ដោយ សុជីវី
2022.11.27
RFA

លោក យ៉ង សាំងកុមារ (កណ្តាល) លើកទង់ជាតិកម្ពុជាបើកទៅលើនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២កន្លងមក។ រូប៖ GDP
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្សនេះ គឺលោក ឡឹក សុធារ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបំណងដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។
អ្នកទាំង២បានស្នើទៅប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន តាមរយៈលិខិតពីរដាច់ដោយឡែកពីគ្នាចុះថ្ងៃទី២៣ ខែវិច្ឆិកា។ លិខិតទាំង២បានបញ្ជាក់ថា ទាំងបណ្ឌិត យ៉ង សាំងកុមារ ទាំងអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ សំអាងថា ការចុះចូលនេះដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលរដ្ឋាភិបាលដាក់ចេញកាលពីពេលថ្មីៗនេះ។ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានទាំង២រូបបញ្ជាក់ទៀតថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សរបស់លោក ហ៊ុន សែន នេះទៀតសោត ដើម្បីចូលរួមអនុវត្តគោលនយោបាយទាំងនេះឱ្យជោគជ័យ និងមានផ្លែផ្កា សំដៅលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ អ្នកទាំង២ក៏បានរម្លឹកពីគោលនយោបាយរដ្ឋាភិបាល ដែលអ្នកទាំងពីរពេញចិត្តដែរនោះ គឺគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែមអំពីរឿងនេះពីលោក យ៉ង សាំងកុមារ និងលោក ឡឹក សុធា បានទេ នៅថ្ងៃទី២៧ ខែវិច្ឆិកា។ យ៉ាងណា លោកបណ្ឌិត យ៉ង សាំងកុមារ ប្រាប់វិទ្យុក្នុងស្រុកថា លោកមានបំណងសុំជួបជាមួយលោក ហ៊ុនសែន ជាមុនសិន ដើម្បីជជែកពីផែនការលម្អិតជួយវិស័យកសិកម្ម ទើបលោកនឹងស្នើសុំចូលជួបជាមួយគណបក្សនេះតាមក្រោយ ប៉ុន្តែលិខិតស្នើសុំ បែរជាត្រូវគេទម្លាយចេញមុនពេលលោកបានជួបជាមួយលោក ហ៊ុន សែន ទៅវិញ។
ទាក់ទងនឹងករណីមន្ត្រីជាន់ខ្ពស់គណបក្សស្នើសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានេះ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក លោក យ៉េង វីរៈ បានថ្លែងប្រាប់ឱ្យសមាជិក និងអ្នកគាំទ្ររក្សាភាពស្ងៀមស្ងាត់ ព្រមទាំងបន្តតាមដានការវិវត្តន៍នៃរឿងនេះទៀត។ លោកបញ្ជាក់ដែរថា នៅមុនពេលមានលិខិតស្នើទៅលោក ហ៊ុន សែន របស់មន្ត្រីជាន់ខ្ពស់ និងជាអ្នកជំនាញផ្នែកកសិកម្មនេះ គណបក្សលោកបានដាក់លិខិតទៅក្រសួងកសិកម្មកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដោយផ្ដល់ជាអនុសាសន៍ដោះស្រាយវិបត្តិទីផ្សារស្រូវអង្ករ ពិសេសស្ថានភាពរបស់កសិករ។
បើទោះបីជា លោក យ៉េង វីរៈ បញ្ជាក់ថា លោកបណ្ឌិត យ៉ង សាំងកុមារ នៅមិនទាន់បានការបញ្ជាក់ពីលោក ហ៊ុន សែន ថានឹងព្រមតាមសំណើ ឬយ៉ាងណា ក៏ក្នុងលិខិតរបស់លោកបញ្ជាក់ថា លោកអាចនឹងចាប់ផ្តើមជីវភាពនយោបាយជាមួយគណបក្ស ដែលធ្លាប់ប្រកួតប្រជែងមួយនេះចាប់ពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
wonder why this great opposition party stay a life for that long among CPP HUN SEN