ប្រេសិត UN លើកឡើងពីភាពបន្ទាន់លើការកែលម្អច្បាប់កម្ពុជា ការពារជនងាយរងគ្រោះពីចរាចរណ៍

កម្ពុជា-សង្គម
26/11/2022 – 09:20
ដោយ៖ សឿង ភារៈ
RFI

ចរាចរណ៍ផ្លូវគោក © Twitter Jean Todt


កម្ពុជា​ចាំ​បាច់​ក្នុង​ការ​កែ​លម្អ​ច្បាប់​ ដើម្បី​ការពារ​អ្នក​ដែល​ងាយ​រង​គ្រោះ​បំផុត​ ខណៈ​ប្រទេស​នេះ​មាន​អត្រា​គ្រោះថ្នាក់​ដល់​ស្លាប់​ ដោយសារ​ម៉ូតូ​ច្រើន​ក្នុង​ពិភព​លោក។​ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សុវត្ថិភាព​ចរាចរណ៍ ​នា​សប្តាហ៍​នេះ ​ក្រោយ​ពី​មាន​ជំនួប​នានា​ជា​មួយ​រដ្ឋមន្ត្រី​កម្ពុជា។​

កម្ពុជាជាប្រទេសទី៦ លើពិភពលោក​ដែល​មាន​អត្រាអ្នក​ស្លាប់ពីគ្រោះថ្នាក់​ដោយ​ម៉ូតូ​ខ្ពស់​បំផុត។ វាមានភាពចាំបាច់ និងបន្ទាន់ ក្នុងការកែលម្អច្បាប់ចរាចរណ៍ ដើម្បីការពារអ្នកប្រើប្រាស់ផ្លូវ ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេស។ នេះគឺជាការលើកឡើងនៅលើបណ្តាញសង្គម Twitter របស់ប្រេសិតពិសេសអង្គការសហប្រជាជាតិ លោក ជីន ថូត (Jean Todt) ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ ខណៈពេលដែលលោកបំពេញបេសកម្មសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។

តាមរយៈសំណេរលើទំព័រ Twitter ផ្លូវការ កាលពីថ្ងៃទី២៥​ ខែវិច្ឆិកា លោក ជីន ថូតបានសរសេរថា តាមរយៈរបាយការណ៍សុវត្ថិភាពចរាចរណ៍ក្នុងចំណោមគ្រោះថ្នាក់ ៨០,៣៩៨ករណី ដែលបានកើតឡើងក្នុងឆ្នាំ២០១៤ ដល់២០១៩ មាន៨២ភាគរយ ដែលមិនបានពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់។

ក្នុងជំនួបជាមួយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា លោក ជីន ថូត បានលើកពីសារៈសំខាន់នៃការអនុវត្តច្បាប់ និងវិធានការចាំបាច់សម្រាប់ច្បាប់ចរាចរណ៍ថ្មី ដែលកំពុងត្រូវបានពិភាក្សា។

លោក ស ខេង បានលើកឡើងថាកម្ពុជា បានខិតខំកាត់បន្ថយអត្រាមរណៈភាព និងអត្រារបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែទោះបីយ៉ាងណា ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវតែបន្តខិតខំដោះស្រាយ។ បើតាមលោក ស ខេង បញ្ហាទាំងនោះពាក់ព័ន្ធទៅនឹងការបន្តអភិវឌ្ឍនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការផ្តល់ និងបំពាក់នូវសម្ភារៈបច្ចេកទេសបម្រើដល់ការងារត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងការងារកែលម្អធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតដល់ការងារគ្រប់គ្រងត្រួតពិនិត្យលើសុវត្ថិភាពចរាចរណ៍។

លោក ស ខេង បញ្ជាក់ថា ភាគច្រើននៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា  គឺបង្កឡើងដោយកត្តាធំ២ ក្នុងនោះទីមួយគឺកត្តាមនុស្ស ទីពីរគឺកត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាពិសេសគឺបញ្ហាបច្ចេកទេសពាក់ព័ន្ធទៅនឹងការបំពាក់ស្លាកសញ្ញាផ្សេងផ្សេង។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកស្តីពីការវិនិយោគឯកជន (WB 2022) ការស្លាប់ដោយសារចរាចរណ៍បានធ្វើឱ្យខាតបង់សេដ្ឋកិច្ចចំនួន ១.៧(ទ្រីលាន)ពាន់ពាន់លានដុល្លារ/ឆ្នាំ។ យោងតាមធនាគារពិភពលោក (WB 2016) ការចំណាយលើគ្រោះថ្នាក់ចរាចរណ៍តំណាងឱ្យ ៥.៩ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

សូមជម្រាបជូនថាឆ្នាំ២០២១ កន្លងទៅគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ២,៦៧០លើក បណ្តាលឲ្យស្លាប់សរុប ១,៤៩៧នាក់ និងរបួស ៣,៦១៥នាក់ ក្នុងនោះរបួសធ្ងន់ជាង ២,២០០នាក់។ ធៀបទៅនឹងឆ្នាំ ២០២០គ្រោះថ្នាក់ចរាចរណ៍ បានថយចុះចំនួន ៥០៩លើក ស្មើនឹង១៦%។ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍វិញ គឺមានការថយចុះ៩% ស្មើនឹង១៤៩នាក់ ហើយរបួសថយចុះជាង ១,០០០នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

What Next?

Recent Articles