ទំនាក់ទំនងអន្តរជាតិ ព័ត៌មានជាតិ
លោក ញឹម សុខន | ២៤ វិច្ឆិកា ២០២២ | ម៉ោង ២១:១១
VOD

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជួបពិភាក្សាកំពូលទ្វេភាគីជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ជាថ្ងៃទី៣នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
អ្នកជំនាញនយោបាយ និងសិទ្ធិមនុស្ស បារម្ភពីហានិភ័យរបស់កម្ពុជា បើទំនាក់ទំនងការទូតរវាងកម្ពុជា-អាមេរិកបន្តធ្លាក់ចុះ ជុំវិញការមិនជឿទុកចិត្តគ្នាអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ខណៈកម្ពុជាកំពុងជាប់ក្នុងបញ្ជីប្រផេះនៃប្រទេសលាងលុយកខ្វក់ និងធ្លាក់ក្នុងបញ្ជីខ្មៅរបស់អាមេរិកជុំវិញការជួញដូរមនុស្ស។
ក្តីបារម្ភនេះបានកើតឡើងបន្ទាប់ពីកម្ពុជា តាមរយៈការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មាន នៃក្រសួងការពារជាតិ កាលពីថ្ងៃទី២៣ ខែវិច្ឆិកានេះ បានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្រោយជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក ថាទំនាក់ទំនងយោធាកម្ពុជានិងអាមេរិកកំពុងស្ថិតនៅក្នុងដំណាក់កាលលំបាក។ បញ្ហានេះ កម្ពុជាផ្តល់ជាជម្រើសថា ប្រសិនបើភាគីអាមេរិកយល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរមានសារសំខាន់ ភាគីទាំងពីរត្រូវតែស្វែងរកមធ្យោបាយល្អបំផុត សម្រាប់ការយោគយល់គ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
ប្រតិកម្មបែបនេះ ក្រោយពីភាគីអាមេរិកនៅតែបន្តលើកឡើងថា វត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ជាការគំរាមកំហែងសន្តិសុខតំបន់ បើទោះបីកម្ពុជាធ្លាប់បានច្រានចោលច្រើនដងមកហើយក្តី។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា បញ្ហាកើតឡើងដោយសារតែតំបន់អាស៊ាន មានទាំងកម្ពុជាផងនោះ ពេលនេះបានក្លាយជាតំបន់ប្រទាញប្រទង់ខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាចលោកសេរី សហរដ្ឋអាមេរិក និងមហាអំណាចកុម្មុយនីស្ត ចិន ដូច្នេះហើយអាមេរិក និងសម្ពន្ធមិត្ត ចង់ឱ្យកម្ពុជា និងអាស៊ាន ឈរនៅចំនុចកណ្ដាល ឬអព្យាក្រឹត្យ ដើម្បីទប់ស្កាត់ការហក់ឡើងនៃឥទ្ធិពលមហាអំណាចចិន។
លោកគូសបញ្ជាក់ថា កម្ពុជាជារដ្ឋតូច គួរលាងជម្រះមន្ទិលនេះ បើមិនដូច្នេះទេ កម្ពុជានឹងបាត់បង់ប្រយោជន៍ធំធេង ទាំងវិស័យនយោបាយការទូត និងសេដ្ឋកិច្ច រួមទាំងវិធានការដាក់សម្ពាធលើឆាកអន្តរជាតិពីសម្ពន្ធមិត្ត។
លោកថា៖ «អ៊ីចឹងកម្ពុជាត្រូវការពឹងពាក់អត្ថប្រយោជន៍ពាណិជ្ជកម្ម ដូចជា ប្រព័ន្ធអនុគ្រោះ GSP របស់អាមេរិក ត្រូវការទីផ្សារអាមេរិក ត្រូវការគាំពារផ្នែកការទូតពីសហរដ្ឋអាមេរិក។ ដូច្នេះយើងមិនត្រូវបោះបង់ឱកាសនៃទំនាក់ទំនង ឬក៏ធ្វើឱ្យកម្ពុជា-អាមេរិកហ្នឹងមានភាពល្អក់កករ ដោយសារបញ្ហាណាមួយនោះទេ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា សហរដ្ឋមេរិក ជាមហាអំណាចមានឥទ្ធិពលទាំងផ្នែកយោធា និងសេដ្ឋកិច្ច ដែលបញ្ហានេះ លោកបារម្ភថា វិធានការដាក់បន្ទុកណាមួយអាចនឹងកើតឡើងលើប្រទេសកម្ពុជា បើភាពមិនទុកចិត្តគ្នាកាន់តែរីកធំ ខណៈទំនាក់ទំនងនេះបានចាប់ផ្តើមមើលគ្នាក្នុងផ្លូវមិនល្អទៅវិញទៅមកជិត៥ឆ្នាំមកនេះ ក្រោយពីតុលាការកម្ពុជារំលាយគណបក្សប្រឆាំង ដែលអាមេរិកតែងតែរិះគន់ការចោទប្រកាន់ទៅមេដឹកនាំបក្សប្រឆាំង។
លោកថា៖ «យើងដឹងហើយថា សហរដ្ឋអាមេរិក គាត់ជាមហាអំណាចធំ ដែលគាត់អាចប្រើសម្រាប់អាមេរិកតែម្តង ហើយគាត់មានឥទ្ធិពលទៅដល់ប្លុកដទៃទៀត ដូចជា សហភាពអឺរ៉ុប សមាជិកគាត់នៅអាស៊ីអីជាដើម គាត់អាចប្រើប្រាស់ឥទ្ធិពលនេះដើម្បីដាក់ទណ្ឌកម្ម»។
ដូចគ្នានេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប្រ៉ារីស កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែលោកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមើលឃើញថា បរិបទនយោបាយនៅកម្ពុជាហាក់ងាកទៅរកប៉ូលមហាអំណាចចិន។
ជាការកត់សម្គាល់ បរិបទនេះបានកើតឡើងក្រោយបក្សកាន់អំណាចធ្លាក់ចុះប្រជាប្រិយភាពជាបន្តបន្ទាប់លើទីលានប្រកួតការបោះឆ្នោត តាមយន្តការប្រជាធិបតេយ្យ នៅឆ្នាំ២០១៣ និងឆ្នាំ២០១៧។
លោកបារម្ភថា កម្ពុជាអាចនឹងជួបបញ្ហាធំ បើអ្នកនយោបាយមិនស្ដារទំនាក់ទំនងរវាងប្រទេសទាំង២ ឱ្យមានភាពល្អប្រសើរឡើងវិញ ស្របពេលដែលកម្ពុជាកំពុងជាប់ក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក និងមិនទាន់ដកខ្លួនរួចពីប្រទេសឃ្លាំមើលការលាងលុយកខ្វក់ជិត៥ឆ្នាំមកនេះ។
លោកថា៖ «អ្វីដែលយើងបារម្ភបំផុតនោះ គឺផលប្រយោជន៍ដែលយើងទទួលបានសម្រាប់ពលរដ្ឋ សម្រាប់ជីវភាព ភាពរីកចម្រើនប្រទេសជាតិយើងអាចនឹងមានវិធានការថមថយ ប្រសិនបើមានវិធានការបន្តបន្ទាប់មកទៀតហ្នឹង»។
យ៉ាងណា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា កម្ពុជាអាចនឹងបន្តទាញយកប្រយោជន៍ពីប្លុកលោកសេរី និងប្លុកកុម្មុយនីស្តបាន បើរដ្ឋាភិបាលពិតជាអនុវត្តរដ្ឋធម្មនុញ្ញ។ ប៉ុន្តែលោកបារម្ភថា កម្ពុជានឹងជួបវិបត្តិ បើកម្តៅការទូតរវាងកម្ពុជា-អាមេរិកនៅតែបន្តហក់ឡើង ខណៈបញ្ហាសកលបានក្លាយជាសង្រ្គាមភូមិសាស្ត្រនយោបាយទៅហើយនោះ។
តែយ៉ាងណា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Gregory W. Meeks ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា
ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសហ៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា។
ជុំវិញបញ្ហានេះ សេតវិមាន កាលពីថ្ងៃទី១២ ខែវិច្ឆិកានេះ បាននិយាយថា ក្នុងជំនួបរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីកិច្ចប្រជុំកំពូលអាស៊ាន មេដឹកនាំអាមេរិកបានលើកឡើងពីកង្វល់ទាក់ទងស្ថានការណ៍នៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ដែលអាមេរិកថាមានពាក់ព័ន្ធសកម្មភាពកងទ័ពសាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានោះដែរ លោក ចូ បៃដិន ក៏បានទាមទារឱ្យដោះលែងសកម្មជននយោបាយបក្សប្រឆាំង និងទាមទារឱ្យបើកលំហប្រជាធិបតេយ្យ មុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣ មកដល់។
ដោយឡែក រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៥៣ ចែងថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ពន្ធ ហើយរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។
មាត្រាដដែលបន្តថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ៕
- ចិន, ចិនដីគោក, ចូ បៃឌិន, បោះឆ្នោតថ្នាក់ជាតិ, មហាអំណាចចិន, មូលដ្ឋានទ័ពជើងទឹករាម, សកម្មជននយោបាយ, សកម្មជនបក្សប្រឆាំង, ហ៊ុន សែន, អតីតគណបក្សសង្គ្រោះជាតិ, អតីតបក្សប្រឆាំង, អាមេរិក, អាស៊ាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
Cambodia got the uneducated leader that make every thing wrong and getting deeper in the dark history one more in the near future