ព័ត៌មានជាតិ សេដ្ឋកិច្ច
លោក ម៉ម មុនីរតន៍ | ០៦ តុលា ២០២២ | ម៉ោង ១៧:៤៥
VOD
លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ទទួលយកកែវដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ប្រគល់ជូនដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅវិមានឈ្នះឈ្នះ ក្នុង «ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ឱ្យដឹងថា ដើម្បីឈានទៅបញ្ចប់បញ្ហាប្រេងឆៅដ៏ចម្រូងចម្រាស់ដែលបានបាត់ជិត ៣០ម៉ឺនបារ៉ែលនេះ គឺត្រូវប្រើពេលវេលាទៅមុខទៀត យ៉ាងហោចណាស់ក៏ឈានដល់ពាក់កណ្តាលខែតុលាខាងមុខនេះដែរ ទើបអាចដោះស្រាយចប់រួចរាល់ ខណៈដំណើរការទូទាត់អំពីសាច់ប្រាក់ដែលបែងចែកផលសេដ្ឋកិច្ចពីការលក់ប្រេងឆៅនេះ និងថ្លៃចំណាយផ្សេងៗភាគីពាក់ព័ន្ធកំពុងតែពន្លឿននីតិវិធីនៅឡើយ។
ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះ តាមបណ្តាញសង្គមតេឡេក្រាម លោក ជៀប សួរ អ្នកនាំពាក្យអាជ្ញាធរប្រេងកាតកម្ពុជា នៃក្រសួងរ៉ែ និងថាមពល ឱ្យដឹងថា នៅចំពោះមុខនេះ មានកិច្ចការផ្សេងទៀត ដែលភាគីពាក់ព័ន្ធនៅបន្តដោះស្រាយមិនទាន់ចប់រួចរាល់នៅឡើយ។ បើតាមអ្នកនាំពាក្យរូបនេះ កិច្ចការដែលនៅសេសសល់នេះ គឺភាគីពាក់ព័ន្ធនឹងធ្វើការទូទាត់ទៅលើថ្លៃចំណាយផ្សេងៗ ហើយពេលវេលាអាចត្រូវការប្រហែលដល់ពាក់កណ្តាលខែតុលាខាងមុខនេះដែរ។
លោក ជៀប សួរ ថ្លែងថា៖ «ក្រុមការងារកំពុងផ្ទៀងផ្ទាត់លើការចំណាយនៅឡើយ។ សូមរង់ចាំដល់ពាក់កណ្តាលខែតុលាទៅ។ ពេលលុយចូលគណនី »។
លោក ជៀប សួរ បានប្រាប់បណ្តាញព័ត៌មានដោយខ្លី កាលពីថ្ងៃទី២៩ ខែកញ្ញា ថា ភាគីពាក់ព័ន្ធបានបញ្ចប់កិច្ចការនានាតាមនីតិវិធីផ្លូវច្បាប់ ពោលនៅរង់ចាំតែការវាយតម្លៃអំពីទីផ្សារប្រេងឆៅមួយមុខទៀតប៉ុណ្ណោះ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការវាយតម្លៃពីទីផ្សារប្រេងឆៅ គឺភាគីពាក់ព័ន្ធបានកំណត់យកតម្លៃប្រេងសម្រាប់ខែកញ្ញា ជាខែគោលក្នុងការកំណត់ពីមធ្យមភាគនៃតម្លៃប្រេងឆៅនេះ។
តាមរយៈការស្រុះស្រួលគ្នាដែលឈានទៅដោះស្រាយបញ្ចប់បញ្ហានេះ មន្រ្តីនាយកដ្ឋានប្រេងកាតកម្ពុជា ឱ្យដឹងថា ទាំងម្ចាស់បំណុលរបស់ក្រុមហ៊ុន គ្រីសអិនណឺជី (GrisEnergy) ភាគីតំណាងកប៉ាល់ MT Strovolos និងរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងរួមគ្នារួចរាល់ កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅថ្មីៗនេះ ដើម្បីលក់ប្រេងឆៅដែលយកបានមកវិញនេះ ដើម្បីចែកផលសេដ្ឋកិច្ចគ្នា។
មិនតែប៉ុណ្នោះ នៅចំពោះមុខនេះ លោក ជៀប សួរ បន្ថែមថា ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនោះ បានផ្ទេរចេញពីកប៉ាល់ MT Strovovol ទៅកប៉ាល់មួយថ្មីទៀតចប់សព្វគ្រប់ហើយ ដែលជាកប៉ាល់អ្នកបញ្ជាទិញប្រេងឆៅនេះ។
ដោយឡែក លោក សេក សុជាតិ ស្ថាបនិក អង្គការអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា ភាពយឺតយ៉ាវទៅលើដំណោះស្រាយនេះ ទំនងដោយសារមានភាពស្មុគស្មាញផ្នែកនីតិវិធី និងតម្លៃប្រេងឆៅមានការប្រែប្រួលមិនទៀងទាត់នៅលើទីផ្សារអន្តរជាតិ។ ក៏ប៉ុន្តែយ៉ាងណាសម្រាប់អ្នកវិភាគរូបនេះ មើលឃើញថា បើមានឧបសគ្គលើផ្នែកណាមួយក៏ដោយ ក៏គ្រប់ភាគីដែលពាក់ព័ន្ធគួរជំរុញកិច្ចការនេះ ចេញឱ្យបានឆាប់ដើម្បីបញ្ចប់មន្ទិលសង្ស័យ។
លោក សេក សុជាតិ ថ្លែងថា៖ «ការពិតទៅ វាគឺជាស្ថានភាពជាក់ស្តែង ដោយសារតែរបៀបក្នុងការដោះស្រាយ ខ្ញុំមិនច្បាស់ទេ ប៉ុន្តែអ្វីដែលខ្ញុំអាចយល់បានគឺ ដោយសារតែវាមានបញ្ហាខ្លះដែលមិនទាន់ដាច់ស្រេច ហើយវាពាក់ព័ន្ធជាមួយនិងទីផ្សារអន្តរជាតិទៀត ពីព្រោះប្រេងឆៅអត់មានកន្លែងលក់រាយ ឬក៏លក់ទៅឱ្យបុគ្គលទេ។ រឿងនេះមានន័យថា វាដើរទៅតាមគំរូអន្តរជាតិមួយដែលគេបានរៀបចំឡើង។ អ៊ីចឹង ទេវាអាចថា មានការយឺតយ៉ាវខ្លះ។ រឿងនេះបានជាយើងពិបាកបន្ទោសដែរ »។
ដំណក់ប្រេងឆៅ ត្រូវបានបូមចេញពីប្លុក A ដោយក្រុមហ៊ុន គ្រីសអិនណឺជី ចេញពីដែនសមុទ្រកម្ពុជាជាលើកដំបូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ក្រុមហ៊ុន គ្រីសអិនណឺជី របស់សិង្ហបូរី ជាប្រតិបត្តិករទទួលបានសិទ្ធិធ្វើអាជីវកម្មបូមប្រេងឆៅនេះ។ ក៏ប៉ុន្តែ ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន គ្រីសអិនណឺជី នេះ បានប្រកាសក្ស័យធននៅអំឡុងពេលប្រតិបត្តិការដែលមិនអាចបន្តអាជីវកម្មរបស់ខ្លួនបានដូចផែនការដែលបានគ្រោងទុក។
លោក ជៀប សួរ លើកឡើងថា កម្ពុជានឹងទទួលបានផលផ្នែកសេដ្ឋកិច្ចចំនួន ៧០ភាគរយ បន្ទាប់ពីការទូទាត់លើថ្លៃចំណាយរួចរាល់។
ដោយឡែក លោក សេក សុជាតិ រំពឹងថា ចំណូលដែលបានមកពីការល់ប្រេងឆៅនេះនឹងត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ និងតម្លាភាព៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។