ក្រុមស្ត្រីថ្ងៃសុក្រ បន្តដាក់ញតិ្តទៅកាន់សហភាពអឺរ៉ុប ដើម្បីជួយអន្តរាគមន៍ដល់សកម្មជននយោបាយកំពុងជាប់ទោស

កម្ពុជា-នយោបាយ
01/07/2022 – 08:40
ដោយ៖ សាំ ឧត្តម
RFI

ក្រុមស្ត្រីថ្ងៃសុក្រ បន្តដាក់ញតិ្តទៅកាន់សហភាពអឺរ៉ុប (រូបតំណាង) © FB


ក្រុមស្ត្រីថ្ងៃសុក្រនៅព្រឹកថ្ងៃទី០១ កក្កដានេះ បានដាក់ញត្តិទៅកាន់ស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីជួយអន្តរាគមន៍ដោះលែងក្រុមគ្រួសាររបស់ខ្លួន ក្រោយតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារពីចន្លោះ៣ ទៅ៦ឆ្នាំ ខណៈពួកគេក៏ស្នើឱ្យស្ថានទូតសហភាពអឺរ៉ុបជួយស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យសកម្មជនសិទ្ធិមនុស្ស និងសកម្មជនគណបក្សប្រឆាំងជាង៤០នាក់ផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ។

នៅទល់មុខស្ថានទូតសហភាពអឺរ៉ុប ក្រុមស្ត្រីថ្ងៃសុក្របានប្រមូលផ្តុំគ្នាដាក់ញត្តិ និងលើកបដាដើម្បីទាមទារយុត្តិធម៌ជូនចំពោះក្រុមគ្រួសារ និងសកម្មជនផ្សេងទៀតដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពីចន្លោះ៣ ទៅ៦ឆ្នាំ ក្នុងនោះក៏មានទាមទារដោះលែងកញ្ញា សេង ចាន់ធារី ផង។

ក្រោយការដាក់ញត្តិរួច ភរិយាលោក កាក់ កុម្ពារ គឺលោកស្រី ព្រំ ចន្ថា បានអះអាងថា ស្ថានទូតសហភាពអឺរ៉ុបនឹងតាមដានស្ថានការណ៍នៃការចាប់ខ្លួនក្រុមសកម្មជនគណបក្សប្រឆាំង និងសកម្មជនការពារសិទ្ធិមនុស្សជាង៤០នាក់កាលពីថ្ងៃទី ១៤ មិថុនាកន្លងទៅឱ្យបានល្អិតល្អន់ និងត្រៀមបញ្ចូនញត្តិនេះទៅកាន់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប គឺលោកស្រី ខារម៉ែន ម៉ូរ៉េណូដើម្បីឱ្យជួយអន្តរាគមន៍លើរឿងនេះ។​

លោកស្រី ព្រំ ចន្ថា បន្តថា ការចាប់ខ្លួនស្វាម៉ីរបស់លោកស្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិជាច្រើននាក់ផ្សេងទៀតដោយគ្មានការកាត់តំរឹមទោស ហើយចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់ ជារឿងអយុត្តិធម៌ និងប្រាសចាក់ពីកគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។

ម្ល៉ោះហើយលោកស្រីនិងក្រុមគ្រួសាររបស់សកម្មជនដែលកំពុងជាប់ពន្ធនាគារជាច្រើននាក់ផ្សេងទៀត នឹងគ្រោងបន្តដាក់ញត្តិទៅកាន់ស្ថាប័នអន្តរជាតិ ក៏ដូចជាបណ្តាទូតដែលកំពុងឃ្លាំមើលអំពីបញ្ហានេះ បើទោះបីមានការគំរាមកំហែង និងរារាំងពីក្រុមអាជ្ញាធរក្តី។

សូមរំឮកថា កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២កន្លងទៅ តុលាការក្រុងភ្នំពេញបានចេញដីកាសម្រេចចាប់ខ្លួន និងផ្តន្ទាទោសអតីតសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនការពារបរិស្ថាន សកម្មជនសិទ្ធិមនុស្សជាង៤០នាក់ ដោយម្នាក់ៗត្រូវជាប់ពន្ធនាគារពីចន្លោះ៥ ទៅ៨ឆ្នាំ ដោយគ្មានកាត់តំរឹមទោសឡើយ។ ការកាត់ទោសជាលក្ខណៈទ្រង់ទ្រាយធំនោះ តុលាការបានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ និងជាប់ពាក់ព័ន្ធទៅនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ីកាលពីថ្ងៃទី០៩ វិឆ្ឆិកា ឆ្នាំ២០១៩។  

ជុំវិញការដាក់ញត្តិរបស់ក្រុមស្ត្រីថ្ងៃសុក្រនេះ លោក អ៊ំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានបង្ហាញក្តីសង្ឃឹមថា សហភាពអឺរ៉ុបនឹងមិននៅស្ងៀមនោះទេចំពោះបញ្ហាដែលបានកើតមានឡើងនេះ។ ក៏ប៉ុន្តែលោក អ៊ំ សំអាតបង្ហាញក្តីព្រួយបារម្ភទៅវិញ ចំពោះការព្យូរប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជាពីសហភាពអឺរ៉ុប ខណៈសភាអឺរ៉ុបបានអនុម័តច្បាប់ដើម្បីត្រៀមដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាទៅហើយ ប្រសិនបើរដ្ឋាភិបាលនៅបន្តបង្ក្រាបក្រុមអ្នកតវ៉ា និងអ្នកសម្តែងមតិដែលផ្ទុយ និងប្រឆាំងខ្លួន។

គួរជម្រាបផងដែរថា កាលពីថ្ងៃពុធ ទី២៩ មិថុនា  អ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញនូវករណីផ្តន្ទាទោសក្រុមអ្នកនយោបាយជំទាស់ចំនួន៤៣នាក់​។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានចាត់ទុកថា ការអនុវត្តរបស់រដ្ឋាភិបាលមិនឆ្លុះបញ្ចាំងអំពីសេរីភាព ការគោរពសិទ្ធិមនុស្ស និងលំហរនយោបាយពហុបក្ស៕

What Next?

Recent Articles

One Response to "ក្រុមស្ត្រីថ្ងៃសុក្រ បន្តដាក់ញតិ្តទៅកាន់សហភាពអឺរ៉ុប ដើម្បីជួយអន្តរាគមន៍ដល់សកម្មជននយោបាយកំពុងជាប់ទោស"

  1. Anonymous says:

    I see EBA is over unless HUN SEN change