ព័ត៌មានជាតិ សន្តិសុខ
លោក ណាត សុភាព | ២៣ វិច្ឆិកា ២០២២ | ម៉ោង ១៦:០៤
VOD
សាលាខណ្ឌឫស្សីកែវ។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌឫស្សីកែវ)
សមត្ថកិច្ចបានឃាត់ខ្លួនកម្មករ៣នាក់យកទៅសួរនាំ ក្រោយពីពួកគេបើកសាឡង់ដឹកខ្សាច់មួយគ្រឿងក្រឡាប់ប៉ះស្ពានបាឡេ បណ្ដាលឱ្យទ្រេតសសរស្ពាន។
អភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន បានប្រាប់វីអូឌីនៅថ្ងៃពុធនេះថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្មករបានបើកសាឡង់ដឹកខ្សាច់មួយគ្រឿងបុកស្ពានបាឡេ ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្ដាលឱ្យសសរស្ពានមួយទ្រេត ហើយបច្ចុប្បន្ន សមត្ថកិច្ចបានបិទស្ពាននោះជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍នោះទេ។
លោកបន្ថែមថា ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនកម្មករបើកសាឡង់ចំនួន៣នាក់ដើម្បីសួរនាំ ខណៈតំណាងម្ចាស់សាឡង់បានទៅជួបមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីដោះស្រាយផងដែរ។
លោកមានប្រសាសន៍ថា៖ «ខាងប៉ូលិសជើងទឹក គេឃាត់អ្នកបើកសាឡង់បូមខ្សាច់ទាំង៣នាក់ហ្នឹងទៅសួរនាំហើយ។ ចំណែកតំណាងម្ចាស់សាឡង់ គេបានចូលទៅពិភាក្សាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងអ្នកជំនាញ OCIC ដើម្បីយកសាឡង់ចេញ។ ឥឡូវយើងកំពុងរង់ចាំអ្នកបច្ចេកទេសសិក្សាសិន ព្រោះមិនទាន់បានយកសាឡង់ចេញទេ»។
ជុំវិញការឃាត់ខ្លួនមនុស្ស៣នាក់យកទៅសួរនាំនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បដិសេធអត្ថាធិប្បាយ។
គួរបញ្ជាក់ថា ហេតុការណ៍សាឡង់ដឹកខ្សាច់បើកប៉ះស្ពានបាឡេនេះ គឺបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេបានឃើញសាឡង់ដឹកខ្សាច់មួយគ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយឡើងបញ្ច្រាសខ្សែទឹកហូរ និងដឹកខ្សាច់ធ្ងន់ផងនោះ បានបះក្រឡាប់បោកផ្ទប់ជាមួយនឹងបង្គោលគ្រឹះស្ពាន ប៉ុន្តែមិនបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់នោះទេ។
បើតាមអាជ្ញាធរខណ្ឌ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកានេះ អាជ្ញាធរពាក់ព័ន្ធមិនទាន់យកសាឡង់ដឹកខ្សាច់នោះចេញពីទីតាំងកើតហេតុនៅឡើយ ដោយរង់ចំាអ្នកជំនាញផ្នែកបច្ចេកទេសសិក្សាជាមុនសិន៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
HUN SEN right hand man TREPHEAP will destroy this nation for his master VIETCONG