កម្មករ​ត្រូវបាន​ជួយសង្គ្រោះពីការឆបោក រត់​គេចចេញ​ពី​មណ្ឌល​ស្នាក់នៅ​ដែល​អាជ្ញាធរ​រៀបចំឱ្យ

ព័ត៌មានជាតិ សន្តិសុខ
លោក ម៉ិច ដារ៉ា and Cindy Liu | ០៧ តុលា ២០២២ | ម៉ោង ១៦:៥០
VOD

រូបភាពអាហារនិងទីតាំងស្នាក់នៅបណ្ដោះអាសន្ននៃអ្នកដែលត្រូវបានសង្គ្រោះពីប្រតិបត្តិការឆបោកអនឡាញ ស្ថិតនៅមណ្ឌលសម្រាប់ជនអន្តោប្រវេសន៍ស្នាក់នៅបណ្ដោះអាសន្ន ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រូបភាពអាហារនិងទីតាំងស្នាក់នៅបណ្ដោះអាសន្ននៃអ្នកដែលត្រូវបានសង្គ្រោះពីប្រតិបត្តិការឆបោកអនឡាញ ស្ថិតនៅមណ្ឌលសម្រាប់ជនអន្តោប្រវេសន៍ស្នាក់នៅបណ្ដោះអាសន្ន ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។


កម្មករ​ ១០​នាក់ដែល​ត្រូវ​បាន​ជួយសង្គ្រោះចេញពី​ទីតាំងប្រតិបត្តិការឆបោក​ បាន​នាំគ្នារត់​គេច​ចេញពីមណ្ឌលមួយកន្លែង​ដែលអាជ្ញាធររៀបចំឱ្យស្នាក់នៅបណ្ដោះអាសន្ន ​ក្នុង​រាជធានី​ភ្នំពេញ កាលពីយប់ថ្ងៃពុធកន្លងទៅ។

ស្របពេលមានការចុះបង្រ្កាបរបស់សមត្ថកិច្ច ដែលបានជួយសង្រ្គោះមនុស្សរាប់រយនាក់ចេញពី​ទីតាំង​ប្រតិបត្តិការឆបោកនានានៅទូទាំងប្រទេសនោះ មណ្ឌលចត្តាឡីស័ក​ក្នុង​ខណ្ឌព្រែកព្នៅ​ ត្រូវបានប្រើប្រាស់ជាទីតាំងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនអន្តោប្រវេសន៍ ដែលក្នុងនោះរួមមានទាំងជនជាតិចិនដែលរង់ចាំបញ្ជូនចេញពីប្រទេសផងដែរ។

ទោះជាយ៉ាងណា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ​លោក កែវ វ៉ាន់ថន បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា៨ទៅ៩យប់​ថ្ងៃពុធកន្លងទៅ មាន​មនុស្ស១០នាក់​បានលួចរត់ចេញពីទីតាំងមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅនេះ។

លោក​ថា​៖ «ទីតាំង​នេះ​ធ្លាប់ជា​មណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ ដែលបច្ចុប្បន្ន ​យើងយកមកប្រើប្រាស់​​ដើម្បី​ដាក់ជនអន្តោប្រវេសន៍​​បណ្ដោះអាសន្ន ដូច្នេះ ​វា​មិន​​សូវជារឹងមាំ​ប៉ុន្មានទេ។ យើងក៏​បាន​ផ្សារដែកបិទនៅទីតាំងនោះផងដែរ ប៉ុន្តែ​ពួកគេ​បាន​វាយ​បំបែកដែក​នោះ និង​បាន​រត់គេច​ចេញ​ក្នុងអំឡុង​ពេលដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង»។

ទោះជាយ៉ាងណា លោក​បន្ត​ថា ក្នុងចំណោមអ្នកដែលរត់គេចនោះ ​មាន៥នាក់​​ត្រូវ​បាន​នាំខ្លួនមកវិញបាន។

លោកបានឱ្យដឹងដែរថា ទីតាំងដាក់ជនអន្តោប្រវេសន៍​ផ្លូវការ និង​បណ្ដោះអាសន្ន​មួយ​ចំនួន​ក្នុង​ប្រទេស​ បច្ចុប្បន្នកំពុងតែ​ពោរ​ពេញ​ទៅ​ដោយ​ជនបរទេស​ដែល​កំពុង​រង់ចាំ​នីតិវិធីបញ្ជូនចេញពីព្រះរាជាណាចក្រកម្ពុជា។

លោកថា៖ «បច្ចុប្បន្ន យើង​កំពុងតែ​ធ្វើ​យុទ្ធនាការ​បង្រ្កាប​ទូទាំង​ប្រទេស ​ខណៈអាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់ត្រូវបញ្ជូន [ជនអន្តោប្រវេសន៍] មកកាន់អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍»។

ខណៈទីតាំងដែលត្រូវដាក់មានសភាពតូចចង្អៀត លោកបន្ថែមថា៖ «យើង​មិន​មាន​កន្លែង​គ្រប់គ្រាន់សម្រាប់​ដាក់​​ពួកគេ​ទេ ព្រោះ​ពួកគេមានចំនួនច្រើនរហូតដល់​រាប់​ពាន់​​នាក់»។

ទាក់ទិននឹងករណីនេះ លោក កែវ វ៉ាន់ថន បន្ថែមថា អគ្គនាយកដ្ឋានក៏បានស្នើសុំថវិកាពីកម្មករ​ដែល​ត្រូវ​បាន​ជួយសង្គ្រោះទាំងនោះ ដើម្បីទិញជាសំបុត្រយន្តហោះសម្រាប់ពួកគេជិះធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញផងដែរ។

លោកថា៖ «ពួកគេ​ត្រូវតែ​បង់​ប្រាក់ ដូច្នេះ​វា​អាស្រ័យ​លើ​ពួកគេ។ ពេល​ណាពួក​គេ​អាចរកប្រាក់បាន​ យើងនឹងរៀបចំ​ទិញ​សំបុត្រ​យន្តហោះ​ ដើម្បីឱ្យពួក​គេចាក​ចេញ។ បច្ចុប្បន្ននេះ យើងក៏កំពុងតែចរចាជាមួយស្ថានទូតចិន ដើម្បីទម្លាក់តម្លៃសំបុត្រយន្តហោះមកនៅត្រឹមតែ៥០០ដុល្លារផងដែរ»។

យោងតាមមន្ត្រីនគរបាលសង្កាត់មួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ករណីរត់គេចចេញពីមណ្ឌលស្នាក់នៅបណ្ដោះអាសន្ននោះ ក៏ធ្លាប់កើតមានឡើងកាលពីពេលកន្លងទៅដែរ។

ជាមួយគ្នានេះ អ្នកដែលត្រូវបានជួយសង្គ្រោះចេញពីទីតាំងប្រតិបត្តិការឆបោក ឱ្យមកនៅក្នុងមណ្ឌលស្នាក់នៅមួយកន្លែងទៀតក្នុងរាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ទីតាំងដែលអាជ្ញាធររៀបចំឱ្យពួកគេស្នាក់នៅនេះ គឺមានសភាពលំបាកខ្លាំង។

លោកថា៖ «ដំបូងឡើយ ខ្ញុំ​គិត​ថា ​ខ្ញុំ​ត្រូវ​បាន​​ជួយ​សង្គ្រោះឱ្យរួចផុតពីការលំបាកហើយ [ចេញពីប្រតិបត្តិការឆបោក] ប៉ុន្តែ​បន្ទាប់​ពី​បាន​មក​ដល់​មណ្ឌល​ស្នាក់នៅនេះ ​វាមើលទៅមិនដូចជាអ្វីដែលបានគិតទេ។ បរិយាកាសនៅទីនេះ គឺដូចជាទីតាំងសម្រាប់ដាក់ជនភៀសខ្លួនអ៊ីចឹង»។

មុនពេលមកដល់ទីតាំងនេះ បុរស​រូបនោះបានឱ្យដឹងថា រូបលោកត្រូវបានគេបង្ខំឱ្យ​ធ្វើ​ការងារឆបោក​តាម​ប្រព័ន្ធអនឡាញ​នៅក្នុង​ខេត្ត​ព្រះសីហនុ ​អស់រយៈពេល​ប្រមាណជា៤ខែ ​មុនពេលដែលខ្លួនអាច​ស្វែងរក​ការជួយសង្រ្គោះ​ពី​អាជ្ញាធរក្នុងរយៈពេល​មួយ​ខែ​មុន​។

លោក​បន្ត​ថា អំឡុងពេលស្ថិតនៅទីតាំងការងាររបស់ខ្លួន លោកក៏ធ្លាប់ត្រូវបានគេចាប់​ដាក់​ខ្នោះ​អស់​រយៈ​ពេល៨​ថ្ងៃ និងត្រូវ​បាន​​ឆក់ដោយដំបងអគ្គិសនីមួយលើកផងដែរ។

ទោះជាយ៉ាងណា លោក​ត្រូវបានអាជ្ញាធរជួយសង្រ្គោះ ហើយនាំទៅកាន់មណ្ឌលមួយនៅរាជធានីភ្នំពេញ ដែលមានសភាពតូចចង្អៀត ពិបាកក្នុងការស្នាក់នៅ ខ្វះអាហារទទួលទាន និងមានមនុស្សច្រើន ខណៈលោកក៏មិន​ដឹង​ថា​ហេតុអ្វី​​បានជាគេនាំរូបលោកមកទីនេះនោះទេ។

លោកបន្តថា៖ «អាហារនិងបរិយាកាសរស់នៅ គឺពិតជាមានភាពលំបាកខ្លាំងណាស់នៅទីនេះ ដោយក្នុងនោះ យើងក៏ត្រូវបានសត្វល្អិតទិចឬខាំផងដែរ។ មនុស្សដែលត្រូវបានបញ្ជូនមកកាន់ទីនេះ គឺត្រូវបានចាត់ទុកដូចជាឧក្រិដ្ឋជន មិនថាពួកគេមកពីប្រទេសណានោះទេ»។

លោកបន្ថែមថា៖ «អាហារដែលត្រូវបានផ្ដល់ជូនល្អបំផុត គឺមានតែបាយជាមួយពងទា និងសាច់បន្តិចបន្តួចប៉ុណ្ណោះ ខណៈពួកគេឱ្យយើងទទួលទានតែពីរដងក្នុងមួយថ្ងៃប៉ុណ្ណោះ»។

លោកថា៖ «វា​ពិត​ជា​ពិបាកខ្លាំងណាស់​ក្នុង​ការស្នាក់​នៅ​ទីនេះ ដែលវា​យ៉ាប់ជាង​ការដែលស្នាក់​នៅ​ក្នុងទីតាំងប្រតិបត្តិការឆបោកកាលពីពេលកន្លងទៅទៀត។ ដំបូងឡើយ ខ្ញុំគិតថាអាចគេចចេញពីសុបិន្តអាក្រក់ ប៉ុន្តែអ្វីៗគឺខុសពីការគិតទាំងអស់»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Rescued Scam Workers Break Out of Immigration Center Amid ‘Nightmare’


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles