សមាជ​បក្ស​ភ្លើង​ទៀន​សម្រេច​ចូលរួម​​បោះ​ឆ្នោត​ខាង​មុខ​ ​ទោះ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​សកម្មជន​បន្ត​បន្ទាប់​ក្តី

នយោបាយ ព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា | ១៥ ឧសភា ២០២២ | ម៉ោង ១៥:៥២
VOD

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀននាំគ្នាក្រោកឈរដោយសម្តែងការអបអរសាទរ ក្នុងឱកាសសមាជវិសាមញ្ញរបស់គណបក្សនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក គណបក្សភ្លើងទៀន)

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀននាំគ្នាក្រោកឈរដោយសម្តែងការអបអរសាទរ ក្នុងឱកាសសមាជវិសាមញ្ញរបស់គណបក្សនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក គណបក្សភ្លើងទៀន)


សមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន បានអនុម័តសម្រេចជាផ្លូវការថា នឹងចូលរួមការបោះឆ្នោតខាងមុខ ដើម្បីជំរុញឱ្យមានការលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ខណៈសកម្មជនរបស់ខ្លួនរងការគំរាមកំហែង បំភិតបំភ័យពីសំណាក់អាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ និងខ្លះរងបណ្តឹងនៅតុលាការថែមទៀតផង។  ​

ថ្លែងក្នុងឱកាសសមាជនវិសាមញ្ញគណបក្សនៅព្រឹកថ្ងៃអាទិត្យនេះ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានលើកឡើងនូវគោលនយោបាយគណបក្សមួយចំនួន ដែលបានដាក់ចេញសម្រាប់ត្រៀមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅខែមិថុនាខាងមុខ។ ​

ជាមួយគ្នានោះ លោកបានអនុញ្ញាតឱ្យអង្គសមាជវិសាមញ្ញអនុម័តដោយលើកដៃ ដើម្បីសម្រេចថាតើត្រូវចូលរួមការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខឬអត់? ជាលទ្ធផលអង្គសមាជបានលើកដៃគ្រប់គ្នា ដោយលោក សុន ឆ័យ អះអាងថា សំឡេង១០០ភាគរយ លើ១០០ភាគរយ ដោយយល់ព្រមឱ្យចូលរួមការបោះឆ្នោតខាងមុខ។

លើសពីនេះ អង្គសមាជក៏បានអនុម័តយល់ព្រមឱ្យប្រើប្រាស់នូវគោលនយោបាយទាំង៧ចំណុច សម្រាប់យកទៅប្រកួតប្រជែនក្នុងការបោះឆ្នោតខាងមុខ និងយកទៅប្រើប្រាស់ពេលបក្សរបស់ខ្លួនឈ្នះការបោះឆ្នោតផងដែរ។

លោក សុន ឆ័យ៖«ថាតើគណបក្សភ្លើងទៀនត្រូវចូលរួមការបោះឆ្នោតឬអត់? [……]។ បើបងប្អូនគិតថាយើងត្រូវចូលរួមការបោះឆ្នោតបានសុំលើកដៃ។ […….]១០០ភាគរយទៀតហើយ [លើកដៃ] ១០០ភាគរយទាំងអស់។  គណបក្សភ្លើងទៀន ធ្វើអ្វីក៏ដោយគឺ ១០០ភាគរយ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋទុកចិត្តបាន១០០ភាគរយ។ យើងនឹងចូលរួមការបោះឆ្នោតខាងមុខនេះ»។  

អគ្គលេខាធិការនៃគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានឡើងអានរបាយការណ៍ក្នុងឱកាសសមាជនោះថា មកដល់ពេលបច្ចុប្បន្នគណបក្សក្រៅរដ្ឋាភិបាលមួយនេះបានរៀបចំបេក្ខជនសម្រាប់ឈរឈ្មោះការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ​បានចំនួន១ ៦២៣ ក្នុងចំណោមឃុំ-សង្កាត់សរុប១ ៦៥២ នៅទូទាំង​​ប្រទេសបន្ទាប់ពីមានភាពចម្រូងចម្រាស់ ដោយគ.ជ.ប បានសម្រេចលុប​បញ្ជីឈ្មោះបេក្ខភាពរបស់ខ្លួននៅឃុំសង្កាត់មួយចំនួន។

លោកបន្តថា មានមូលហេតុមួយចំនួនដែលធ្វើឱ្យបក្សនេះមិនអាច​រៀបចំចុះបញ្ជីបេក្ខជនឱ្យគ្រប់ឃុំ-សង្កាត់បាន ដោយសារបញ្ហាធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើសកម្មជនរបស់ខ្លួន និងការចោទប្រកាន់ផ្សេងៗផងដែរ។

បន្ថែមពីនេះ លោកអះអាងថា គណបក្សក៏បង្ហាញការសោកស្តាយដែរ ដោយសារមិនអាចរៀបចំភ្នាក់ងារសង្កេតការណ៍បោះឆ្នោតនៅពេលខាងឱ្យមុខឱ្យបានគ្រប់ ១០០ភាគរយ ពោលគឺបក្សនេះរៀបចំបានតែ៨០ភាគរយប៉ុណ្ណោះនៅទូទាំងប្រទេស ក្រោមហេតុផលថា អាជ្ញាធរបានធ្វើទុក្ខបុកម្នេញ ការទិញទឹកចិត្ត បំភិតបំភ័យ មិនឱ្យពួកគេចូលរួមធ្វើជាភ្នាក់ងារសង្កេតការណ៍ឱ្យបក្សនេះបាន។  

លោកបន្តថា៖ «ជាការពិតដោយមិនអាចលាក់បាំងបាន ក្នុងរយៈពេល៥ខែនេះ  គណបក្សភ្លើងទៀនជាគណបក្សមួយដែលរងទទួលនូវការបំភិតបំភ័យ ដែលរងទទួលនូវការរំខាន ការយាយីផ្នែកនយោបាយ ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ជាពិសេសពីសំណាក់មន្ត្រីនៅមូលដ្ឋាន និងអ្នកមានអំណាចមួយចំនួនទៅលើសកម្មជនមួយចំនួន ទៅលើសមាជិកសមាជិកាគណបក្សភ្លើងទៀន។ ទៅលើបេក្ខជននិងភ្នាក់ងារអ្នកសង្កេតការណ៍គណបក្សភ្លើងទៀន»។  

បេក្ខជនឈរឈ្មោះចៅសង្កាត់ស្ទឹងវែង ខេត្តកោះកុង មកពីគណបក្សភ្លើងទៀន លោក ប៉ាល់ កែប ថ្លែងក្នុងសមាជនោះ​ថា លោកត្រូវបានមេធាវី៦រូបតំណាងឱ្យគណបក្សមួយ ដែលលោកសំដៅទៅបក្សកាន់អំណាចបានប្តឹងលោក ហើយតុលាការក៏បានចេញដីកាកោះហៅលោកចូលទៅបំភ្លឺថែមទៀតផង ប៉ុន្តែលោកបានស្នើពន្យារពេលចូលបំភ្លឺដោយមិនមានពេលគ្រប់គ្រាន់។

​​មេធាវីចំនួន៦រូប តំណាងឱ្យគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានប្ដឹងលោក ប៉ាល់ កែប ជាលេខាធិការគណបក្សភ្លើងទៀនប្រចាំខេត្តកោះកុង និងជា​បេក្ខភាពចៅសង្កាត់​ស្ទឹងវែង ក្រុងខេមរភូមិន្ទ និងគូកន ក្រោមបទចោទ​ ក្លែងឯកសារសាធារណៈ​ បង្កភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខជាតិ បទបរិហារកេរ្តិ៍ជាសាធារណៈ និងការឃោសនាបោះឆ្នោតផ្ទុយនឹងច្បាប់។

បេក្ខជនឈរឈ្មោះចៅសង្កាត់ស្ទឹងវែងបក្សក្រៅរដ្ឋាភិបាលរូបនេះអះអាងថា ការប្តឹងរូបលោកដោយសារឃើញសន្ទុះស្មារតីយុវជនបក្សភ្លើងទៀនខ្លាំង និងមានចេតនាបំបាក់ស្មារតីពួកគាត់តែម្តង។

ទោះជារងការប្តឹងផ្តល់បែបនេះក្តី ប៉ុន្តែលោក ប៉ាល់ កែប អះអាងថា លោកមិនញញើតនោះឡើយ ទោះជាលោកត្រូវចាប់ខ្លួនក៏ដោយ។

លោក ប៉ាល់ កែប ៖ «ទោះបីតុលាការប្តឹងអាម៉េច ទុកសិន ឃោសនាសិនៗ តារាងពេលវេលាទៅមុខៗហើយ តុលាការចាប់ខ្លួនថ្ងៃណា បងប្អូនកុំបារម្ភ។ ខ្ញុំបាទ បានប្រាប់ថ្នាក់ក្រោមខ្ញុំទាំងអស់ហើយថា ទោះបីជាមានការចាប់ចងខ្ញុំ ទោះបីដាក់គុកខ្ញុំមួយក៏អត់បញ្ហាដែរ ធ្វើការធម្មតា ធ្វើឱ្យឈ្នះគ្រប់ឃុំទាំងអស់»។

វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃទី១៥ ខែឧសភានេះ។

តែយ៉ាងណា ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​ ចុះ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ២០២២ លើកឡើង​ថា​​ កន្លង​មក មាន​អ្នក​នយោបាយ​មួយ​ចំនួនបាន​រំលេច​ឡើង​ពី​សភាព​ការណ៍ និង​បរិយាកាស​ចង្អៀតចង្អល់ ក្នុងការរឹតត្បិតនូវសកម្មភាព សេរីភាពនយោបាយ នៅក្នុងរដូវកាលនៃយុទ្ធនាការបោះឆ្នោត ប៉ុន្តែគេ​កម្រទទួលបាននូវមុខសញ្ញា ទីតាំង ពេលវេលា និងទីកន្លែងកើតហេតុទាំងអស់នោះណាស់។

រដ្ឋាភិបាលអះអាងថា ការលើកឡើង​ដោយ​មិន​បង្ហាញ​មុខ​សញ្ញា​ច្បាស់​លាស់​នេះ គ្រាន់​តែ​ជា​ការ​បំផុស និងបង្កើត​​ទឡ្ហីករណ៍​នយោបាយ ដើម្បីត្រៀមដាក់ទម្ងន់លើការចោទប្រកាន់ និងវាយតម្លៃជាសកល ក្នុងហេតុផល​ធ្វើឱ្យប៉ះពាល់ទៅលើលទ្ធផលការបោះឆ្នោតតែប៉ុណ្ណោះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា ការសម្រេចចិត្តចូលរួមការបោះឆ្នោតរបស់បក្សភ្លើងទៀន គឺជាដំណើរការនៃសង្គមប្រជាធិបតេយ្យ ដែលមានទាំងបក្សកាន់អំណាច និងបក្សប្រឆាំងដើម្បីប្រកួតប្រជែង ហើយក៏ជាការបង្ហាញពីភាពជឿជាក់លើដំណើរការបោះឆ្នោតផងដែរ។

ដោយឡែកចំពោះការលើកឡើងថា មានការគំរាមកំហែង បំភិតបំភ័យទៅលើសកម្មជនបក្សភ្លើងទៀនបន្តបន្ទាប់នោះ លោកនិយាយថា ប្រសិនបើសកម្មភាពទាំងនោះកើតឡើងក្នុងអំឡុងដែនសមត្ថកិច្ចរបស់ខ្លួន  នោះ គ.ជ.ប នឹងស្រាវជ្រាវដើម្បីចាត់វិធានការ។ លោកថា ដែនសមត្ថកិច្ច គ.ជ.ប គឺចន្លោះពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ មិថុនា ដែលជាពេលយុទ្ធនាការឃោសនាបោះឆ្នោត។ បន្ថែមពីនេះ តំណាងគណបក្សគួរតែប្រមូលភស្តុតាងអំពីការគំរាមកំហែងទាំងនោះ ដាក់មក គ.ជ.ប ឬ ស្ថាប័នពាក់ព័ន្ធ គឺជារឿងល្អ។

លោក ហង្ស ពុទ្ធា ៖ «ខ្ញុំគិតថា ប្រសិនបើមានភស្តុតាង សាក្សី ទឡ្ហីករណ៍ពិតប្រាកដ កុំឱ្យលើកឡើងជារួមៗ ហើយត្រូវធ្វើជាលក្ខណ៍លាយអក្សរមក គ.ជ.ប  ហើយបើអ្វីដែលជាសមត្ថកិច្ចរបស់ គ.ជ.ប អាហ្នឹងបាន គ.ជ.ប ចូលរួមក្នុងដំណោះស្រាយ»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ មើលឃើញថា ការប្រកាសចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខរបស់បក្សភ្លើងទៀន អាចពួកគេបានរៀនសូត្រពីព្រឹត្តិការណ៍បោះឆ្នោតកាលពីឆ្នាំ២០១៨ ដោយមិនមានបក្សប្រឆាំងធំចូលរួម ហើយលទ្ធផលបក្សកាន់អំណាចបានប្រមូលយកកៅរដ្ឋសភាទាំងអស់ និងបានដឹកនាំរដ្ឋាភិបាលដោយរលូន ទោះបីមានការរិះគន់ខ្លះក្តី។

​កញ្ញាបន្តថា បក្សក្រៅរដ្ឋាភិបាលមួយនេះនឹងទទួលបានអាសនៈខ្លះ ពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខ ប៉ុន្តែថាបានប៉ុន្មាននោះកញ្ញាមិនទាន់ហ៊ានទស្សន៍ទាយនៅឡើយទេ ត្បិតគណបក្សភ្លើងទៀនមានបញ្ហាប្រឈមពីរធំៗ ដែលធ្វើឱ្យបក្សនេះពិបាកទទួលបានអ្នកគាំទ្រលើសលប់។

កញ្ញាបន្តថា៖«ពីរចំណុចសំខាន់ហ្នឹង គឺទី១ គាត់[បក្សភ្លើងទៀន]ទើបរើបខ្លួន នៅកៀកការបោះឆ្នោតមែនទែន ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធ ដូចយើងដឹងកន្លងមកហើយថា ការដាក់បេក្ខភាពមេឃុំចៅសង្កាត់អីហ្នឹងគឺនៅមានបញ្ហាច្រើនមែនទែន។ ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹង ហាក់ដូចជាមានភាពរឹតបន្តឹងខ្លាំងចំពោះបេក្ខភាពរបស់គណបក្សភ្លើងទៀន។ អាហ្នឹងចំណុចទី១ ហើយចំណុចទី២ ធនធានគណបក្សភ្លើងទៀននៅមានកម្រិតទាំងធនធានមនុស្ស និងធនធានលុយកាក់អីហ្នឹងគឺនៅមានកម្រិត។ អីចឹងទៅបើយើងសង្ឃឹមច្រើន ក៏យើងពិបាកវាយតម្លៃដែរ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញថា នៅតែមានសង្ឃឹមថាបានអាសនៈខ្លះ  ប៉ុន្តែខ្ញុំមិនឆ្លើយថាបានចំនួនប៉ុន្មានខ្ញុំប្រហែលជាមិនឆ្លើយទេ»។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងអាណត្តិទី៥ ឆ្នាំ២០២២នេះ គណបក្សភ្លើងទៀន បានដាក់បញ្ជីបេក្ខជនឈរឈ្មោះក្នុងលំដាប់លេខរៀងទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។

កាលពីចុងខែមេសា តំណាងគណបក្សភ្លើងទៀនបានដាក់ភស្តុតាងបន្ថែមទៅក្រសួងមហាផ្ទៃ ជុំវិញការធ្វើទុក្ខបុកម្នេញទៅលើសកម្មជននៅមូលដ្ឋានរបស់ខ្លួន ក្រោយពេលរដ្ឋមន្ត្រីក្រសួងមួយនេះប្រាប់ឱ្យតំណាងបក្សភ្លើងទៀនដាក់ភស្តុតាងឱ្យបានច្បាស់លាស់ ជៀសវាងការលើកឡើងជាទូទៅនិងគ្មានភស្តុតាង។

ដោយឡែកនៅថ្ងៃទី៣ ខែឧសភា ថ្នាក់ដឹកនាំគណបក្សក្រៅរដ្ឋាភិបាលមួយនេះក៏បានជួបមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានស្នើក្រសួងសាមីមួយនេះជួយអន្តរាគមន៍ទៅស្ថាប័នតុលាការពន្យារពេលការអនុវត្តនីតិវិធីតុលាការលើសកម្មជនរបស់ខ្លួននៅក្នុងអំឡុងពេលបោះឆ្នោតឃុំ-សង្កាត់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ឆ្លើយតបថា ក្រសួងមិនអាចលូកដៃបានឡើយ។

បើតាមបញ្ជីឈ្មោះ និងករណីដែលគណបក្សភ្លើងទៀន បានស្នើសុំឱ្យក្រសួងយុត្តិធម៌អន្តរាគមន៍មាន៣ប្រភេទ ដោយទីមួយ គឺពិរុទ្ធជនដែលកំពុងអនុវត្តទោសជាប់ពន្ធនាគារព្រៃស និងពន្ធនាគាររាជធានីភ្នំពេញ (PJ) ចំនួន១៦នាក់។ ប្រភេទទីពីរ គឺសមាជិកដែលកំពុងចាប់ខ្លួនថ្មីៗចំនួន៧នាក់ និងប្រភេទទីបី គឺករណីចាប់ខ្លួននិងចោទប្រកាន់នៅតាមខេត្ត ដូចជា ខេត្តពោធិ៍សាត់ ៥ករណីកំពុងឃុំខ្លួននៅក្នុងពន្ធនាគារ។

ដោយឡែក ១ករណីទៀតកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង, ២ករណីនៅខេត្តកំពង់ចាម, ១ករណីនៅខេត្តកំពង់ស្ពឺ, ៣ករណីនៅខេត្តព្រៃវែង, ១ករណីនៅខេត្តបន្ទាយមានជ័យ និង១ករណីទៀតនៅខេត្តប៉ៃលិន ដែលតុលាការបានចេញដីកាកោះហៅ លោក ខឹម មុនីកុសល ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលមានគណបក្សចំនួន១៧ បានចូលរួម ហើយការឃោសនារកសំឡេងឆ្នោតរបស់គ្រប់បក្សនយោបាយទាំងអស់នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សមាជិក​​​សភា​​អឺរ៉ុប​​បាន​ព្រមាន​ពី​​ការ​ផ្ដាច់​​​ប្រ​ព័ន្ធ​​​​អនុ​គ្រោះពន្ធ EBA ដែលនៅសល់៨០ភាគរយពីកម្ពុជាបន្ថែមទៀត ប្រសិនបើរកឃើញថា ដំណើរការបោះឆ្នោត​​នាពេល​ខាង​មុខ​ ប្រព្រឹត្តទៅ​​ដោយ​​​គ្មាន​ភាព​​​សេរី ត្រឹម​ត្រូវ និង​​យុត្តិធម៌៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សមាជ​បក្ស​ភ្លើង​ទៀន​សម្រេច​ចូលរួម​​បោះ​ឆ្នោត​ខាង​មុខ​ ​ទោះ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​សកម្មជន​បន្ត​បន្ទាប់​ក្តី"

  1. Anonymous says:

    we are watching you to see how that monster will do to this nation . talking about the evil monster killer HUN SEN he is ORSLEAK .it is going to be CHHEAM SBEKHOV soon the sole of Cambodian nationalist is hunting him