ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​បន្ត​ទាមទារ​ឱ្យ​ថៅកែ​បើកប្រាក់​ឈ្នួល​ជូន​កម្មករ

ដោយ អាស៊ីសេរី
2022.05.15
RFA

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​បន្ត​ទាមទារ​ឱ្យ​ថៅកែ​បើកប្រាក់​ឈ្នួល​ជូន​កម្មករ

កម្មករ​រោង​ចក្រ​កាត់ដេរ​សំលៀក​បំពាក់ ឈ្មោះ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co.,LTD) នៅ​រាជធានី​ភ្នំពេញ ជាង ៤០០នាក់ ​ធ្វើ​កូដកម្ម​ដោយបិទ​ផ្លូវ វេង ស្រេង នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២២ ប្រឆាំង​ក្រុមហ៊ុន ដែល​ដឹក​ម៉ាស៊ីន​ភ្លើង​ចេញ​ពី​រោងចក្រ។ រូប៖ ផ្ដល់​ដោយ​ពលរដ្ឋ


កម្មករ​រោងចក្រ​កាត់ដេរ សំលៀកបំពាក់ ឃែនធើរេន អឹភរឹល ខេមបូឌា (Canteran Apparel Cambodia Co.,LTD) នៅ​រាជធានី​ភ្នំពេញ​ជិត​៣​រយ​នាក់ (៣០០) បាននាំគ្នា​ដេក​យាម​គ្រឿង​ម៉ាស៊ីន​នៅមុខ​រោងចក្រ​ជិត​មួយ​សប្ដាហ៍​មក​ហើយ ដោយ​ពួកគាត់​សង្ស័យ​ថា ថៅកែ​ក្រុមហ៊ុន​នេះ​បិទទ្វារ​ដោយ​គ្មាន​ទំនួល​ខុសត្រូវ​លើ​ប្រាក់​ឈ្នួល​កម្មករ​។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​ដោះស្រាយ​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យបាន​ឆាប់​ស្របតាម​ច្បាប់​ស្ដីពី​ការងារ​។​

​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ សំលៀកបំពាក់ ឃែនធើរេន អឹភរឹល ខេមបូឌា ឱ្យដឹងថា បុគ្គលិក​ផ្នែក​រដ្ឋបាល​មួយ​ចំនួនធំ​ព្រមទាំង​មេធាវី និង​អគ្គនាយក​ក្រុមហ៊ុន​រោងចក្រ​នេះ បាន​លា​ឈប់​ពី​ការងារ និង​បិទទ្វារ​រោងចក្រ​ជិត​១​សប្តាហ៍​មក​ហើយ ដោយ​មិនទាន់​បាន​គិតគូរ​ពី​ប្រាក់​ឈ្នួល​ជូន​កម្មករ​នោះ​ទេ។

កម្មការិនី​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​សំលៀកបំពាក់ ឃែនធើរេន អឹភែរឹល ខេមបូឌា លោកស្រី ហឿន ហែម ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៤ ឧសភា​ថា លោកស្រី និង​កម្មករ​មួយ​ចំនួន​ទៀត បាន​ដេក​យាម​នៅមុខ​រោងចក្រ​អស់​រយៈពេល​ជិត​១​សប្ដាហ៍​មក​ហើយ ដើម្បី​កុំឱ្យ​ភាគី​ក្រុមហ៊ុន​ថៅកែ​ក្រុមហ៊ុន​ដឹក​គ្រឿង​ម៉ាស៊ីន​ចេញពី​រោងចក្រ​តទៅទៀត​។ លោកស្រី​ថា ថៅកែ​ក្រុមហ៊ុន​ពិតជា​មាន​បំណង​គេចវេះ​ពី​ការទទួលខុសត្រូវ​លើ​ប្រាក់​ឈ្នួល​កម្មករ ទើប​បញ្ជា​ឱ្យ​កូនចៅ បាន​លួច​ដឹកជញ្ជូន​គ្រឿង​ម៉ាស៊ីន​ស្ងាត់ៗ​ចេញទៅ​ខាងក្រៅ​ជា​បន្តបន្ទាប់​ដោយ​គ្មាន​ជូនដំណឹង។ លោកស្រី​បញ្ជាក់​ថា ចំពោះ​ប្រាក់​ជួល​ប្រចាំ​ខែឧសភា​នេះ ប្រាក់​ជំងឺ​ចិត្ត និង​ប្រាក់​អតីតភាព​ការងារ​ប្រចាំឆ្នាំ​ដែល​នៅសល់ ក៏​ភាគី​ក្រុមហ៊ុន​នៅ​មិន​ទាន់​ដោះស្រាយ​ជូន​កម្មករ​នៅឡើយ៖ «ឥឡូវ​ទៅជា​ពួកគាត់ ជា​មេៗ​ហ្នឹង ប្រលែង ២៣​រយ​នាក់​ហ្នឹង ចោល​អស់រលីង​។ អត់​មាន​មេ អត់​មាន​អ្នក​ជួយ​ដោះស្រាយ​ទេ នៅ​សាច​ពេញ​ហ្នឹង​អ៊ីចឹង ដូច​មាន់​គេ​យក​មេ​ទៅ​បាត់​អ៊ីចឹង។ ខ្ញុំ​បារម្ភ​ណាស់ មិនដឹង​ម៉េច​ម៉ា សង្ឃឹម​យ៉ាងម៉េច​ទេ​។ ព្រោះ​កម្មករ​មិន​ដឹង​ទៅណា ពឹង​ពាក់​អ្នកណា»។

ជុំវិញ​រឿង​នេះ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធ​ការងារ និង​កម្មករ ប្រចាំ​នៅ​រោងចក្រ ឃែនធើរេន អឹភរឹល ខេមបូឌា លោកស្រី ខួន សុខា ថ្លែង​ថា ភាគី​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ពី​ការ​ផ្លាស់ប្តូរ​ទីតាំង​ការងារ និង​បញ្ហា​ក្ស័យធន​នោះ​ទេ​។ លោកស្រី​ថា បើ​ក្រុមហ៊ុន​បិទទ្វារ​មិន​ឱ្យ​កម្មករ​ចូល​ធ្វើ​ការងារ​បែប​នេះ ភាគី​ក្រុមហ៊ុន​ត្រូវតែ​ទទួលខុស​តាមផ្លូវ​ច្បាប់ និង​ត្រូវ​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យ​បាន​ចប់​សព្វគ្រប់​ជាមុន​។ លោកស្រី​ឱ្យ​ដឹងទៀត​ថា ក្រុម​កម្មករ​ក៏​បាន​រួមគ្នា​ផ្ដិតមេដៃ និង​រៀបចំ​ឯកសារ​មួយ​ចំនួន ដើម្បី​ស្នើ​ទៅ​កាន់​ក្រសួង​ការងារ​ជួយ​អន្តរ​គម​ន៍​តាមផ្លូវ​ច្បាប់​ផង​ដែរ៖ «មើលទៅ​អត់​មាន​ជំហរ​ខាង​ណា​ដោះស្រាយ​ទេ ដោយសារ​អី រត់​អត់​ម៉ង​ហា៎ គ្មាន​ជូនដំណឹង​។ ជាង ១០​ឆ្នាំមុន ក៏​គាត់ (​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​អ៊ីចឹង​ដែរ ឱ្យ​កម្មករ​ព្យួរការងារ ស្រាប់តែ​ព្យួរការងារ (​ក្រុមហ៊ុន​ដឹក​ម៉ាស៊ីន​ទៅ​អស់​។ លើក​ទី​ពីរ​គេ (​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​ដូច​លើក​មុន​ដែរ កន្លងមក​ព្យាយាម​ដឹក​ម៉ាស៊ីន​ចេញ​។ ដល់ពេល​យើង​ដឹង​ថា រោងចក្រ​នេះ មាន​សភាពការណ៍​អត់​ស្រួល ឃាត់​បាន​ម៉ាស៊ីន​បាន​ទុក​ខ្លះ​។ បន្ទាប់​មក​រដ្ឋបាល នាយក​ដាក់ពាក្យ​លាលែង បន្តបន្ទាប់ សូម្បី​មេធាវី​ប្រចាំ​រោងចក្រ​ក៏​ដាក់ពាក្យ​លាលែង​ពី (​ការងារ)»។

កាលពី​ខែ​មេសា កន្លង​ទៅ ក្រុម​កម្មករ​ជាង​៣០០​នាក់​បាន​នាំគ្នា​បិទផ្លូវ​វេងស្រេង​ម្ដង​រួច​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​គោរព​សិទ្ធិ​ការងារ និង​ត្រូវ​បញ្ឈប់​រាល់​ការ​ដឹកជញ្ជូន​គ្រឿង​សម្ភារៈ​ទាំងឡាយ​ចេញពី​រោងចក្រ​។ ក្រុម​កម្មករ​ឱ្យ​ដឹង​ទៀត​ថា កាលពី​អំឡុង​ឆ្នាំ​២០២០ ពោល​គឺ​មានការ​រីករាល​ដាល​ជំងឺ​កូវីដ​-១៩​ក្នុង​សហគមន៍ ក្រុម​កម្មករ​អះអាង​ថា ក្រុមហ៊ុន​បាន​បង្ខំ​ឱ្យ​កម្មករ​ធ្វើការ​ច្រើន​ម៉ោង​ស្ទើរ​គ្មាន​ពេល​សម្រាក។ កាលនោះ ពួក​គាត់​ថា ក្នុង​ខែ​ខ្លះ ក្រុមហ៊ុន​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​តែ ១០​ដុល្លា ឬ​៤​ម៉ឺន​រៀល ក្នុង​មួយម្នាក់​តែប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​កម្មករ​រាប់​រយ​ពាន់​នាក់​បាត់បង់​ជំនឿ​ចិត្ត និង​សម្រេច​ដើរ​ចេញពី​ការងារ​ដោយ​ខ្លួនឯង។

​ទាក់ទង​នឹង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​រោងចក្រ ឃែនធើរេន អឹភរឹល ខេមបូឌា គឺ​លោក លីវ គីមប៊ួរ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​លោក​ឆ្លើយ​ថា បាន​លាឈប់​ពី​ការងារ​ហើយ។

ប៉ុន្តែ គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ លោក វង្ស សុវណ្ណ ប្រាប់​កាសែត (VOD) ក្នុងស្រុក​ថ្មីៗ​នេះ​ថា លោក​មិនទាន់​អាច​សន្និដ្ឋាន​បានថា​រោងចក្រ ឃែនធើរេន បិទទ្វារ​ដោយសារ​ថៅកែ​រត់ចោល​កម្មករ​ឬ​យ៉ាងណា​នៅឡើយ​ទេ​។ លោក​ថា ក្រសួង​កំពុង​រង់ចាំ​បណ្តឹង​ផ្លូវការ​ពី​ក្រុម​កម្មករ​ឱ្យ​ជួយ​អន្តរាគមន៍ ហើយ​ក្រសួង​នឹង​ដោះស្រាយ​តាម​នីតិវិធី និង​ច្បាប់​ស្ដីពី​ការងារ​។ លោក​បញ្ជាក់​ថា បើ​ការ​ដោះស្រាយ​តាម​នីតិវិធី​របស់​ក្រសួង​ការងារ​នៅតែ​គ្មាន​លទ្ធផល លោក​នឹង​បន្ត​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ​បន្ថែម​ទៀត។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្រសួង​ការងារ​ត្រូវតែ​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​កម្មករ​ឱ្យ​បាន​ឆាប់ ដើម្បី​កុំឱ្យ​ពួកគាត់​រង​ភាព​នូវ​អយុត្តិធម៌ និង​ជួប​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​។ លោក​យល់​ថា ការណ៍​ដែល​ភាគី​ក្រុមហ៊ុន​លួច​បញ្ជូន​គ្រឿង​សម្ភារៈ​ចេញពី​កន្លែង​ក្រុមហ៊ុន​នា​ពេល​កន្លង​មក​នេះ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ក្រុមហ៊ុន​ខ្វះ​ទំនួល​ខុសត្រូវ​លើ​ប្រាក់​ឈ្នួល​កម្មករ៖ «សម្ភារៈ​អាច​ជញ្ជូន​នៅ​ពេល​ណា​ក៏បាន​ដែរ​។ ពីព្រោះ កាលណា​ជញ្ជូន​ទៅ​អស់ ក្រុមហ៊ុន​មានអី ត្រូវ​មាន​ទម្ងន់ ក្នុង​ការ​ដោះស្រាយ​ជូន​កម្មករ​។ អ៊ីចឹង សំខាន់​គឺ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​ជំរុញ ហើយ​ដោះស្រាយ​ឱ្យ​បាន​ចប់​សព្វគ្រប់​ចាំ​ឱ្យ​ដក​យក​សម្ភារៈ​ទៅ​។ បើ​មិន​អ៊ីចឹង​ទេ ដោយសារតែ​ហេតុផល​នេះ​ហើយ ដែល​ខ្ញុំ​មើល​ឃើញ​ថា កម្មករ​គាត់​បារម្ភ ដោយសារ​សម្ភារៈ​ចេញ​អស់ ប្រហែលជា​គ្មាន​ដំណោះស្រាយ អ៊ីចឹង​ហើយ​បាន​គាត់​ព្យាយាម​ធ្វើ​កូដកម្ម»។

ក្រុម​កម្មករ​ប្រកាន់​ជំហរ​ថា ពួកគាត់​នឹង​នៅតែ​បន្ត​ដេក​យាម​នៅ​ខាងមុខ​រោងចក្រ ដើម្បី​ទាមទារ​ឱ្យ​ភាគី​ក្រុមហ៊ុន​គោរព​កិច្ចសន្យាការងារ និង​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ជូន​កម្មករ​ដែល​សល់​ជាង​៣​រយ​នាក់ (៣០០)​។ ពួកគាត់ ក៏​ទាមទារ​ដល់​ក្រសួង​ការងារ​ឱ្យ​ឈរ​នៅ​ចំណុចកណ្ដាល​ក្នុង​ការ​ដោះស្រាយ​វិវាទ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្ដីពី​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles