បទវិភាគ
លោក ញឹម សុខន | ២៤ វិច្ឆិកា ២០២២ | ម៉ោង ០៩:៤៦
VOD

កសិផលស្រូវដែលប្រជាកសិករប្រមូលយកទៅទុកលក់ឱ្យឈ្មួញ ស្ថិតនៅខេត្តកំពង់ធំ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)
កសិករមួយចំនួននៅតែប្រឈមនឹងជម្រើសលក់ដី ដើម្បីសងបំណុល ដោយសារតែបង្ខំចិត្តលក់ស្រូវក្នុងតម្លៃថោក នៅរដូវប្រមូលផល ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីរដ្ឋាភិបាលមានចក្ខុវិស័យលើកកម្ពស់វិស័យលើកកម្ពស់វិស័យកសិកម្ម និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) ក្ដី។
កិច្ចព្រមព្រៀង FTA បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលកិច្ចព្រមព្រៀងនេះបានបើកផ្លូវឱ្យកម្ពុជានាំផលិតផល៣៤០មុខទៅលក់នៅប្រទេសចិន ទាំងទម្លាយរបាំងពន្ធអាករ ឬមិនយកពន្ធពីប្រទេសនាំចូល ដែលក្នុងនោះមានទាំងវិស័យស្រូវអង្ករ។
ក្រសួងពាណិជ្ជកម្ម ធ្លាប់គូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះជាចក្ខុវិស័យរួម ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣។
ដោយឡែក ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣វិញ រដ្ឋាភិបាលមានចក្ខុវិស័យធ្វើទំនើបកម្មវិស័យកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បង្កើនប្រាក់ចំណូលដល់កសិករ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដើម្បីប្រែក្លាយវិស័យនេះជាកសិកម្មវ័យឆ្លាតបែបច្ចេកវិទ្យាថ្មី ធានាដំណាំដែលមានសក្ដានុពល និងទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ជាដើម។
ក៏ប៉ុន្តែអ្នកផលិតស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មួយចំនួន នារដូវប្រមូលផលខែវិច្ឆិកានេះ បានបង្ហោះវីដេអូលើបណ្ដាញសង្គម បន្តត្អូញត្អែរពីការបង្ខំចិត្តលក់ត្រូវទាំងតម្លៃថោកឱ្យទៅរោងម៉ាស៊ីនកិនស្រូវ ទាំងខាតថ្លៃដើម ដូចឆ្នាំកន្លងទៅដែរ ដែលការណ៍នេះជំរុញឱ្យ ក្រសួងកសិកម្មប្រតិកម្ម ទៅនឹងការអត្ថាធិប្បាយថាក្រសួងមិនជួយដោះស្រាយបញ្ហានេះ។
លោក មួង ចាន់ដាតា ជាកសិករ រស់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានលើកឡើងថា ការប្រមូលផលឆ្នាំនេះ គាត់នៅជំពាក់ធនាគារប្រមាណ២ ០០០ដុល្លារទៀត ដែលគាត់បានខ្ចីដើម្បីយកមកផលិតស្រូវ។
លោកគិតថា បើបញ្ហានេះមិនត្រូវបានដោះស្រាយ ហើយការប្រមូលផលនៅពេលក្រោយ ស្រូវនៅតែចុះថោក លោកថាគ្មានជម្រើសក្រៅពីលក់ដីចំនួនមួយហិកតា ដើម្បីដោះបំណុលធនាគារនោះទេ។
លោកថា៖ «ខ្ញុំចង់ខ្លាចហើយ[មុខរបរផលិតស្រូវ] ឥឡូវទម្លាក់ស្រែចោល [បោះបង់]ខ្លះហើយ។ អ្នកខ្លះលក់ស្រែបង់អង្គការ លក់ស្រែសងអង្គការផ្ដាច់។ ខ្លះទៅ[ធ្វើការនៅ]ថៃ ខ្លះទៅធ្វើការរោងចក្រខ្លះទៅ»។
សំណួរនៅត្រង់ថា តើត្រូវសង្គ្រោ|
អ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា បញ្ហាស្រូវធ្លាក់ថ្លៃនៅរដូវប្រមូលផលជារៀងរាល់ឆ្នាំ មកពីកង្វះកន្លែងសម្ងួត បញ្ហារោងម៉ាស៊ីនខ្វះទុនដើម្បីទិញស្រូវស្តុកទុក រួមទាំងការសម្រុកលក់របស់កសិករដើម្បីយកលុយមកដោះស្រាយបញ្ហាជីវភាព។
លោកមើលឃើញថា ដើម្បីដោះស្រាយវិបត្តិនេះ រដ្ឋត្រូវពង្រីកសមត្ថភាពរោងម៉ាស៊ីនកិនស្រូវ ទាំងកន្លែងស្តុក ទីតាំងសម្ងួត និងផ្ដល់ទុនគ្រប់គ្រាន់ដល់រោងម៉ាស៊ីន និងសហគមន៍ ដែលការណ៍នេះ កម្ពុជាអាចសង្គ្រោះវិបត្តិនេះបានត្រឹម៥ឆ្នាំខាងមុខ។
បញ្ហានេះ លោកកត់សម្គាល់ថា រដ្ឋាភិបាល និងវិស័យឯកជន បានដោះស្រាយបញ្ហានេះបានតិចតួចនៅឡើយ ដែលថាទំហំថវិកាប្រើប្រាស់មិនដល់១០០លានដុល្លារក្នុងមួយឆ្នាំ ខណៈតម្រូវការទុនដើម្បីដោះស្រាយវិបត្តិទីផ្សារកសិផលនេះអាចមានទំហំដល់ទៅ៥០០លានដុល្លារក្នុង១ឆ្នាំ។
អ្នកជំនាញរូបនេះគូសបញ្ជាក់ថា រដ្ឋាភិបាលគួរពន្លឿនការដោះស្រាយបញ្ហានេះ ដោយថា វិស័យកសិកម្មបានដើរតួនាទីសំខាន់ក្នុងកម្រិតសន្តិសុខស្បៀង កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។
លោកថា៖ «សន្តិសុខស្បៀងជារឿងសំខាន់បំផុត ដែលទាមទារឱ្យមានអន្តរាគមន៍គិតគូរពីរដ្ឋាភិបាល ដើម្បីធានានូវសន្តិសុខស្បៀង ហើយអ្នកដែលផលិតស្បៀងមានជីវភាពរស់នៅសមរម្យ ហើយបទពិសោធកូវីដ-១៩នេះគឺបានដោះស្រាយបញ្ហាហ្នឹង ដោយសារយើងមានផលិតស្រូវអង្ករខ្លួនឯងបាន»។
ប្រហាក់ប្រហែលនេះដែរ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា វិបត្តិទីផ្សារកសិផលដែលបានកើតឡើងជារៀងរាល់ឆ្នាំ អាចមកពីកង្វះធនធានមនុស្សក្នុងស្ថាប័នរដ្ឋ ធនធានថវិកា ប្រព័ន្ធគាំពារសង្គម រួមទាំងកង្វះឆន្ទៈប្រមូលបញ្ហាពីកសិករ និងអង្គការជាដៃគូ សម្រាប់ជាផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់វិស័យកសិកម្ម។
លោកគូសបញ្ជាក់ថា ផែនការថវិកាជាតិប្រចាំឆ្នាំសម្រាប់វិស័យកសិកម្ម រដ្ឋបានចំណាយត្រឹម១០ទៅ២០ភាគរយប៉ុណ្ណោះ ដែលថាចំនួននេះមិនអាចដោះស្រាយបញ្ហាចម្បងៗបាន ខណៈកម្ពុជាត្រូវបង្កើតទីតាំងកែច្នៃការផលិត រួមទាំងវិធានគាំពារសង្គម។
លោកថា៖ «ធ្វើម៉េចដាក់លក្ខខណ្ឌដល់រោងម៉ាស៊ីនកិនស្រូវ អាជីវកម្មដែលរកស៊ីស្រូវអង្ករហ្នឹងទិញតម្លៃសមរម្យដល់ប្រជាពលរដ្ឋ ព្រោះថានេះជាប្រព័ន្ធគាំពារមួយដែលសម្រាលដល់បន្ទុកនៃការខាតបង់ ក៏ដូចជាលើកកម្ពស់ជីវភាព ក៏ដូចលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែរ»។
យ៉ាងណា ក្រោយពីបញ្ហានេះកើតឡើង រដ្ឋាភិបាលបានទម្លាក់លុយជិត១០០លានដុល្លារដល់សមាគមរោងម៉ាស៊ីនកិនស្រូវ ដើម្បីទប់ទល់នឹងការធ្លាក់ចុះតម្លៃស្រូវនារដូវប្រមូលផលនេះ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ក្នុងពិធីជជែកដេញដោលមួយជាមួយមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាល អំឡុងឆ្នាំ២០២០ មុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនចូលជាធរមានថា កម្ពុជានឹងក្លាយជាធុងសំរាមរបស់ចិន បើក្រសួងពាក់ព័ន្ធមិនរួមគ្នាពង្រីកទំហំផលិតប្រកបដោយគុណភាពតបតាមស្តង់ដារអន្តរជាតិ រួមទាំងបណ្តុះបណ្តាលជំនាញខាងធនធានមនុស្ស។
លោកថា៖ «ត្រូវទទួលយកការពិតៗ បើមិនទទួលយការពិតទេ ការបើកវិនិយោគជាមួយចិន [កម្ពុជា]ក្លាយជាធុងសំរាមរបស់ចិន ព្រោះគេធ្វើពាណិជ្ជកម្ម គេធ្វើដើម្បីចំណេញ បើធ្វើអត់ចំណេញ គេធ្វើធ្វើអី?»
អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត មាស នី មើលឃើញថា ការដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន តែនៅតែមិនអាចសង្គ្រោះទីផ្សារកសិផលបាន នេះអាចមកពីកត្តាធំពីរ។
បើតាមអ្នកស្រាវជ្រាវរូបនេះ បញ្ហាទី១ មកពីប្រទេសចិនជាប្រទេសផលិតស្រូវ និងជាប្រទេសនាំចេញស្រូវអង្ករដែរ ដែលធ្វើឱ្យការស្រូបយកផលិតផលពីកម្ពុជាហាក់នៅទ្រឹង ធ្វើឱ្យវិបត្តិនេះនៅបន្តកើតឡើង។
បញ្ហាទី២ ការផលិតស្រូវពេលនេះ កសិករមិនបានហាលសម្ងួតទុកដាក់ដោយខ្លួនឯងដូចពីសម័យមុនទេ តែពួកគេសម្រុកលក់ក្រោយប្រមូលផល ដោយសារបញ្ហាបំណុល ស្របពេលដែលស្ថាប័នរដ្ឋ រួមទាំងរោងម៉ាស៊ីនកិនស្រូវខ្វះលទ្ធភាពប្រមូលទុក នេះជាបញ្ហាមួយទៀត។
លោកយល់ថា ដើម្បីសង្គ្រោះកសិករចេញពីវិបត្តិនេះ គេមិនរង់ចាំដល់រដូវប្រមូលផលបានមានចំណាត់ការទេ តែគេត្រូវមានកិច្ចសន្យាជាមុនជាមួយប្រទេសជិតខាង ពីតម្រូវការចាំបាច់ ការកំណត់តម្លៃ ហើយរៀបចំផែនការផលិតឱ្យស៊ីចង្វាក់គ្នា បើមិនដូច្នេះទេ លោកថា កម្ពុជានឹងជួបបញ្ហានេះគ្មានទីបញ្ចប់។
យ៉ាងណា លោកគិតថា បើវិបត្តិនេះមិនត្រូវបានដោះស្រាយទេ ហានិភ័យសន្តិសុខស្បៀងអាចនឹងកើតឡើង កសិករដែលមានដីតិចតួច កសិករកាន់តែច្រើននឹងបន្តបោះបង់មុខរបរ ហើយធ្វើចំណាកស្រុកទាំងប្រថុយនឹងគ្រោះថ្នាក់ទៅរកការងារធ្វើនៅប្រទេសជិតខាង រីឯអ្នកនៅមានលទ្ធភាពធ្វើស្រែនឹងបង្ខំចិត្តលក់ដីដើម្បីសងបំណុល។
លោកថា៖ «ខ្ញុំគិតថា ការគាំទ្រសេវាកម្មផ្នែកកសិកម្មដល់ពលរដ្ឋនៅតាមមូលដ្ឋាន វាជារឿងមួយសំខាន់ណាស់! ហើយទន្ទឹមនឹងនេះទៀត ក៏យើងមានបញ្ហាដែរ ដោយសារតែបំណុលនោះ វាកើនច្រើនពេកក្នុងតំបន់ភូមិស្រុកមួយៗ ស្ទើរ៩០ភាគរយ និង១០០ភាគរយទៅហើយនោះ។ អ៊ីចឹងក៏ជាកត្តាមួយបង្ខំឱ្យកសិករគ្មានជម្រើសណាក្រៅពីដឹកស្រូវទៅលក់ឱ្យទាន់ពេលវេលា ដើម្បីយកលុយមកសងធនាគារ»។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
HAS….do you think HUN SEN know how ?? HUN SEN experience is only good on FESS BOK he was so busy can not let it go even one minute