រដ្ឋាភិបាល​កម្ពុជា និង​ចិន​បង្កើន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​កងទ័ព ស្រប​ពេល​អាមេរិក​នៅ​តែ​បន្ត​សង្ស័យ​អំពី​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា

ដោយ ឡេង ម៉ាលី
2022.11.21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋាភិបាល​កម្ពុជា និង​ចិន​បង្កើន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​កងទ័ព ស្រប​ពេល​អាមេរិក​នៅ​តែ​បន្ត​សង្ស័យ​អំពី​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក វ៉ី ហ្វេង ហឺ (Wei Feng He) រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


ក្រុម​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក វ៉ី ហ្វេងហឺ (Wei Fenghe) មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កំពុង​ពង្រីក​ឥទ្ធិពល​ខ្លួន​មក​លើ​កម្ពុជា​កាន់តែ​ខ្លាំង​ឡើង។ លោក វ៉ី ហ្វេងហឺ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀត បាញ់ ក្នុង​ក្របខ័ណ្ឌ​ពង្រឹង​វិស័យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ស្រប​ពេល​អាមេរិក​នៅ​តែ​បន្ត​សង្ស័យ​អំពី​ការ​សាងសង់​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា មើល​ឃើញ​ថា ប្រទេស​ចិន​កុម្មុយនិស្ត​កំពុង​បង្កើន​សន្ទុះ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា​តាម​រយៈ​រដ្ឋាភិបាល លោក ហ៊ុន សែន ជាពិសេស ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កងទ័ព​កាន់តែ​ស៊ី​ជម្រៅ​រវាង​ប្រទេស​ពីរ ស្រប​ពេល​អាមេរិក និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​បន្ត​សង្ស័យ និង​ព្រួយ​បារម្ភ​ចំពោះ​ប្រទេស​ចិន​កុម្មុយនិស្ត​សាងសង់​មូលដ្ឋាន​ទ័ព​នៅ​កម្ពុជា។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន លើក​ឡើង​ថា ការណ៍​ដែល​រដ្ឋាភិបាល​ឯក​បក្ស​បន្ត​ប្រកាស​អំពី​ចំណង​មិត្ត​ជាមួយ​ប្រទេស​ចិន ជាពិសេស ការ​ប្រកាស​ដោយ​ចំហ​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា ដោយ​មិន​ព្រម​ជម្រះ​មន្ទិល​សង្ស័យ​អំពី​ការ​ធ្វើ​ទំនើបកម្ម​នៅ​សមុទ្រ​រាម រដ្ឋាភិបាល​លោក ហ៊ុន សែន ទំនង​ជៀស​មិន​ផុត​ពី​រង​នូវ​ទណ្ឌកម្ម​បន្ថែម​ពី​សហគមន៍​អន្តរជាតិ​ឡើយ។

លោក រ៉ុង ឈុន ពិនិត្យ​ឃើញ​ថា ឥរិយាបថ​នយោបាយ​ការ​ទូត​របស់​លោក ហ៊ុន សែន ដែល​កំពុង​ស្រវ៉ា​ឱប​ក្រសោប​ប្រទេស​ចិន​កុម្មុយនិស្ត​កាន់តែ​ស៊ី​ជម្រៅ ដោយ​មិន​ខ្វល់​អំពី​គោល​នយោបាយ​អព្យាក្រឹត្យ នោះ​ប្រជាជាតិ​ខ្មែរ​នឹង​ពុំ​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ឡើយ។ លើស​ពី​នេះ លោក​ថា បើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​គ្មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​បង្ហាញ​តម្លាភាព​អំពី​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នៅ​កម្ពុជា នោះ​វា​នឹង​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ឯករាជ្យ ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់៖

«ប្រសិន​មេ​ដឹកនាំ​កម្ពុជា​មិន​បង្ហាញ​ជំហរ​ច្បាស់លាស់​ទេ នៅតែ​ស្រពិចស្រពិល​ពេល​ហ្នឹង វា​អត់​មាន​ផល​ចំណេញ​អី​ដល់​រដ្ឋកម្ពុជា​យើង​ទេ ហើយ​ជំហរ​ការណ៍​ដែល​បង្ហាញ​ភាព​ស្អិតល្មួត​ជាមួយ​ប្រទេស​ចិន​ដូច្នេះ កាន់​តែ​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក ក៏​ដូចជា​បណ្ដា​ប្រទេស​គេ​កំពុង​សម្លឹង​មើល​ថា កម្ពុជា​យើង​មាន​លាក់លៀម​ផ្ដល់​តំបន់​រាម​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ទី​នោះ ពេល​ហ្នឹង​វា​កាន់​តែ​ធ្វើ​ឱ្យ​ស្ថានភាព​ហ្នឹង​វា​កាន់​តែ​គេ​មាន​មន្ទិល​សង្ស័យ​ថែម​ទៀត ប្រសិនជា​យើង​មិន​បាន​បំភ្លឺ​ឱ្យ​ជាក់លាក់​ណា​មួយ​ទេ»

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន លោក វ៉ី ហ្វេងហឺ បាន​មក​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី២ នៅ​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក (ADMM Plus) នៅ​ខេត្តសៀមរាប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា។ ជារឿយៗ ស្ទើរតែ​ជា​ទម្លាប់​ទៅ​ហើយ នៅ​មុន​កិច្ចប្រជុំ​ក្របខ័ណ្ឌ​អាស៊ាន និង​កិច្ចប្រជុំ​កម្រិត​អន្តរជាតិ ដែល​មាន​តំណាង​ភាគី​នៃ​ប្រទេស​ជុំវិញ​ពិភពលោក​ចូលរួម​នោះ ភាគី​នៃ​ប្រទេស​ចិន​កុម្មុយនិស្ត​តែងតែ​ចេញ​មុខ​ស្កាត់​មក​ជួប​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្ត​បន្ទាប់។

មិន​ខុស​គ្នា​នេះ​ដែរ នៅ​មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​នេះ រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន​លោក វ៉ី ហ្វេងហឺ ក៏​បាន​ជួប​ដាច់​ដោយ​ឡែក​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក ទៀ បាញ់ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លើក​នេះ​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ស៊ី​ជម្រៅ​ឡើង​មួយ​កម្រិត​ទៀត។ រីឯ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន វិញ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​បាន​សន្យា​ថា ចិន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ថែម​ទៀត។ ក្រៅពី​ជំនួប​ទ្វេ​ភាគី​ជាមួយ​លោក ហ៊ុន សែន និង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​រូប​នេះ ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែរ។

លោក ហ៊ុន ម៉ាណែត ថា ចំណង​ការ​ទូត​ផ្លូវការ​នៃ​ប្រទេស​ចិន និង​កម្ពុជា ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ចំណង​មិត្តភាព​ដ៏​ជិតស្និទ្ធ និង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ទាំង​ពីរ។

ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden) ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​កន្លង​ទៅ​បាន​លើក​ក្នុង​ជំនួប​ទ្វេភាគី​ដ៏​កម្រ​មួយ ជាមួយ​លោក ហ៊ុន សែន ដោយ​លោក​បាន​ស្នើ​ឱ្យ​កម្ពុជា​រក្សា​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ពី​ឥទ្ធិពល​ចិន ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នកទោស​នយោបាយ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​វាយ​តម្លៃ​ថា ឥរិយាបថ​ប្រទេស​ចិន​កុម្មុយនិស្ត​មក​លើ​កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​ប្រទេស​ចិន​ហាក់​កំពុង​កេង​ចំណេញ​ផ្នែក​នយោបាយ ពន្លឿន​សន្ទុះ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា ដើម្បី​បំពេញ​មហិច្ឆតា​ក្នុង​ការ​បន្ត​សាងសង់​មូលដ្ឋាន​ទ័ព ដើម្បី​ទប់ទល់​នឹង​មហា​អំណាច​នៃ​ប្រទេស​លោក​ខាង​លិច។ ពួក​គេ​មើល​ឃើញ​ថា ហេតុផល​សំខាន់​មួយ ដែល​លោក ហ៊ុន សែន បង្ហាញ​ជំហរ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ប្រទេស​ចិន​ពេល​នេះ គឺ​ដោយសារ​តែ​លោក ហ៊ុន សែន យក​ចិន​ធ្វើ​ជា​ខ្នង​បង្អែក​ការពារ​អំណាច​របស់​ខ្លួន និង​ដើម្បី​គាំទ្រ​ផែនការ​ផ្ទេរ​អំណាច​ត​កូន​ចៅ​របស់​លោក។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ពិនិត្យ​មើល​ថា របត់​នយោបាយ​ការ​ទូត​របស់​លោក ហ៊ុន សែន ក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ​មេដឹកនាំ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​ហាក់​បង្ហាញ​ឥរិយាបថ​នយោបាយ​លម្អៀង​ទៅ​រក​ប្រទេស​ចិន​កាន់​តែ​ខ្លាំង។ លោក​លើក​ឡើង​ថា ប្រសិន​មេ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​ពិត​ជា​តម្កល់​ផល​ប្រយោជន៍​ជាតិ​ធំ​ជាង​អំណាច​របស់​ខ្លួន​ពិត​មែន​នោះ រដ្ឋាភិបាល​គួរ​ចាប់​ផ្ដើម​ស្ដារ​ប្រជាធិបតេយ្យ និង​លំហ​សេរីភាព​ពលរដ្ឋ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ក៏​ត្រូវ​បង្កើន​ការ​ផ្តល់​ជំនឿ និង​បង្ហាញ​តម្លាភាព​ដល់​សហគមន៍​អន្តរជាតិ និង​ប្រទេស​ក្នុង​តំបន់​អំពី​ភាព​ចម្រូងចម្រាស​នៃ​ការសាងសង់​ទំនើបកម្ម​កំពង់ផែ​សមុទ្រ​រាម ដែល​អាមេរិក​សង្ស័យ​ថា ចិន​កំពុង​លួច​សាងសង់​មូលដ្ឋាន​កងទ័ព​នៅ​កម្ពុជា៖

«កម្ពុជា​ខ្លួនឯង​ហ្នឹង​ត្រូវតែ​ពិចារណា​ឡើងវិញ ប្រសិនបើ​ប្រទេស​កម្ពុជា​ពិតជា​ធ្វើ​ដំណើរ​ទៅ​លើ​ភូមិសាស្ត្រ​នយោបាយ ដែល​លម្អៀង​ទៅ​រក​ចិន ហើយ​អាច​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​ណា​មួយ វា​ជា​គ្រោះថ្នាក់​សម្រាប់​ជាតិ​កម្ពុជា​ទាំង​មូល។ ខ្ញុំ​ក៏​មិន​ចង់​ឃើញ កម្ពុជា​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដូច​សម័យ​សង្គម​រាស្ត្រនិយម​ដែល​ប្រទេស​កម្ពុជា​បាន​ចាប់​យក​ប្រទេស​កុម្មុយនិស្ត ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខ្លួន​ឯង​ហ្នឹង​ធ្លាក់​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​ស៊ីវិល​ម្ដង​ទៀត។ ប្រសិន​ជា​មេ​ដឹកនាំ​កម្ពុជា ជា​មេ​ដឹកនាំ​ដែល​គិត​ផល​ប្រយោជន៍​ជាតិ​ជា​ធំ មេ​ដឹកនាំ​កម្ពុជា​គួរតែ​ពិចារណា​ឡើងវិញ​ទៅ​លើ​អព្យាក្រឹត្យ ដែល​ខ្លួន​ប្រកាស​មិន​ចូល​បក្ស​សម្ពន្ធ»

រដ្ឋាភិបាល លោក ហ៊ុន សែន រង​ការ​ចោទ​ប្រកាន់​ថា បាន​លួច​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត ដើម្បី​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​បោះ​ទីតាំង​ឈរ​ជើង​នៅ​លើ​ទឹកដី​ខ្មែរ។ កិច្ច​ព្រមព្រៀង​សម្ងាត់​នោះ​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​គ្រប់គ្រង​កំពង់ផែ​ទ័ព​ជើង​ទឹក​រាម​ផ្ដាច់មុខ​រហូត​ដល់​ទៅ ៣០ឆ្នាំ ហើយ​កិច្ច​ព្រមព្រៀង​នេះ​អាច​បន្ត​បាន​រៀងរាល់ ១០ឆ្នាំ​ម្ដង។ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​អាមេរិក ឌឹ វ៉លស្រ៊ីត ជរណល (The Wall Street Journal) ផ្សាយ​កាល​ពី​ខែកក្កដា ឆ្នាំ២០១៩ កន្លង​ទៅ។

ថ្វី​ដ្បិត​តែ​រដ្ឋាភិបាល​កម្ពុជា និង​ចិន បាន​ចេញ​មុខ​បដិសេធ​រឿង​នេះ​ក្តី ប៉ុន្តែ​ខាង​ភាគី​ទាំង​ពីរ​មិន​ដែល​បង្ហាញ​ភស្តុតាង និង​ព័ត៌មាន ដែល​អាច​គួរ​ឱ្យ​ជឿជាក់​បាន​នោះ​ឡើយ។ លើស​ពី​នេះ​ទៀត មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដែល​ត្រូវ​បាន​គេ​សង្ស័យ​អំពី​វត្តមាន​យោធា​របស់​ចិន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រែប្រួល​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ សំណង់​ថ្មីៗ មួយ​ចំនួន រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត បាន​លេច​ចេញ​ជា​រូបរាង​ឡើង ខណៈ​មន្ត្រី​កម្ពុជា វាយ​កម្ទេច​អាគារ​ដែល​ជំនួយ​របស់​អាមេរិក​ដោយ​គ្មាន​ជូន​ដំណឹង​ជា​មុន ព្រមទាំង​មាន​សកម្មភាព​បូម​ខ្សាច់​ស្ដារ​ជម្រៅ​ទឹក​សមុទ្រ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ជា​ដើម។ ក្រុម​អ្នក​ឃ្លាំមើល​ថា ទោះបីជា​មាន​ការ​បក​ស្រាយ​ត្រឹមតែ​ការ​លើក​ឡើង​ជា​សាធារណៈ​ពី​សំណាក់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​ក៏​ដោយ ក៏​មិន​អាច​លាង​ជម្រះ​មន្ទិល​សង្ស័យ​ពី​សហរដ្ឋ​អាមេរិក​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "រដ្ឋាភិបាល​កម្ពុជា និង​ចិន​បង្កើន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​កងទ័ព ស្រប​ពេល​អាមេរិក​នៅ​តែ​បន្ត​សង្ស័យ​អំពី​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា"

  1. Anonymous says:

    did every one remembers VIETNAM sign MOU with Cambodia to put VIEMAMESE language in Cambodian education system . recently CHINA come and asking to sign MOU to put CHINESE language in Cambodian system also , my question is what can that strong man of KAMPOUCHEA going to do ???????? I tell you what your time is over in 2023 indeed . CHHEAM SREK SBEKHOV