សមត្ថកិច្ច​​បញ្ជូន​ ​កញ្ញា​ ​ឈឹម​ ​ស៊ីថរ​ ​ទៅ​តុលាការ​​ក្រោយ​ចាប់​​ខ្លួន​​​នៅ​​ព្រលាន​យន្ត​ហោះ​​​ពេល​​ត្រឡប់​​មក​​​ពី​​ក្រៅ​​​ប្រទេស​​

ការងារ ព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា and កញ្ញា ប៉ា សុខេង | ២៦ វិច្ឆិកា ២០២២ | ម៉ោង ១៧:៣៩
VOD

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។ (ហេង វិចិត្រ)


​សមត្ថកិច្ចរាជធានីភ្នំពេញ​អះអាងថា ពួកគេពិតជាបាន​ចាប់ខ្លួន​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុនណាហ្គាវើលដ៍​ កញ្ញា ឈឹម ស៊ីថរ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ប្រាកដមែន និងបានបញ្ជូនប្រធានសហជីពរូបនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវីធី ដ្បិត​ការចាប់ខ្លួននោះ​​ធ្វើឡើងតាមដីការបស់ចៅក្រមស៊ើបសួរពាក់ព័ន្ធល្មើសបម្រាមរបស់តុលាការ។

ការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ​ ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ក្រោយពេលកញ្ញាធ្វើដំណើរត្រឡប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលី វិញនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃទី២៦ ខែវិច្ឆិកាថា ពិតជាមាន​ការករណីចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ ​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះប្រាកដមែន។ លោកអះអាងថា ការចាប់ខ្លួននោះ ​ធ្វើឡើង​តាមដីកាបញ្ជាឱ្យ​ចាប់ខ្លួនរបស់​ចៅក្រមស៊ើបសួរ ពាក់ព័ន្ធនឹងបទល្មើសបម្រាមរបស់តុលាការ ដែលមិនតម្រូវឱ្យកញ្ញាចេញទៅក្រៅប្រទេសឡើយ អំឡុងពេល​ដាក់ឱ្យស្ថិត​នៅក្រោមការត្រួតពិនិត្យនេះ។

លោក សាន សុខសីហា បន្តថា៖ «ត្រូវហើយ ព្រឹកមិញហ្នឹងមានការឃាត់ខ្លួន ដោយសមត្ថកិច្ចទទួល​ផែនការងារសន្តិសុខ​នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ សហការជាមួយខាងព្រលាន បានធ្វើការឃាត់ខ្លួន​តាមដីកាបង្គាប់ឱ្យ​ចាប់ខ្លួន​របស់ចៅក្រមសាកសួរ អមសាលាដំបូង​រាជធានីភ្នំពេញ​ ពាក់ព័ន្ធករណីមិនអនុវត្តតាមសេចក្តីសម្រេចរបស់ខាងតុលាការ ដែលចុះថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២កន្លងមកហ្នឹង។ គាត់ [កញ្ញា ឈឹម ស៊ីថរ] ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ​តាមដានរបស់ខាងតុលាការ។ អីចឹងមានន័យថា គឺគាត់មិនមាន​សិទ្ធិចេញក្រៅពីដែនដី​នៃព្រះរាជាណាចក្រកម្ពុជាទេ។ វាលុះត្រាតែមាន​ការអនុញ្ញាតពីខាងតុលាការ»។

​អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បន្ថែមថា ការចាប់ខ្លួននេះ គឺមានតែ កញ្ញា ឈឹម ស៊ីថរ ម្នាក់ប៉ុណ្ណោះ ហើយករណីនេះ សមត្ថកិច្ចក៏បាន​បញ្ជូនកញ្ញាទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ភ្លាមៗដើម្បីបន្តនីតិវិធីបន្ថែមទៀតផងដែរ។

សកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ណុប ទិត្យបូរ៉ាវី ឱ្យវីអូឌី ដឹងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ​ថា  កញ្ញា ឈឹម ស៊ីថរ ពិតជាត្រូវបានសមត្ថកិច្ច​ខាងអន្តោប្រវេសន៍នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឃាត់ខ្លួនដើម្បីសាកសួរ ប៉ុន្តែខាងកញ្ញាមិនទាន់ដឹងថាក្នុងសំណុំរឿងអ្វីច្បាស់នៅឡើយទេ។

កញ្ញាបន្ថែមថា ក្រោយការឃាត់ខ្លួន​នៅម៉ោងប្រមាណ១០ ព្រឹក រហូតដល់រសៀលថ្ងៃដដែលនេះ សមត្ថកិច្ចមិនទាន់ដោះលែង កញ្ញា ស៊ីថរ នៅឡើយទេ។

កញ្ញា ណុប ទិត្យបូរ៉ាវី បន្តថា៖ «​ការឃាត់ខ្លួនរបស់ គាត់​[ឈឹម ស៊ីថរ] ទៀត ពួកខ្ញុំអត់ទាន់ថា តើពាក់ព័ន្ធការឃាត់ខ្លួនហ្នឹងជាករណីអ្វីទេ ប៉ុន្តែគ្រាន់តែ​​អ្នកនៅព្រលានខាងអន្តោប្រវេសន៍គេសាកសួរគាត់ និងដែលគេលើកមកនិយាយថា គាត់ហ្នឹងមានដីកាតុលាការ។ ប៉ុន្តែដីកាតុលាការហ្នឹង​គេមិនបាន​លើកមកនិយាយពាក់ព័ន្ធនឹងរឿងអ្វីទេ»។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ​កញ្ញា ឈឹម ស៊ីថរ បានចេញទៅប្រជុំការងារ​សហជីពនៅ​ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ហើយបានត្រឡប់មកដល់​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា។

កូដករម្នាក់ដែលកំពុងឈរនៅទីតាំងធ្វើដូកកម្មខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា អ្នកនាង ម៉ម សុវឌ្ឍិន និយាយថា ការឃាត់ខ្លួនប្រធានសហជីពរបស់ពួកគេ គឺជាចេតនានៃការគំរាមកំហែងដល់ពួកគាត់។

អ្នកនាង ម៉ម សុវឌ្ឍិន បន្តថា៖ «វាមិនត្រឹមត្រូវ ពេលគាត់ទៅ[ទៅអូស្ត្រាលី] អត់ឃាត់គាត់ទេ អត់ដាក់បម្រាមគាត់ទេ។ ប៉ុន្តែពេលគាត់មកវិញ បែរជាព្យាយាមឃាត់ខ្លួនគាត់។ អីចឹងវាមិនត្រឹមត្រូវ»។

ស្រដៀងគ្នានេះ សកម្មជនសហជីពក្រុមហ៊ុនល្បែងមួយនេះម្នាក់ទៀត កញ្ញា សុភ័ក្ត្រ ម៉ូលីកា យល់ឃើញថា ការចាប់ខ្លួន កញ្ញា ស៊ីថរ ពេលនេះ​ជារឿង​មិនត្រឹមត្រូវទេ ដោយថាប្រសិនបើគាត់ល្មើសបម្រាម តុលាការ​គួរតែប្រាប់គាត់មុនពេលគាត់ចាកចេញពីកម្ពុជា មិនមែននៅពេលចូលមកវិញ​ហើយ​បាន​ចាប់ខ្លួនបែបនេះឡើយ។

កញ្ញា សុភ័ក្ត្រ ម៉ូលីកា បន្ថែមថា៖ «ទាក់ទងនឹងការល្មើសបម្រាមរបស់តុលាការហ្នឹង គួរតែនៅពេលថ្ងៃដែលគាត់[ឈឹម ស៊ីថរ] ចេញទៅហ្នឹង គួរតែហាមឃាត់គាត់មិនឱ្យចេញទៅ ព្រោះតុលាការអ្នកដាក់បម្រាម តែមិនមែនឱ្យគាត់ចេញទៅហើយ ពេលគាត់ត្រឡប់មកវិញ បាននិយាយថា គាត់ល្មើសបម្រាមទេ។ អាហ្នឹងបង្ហាញថា ខាងតុលាការខាងអាជ្ញាធរ​គាត់ធ្វើការងារមិនច្បាស់លាស់ខ្លួនឯង»។

​ក្រោយហេតុការណ៍ចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ នេះ អង្គការការពារសិទ្ធិមនុស្សលីកាដូបានចេញអត្ថបទខ្លីមួយ ដោយអះអាងថា មេធាវី​របស់​ កញ្ញា​ ​ស៊ី​ធ​រ​ ​ដែល​បានមាន​វត្តមាន​នៅ​អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួបកូនក្តីឡើយ ​អំឡុង​ពេល​សាកសួរ​របស់សមត្ថកិច្ចនោះ​​​ ​ព្រមទាំង​មិន​អាច​ទាក់ទង​កូនក្ដី​របស់​ខ្លួន​ ​ជាច្រើន​ម៉ោង​ផង​ដែរ​​។​

នាយកទទួលបន្ទុកកិច្ចការទូរទៅអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការឃាត់ខ្លួនប្រធានសហជីពប្រចាំក្រុមហ៊ុន​ល្បែង​ណាហ្គាវើលដ៍​ពេលនេះ គឺជាការគំរាមកំហែងបំភិតបំភ័យទៅលើសកម្មភាពរបស់មេដឹកនាំសហជីពមួយនេះបន្ថែមទៀត បន្ទាប់ពីមានការចាប់ខ្លួន និង​ឃុំខ្លួនថ្នាក់ដឹកនាំ​សហជីពចំនួន​១១នាក់​ ប្រចាំក្រុមហ៊ុននេះមួយរយៈកាលពីពេលកន្លងមក ខណៈពួកគេបានដឹកនាំតវ៉ាទាមទារសិទ្ធិសេរីភាពជូនកម្មករ។

លោក អំ សំអាត មានប្រសាសន៍ថា៖ «អ៊ីចឹងការចាប់ខ្លួននេះ ជាការគំរាមកំហែងបន្ថែមទៀត ហើយក៏ដូចជា គំរាមកំហែងទៅដល់សហជីព​ណាហ្គាវើលដ៍ និងបុគ្គលិក និងអតីតបុគ្គលិកដែលកំពុងធ្វើកូដកម្មទាមទាររកដំណោះស្រាយនាពេលបច្ចុប្បន្ននេះបន្ថែមទៀតផងដែរ»។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍​ កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​និង​មាត្រា​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ក្រោយពេល​សហជីព​កញ្ញា​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​អហិង្សាទាមទាររកដំណោះស្រាយការងារពីភាគីក្រុមហ៊ុនបនល្បែងមួយនេះ។​

លីកាដូអះអាងថា ​កញ្ញា​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាង​ហិង្សា​ ​អំឡុង​ពេល​ព្យាយាម​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​កូដករ​ផ្សេងទៀត​ ​ហើយ​ត្រូវ​បាន​ជាប់ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​២​ខែ​ ​ជាមួយនឹង​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​របស់​ខ្លួនចំនួន១០នាក់ផ្សេងទៀត​ ​មុន​ពេល​មានការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំនេះ​ ​។​ ​

អង្គការសិទ្ធិមនុស្សដដែលនេះ អះអាងថា ក្រោយ​ពី​ការ​ដោះលែង​ ​ទាំង​កញ្ញា​ ​ស៊ី​ធ​រ​ ​និង​មេធាវី​កញ្ញា​ ​មិន​ត្រូវ​បាន​ជូនដំណឹង​ពី​កា​រដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​​តាមផ្លូវ​តុលាការ​ ​ឬ​លក្ខខណ្ឌ​សាកល្បង​ ​ដូចជា​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​នោះ​ទេ​។

​សមាជិក​សហ​ជី​ព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ ​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​បន្ទាប់ពី​មាន​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​ ​នៅ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៏​ ​ដែល​ក្នុង​នោះ​ក៏មាន​ថ្នាក់​ដឹកនាំ​សហជីព​ទាំងអស់​ផងដែរ។​ ​កញ្ញា​ ​ស៊ី​ធ​រ​ ​ក៏ដូចជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៏ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនកាលពីដើមឆ្នាំ២០២២នេះ​ ​ប្រឈមមុខនឹង​កា​រដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​២​ឆ្នាំ​ ​ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា​មានទោស​​៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles