ដោយ ជាតិ ចំណាន
2022.05.14
RFA

កិច្ចប្រជុំគណបក្សភ្លើងទៀន។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន
គណបក្សភ្លើងនៅ នឹងរៀបចំធ្វើសមាជថ្ងៃទី១៥ ឧសភា នេះ ដោយមានថ្នាក់ដឹកនាំ និងអ្នកគាំទ្រជាងពីរពាន់នាក់ចូលរួម ដើម្បីសម្រេចថា ចូលរួមឬមិនចូលរួមក្នុងការប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២២ ឆ្នាំ២០២៣ ខាងមុខ។ អ្នកឃ្លាំមើលការយល់ថា គណបក្សនេះនឹងផ្ដល់ក្ដីសង្ឃឹមថ្មីដល់ពលរដ្ឋម្ចាស់ឆ្នោត ប៉ុន្តែមន្ត្រីបក្សកាន់អំណាចថា មិនបារម្ភពីវត្តមានគណបក្សភ្លើងទៀនឡើយ។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ ព្យាករណ៍ថា នឹងមានភាគរយខ្ពស់ដែលគណបក្សភ្លើងទៀន សម្រេចចូលរួមការប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ។ ទោះយ៉ាងណាលទ្ធផលនឹងត្រូវបង្ហាញក្នុងអង្គសមាជគណបក្សនេះ ដែលរៀបចំនៅរាជធានីភ្នំពេញ ថ្ងៃអាទិត្យទី១៥ ខែឧសភា។
លិខិតអញ្ជើញរបស់គណបក្សភ្លើងទៀនឲ្យដឹងថា សមាជវិសាមញ្ញនេះចូលរួមពីប្រធានអនុប្រធាន សមាជិកក្រុមការងារបណ្ដោះអាសន្ន រាជធានី ខេត្ត និងសកម្មជនគណបក្សភ្លើងទៀនចូលរួម។ សមាជនេះមានរបៀបវារៈអនុវត្តគោលនយោបាយឃុំសង្កាត់ឆ្នាំ២០២២។
អនុប្រធានគណបក្ស និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យវិទ្យុអាស៊ីសេរីដឹងថា តាមគម្រោងនឹងមានអ្នកចូលរួមជាង២.០០០នាក់ ។ លោកបន្តថា គណបក្សបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ពីការជួបជុំនេះរួចហើយ។ លោកឲ្យដឹងទៀតថា គណបក្សនឹងសួរយោបល់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សនៅក្នុងអង្គសមាជនោះដើម្បីសម្រេចថាចូលរួមការបោះឆ្នោតឬមិនចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ៖ «ពួកយើងជាអ្នកប្រជាធិបតេយ្យយើងត្រូវការសំឡេងពួកគាត់អ្នកប្រកួតដូច្នេះបើគាត់ថា យល់ស្របយល់ព្រមថា ការខិតខំហ្នឹងគួរតែចូលរួមក្នុងការបោះឆ្នោតដើម្បីឲ្យមានការផ្លាស់ប្ដូរទៅតាមសំណូមរបស់ប្រជាពលរដ្ឋគឺយើងនឹងគោរពទៅតាមឆន្ទៈរបស់ពួកគាត់ទាំងអស់ហ្នឹងបាទ»។
គណបក្សភ្លើងទៀនបង្ហាញជំហរបែបនេះ ក្រោយគណបក្សនេះ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ស្ទើរទូទាំងប្រទេសជាង១៦០០ឃុំសង្កាត់ ដែលចំនួននេះប្រហាក់ប្រហែលនឹងការដាក់បេក្ខជនរបស់គណបក្សកាន់អំណាចដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា គណបក្សភ្លើងទៀន មានបំណងចង់ដណ្ដើមយកអាសនក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជា។ ទោះយ៉ាងណា លោកថា គណបក្សនេះមិនបានគំរាមកំហែងដល់គណបក្សប្រជាជនកម្ពុជានោះទេ ព្រោះគណបក្សភ្លើងទៀន គឺគ្រាន់ជាចំណែកតូចមួយរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលទៅហើយនោះ៖ «ដោយសារសង្គ្រោះជាតិចាញ់ទៅហើយ នៅទាំងមូលចាញ់ទៅហើយជាមួយហ្នឹងហើយឥឡូវនៅតែម្ខាងមិនដល់ម្ខាងផងរឿងអីទៅឈ្នះ អេ ចាំដល់បោះឆ្នោតហើយ ខ្ញុំមិនមែនអ្នកទាយទៅគេទាយ»។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីបក្សកាន់អំណាច អតីតសមាជិកក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យគណបក្សសង្គ្រោះជាតិ លោក ហង្ស ស៊ីសុវត្ថ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ រំពឹងថា គណបក្សភ្លើងទៀន នឹងផ្ដល់ជម្រកស្របច្បាប់ដល់សកម្មជនគណបក្សសង្គ្រោះជាតិដែលគ្មានកន្លែងឈរអស់ជាច្រើនឆ្នាំមកហើយ។ លោកបន្តទៀតថា គណបក្សនេះ ក៏នឹងផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋដែលស្រលាញ់ប្រជាធិបតេយ្យផងដែរ។ ទោះយ៉ាងណា លោកព្រួយបារម្ភថា ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ដូចសព្វថ្ងៃ នឹងធ្វើឲ្យគណបក្សនេះ ជួបការប្រកួតប្រជែងមួយដែលគ្មានយុត្តិធម៌ និងតម្លាភាព៖ «អ្វីដែលប្រជាពលរដ្ឋព្រួយបារម្ភ និងខ្ញុំដែលជាសកម្មជនភ្លើងទៀនដែលមិនពេញចិត្តគឺលទ្ធផលឆ្នោតរៀងរាល់អាណត្តិរៀងរាល់ការបោះឆ្នោតម្ដងៗ គ.ជ.ប មិនឯករាជ្យ មិនយុត្តិធម៌ និងអាចទទួលយកបាន តែងតែលួចកែតែងតែលួចសន្លឹកឆ្នោតលួចគ្រប់ដំណាក់កាលទាំងអស់»។
មន្ត្រីសម្របសម្រួលគម្រោង អ្នកតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោក ម៉ើ ចាន់ដារ៉ា យល់ថា គណបក្សភ្លើងទៀននឹងអាចចូលរួមការបោះឆ្នោតខាងមុខ និងក្លាយជាគូប្រកួតប្រជែងដ៏ស្រួចស្រាល់ជាមួយគណបក្សកាន់អំណាច។ ការលើកឡើងបែបនេះ ព្រោះលោក ម៉ើ ចាន់ដារ៉ា សង្កេតឃើញថា អ្នកគាំទ្រ និងបេក្ខជនរបស់គណបក្សភ្លើងទៀន ភាគច្រើនជាអតីតមន្ត្រី និងគាំទ្រគណបក្សសង្គ្រោះជាតិ៖ «សង្ឃឹមថា នឹងមានវត្តមានគណបក្សភ្លើងទៀន ឬក៏គណបក្សប្រឆាំងផ្សេងទៀត បានចូលរួមផងដែរ ដើម្បីឲ្យពួកគាត់អាចមានសំឡេងជួយប៉ះប៉ូវនូវចំណុចខ្វះខាតរបស់គណបក្សកាន់អំណាចនៅមូលដ្ឋាន និងជាទីពឹងប្រជាពលរដ្ឋផងដែរ»។
គណបក្សភ្លើងទៀនដំបូងឡើយឈ្មោះគណបក្សជាតិខ្មែរ ក្រោយមកឈ្មោះ គណបក្ស សម រង្ស៊ី និងចុងក្រោយនេះដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន បានកែប្រែច្បាប់មិនឱ្យប្រើឈ្មោះបុគ្គលជាឈ្មោះបក្ស ទើបគណបក្សនេះមានឈ្មោះថា ភ្លើងទៀន ដូចសព្វថ្ងៃ។ គណបក្សនេះចាប់ផ្ដើមធ្វើសកម្មភាពនយោបាយឡើងវិញក្រោយពីគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរំលាយជិត៥ឆ្នាំមកនេះមិនទាន់អាចដំណើរការឡើងវិញ។ ទន្ទឹមគ្នានេះដែរ ក្នុងចំណោមគណបក្សនយោបាយទាំង១៧ ដែលចូលរួមការប្រកួតប្រជែងការបោះឆ្នោតថ្នាក់ក្រោមជាតិថ្ងៃទី០៥ ខែមិថុនា ខាងមុខ សកម្មជនគណបក្សនេះរងការការធ្វើទុក្ខបុកម្នេញស្ទើរគ្រប់រូបភាពដោយការប្ដឹងទៅតុលាការ ការចាប់ឃុំខ្លួន ការគម្រាមនានា និងវាយធ្វើបាបពីជនមិនស្គាល់មុខជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។