កម្ពុជា-សង្គម
27/11/2022 – 07:39
ដោយ៖ ហុង សេរីហ្វុង
RFI

ការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ នៅអាកាសយានដ្ឋានភ្នំពេញ © Twitter Phil Robertson
មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅថ្ងៃទី២៧ វិច្ឆិកានេះ បានទាមទារឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ បន្ទាប់ពីប្រធានសហជីពរូបនេះត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានកាលពីម្សិលមិញ។ សង្គមស៊ីវិលថា ការចាប់ខ្លួននេះជាការបំភិតបំភ័យលើមេដឹកនាំសហជីព និងអតីតបុគ្គលិកណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្ម។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបានទាមទារឱ្យដោះលែង កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងអំពាវនាវឱ្យកម្ពុជា បញ្ឈប់ការបង្រ្កាបលើសហជីពឯករាជ្យ។ នេះបើតាមគណនី Twitter ផ្លូវការរបស់លោក Phil Robertson។
ការទាមទាររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះ ធ្វើឡើងក្រោយពីមានការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ដែលជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក-កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី២៦ វិច្ឆិកា។ បើតាមអង្គការលីកាដូ ប្រធានសហជីពរូបនេះ ត្រូវបានឃាត់ខ្លួន និងសាកសួរដោយនគរបាលអន្តោប្រវេសន៍ នៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីបានវិលត្រឡប់ពីប្រទេសអូស្ត្រាលី មកដល់កម្ពុជា។ ក្នុងថ្ងៃតែមួយ កញ្ញាត្រូវបានប៉ូលីសបញ្ជូនទៅសាលាដំបូង និងពន្ធធានាគារព្រៃស។
បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានឱ្យដឹងថា ការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ គឺដោយសារកញ្ញាមិនគោរពតាមដីការរបស់តុលាការដែលដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការ និងហាមការចេញក្រៅប្រទេស។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ នេះហាក់ដូចជាការគំរាមកំហែង និងបំភិតបំភ័យបន្ថែមទៀតទៅលើមេដឹកនាំសហជីពណាហ្គាវើលដ៍។ លោកបន្ថែមថា ការចាប់ខ្លួននេះក៏បានគំរាមកំហែងដល់បុគ្គលិក និងអតីតបុគ្គលិកណាហ្គាវើលដ៍ដែលកំពុងធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារ។
លោក អំ សំអាត យល់ថាការចាប់ខ្លួន និងការចោទប្រកាន់ផ្សេងៗ មិនឆ្លើយតបនឹងវិវាទការងារទេ ផ្ទុយទៅវិញអាជ្ញាធរពាក់ព័ន្ធគួរបញ្ចប់វិវាទការងារណាហ្គាវើលដ៍ឱ្យបានឆាប់ទើបជារឿងត្រឹមត្រូវ។
បើតាម លោក អំ សំអាត អង្គការលីកាដូ នឹងបញ្ជូនមេធាវីរបស់ខ្លួនឱ្យទៅការពារក្ដីឱ្យ កញ្ញា ឈឹម ស៊ីថរ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
គួរជម្រាបជូនថា កញ្ញា ឈឹម ស៊ីធរ ត្រូវបានចោទប្រកាន់ពីបទញុះញង់ កាលពីខែមករា ឆ្នាំ២០២២ បន្ទាប់ពីសហជីពកញ្ញាចាប់ផ្ដើមធ្វើកូដកម្មទាមទារឲ្យមានដំណោះស្រាយចំពោះវិវាទការងារនៅណាហ្គា។ កញ្ញាត្រូវបានចាប់ខ្លួន អំឡុងពេលព្យាយាមចូលរួមធ្វើកូដកម្មជាមួយកូដករផ្សេងទៀត និងត្រូវបានជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារអស់រយៈពេល២ខែ រួចត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ កាលពីខែមីនា ឆ្នាំនេះ។ នេះបើតាមអង្គការលីកាដូ៕