ដោយ មាន ឫទ្ធិ
2022.10.29
RFA

ព្រះមហាក្សត្រ ព្រះបាទ សម្ដេច នរោត្ដម សីហមុនី។ Photo: RFA
គិតមកទល់ចុងឆ្នាំ២០២២នេះ ព្រះមហាក្សត្រព្រះបាទសម្តេច នរោត្តម សីហមុនី បានគ្រងរាជ្យសម្បត្តិអស់រយៈពេល១៨ឆ្នាំហើយ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសជាព្រះមហាក្សត្រកម្ពុជាកាលពីចុងឆ្នាំ២០០៤ ក្រោយព្រះបិតារបស់ព្រះអង្គ គឺសម្តេច នរោត្តម សីហនុ បានសម្រេចដាក់រាជ្យ និងផ្ទេររាជបល្ល័ង្កទៅឱ្យទ្រង់។ តើព្រះបាទសម្តេច នរោត្តម សីហមុនី មានជីវប្រវត្តិដូចម្តេចខ្លះ? និងថាតើក្រោមការគ្រងរាជ្យសម្បត្តិរបស់ទ្រង់រយៈពេល១៨ឆ្នាំមកនេះ ព្រះអង្គបានបំពេញព្រះរាជតួនាទីអ្វីខ្លះជូនដល់ប្រជាជាតិរបស់ព្រះអង្គ?
សម្រាប់ក្រុមអ្នកគាំទ្របក្សកាន់អំណាច សម្តេច នរោត្តម សីហមុនី គឺជាព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ពួកគេចង់ឃើញព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិបំពេញព្រះរាជតួនាទីជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ ជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្ត្រព្រះអង្គ តែមិនចង់ឃើញព្រះអង្គលូកដៃចូលក្នុងរឿងកិច្ចការនយោបាយនោះឡើយ។
ក៏ប៉ុន្តែ សម្រាប់ក្រុមអ្នកមិនគាំទ្របក្សកាន់អំណាច និងក្រុមអ្នកសាធារណរដ្ឋនិយមវិញ ពួកគេយល់ឃើញផ្ទុយពីនេះ។ អ្នកខ្លះថា ព្រះអង្គជា «អ្នកទោសព្រះបរមរាជវាំង» ជា «ស្តេចទីងមោង» ជា «ស្តេចប្រថាប់ត្រា» ជា «ស្តេចអាយ៉ង» ឬជា «ស្តេចរបាំបាឡេ» … ជាដើម។ ពួកគេចង់ឃើញព្រះអង្គដាក់រាជ្យ ព្រោះពួកគេថា ព្រះអង្គជាក្សត្រ «ទន់ខ្សោយ» មិនក្លាហានហ៊ានតទល់នឹងអ្នកនយោបាយមានអំណាច។ទាំងអស់នេះគឺសុទ្ធសឹងតែជាទស្សនៈមួយចំនួនដែលមជ្ឈដ្ឋានទូទៅបានឮស្ទើរស៊ាំត្រចៀកក្នុងរយៈពេល ១៨ឆ្នាំ នៃការសោយរាជ្យរបស់ទ្រង់នៅក្នុងប្រទេសក្រីក្រមួយដែលមានប្រជាជនប្រមាណ ១៦លាននាក់ ហែកហួរទៅដោយការបែកបាក់ឯកភាពជាតិ និងជម្លោះនយោបាយផ្ទៃក្នុងរ៉ាំរ៉ៃមិនចេះចប់មិនចេះហើយ។
ក្រោមការគ្រងរាជ្យសម្បត្តិរយៈពេលជិត ២០ឆ្នាំមកនេះ ព្រះអង្គបានក្លាយជាផ្ទាំងស៊ីប នៃការរិះគន់ និងប្រមាថខ្លាំងៗពីមជ្ឈដ្ឋានចម្រុះ។
សំឡេងលោក សម រង្ស៊ី៖ «តែអ្វីដែលលោក ហ៊ុន សែន ប្រើជាល្បិច គឺគាត់បង្ខំព្រះមហាក្សត្រ គាត់សណ្តោងព្រះមហាក្សត្រឱ្យគាំទ្រអំពើក្បត់ជាតិរបស់គាត់។ អ៊ីចឹង ព្រះមហាក្សត្រចង់មិនចង់ បើយើងចាញ់សម្លុតរបស់ ហ៊ុន សែន យើងទៅគាំទ្រអំពើក្បត់ជាតិរបស់ ហ៊ុន សែន។ យើងមានការទទួលខុសត្រូវណាស់។ ខ្ញុំជឿថា អ្នកខ្លះ បើដាក់ខ្លួនជាព្រះមហាក្សត្រនៅពេលហ្នឹង គឺអត់ស៊ីញ៉េទេ។ អត់ទេ! ចង់អី? ចង់ស្រលាញ់អី? រាជបល្ល័ង្ក? រាជបល្ល័ង្កស្អីហ្នុង? បើជាតិយើងរលាយ ស្តេចស្រុកណា? បើស្រុកហ្នុងត្រូវរលាយ។ អ៊ីចឹង បើមានមនសិការជាតិតែបន្តិច គឺមិនត្រូវចុះហត្ថលេខាទេ។ សុខចិត្តដាក់រាជ្យ។ បើជាខ្ញុំវិញ ខ្ញុំដាក់រាជ្យ ពីព្រោះមិនត្រូវចាញ់សម្លុត ហ៊ុន សែន ហើយស្រឡាញ់រាជបល្ល័ង្គ វាហួសពេក ទៅប្រថាប់ត្រាឱ្យ ហ៊ុន សែន ប្រថាប់ត្រាឱ្យជនក្បត់ជាតិ គឺយើងរួមចំណែកក្នុងអំពើក្បត់ជាតិមួយដ៏ធ្ងន់ធ្ងរជាទីបំផុតចំពោះមុខប្រជារាស្ត្រខ្មែរ និងចំពោះមុខប្រវត្តិសាស្ត្រ»។
នេះគឺជាការប្រើពាក្យសម្តីធ្ងន់ៗរបស់អ្នកនយោបាយបក្សប្រឆាំងចាស់វស្សា គឺលោក សម រង្ស៊ី រិះគន់សម្តេច នរោត្តម សីហមុនី ចំពោះការឡាយព្រះហស្តលេខារបស់ព្រះអង្គលើសន្ធិសញ្ញាដ៏ចម្រូងចម្រាសគឺសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលធ្វើឱ្យរស់ឡើងវិញសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋខុសច្បាប់ ឆ្នាំ១៩៨៥ ជាមួយវៀតណាម។ ព្រះអង្គបានធ្វើដូច្នេះរហូតដល់ទៅពីរដង គឺម្តងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ និងម្តងទៀត នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ដូចតាមការចង់បាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សន្ធិសញ្ញាទាំងនេះ ត្រូវក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមអ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជា រិះគន់ថា ជាការទទួលស្គាល់លើសន្ធិសញ្ញាខុសច្បាប់ដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងវៀតណាមបានចុះក្នុងពេលដែលកម្ពុជាស្ថិតក្រោមរណប និងការត្រួតត្រារបស់វៀតណាមក្នុងអំឡុងពេលពេញមួយទសវត្សរ៏ទី៨០។ ពួកគេអះអាងបន្ថែមថា ការចុះហត្ថលេខាលើសន្ធិសញ្ញាទាំងនេះ គឺជាការទទួលស្គាល់ «ការកាត់» កោះត្រល់ និងអធិបតេយ្យសំខាន់ៗមួយចំនួនទៀតរបស់កម្ពុជាទៅឱ្យប្រទេសវៀតណាមដោយស្របច្បាប់ឡើងវិញ។ មូលដ្ឋានស្របច្បាប់របស់ក្រុមអ្នករិះគន់ គឺថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានចែងយ៉ាងច្បាស់ថារាល់សន្ធិសញ្ញានានាដែលចុះនៅមុនកិច្ចព្រមព្រៀងនេះ គឺជាសន្ធិសញ្ញាខុសច្បាប់ និងត្រូវចាត់ទុកជាអសារបង់។
សន្ធិសញ្ញាបំពេញបន្ថែមជាមួយវៀតណាមនេះ បានដិតដាមក្លាយជាស្លាកស្នាមនៃកេរ្តិ៍ដំណែលអវិជ្ជមានមួយដែលពិបាកនឹងលាងជម្រះក្នុងរជ្ជកាលរបស់ទ្រង់។ សន្ធិសញ្ញានេះ ក៏ជាចំណុចចាប់ផ្តើមមួយនៃវិញ្ញាសាសាកល្បងចំពោះភាពឆ្លៀសវៃរបស់ទ្រង់ នៅក្រោយទ្រង់ឡើងគ្រងរាជ្យបានមួយឆ្នាំ។ ដំបូងឡើយ ទ្រង់ហាក់រារែកមិនចង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញានេះទេ។ តែក្រោយមក ទ្រង់បានប្តូរព្រះទ័យវិញ ក្រោយពីលោក ហ៊ុន សែន នៅចុងឆ្នាំ២០០៥ បានគំរាមរំលាយរបបរាជានិយមចោល និងដាក់ជំនួសមកវិញនូវរបបសាធារណរដ្ឋ៖
សំឡេងលោក ហ៊ុន សែន៖ «ខ្ញុំនិយាយជាមួយសម្តេចក្រុមព្រះហើយ ខ្ញុំថាព្រះអង្គ និយាយប្រាប់ឯកឧត្តម ស៊ុន ចាន់ថុល កុល ផេង អ៊ឹង កន្ថាផាវី ស៊ីសុវត្ថិ ប៉ាណារ៉ា លើយន្តហោះតាមទូរស័ព្ទ ខ្ញុំថាព្រះអង្គ បើលើកនេះវាពិបាកស៊ីញ៉េ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋ ឲ្យវាមានប្រធានាធិបតីតែម្តង? ឬហោចណាស់ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ លើមាត្រាណាមួយ ដែលកាលណាដាក់ទៅក្នុងរង្វង់ប៉ុន្មានថ្ងៃ ត្រូវឡាយព្រះហស្តលេខា។ បើមិនឡាយព្រះហស្តលេខា ទេ គឺនឹងចូលជាធរមាន»។
សារគំរាមរបស់លោក ហ៊ុន សែន នេះ មិនទាន់បញ្ចប់ត្រង់នេះទេ។ ក្រោយមកទៀត នៅចុងខែធ្នូ ឆ្នាំ២០១៨ លោកបាននិយាយប្រមាថព្រះមហាក្សត្រជាថ្មីម្តងទៀត នៅក្នុងសារសំឡេងបែកធ្លាយមួយ ដែលលោកប្រើអំណាចលូកដៃអន្តរាគមន៍ក្នុងជម្លោះផ្ទៃក្នុងរបស់ក្រុមហ៊ុនទូរទស្សន៍មួយរបស់លោក គិត ម៉េង៖
សំឡេងលោក ហ៊ុន សែន៖ «ជាមួយខ្ញុំគឺកុំនិយាយឲ្យសោះ ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ កុំនិយាយបញ្ហាកូនអ្នកធំក្មួយអ្នកធំ ការយោគយល់អត់ទេ»។
ថ្វីបើសារសំឡេងប្រមាថទាំងនេះត្រូវគេយកទៅផ្សព្វផ្សាយព្រោងព្រាតក៏ដោយ ក៏លោក ហ៊ុន សែន ពុំដែលបានចេញមុខបដិសេធម្តងណាឡើយ។ លោកថែមទាំងបានតាំងខ្លួនឯងធ្វើជាអ្នកប្តូរផ្តាច់ «ការពារ» របបរាជានិយមវិញម្តង៖
សំឡេងលោក ហ៊ុន សែន៖ «… គេមិនត្រឹមតែជេរត្រឹមខ្ញុំទេ គេជេរព្រះមហាក្សត្ររបស់យើង។ ដូច្នេះ ខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ទាំងព្រះសង្ឃ ទាំងគ្រហសត្ថ ងើបឈរឡើងដើម្បីប្រឆាំងជនក្បត់ជាតិ ហើយនឹងបក្សណាដែលផ្សារភ្ជាប់ជាមួយជនក្បត់ជាតិនេះដើម្បីធានាការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ការពារឯកភាព សន្តិភាពនៃទឹកដីរបស់យើង»។
«ការគោរព» របបរាជានិយមដោយក្រុមអ្នកនយោបាយយ៉ាងដូច្នេះ ត្រូវអ្នកវិភាគនយោបាយចាស់វស្សា បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា មានតែនៅលើ «បបូរមាត់» តែប៉ុណ្ណោះ។ លោកផ្តល់អំណះអំណាងថា មូលហេតុមួយដែលព្រះមហាក្សត្រពុំបានបំពេញព្រះរាជតួនាទីណាមួយក្នុងការបង្កឱ្យមានឯកភាពជាតិខ្មែរពិតប្រាកដនោះ គឺដោយសារតែព្រះអង្គមិនបានទទួលនូវ «ការសហការ» និង «មធ្យោបាយ» ដើម្បីបំពេញតួនាទីរបស់ព្រះអង្គ ពីសំណាក់ក្រុមអ្នកកាន់អំណាចនៅក្នុងប្រទេស៖
សំឡេងបណ្ឌិត ឡៅ ម៉ុងហៃ៖ «បើតាមមើលទៅគឺដូចជានៅតែចុងបបូរមាត់ដែលថាគោរពព្រះមហាក្សត្រ ជាទីសក្ការៈបូជា ឬត្រូវធ្វើតាមព្រះរាជតម្រិះអីហ្នុង…។ … គឺសំណូមពរដោយទទូច សូមឱ្យមេៗធំៗ ដឹកនាំប្រទេស ថ្វាយ សហការសកម្ម និងថ្វាយមធ្យោបាយឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យព្រះអង្គប្រើប្រាស់ព្រះរាជសិទ្ធិរបស់ព្រះអង្គ ទីមួយ។ ទីពីរ ដើម្បីបំពេញតួនាទីសកម្មរបស់ព្រះអង្គជាអាទិ៍ ជាអ្នកធានាឯករាជ្យអំណាចតុលាការ និងជាអ្នកធានាការគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ»។
បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ជាជាងរិះគន់វាយប្រហារទៅលើអង្គព្រះមហាក្សត្រ អ្នកនយោបាយគួររិះគន់ទៅលើអ្នកមានអំណាចពិតប្រាកដវិញដែលជាអ្នកគ្រប់គ្រងប្រទេស និងជាអ្នកមានមធ្យោបាយពេញដៃ។ លោកថា គេពិបាកនឹង «បន្ទោស» ព្រះមហាក្សត្រណាស់ ខណៈព្រះអង្គពុំមានអំណាចប្រតិបត្តិជាក់ស្តែង ពុំមានអំណាចបញ្ជា និងពុំមានមធ្យោបាយផ្តល់ដោយអ្នកនយោបាយនោះ។ ទោះយ៉ាងណា លោកបដិសេធមិនធ្វើអត្ថាធិប្បាយថាតើសម្តេច សីហមុនី គួរដាក់រាជ្យឬយ៉ាងណានោះទេ។
ព្រះបាទ នរោត្តម សីហមុនី ពុំមានប្រវត្តិជាក្សត្រ «ជ្រែករាជ្យ» ឬបានសោយរាជ្យតាមរយៈ ល្បែងដណ្តើមរាជបល្ល័ង្ក ឬ «Game of Thrones» ឡើយ។ ព្រះអង្គទំនងជាមិនអាចក្លាយជាព្រះមហាក្សត្រកម្ពុជាបានទេ ប្រសិនបើពុំទទួលបានភ្លើងខៀវណាមួយពីលោក ហ៊ុន សែន។ បើទោះជាព្រះអង្គគឺជាព្រះមហាក្សត្រខ្មែរមួយអង្គដែលបានឡើងគ្រងរាជ្យដោយគ្មានការបង្ហូរឈាម និងគ្មានបេក្ខជនប្រជែងក៏ដោយ ក៏ការឡើងសោយរាជ្យរបស់ទ្រង់ទំនងជាពិបាកសម្រេចបានដែរ ប្រសិនបើគ្មានផែនការព្រះរាជបល័្លង្កដែលត្រូវបានគូសវាសយ៉ាងហ្មត់ចត់នៅពីក្រោយឆាកដោយព្រះបិតា និងព្រះមាតារបស់ទ្រង់ទេនោះ។
កាលនោះ ផែនការនេះត្រូវកាសែត ឌឹ ញូវយ៉ក ថាមស៍ (The New York Times) របស់អាមេរិក ហៅថាជា «ជាតឹកចុងក្រោយបង្អស់នៃល្បែងឆក់យកឱកាស» ក្នុងជីវិតរបស់ព្រះបិតាទ្រង់។ បើតាមកាសែតអាមេរិកាំងដដែល កាសែតនេះសរសេរថា សម្តេច នរោត្តម សីហនុ ទ្រង់ «ត្រូវតែធ្វើដូច្នេះ» គឺដើម្បីធានាដល់ការរស់រាននៃរបបរាជានិយម។ ផែនការផ្ទេររាជបល្ល័ង្កនេះទៀតសោត ក៏ដើម្បី «ធានានូវឥទ្ធិពល» របស់ទ្រង់ក្នុងការជ្រើសរើសអ្នកស្នងរាជបល្ល័ង្កពីព្រះអង្គ និង «មើលខុសត្រូវ» ក្នុងដំណាក់កាលអន្តរកាលនៃការគ្រងរាជបល្ល័ង្ករបស់បុត្រាទ្រង់ ព្រមទាំង «ជួយ» ឱ្យបុត្រាទ្រង់អាចឈរជើងបាននឹងនរក្នុងការគ្រងរាជ្យសម្បត្តិ។ ទន្ទឹមនឹងនោះ ផែនការនេះក៏ដើម្បីធានានូវ «សុខុមាលភាព» របស់ព្រះអគ្គមហេសីរបស់ទ្រង់ គឺសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ នៅក្រោយពេលព្រះអង្គយាងសោយទិវង្គតទៅ។
ព្រះមហាក្សត្រ សម្តេច នរោត្តម សីហមុនី ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅក្រុងភ្នំពេញ ប៉ុន្មានខែមុនពេលដែលកម្ពុជាប្រកាសឯករាជ្យពីអាណានិគមនិយមបារំាង។ សម្រាប់ភាសាបរទេស ក្រៅពីភាសាបារាំង និងអង់គ្លេស ទ្រង់ចេះភាសាឆេកយ៉ាងស្ទាត់ជំនាញ។ ព្រះអង្គមិនដែលមានក្តីសុបិន្ដប្រាថ្នាចង់ក្លាយជាព្រះមហាក្សត្រកម្ពុជាឡើយ ខណៈពេលវេលាដ៏ «សប្បាយរីករាយបំផុត» នៃជីវិតរបស់ទ្រង់ គឺទំនងជានៅពេលដែលព្រះអង្គទ្រង់គង់នៅទីក្រុងប្រាគ (Prague) នៃសាធារណរដ្ឋឆែក (Czech Republic) ដែលទ្រង់ប្រសិទ្ធិនាមថាជា «មាតុភូមិកំណើតទីពីរ» របស់ទ្រង់។
ទ្រង់បានសិក្សារៀនសូត្រផ្នែកសិល្បៈ របាំ តូរ្យតន្រ្តី ល្ខោន រហូតទទួលបានសញ្ញាប័ត្របរិញ្ញាបត្រជាន់ខ្ពស់ពីសាលាបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រី ប្រាគ។ ព្រះអង្គក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈនៅប្រទេសបារាំង ព្រមទាំងធ្លាប់ធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូ (UNESCO) មុននឹងព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសជាឯកច្ឆន្ទជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ក្នុងព្រះជន្ន ៥១ព្រះវស្សា។
សំឡេង សីហមុនី៖ «ជនរួមជាតិ មាមីង បងប្អូន កូនក្មួយ លោកអ្នកជាទីគោរពស្នេហា! នៅក្នុងជីវិតខ្ញុំនេះ និងជារៀងដរាប ខ្ញុំជាអ្នកបម្រើដោយក្តីស្វាមីភក្តិ និងមានភក្តីភាពជានិច្ចជាមួយជនរួមជាតិ មាមីង បងប្អូន កូនក្មួយអស់លោកអ្នកទាំងឡាយ។ ខ្ញុំនឹងនៅជាប់ជិតស្នឹទ្ធដរាប ជាមួយនឹងជនរួមជាតិ មាមីង បងប្អូន កូនក្មួយ លោកអ្នកទាំងឡាយ ហើយរួមសុខ រួមទុក្ខជាមួយគ្នា ដរាប។ រាជវាំងមិនមានអ្វីដែលត្រូវលាក់កំបាំង ចំពោះភ្នែកជនរួមជាតិ មាមីង បងប្អូន កូនក្មួយ អស់លោកអ្នកទេ។ យើងខ្មែរគ្រប់រូបជាមហាគ្រួសារតែមួយ។ រៀងរាល់សប្តាហ៍ ខ្ញុំនឹងចំណាយពេលវេលា ជាច្រើនថ្ងៃដើម្បីទៅគោរព និងបម្រើជនរួមជាតិ មាមីង បងប្អូន កូនក្មួយនៅតាមក្រុង ខេត្ត និងជនបទជាបន្តបន្ទាប់»។
នេះគឺជាការសន្យារបស់សម្តេច សីហមុនី នៅចំពោះមុខប្រជាជាតិរបស់ទ្រង់នៅក្នុងព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ទ្រង់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ ព្រះមានបន្ទូលថា ព្រះអង្គមានជំនឿដូចព្រះបិតារបស់ព្រះអង្គដែរ ដែលថា កម្ពុជាច្បាស់ជា «ធំ» «រុងរឿង» «ថ្កើងថ្កាន» «សម្បូរសប្បាយ» និង «ខ្លាំងពូកែ» «គ្មានបរទេសណាផ្ចាញ់បាន» ដរាបណាប្រជានុរាស្ត្ររបស់ព្រះអង្គចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយ។
ក៏ប៉ុន្តែ ១៨ឆ្នាំក្រោយមក ក្តីរំពឹងទាំងនេះ ហាក់ពិបាកសម្រេចបានណាស់ និងទំនងដូចជានៅឆ្ងាយដូចជើងមេឃ ខណៈប្រជាជាតិរបស់ព្រះអង្គបន្តហែកហួរគ្នាដោយសារជម្លោះនយោបាយផ្ទៃក្នុងមិនចេះចប់មិនចេះហើយ។
ទន្ទឹមនឹងនេះ សម្តេច នរោត្តម សីហមុនី ទំនងជាព្រះមហាក្សត្រមួយអង្គនៅលើពិភពលោកដែលអភព្វជាងគេ។ ព្រះអង្គត្រូវបានក្រុមអ្នកតាមដានសង្គមនយោបាយកម្ពុជាទាំងជាតិ និងអន្តរជាតិ មើលឃើញថា ទ្រង់ជា «អ្នកទោសនៃព្រះបរមរាជវាំង» ជាក្សត្រក្រជាងគេក្នុងចំណោមក្សត្រនៃជាតិសាសន៍ផ្សេងៗ គ្មានអគ្គមហេសី និងពុំសូវមានឥទ្ធិពលនយោបាយ ឬ ជាក្សត្រ «ទន់ខ្សោយ» ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។
ខុសពីព្រះបិតារបស់ព្រះអង្គ និងអង្គក្សត្រមុនៗ ព្រះមហាក្សត្រ នរោត្តម សីហមុនី ជាក្សត្រគ្រងរាជ្យដែលមិនសូវចូលចិត្តភាពអធិកអធម សប្បាយហ៊ឺហារជាមួយស្រាសំប៉ាញ ឬជាក្សត្រផ្លេប៊យ (Playboy) ឡើយ។ ក្នុង អត្ថបទសម្ភាសន៍មួយជាមួយអ្នកនាង ដេប្រា វៃណឺ (Debra Weiner) អ្នកកាសែតរបស់ទស្សនាវដ្តីកំសាន្ត ផ្លេប៊យ (Playboy) ចុះផ្សាយថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៨៧ សម្តេចនរោត្តម សីហនុ បានទម្លាយថា ជីតាទួតរបស់ព្រះអង្គ គឺព្រះបាទនរោត្តម នៅក្នុងវាំងរបស់ទ្រង់ ទ្រង់មានស្រីស្នំប្រហែល «៣០០នាក់»។ រីឯ ជីតារបស់ទ្រង់ គឺព្រះបាទមុនីវង្ស សម្តេច សីហនុ មានបន្ទូលថា ទ្រង់រាង «គួរសមបន្តិច» គឺមានស្រីស្នំតែ ៦០នាក់ប៉ុណ្ណោះ។ ក៏ប៉ុន្តែ សម្តេច សីហនុ បង្ហើបឱ្យទស្សនាវដ្តីដដែលដឹងថា ឪពុករបស់ទ្រង់ក៏ជាស្តេចផ្លេប៊យដែរ ព្រោះព្រះអង្គបានរកឃើញសៀវភៅមួយ ដែលទ្រង់បានកត់ត្រាទុកអំពីរឿងរ៉ាវ «ផ្សងព្រេងប្លែកៗរបស់ទ្រង់» និងថា ទ្រង់មានស្រីស្នំរហូតដល់ទៅ «រាប់រយនាក់» ឯណោះ។
ផ្ទុយពីខ្សែស្រឡាយរាជវង្សរបស់ទ្រង់ សម្តេច សីហមុនី ជ្រើសរើសយកការគ្រងរាជ្យសម្បត្តិដោយភាពស្ងៀមស្ងាត់។ ព្រះអង្គព្យាយាមផ្តាច់ខ្លួនពីរឿងរ៉ាវនយោបាយ ដោយគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវ គោលការណ៍គ្រឹះចែងក្នុងរដ្ឋធម្មនុញ្ញ។ គោលការណ៍នោះគឺ ព្រះមហាក្សត្រទ្រង់ «គ្រងរាជ្យសម្បត្តិ» ប៉ុន្តែទ្រង់ «មិនកាន់អំណាច» ឡើយ»។ ប៉ុន្តែ រដ្ឋធម្មនុញ្ញដដែល ក៏បានតម្រូវឱ្យព្រះអង្គធានានូវឯករាជ្យរបស់ស្ថាប័នតុលាការ ធានាបូរណភាពទឹកដី អធិបតេយ្យ និងឯកភាពជាតិ ព្រមទាំងថា ទ្រង់ជា «អ្នកធានាការគោរពសិទ្ធិ និងសេរីភាព» របស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិផងដែរ។ ក្រៅពីនោះ ទ្រង់ក៏មានតួនាទីខ្ពង់ខ្ពស់ជា «អាជ្ញាកណ្តាល» ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់។ រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់ជំពូកទី២ អំពីព្រះមហាក្សត្រ មាត្រា ៧ ចែងថា ព្រះមហាក្សត្រទ្រង់ជា «ព្រះប្រមុខរដ្ឋមួយជីវិត» និងថា អង្គព្រះមហាក្សត្រ «មិនអាចនរណារំលោភបានឡើយ»។
ទោះជាយ៉ាងណា រដ្ឋធម្មនុញ្ញ មិនបានចែងឱ្យច្បាស់ទេថា ព្រះមហាក្សត្រត្រូវតែឡាយព្រះហសត្ថលេខាលើរាល់ឯកសារច្បាប់ និងលិខិតុបករណ៍នានាទាំងអស់ដែលស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិបញ្ជូនមកក្រោយអនុម័តរួច។ រដ្ឋធម្មនុញ្ញដដែលនេះ ក៏មិនបានចែងអំពីទោសទណ្ឌដល់ព្រះមហាក្សត្រឡើយប្រសិនបើទ្រង់ជ្រើសរើសយកសិទ្ធិវ៉េតូ (Veto) មិនព្រមឡាយព្រះហស្តលេខាលើឯកសារទាំងនោះ។
ទន្ទឹមនឹងនេះ ព្រះមហាក្សត្រ នរោត្តម សីហមុនី ត្រូវគេមើលឃើញថា ទ្រង់ពុំបានប្រើប្រាស់នូវបុព្វសិទ្ធិ និងព្រះរាជសិទ្ធិរបស់ព្រះអង្គ ដែលមានជាពិសេសគឺការលើកលែងទោស និងបន្ធូរបន្ថយទោស ព្រមទាំងបុព្វសិទ្ធិនៃការស្នើឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញផងនោះ។
ក្រោមការគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គអស់រយៈពេលជិត ២ទសវត្សរ៍មកនេះ សម្តេច នរោត្តម សីហមុនី បានចូលរួមចំណែកកំណត់ជោគវាសនាប្រទេសជាតិ និងទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ លើព្រឹត្តិការណ៍សំខាន់ៗមួយចំនួន បើទោះជាច្បាប់ខ្លះទ្រង់មិនបានឡាយព្រះហស្តលេខាដោយផ្ទាល់ក៏ដោយ។ ច្បាប់មួយចំនួនដែលសម្តេច នរោត្តម សីហមុនី ឬប្រមុខរដ្ឋស្តីទីតំណាងឱ្យទ្រង់ គឺលោក សាយ ឈុំ បានចុះហត្ថលេខាប្រកាសឱ្យប្រើនោះ ត្រូវគេមើលឃើញថា ផ្ទុយពីគោលការណ៍ដើមនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៃរដ្ឋធម្មនុញ្ញ ដូចជា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីច្បាប់គណបក្សនយោបាយ និងច្បាប់បោះឆ្នោត ដែលបើកផ្លូវឱ្យមានការរម្លាយ និងរឹបអូសយកអាសនៈគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ ទៅចែកចាយឱ្យបក្សដទៃទៀតដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យ។
បន្ថែមពីលើការឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ដែលរដ្ឋសភា និងព្រឹទ្ធសភាអនុម័តរួចហើយនោះ សម្តេច នរោត្តម សីហមុនី ក៏មានព្រះរាជកិច្ចឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំងឧត្តមមន្ត្រី និងផ្តល់សញ្ជាតិខ្មែរដល់ជនបរទេស ដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីទៀតផងដែរ។ តាមសំណើរបស់លោក ហ៊ុន សែន គេឃើញទ្រង់បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យមួយចំនួន ផ្តល់សញ្ជាតិខ្មែរដល់មហាសេដ្ឋីជនជាតិចិនមួយចំនួនដែលមានប្រវត្តិជាឧក្រិដ្ឋជន [តំណភ្ជាប់ទី១ ទី២]។
អតីតព្រះរាជលេខាផ្ទាល់របស់សម្តេច នរោត្តម សីហមុនី គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ យល់ថាជារឿងអយុត្តិធម៌ចំពោះការរិះគន់ទាំងឡាយទៅលើព្រះមហាក្សត្រ ខណៈរឿងរ៉ាវគ្រប់យ៉ាង ព្រះអង្គមានបន្ទូលថា គឺអ្នកនយោបាយខ្លួនឯងទេ ដែលជាអ្នកទទួលខុសត្រូវ។
សំឡេងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ច្បាប់ទាំងអស់ចេញពីរដ្ឋសភា។ ដូច្នេះ សួរថា តើព្រះករុណាព្រះមហាក្សត្រ លោកមាន ខទីមួយ លោកត្រូវតែប្រឆាំងគ្រប់ច្បាប់ដែលគណបក្សប្រឆាំងមិនយល់ស្រប? នេះជាសំណួរទីមួយ។ សំណួរទីពីរ គឺតើលោកមានលទ្ធភាពអ្វី ត្បិតថាលោកអាចនឹងមិនចុះព្រះហស្តលេខា? ក៏ប៉ុន្តែ រឿងហ្នឹងវាអត់មានវិជ្ជមាន វាអត់មានចម្រើនទៅដល់ជាតិ។ ជម្លោះទាំងអស់ហ្នឹង បើសិនជាលោកអាកាត់ ក៏អត់មានចម្រើនទៅដល់ជាតិដែរ។ ដូច្នេះ រឿងទាំងអស់ហ្នឹង វាមានភាពស្មុគស្មាញ។ ខទីពីរ គឺអ្វីដែលខ្ញុំចង់លើកឡើង គឺភាពជ្រុលនិយម។ ភាពជ្រុលនិយមទាំងសង្ខាង និយាយឱ្យត្រង់ទៅ។ ទាំងខាងសម្តេចនាយក ហ៊ុន សែន ដែលឈ្លោះជាមួយឯកឧត្តម សម រង្ស៊ី ហើយឯកឧត្តម សម រង្ស៊ី ទៅឈ្លោះជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រឿងទាំងអស់ហ្នឹង វាឆ្លុះបញ្ចាំងនូវភាពជ្រុលនិយម ហើយនឹងយើងមិនអាចនឹងដឹកនាំជាតិ នៅក្នុងភាពជ្រុលនិយមទេ។ ខ្ញុំនិយាយហ្នឹងៗប៉ះទាំងសង្ខាង»។
បន្ថែមទៅលើអំណះអំណាងនេះ ជំនួយការ និងជាអ្នកនាំពាក្យខុទ្ទកាល័យព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ មានប្រសាសន៍ប្រាប់ វិទ្យុអាស៊ីសេរី ថា រាជវាំងក៏មិនមានសមត្ថភាពទៅស៊ើបអង្កេតទៅលើបុគ្គលទាំងឡាយណាដែលត្រូវបានស្នើតែងតាំងឡើងដោយរដ្ឋាភិបាលនោះដែរ។ លោកគិតថា ព្រះអង្គ សីហមុនី គឺជាព្រះមហាក្សត្រមួយអង្គ ដែលធ្វើឱ្យរបបរាជានិយមនៅកម្ពុជារស់បានយូរជាងគេ ពោលគឺចាប់តាំងពីកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំងកាលពីឆ្នាំ១៩៥៣មក។ លោកពន្យល់ប្រាប់ វិទ្យុអាស៊ីសេរី ថា គោលដៅរបស់ព្រះអង្គ គឺចង់បន្តនូវអ្វីដែលព្រះបិតារបស់ទ្រង់បានកសាងរួច ពោលគឺចង់បន្តរបបរាជានិយម ដើម្បីឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គ មានសុខដុមរមនា ចៀសវាងនូវសង្គ្រាមស៊ីវិលនិងដើម្បីឱ្យមានការអភិវឌ្ឍ ខណៈព្រះអង្គគ្រងរាជសម្បត្តិប្រកបដោយការកាន់សីល និងធម៌វិន័យខ្ពស់។
សំឡេងលោក អ៊ុំ ដារ៉ាវុធ៖ «ខ្ញុំជឿជាក់ថា ព្រះមហាក្សត្រនរោត្តម សីហមុនី លោកអត់មានចង់បានព្រះ កិត្តិសព្ទ កិត្តិយស ឬកិត្តិនាម ដូចលោកមានប្រសាសន៍ ជាអតីតអយ្យការ អយ្យកោ របស់លោក។ ច្បាស់ណាស់ ខ្ញុំជឿថា គ្មានទេ។ លោកអត់មានហៅថា មហិច្ឆតា ឬក៏ភាពលោភលន់រហូតដល់ប៉ុណ្ណឹងទេ។ ព្រះអង្គលោកអត់ចេះមានភាពលោភលន់ អានេះមួយ ដែលខ្ញុំសូមជម្រាប ថា លោកអត់មានលោភលន់អីទាំងអស់។ លោកអត់ចង់បានចេញនូវព្រះនាមលោក អោយមាន ព្រះកិត្តិនាម ព្រះកិត្តិយស ដូចអ្នកដទៃទេ លោកគឺថាលោកសូមម៉ារស់នៅ ហៅថា លាក់ពួនដោយអត់មានចង់បានស្អីទាំងអស់»។
ថ្វីបើមានការរិះគន់មិនធ្លាប់មានទាំងនេះក៏ដោយ ក៏សម្តេច នរោត្តម សីហមុនី ពុំដែលបង្ហាញចេតនាណាមួយពីការចង់ដាក់រាជ្យសម្បត្តិម្តងណាឡើយ។ ការណ៍នេះ គឺផ្ទុយពីព្រះបិតារបស់ព្រះអង្គ គឺសម្តេច នរោត្តម សីហនុ ដែលធ្លាប់មានប្រវត្តិដាក់រាជ្យរហូតដល់ទៅពីរដង។
ឧត្តមទីប្រឹក្សាព្រះមហាក្សត្របច្ចុប្បន្ន លោក សឺន ស៊ូប៊ែរ ជឿថា ព្រះអង្គ សីហមុនី នឹងបន្តគ្រងរាជ្យសម្បត្តិរហូតដល់ទីបំផុតនៃជីវិតរបស់ទ្រង់ ខណៈលោកអះអាងថា ទ្រង់នឹងគង់ជាអព្យាក្រឹត្យ និងគោរពរដ្ឋធម្មនុញ្ញ «យ៉ាងហ្មត់ចត់»។
សំឡេង លោក សឺន ស៊ូប៊ែរ៖ «ព្រះអង្គមិនដែលចង់ឡើងគ្រងរាជផងហ្នឹង។ ក៏ប៉ុន្តែ ដោយសារវាអត់មាននរណាទៀត ទើបបានលោកសព្វព្រះទ័យឡើងគ្រងរាជ្យ។ ម៉្លោះហើយលោកស្គាល់តួនាទីរបស់ព្រះអង្គ ហើយស្គាល់កាតព្វកិច្ចរបស់ព្រះអង្គ ម៉្លោះហើយលោកនឹងបំពេញករណីយកិច្ចរបស់ព្រះអង្គរហូតដល់តាមច្បាប់ធម្មនុញ្ញរហូតដល់ព្រះអង្គឈប់គង់នៅឋាននេះ»។
១៨ឆ្នាំក្រោយការឡើងគ្រងរាជ្យរបស់សម្តេច នរោត្តម សីហមុនី សម្រាប់ក្រុមអ្នករាជានិយម និងក្រុមអ្នកគាំទ្របក្សកាន់អំណាច ព្រះអង្គគឺជាវីរក្សត្រដែលធ្វើឱ្យរបបរាជានិយមរស់រានបានយូរជាងគេ និងទ្រង់គង់នៅជាម្លប់នៃ «សន្តិភាព» និងការអភិវឌ្ឍជាតិ ដែលពួកគេថា កម្ពុជាពុំធ្លាប់បានស្គាល់ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។
ក៏ប៉ុន្តែ សម្រាប់ក្រុមអ្នកមិនគាំទ្របក្សកាន់អំណាចវិញ ពួកគេយល់ថា «សន្តិភាព» និង «ការអភិវឌ្ឍ» ដែលព្រះអង្គទ្រង់គ្រងរាជ្យនាពេលនេះ គឺពោរពេញទៅដោយភាពក្តៅក្រហាយ ជាសន្តិភាព «ក្លែងក្លាយ» ខណៈកម្ពុជារបស់ទ្រង់ត្រូវបានអ្នកនយោបាយកាន់អំណាចប្រែក្លាយជាដែនដីគុកសម្រាប់ដាក់អ្នកទោសនយោបាយ និងជាប្រទេសដែលហែកហួរទៅដោយការបែកបាក់ឯកភាពជាតិខ្មែរគ្នាឯងគ្មានទីបញ្ចប់។
ទឹកភ្នែករបស់រាស្ត្រខ្មែរក្រីក្រនៅតែបន្តហូរស្រក់នៅលើមាតុភូមិកម្ពុជារបស់ទ្រង់ដោយសារតែពួកគេត្រូវក្រុមអ្នកមានលុយមានអំណាចជិះជាន់ កេងប្រវ័ញ្ច សង្កត់សង្កិន ច្បាមយកដីធ្លី និងធនធានធម្មជាតិ។ ក្នុងពេលព្រះអង្គកំពុងគង់នៅក្នុងព្រះបរមរាជវាំង ប្រជានុរាស្ត្ររបស់ព្រះអង្គ មិនតិចជាង ១សែន៦ម៉ឺននាក់នោះទេ (១៦៧.០០០នាក់) បានលក់ដីធ្លីរបស់ពួកគេដើម្បីសងបំណុលធនាគារ ឬកម្ចីឥណទានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ខណៈចន្លោះពី២៥% ទៅ៥០% នៃគ្រួសារចំនួន ២លាន៨សែនគ្រួសារ ដែលជាប់ជំពាក់បំណុលនៅកម្ពុជា កំពុងជាប់បំណុលវ័ណ្ឌក។ រីឯ បំណុលសាធារណៈរបស់រដ្ឋដែលកម្ពុជាជំពាក់បរទេសវិញ ក៏ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទិន្នន័យចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច ឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទីពីរឆ្នាំ២០២២ កម្ពុជារបស់ទ្រង់ជំពាក់បំណុលបរទេសប្រមាណជិត ១ម៉ឺនលានដុល្លារ (៩.៧៤០,៥៨ លានដុល្លារ)។ ក្នុងនោះ បំណុលរដ្ឋស្ទើរតែពាក់កណ្តាល គឺកម្ពុជាជំពាក់ «មិត្តដែកថែប» ចិន គឺប្រមាណជាង ៤ពាន់លានដុល្លារ (៤.០៤៣,៥៧ លានដុល្លារ)។ នេះមានន័យថា ប្រជារាស្ត្រកម្ពុជារបស់ទ្រង់ម្នាក់កើតង៉ាមកភ្លាម ត្រូវជាប់បំណុលបរទេសក្នុងម្នាក់ចំនួនជាង៦រយដុល្លារ។
ទន្ទឹមនឹងនោះ ប្រជារាស្ត្ររបស់ព្រះអង្គប្រមាណ ២លាននាក់ផ្សេងទៀតបាននាំគ្នាធ្វើចំណាកស្រុករត់ទៅស៊ីឈ្នួលគេនៅក្រៅប្រទេស ខណៈពលរដ្ឋខ្លះទៀតបានលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវទាហានឈុតខ្មៅថៃបាញ់សម្លាប់នៅកណ្តាលព្រៃ។ កម្ពុជាក្រោមម្លប់របស់ព្រះអង្គ ក៏កំពុងត្រូវជនបរទេសជាពិសេសជនជាតិចិន និងវៀតណាមចូលមកអាងយ៉ាងធ្វើផ្គរធ្វើភ្លៀងប្រព្រឹត្តឧក្រិដ្ឋកម្ម បំផ្លិចបំផ្លាញភោគទ្រព្យជាតិ បង្កវិនាសកម្មស្ទើរតែហិនហោចគ្មានសល់ ដោយគ្មានខ្លាចរអាម្ចាស់ស្រុក។ កម្ពុជារបស់ទ្រង់កំពុងជាប់ផុងខ្លួនរើមិនរួចចេញពី «បញ្ជីប្រផេះ» នៃប្រទេសលាងលុយកខ្វក់ ជា ប្រទេសមានកេរ្តិ៍ឈ្មោះអសោចខាងអំពើជួញដូរមនុស្ស និងជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញ (Online) ឬទាសភាពសម័យទំនើប។
តើសម្តេច នរោត្តម សីហមុនី មានមោទនភាពជាមួយនឹងសមិទ្ធផលរបស់ប្រជាជាតិខ្មែររបស់ទ្រង់នាពេលបច្ចុប្បន្ននេះ និងកេរ្តិ៍ឈ្មោះកម្ពុជាដែលត្រូវបន្សល់ទុកដល់កូនចៅជំនាន់ក្រោយរបស់ទ្រង់នាពេលអនាគតដែរឬទេ?
មានតែព្រះអង្គ សីហមុនី ទេដែលអាចឆ្លើយនូវសំណួរនេះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
every one please take your imagination as the king or queen there was no one king or queen in the world wanted to lost their country . please learn from the king NORODAM SIHANOU he trying so hart to take this nation away from any dangerous but so sad KAMPOUCHEA is the country full of KAM by living among two big shake country expressly the country from the east they took half of this nation already but they still need more. every one knew the bloody was started from the east but it took KAMPOUCHEA along with it from 1970. the nation that always had their policy to take over this poor nation was coming to have influent that make the king go to the monster communist China . the communist China was having their main golf to spreading their powers in this region also , that right the king was in the trap of those communist . after 1975 the POL POT communist put him the one place out of reach to his people . please take your imagination his son right now is the same situation but this time is difference the king is dealing with two communist . now you can under stand why the king can not do any thing
You can’t dismiss your responsibility to the country when you hold a government position. you are only a coward when you do not recognize your action.
ចង្វាក់រ៉េប
បទ: កូនខ្មែរត្រូវចាំ
*******
I-ដីខ្មែរពលរដ្ឋរស់បានសុខសាន្ត តែសមរង្សុី អាតិរច្ឆាន
អាពូជក្បត់ជាតិ តសណ្តាន វាបោកប្រាសភរ បំភ័ន្តជួយង្គ្រោះ។
II-ចង់សង្គ្រោះស្អី ទ្រលាន់ណាស់ សង្គ្រោះស្អីគេ ឃើញតែវា
សង្គ្រោះតែស្រី យករួមគ្នា ពីរនាក់អាខា ជាន់ដូចមាន់ ។
III- ចែកពេលវេលា ចែកគ្នាជាន់ នេះអាទាន់ហន់ អួតសង្គ្រោះ
សង្គ្រោះតែក្តឹត រឿងពិតច្បាស់ អាខាមានទោស ក៏ព្រោះក្តឹត ។
III-ជឿអារង្សុី តិរច្ឆានោ សុខចិត្តជឿឆ្កែ ទើបបានច្បាស់
អាខាដូចគ្នា ជើងបោកប្រាស ក្តឹតស្រីច្រើនណាស់ វាបោកឃុយ ។
IV-អាសិីុ-អាខា ជនតិរច្ឆាន ខ្មែរសុខមិនបាន វារួមគ្នា
កូរវ៉ល់លុបសុខ ជាតិប្រជា ឆ្នោតមិនឲ្យវា ថាខ្មែរយួន ។
V-ឥឡូវកម្មពៀរវា មកដល់ អាខាកើតខ្យល់ ព្រោះជាប់គុក
អាស៊ីរត់ប្រូច គេចបាត់មុខ រត់គេចពីគុក ព្រោះជាប់ទោស។
VI-ទោសវាក្បត់ខ្មែរ ហែរកុក-ស ពូជយួនធៀវគី ក្ញុំអាមេរិក
វាកាត់ដីខ្មែរ ចែកកុំភ្លេច ៤ខេត្តឲ្យដាច់ ទៅកុក-ស ។
VII-ឲ្យតាំងធ្វើទី ច្បាំងវៀតណាម យកឈាមជាតិខ្មែរ ធ្វើជាថ្នូរ
ឲ្យយួនកុក-ស ដោយដោះដូរ យកប្រាក់ដុល្លារ ចែកគ្នាចាយ។
VIII-អាស៊ី-អាខា លក់ដីខ្មែរ ទោសមិនតូចទេ ទោសក្បត់ជាតិ
កូនខ្មែរត្រូវចាំ កុំរវៀត រួមដៃក្បត់ជាតិ ជាមួយវា ។