សហគមន៍​ឧត្តម​ស្រែពស់ ខេត្ត​កំពង់ស្ពឺ។ Photo Courtesy of Metta Nature


ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ជិត ១​ពាន់​នាក់ រស់នៅ​ខេត្ត​កំពង់ស្ពឺ ប្រកាស​ប្តូរជីវិត តស៊ូ​ការពារ​ព្រៃ​មេត្តា​ធម្មជាតិ ឬ​ព្រៃ​សហគមន៍​ឧត្តម​ស្រែពស់ ដែល​នៅ​សល់​តិចតួច​ឱ្យ​គង់វង្ស បើ​ទោះ​បី​ជា​ប្រឈម​ការ​គំរាម​សម្លាប់ និង​ប្តឹងផ្តល់​នៅ​តុលាការ ពី​សំណាក់​ក្រុម​មន្ត្រី​យោធា​ក្តី​។ ពួកគាត់​អះអាង​ថា សកម្មភាព​ឈូស​ឆាយ​ព្រៃ​អភិរក្ស និង​កាប់​ឈើ​ធំៗ​ធ្វើ​អាជីវកម្ម កាន់តែ​រាលដាល​ធំ​ឡើង អស់​រាប់​រយ​ហិកតារ ដោយ​មាន​មន្ត្រី​យោធា ” ង ៧0 ”’​កាង​ការពារ។

ក្រុម​ប្រជាពលរដ្ឋ​រស់នៅ ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ សកម្មភាព​ឈូស​ឆាយ​ព្រៃ​មេត្តា​ធម្មជាតិ បាន​រាលដាល​ដល់​វត្ត​មេត្តា​ធម្មជាតិ​ហើយ ដោយមាន​គ្រឿងចក្រ និង​កម្មករ​ជាច្រើន​នាក់ បន្ត​សម្រុក​ប្រើ​រណា​យន្ត​អារ​រំលំ​ឈើ​ធំៗ យ៉ាង​គគ្រឹកគគ្រេង ក្នុង​ព្រៃ​ស្រោង​ដែល​សត្វ​ទោច និង​ស្វា​តែងតែ​លោត​លែង។

អ្នកភូមិ​ថា ក្រុម​ទាហាន ” ង ៧0 ”’ បាន​យក​ឈ្មោះ លោក ហ៊ុន ម៉ាណែត ជា​ខែល ដើម្បី​ច្បាម​យក​ព្រៃ​អភិរក្ស​នេះ លក់​ធ្វើ​អាជីវកម្ម ក្រោយពី​ទីផ្សារ​ដី នៅ​តំបន់​នោះ​ហក់​ឡើងថ្លៃ​។​

​តំណាង​សហគមន៍ លោក សយ សាត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ១៣ ឧសភា​ថា បច្ចុប្បន្ន​មន្ត្រី​យោធា ” ង ៧0 ”’ នៅតែ​បន្ត​សម្រុក​ឈូស​ឆាយ និង​កាប់​ឈើ​ធំៗ នៅ​ជុំវិញ អាស្រម​អ្នក​រក្សាសីល និង​វត្ត​មេត្តា​ធម្មជាតិ ដោយ​គ្មាន​ការទប់ស្កាត់ នៅឡើយ​ទេ បើ​ទោះ​បី​ជា អ្នកភូមិ​ជិត ១ ពាន់​នាក់ បាន​លើកគ្នា​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​នេះ​ក្តី។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​ព្រៃ​អភិរក្ស​នេះ ត្រូវ​គេ​ឈូស​ឆាយ​អស់​ស្ទើរ​ទាំងស្រុង នៅ​សល់​ព្រៃ​មិន​ដល់ ១០០​ហិកតារ​ទៀត​ទេ។ លោក​បន្ថែម​ថា ពួក​លោក​នឹង​វេច​បង្វេច និង​ម្ហូបអាហារ ដើម្បី​ធ្វើដំណើរ​ទៅ តវ៉ា​ទ្រង់ទ្រាយ​ធំ នៅ​រាជធានី​ភ្នំពេញ ជាថ្មី​ទៀត នៅ​ពេល​ឆាប់ៗ​នេះ៖ «រាល់​បញ្ហា​ឈូស​ឆាយ ឥលូវ​នេះ​ដល់ទី​វត្ត​ហើយ ព័ទ្ធ​អាស្រម​មេត្តា​ធម្មជាតិ​របស់​ព្រះអង្គ​ដែល កន្លែង​តម្កល់​រូប​ព្រះពុទ្ធ​ក៏​គេ​រុករាន​ដែរ​។ សូម​អភិបាលខេត្ត លោក វ៉ី សំណាង សូម​មេត្តា​ជួយ​ពន្លឿន​ទប់ស្កាត់​ឱ្យ​បាន»។

​ប្រជា​សហគមន៍​រូប​នេះ ប្រកាស​ជំហរ​ថា ពួក​លោក​នឹង​ក្រាញ​ននៀល ការពារ​ព្រៃ​ដែល​នៅ​សេសសល់ រហូតដល់​ដង្ហើម​ចុងក្រោយ ដើម្បី​ទុក​ព្រៃ​ដែល​នៅ​សល់​តិចតួច​សម្រាប់ កូនចៅ​ជំនាន់​ក្រោយ ជម្រក​សត្វព្រៃ និង​ទីកន្លែង​អ្នកស្រុក​រក​អនុផល​ព្រៃឈើ​។ លោក​ថា អាជ្ញាធរ​មិន​គួរ​ឈូស​ឆាយ​កម្ទេច​ព្រៃ​អភិរក្ស​នេះ ដើម្បី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ឱ្យ​មន្ត្រី​យោធា​នោះ​ទេ ព្រោះ​ព្រៃ​នេះ នៅ​សេសសល់​ចុងក្រោយ​គេ ដោយ​មាន​ផ្ទះ​ពលរដ្ឋ​រស់នៅ​ព័ទ្ធជុំវិញ​និង​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ៖ «ខ្ញុំ​ប្ដេជ្ញាចិត្ត​ថា បើ​ជីវិត​ខ្ញុំ​ស្លាប់ ខ្ញុំ​នៅតែ​តស៊ូ លុះត្រា​តែ​មាន​ដំណោះស្រាយ​។ សម្តេច ហ៊ុន សែន កុំ​ជឿ អាជ្ញាធរ​និយាយ​កាឡៃ​ការពិត ភូតភរ ព្រៃ​នេះ​ជា​ព្រៃស្រោង ដែល​ពលរដ្ឋ​ខំ​ការពារ​ជាង ២៥ ឆ្នាំ​មក​ហើយ»។

កាលពី​សប្តាហ៍​មុន (០៩ ឧសភា​) ប្រជា​សហគមន៍​ជិត ១ ពាន់​នាក់ (៧០០) បាន​លើកគ្នា​តវ៉ា​នៅ​ក្រសួង​ដែនដី​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុប​គម្រោង​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​មេត្តា​ធម្មជាតិ ទំហំ​ជិត ៣​រយ ហិកតារ (២៦២)។

ក្នុងពេលដែល​ពលរដ្ឋ​តវ៉ា នៅ​ក្រសួង​ដែនដី មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ដែល​ពួកគាត់​មិន​ស្គាល់ឈ្មោះ បាន​ចេញ​មក​ទទួល​ញ​ត្តិ ហើយ​សន្យា​ថា នឹង​ព្យាយាម​ដោះស្រាយ​រឿង​នេះ​ឱ្យ​លឿន​បំផុត មិន​ដល់ ២ សប្តាហ៍​ទេ​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ សកម្មភាព​កាប់​រំលំ​ឈើ​ធំៗ និង​ឈូស​ឆាយ​ព្រៃស្រោង​នៅតែ​បន្ត​កើតមាន។

ពួកគាត់​ស៊ើប​ដឹង​ថា គម្រោង​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​នេះ ដើម្បី​ពុះ​លក់​ចែក​គ្នា ជា​សម្បត្តិ​បុគ្គល ដោយ​ក្រុម​អ្នក​មាន​ឥទ្ធិពល ដោយសារ​ដី​នៅ​តំបន់​នោះ ហក់​ឡើងថ្លៃ ហើយ​ក្រុម​មន្ត្រី​យោធា​ទាំងនោះ បាន​យក ឈ្មោះ កូនប្រុស នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ជា​ខែល ដើម្បី​គំរាមកំហែង លើ​អ្នក​តវ៉ា​ទាមទារ​ដី​ព្រៃ​អភិរក្ស​នេះ។

វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​លោក ហ៊ុន ម៉ា​ណែ​ត បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី១៣ ឧសភា។

ព្រះសង្ឃ​គង់​ក្នុងព្រៃ​មេត្តា​ធម្មជាតិ គឺ​ព្រះតេជព្រះគុណ ព្រំ សុជាតិ មាន​ថេរៈ​ដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ព្រះអង្គ​ពុំ​មាន​អំណាច​ទប់ទល់​សកម្មភាព​ឈូស​ឆាយ និង​កាប់​ផ្ដួល​ឈើ​ធំៗ ក្នុង​ព្រៃ​មេត្តា​ធម្មជាតិ​បាន​ទេ​។ ព្រះអង្គ​អាណិតអាសូរ​សត្វ​ទោច ស្វា និង​ក្ងោក ដែល​ធ្លាប់​រស់នៅ​យ៉ាង​សុខសាន្ត ក្នុង​ព្រៃ​នេះ បែរជា​រត់​ខ្ចាត់ខ្ចាយ ហើយ​សត្វ​ខ្លះ រត់​ដេញ​ខាំ អាត្រាក់ទ័រ ដែល​កំពុង​ឈូស​ឆាយ​ព្រៃ ដែល​វា​កំពុង​រស់នៅ។ ព្រះសង្ឃ​ដែល​អាច​ហៅ សត្វ​ទោច​ព្រៃ​ឱ្យមក​ស៊ី​ចំណី​រូប​នេះ មាន​ថេរៈ​ដីកា​បន្ថែម​ថា ព្រៃ​ធម្មជាតិ ស្រស់បំព្រង អំណោយផល​គាប់ប្រសើរ​ដល់​អ្នករក្សា​សីល ស្នាក់អាស្រ័យ​ជាង ២០​ឆ្នាំ​មក​ហើយ បែរជា​រលាយ​ទាំងស្រុង នៅ​ឆ្នាំ​២០២២​នេះ ដោយ​សកម្មភាព​មនុស្ស​៖ «បើ​តាម​អាត្មា​ខំ​ថែរក្សា​ព្រៃ អាត្មា​ធ្វើ​អស់ហើយ បើ​ពិភពលោក អត់​ធានា អត់​អបអរសាទរ​មានតែ​ខ្ទេច អត់​គួរ​ធ្វើ មិន​គួរ​បំផ្លាញ​ទេ យល់​ថា ត្រឹម​ប៉ុណ្ណឹង»។

ឆ្លើយតប​រឿង​នេះ អភិបាល​ខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បំណង​របស់​លោក ក៏​ចង់​ទុក​ព្រៃ​នៅ​តំបន់​នេះ ឱ្យ​គង់វង្ស​ដែរ ព្រោះ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​មន្ត្រី​យោធា នៅ​ទីនោះ ជា​ភារកិច្ច​របស់​ថ្នាក់​ដឹកនាំ​។ ប៉ុន្តែ​លោក​ថា ជុំវិញ​ការ​សំណូមពរ និង​ក្តី​កង្វល់​របស់​ប្រជា​សហគមន៍ លោក​បាន​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​រួចហើយ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ លោក​នៅ​មិនទាន់​ដឹង​នៅ​ឡើយ​ទេ។

លោក​ស្នើ​ឱ្យ​ព្រះតេជព្រះគុណ ព្រំ សុជាតិ ដែល​គង់​ក្នុង​ព្រៃ គួរតែ​សហការ​ជាមួយ​អាជ្ញាធរ​ជំនាញ នៅ​តំបន់​នោះ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ពុំ​ចាំបាច់​ជជែក​រឿង​បាប​បុណ្យ ជាមួយ​ក្រុម​ជនល្មើស​ទេ៖ «គាត់​ចេះតែ​ពង្រីក​ការ​តវ៉ា​របស់​គាត់ តែ​ការពិត​ដី​ដែល​កាប់​នេះ មិន​ឋិត​ក្នុង​សហគមន៍​នេះ​ទេ ហើយ អត់​មាន​ដើមឈើ​ទេ នៅ​តំបន់​នោះ​។ ខ្ញុំ​ឱ្យ​មន្ត្រី​ខ្ញុំ​ចុះទៅ​មើល​អស់​ហើយ​។ បើ​ជំនាញ​ចុះទៅ​ចាប់​ឃាត់​បញ្ជូន​ទៅ​តុលាការ ហើយ​បើ​យើង​និយាយ​រឿង បុណ្យ​បាប វា​ចេះ​ស្គាល់​បុណ្យ​អី​វា ពួក​ហ្នឹង»។

កាល​ពី​ដើម​សប្តាហ៍​នេះ ប្រជា​សហគមន៍ បាន​ចុះ​ដល់ទី​តាំង​បទល្មើស​ព្រៃឈើ ប្រទះ​ឃើញ រូប​សំណាក់​ព្រះពុទ្ធ សង់​ក្រោម​ដើម​ជ្រៃ​ធំ បាន​ដួល​រលំ​បាក់បែក​ខ្ទេច ហើយ​ដើម​ជ្រៃ​ធំៗ​ជាច្រើន​ដើម​ទៀត ផ្តល់​ម្លប់​ត្រជាក់​ស្រឹប ក៏​ត្រូវ​គេ​កាប់​រលាយ​អស់​ដែរ​។ រីឯ ក្រុម​ពលរដ្ឋ​នៅ​តំបន់​ផ្សេង ជាច្រើន​នាក់ នៅតែ​បន្ត​លួច​កាប់​ដើមឈើ​ធំៗ ប្រភេទ​គគីរ និង​ឈើទាល ដួល​រាយប៉ាយ​ពេញ​ព្រៃ​នៅ​ជុំវិញ​អាស្រម វត្ត​មេត្តា​ធម្មជាតិ ហើយ​ដើមឈើ​ធំៗ​ខ្លះទៀត ដែល​ធ្លាប់​បំបួស​រំ​ស្បង់​ចីវរ​ក៏​ត្រូវ​គេ​កាប់​រំលំ​អស់​ដែរ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ដែល​ចុះ​អង្កេត​រឿង​នេះ អះអាង​ថា ព្រៃ​អភិរក្ស​នេះ មាន​សារសំខាន់ សម្រាប់​សត្វព្រៃ និង​ពលរដ្ឋ​រស់នៅ​ទីនោះ ពុំគួរ​ជា​កម្មវត្ថុ ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នោះ​ឡើយ។

លោក​ថា មេទាហាន​ខ្លះ កំពុង​ប្រើ​ល្បិច​អាក្រក់ ទទួល​ប្រយោជន៍​ពី​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នេះ ដោយ​យក​ដី​លក់​ចែក​គ្នា ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ក្នុង​មួយ​ហិកតារ​។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ពិចារណា​លុប​គម្រោង​ឆ្វៀល​ដី​ព្រៃ​សហគមន៍​នេះ​ជា​បន្ទាន់ ដើម្បី​ប៉ះប៉ូវ​ផ្លូវចិត្ត​ពលរដ្ឋ ដែល​ខិតខំ​ការពារ​ព្រៃ​នេះ​៖ «ចង់ឱ្យ​រដ្ឋាភិបាល​ធ្វើ​បច្ចុប្បន្នភាព​លើ​ទីតាំង​ដី​ទាំងនោះ​ឡើងវិញ ដោយ​ដកហូត​ទីតាំង​ដី​ទាំងអស់​ដែល​បាន​ផ្តល់​ដោយ​រដ្ឋាភិបាល ហើយ​ពួកគេ​លក់ គឺ​ត្រូវ​ដកហូត កុំ​ប្រើ​ដី​ល្បិច​រៀប​ដី​រដ្ឋ​លក់ ដែល​ជា​ល្បែង​ថោក​បំផុត​សម្រាប់​មន្ត្រី​ខិលខូច»។

​ប្រជា​សហគមន៍​បន្ថែម​ថា កន្លងទៅ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ កាត់​ឆ្វៀល​ដី​ព្រៃ​មេត្តា​ធម្មជាតិ​ទំហំ ៧៨ ហិកតារ ដើម្បី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ចែក​ជូន​គ្រួសារ​កងទ័ព​។ ប៉ុន្តែ​ធាតុ ពិត​ពុំ​ដូច្នេះ​ទេ ព្រោះ​ដី​ដែល​កាត់​ឆ្វៀល​ទាំងនោះ បែរជា​ក្លាយជា​កម្មសិទ្ធិ​របស់ មេទាហាន ពីរ​នាក់​ទៅវិញ។ពួកគាត់​ទទូច​ឱ្យ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ ពី​គម្រោង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ព្រោះ​មន្ត្រី​យោធា​មួយចំនួន កំពុង​ភូតភរ​ថ្នាក់ដឹកនាំ ដើម្បី​ច្បាម​យក​ដី​ព្រៃ​អភិរក្ស​លក់​ចែក​គ្នា ដោយ​មិន​ខ្វល់​ពី​ក្តី​កង្វល់​របស់​ពលរដ្ឋ​នោះ​ឡើយ។

ព្រៃ​មេត្តា​ធម្មជាតិ គឺជា​ផ្នែក​មួយ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ហើយ​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជា​ព្រៃ​អភិរក្ស​ពី​ក្រសួង​បរិស្ថាន​កាល​ពី​ឆ្នាំ​២០០២។

ព្រៃ​សហគមន៍​មួយ​នេះ​មាន​ផ្ទៃដី​ប្រមាណ ២.០០០​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន​កាន់តែ​រួម​តូច​នៅ​សល់តែ​ជាង ៨០០​ហិកតារ​ប៉ុណ្ណោះ ដោយសារ​មានការ​រំលោភបំពាន​យក​ជា​បន្ត​បន្ទាប់ពី​ក្រុមហ៊ុន​ឯកជន និង​ឈ្មួញ​ខិលខូច​មួយ​ចំនួន។

ព្រៃ​សហគមន៍​នេះ មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​រស់នៅ រួម​មាន ទោច ខ្លាឃ្មុំ ស្វា ក្ងោក មាន់ព្រៃ ឈ្លូស ក្ដាន់ និង​ស្វា​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles